សេចក្តីប្រកាសព័ត៌មាន សន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ “ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង”
ខែមករា 24, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា បានសហការរៀបចំសន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពី “ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
សន្និបាតប្រចាំឆ្នាំរបស់ CGCC ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល, សម្ពោធដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈថ្មីៗ និងជាវេទិកាចែករំលែកមេរៀន និងបទពិសោធន៍នៃការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការគាំទ្របរិយាន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។ សន្និបាតនេះ មានអ្នកចូលរួមដែលជាតំណាងមកពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ សមាគមអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៥០រូប។
តាមរយៈសន្និបាតនេះ ឯកឧត្តម រស់ សីលវ៉ា បានដាក់ឱ្យសម្ពោធជាផ្លូវការ “គម្រោងធានាឥណទានបោះដុំ” របស់ CGCC ដើម្បីផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់ របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងគោលបំណងចែករំលែកហានិភ័យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យនៃអ៊ិចស្ពូស៊ើដែលមានការធានាដោយ CGCC។ យោងលើប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ៊ិចស្ពូស៊ើចារឹកជាប្រាក់រៀល ឬរូបិយបណ្ណដែលមានការធានាច្បាស់លាស់ និងឥតលក្ខខណ្ឌដោយរាជរដ្ឋាភិបាលកម្ពុជា រាប់បញ្ចូលទាំងការធានាដោយគម្រោងធានាឥណទានដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានថ្លឹងហានិភ័យសូន្យភាគរយ។
ជាមួយគ្នានេះ ឯកឧត្តម រស់ សីលវ៉ា ក៏បានផ្តល់លិខិតកោតសរសើររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ ចំនួន៥ រួមមាន ធនាគារ ព្រីនស៍, ធនាគារ ស្ថាបនា, ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី, និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់, ដែលបានបញ្ចេញកម្ចីមានការធានាបានច្រើនជាងគេក្នុងឆ្នាំ ២០២៤ និងលិខិតកោតសរសើរពិសេស ជូនដល់ ធនាគារ ហ្វីលីព ដែលរក្សាបាននូវគុណភាពកម្ចីមានការធានាបានល្អជាងគេ គិតត្រឹមបំណាច់ឆ្នាំ២០២៤។
ឯកឧត្តម រស់ សីលវ៉ា បានលើកឡើងថា៖ “ការធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាគោលដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដោយផ្តោតអាទិភាពលើការបង្កើនហិរញ្ញប្បទានចីរភាពនិងបៃតង ដើម្បីបង្កើនលំហូរហិរញ្ញវត្ថុឆ្ពោះទៅរកការវិនិយោគបៃតង និងសេដ្ឋកិច្ចបៃតង និងជំរុញការវិនិយោគសាធារណៈដែលមានភាពធន់នឹងអាកាសធាតុ និងមានការបញ្ចេញកាបូនទាប ជាដើម។ ការវិនិយោគលើការប្រែប្រួលអាកាសធាតុ មិនត្រឹមតែអាចនាំមកនូវផលចំណេញផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្តល់ចំណេញដល់សង្គម-សេដ្ឋកិច្ចផងដែរ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរាជរដ្ឋាភិបាល ក្នុងការពិនិត្យលទ្ធភាពបង្កើតផលិតផលហិរញ្ញវត្ថុ, រៀបចំនិងអនុវត្តគម្រោង, ព្រមទាំងការរៀបចំយន្តការគាំទ្រនានា ដើម្បីបង្កើនការផ្តល់ហិរញ្ញប្បទានបៃតងនៅកម្ពុជា។
នៅក្នុងសន្និបាតនេះ ក៏មាននូវការប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមថ្មីចំនួន២ គឺ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង ធនាគារ ស៊ិនហាន និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកិច្ចសហប្រតិបត្តិការសំដៅគាំទ្រដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។
គោលបំណងសំខាន់មួយទៀតនៃសន្និបាតប្រចាំឆ្នាំរបស់ CGCC គឺការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការធានាឥណទាន តាមរយៈកិច្ចពិភាក្សាស្តីពី “ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង” ដោយមានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន Mr. Kittipong Buranasiri តំណាងស្ថាប័នធានាឥណទានថៃ, Ms. Lee Hyeok តំណាងមូលនិធិធានាឥណទានកូរ៉េ, Mr. Mohamed Azman Mohamed Taufik តំណាងសាជីវកម្មធានាឥណទានម៉ាឡេស៊ី, និង លោក ញឹម សូរិយា តំណាងសាជីវកម្មធានាឥណទានកម្ពុជា ក្រោមការសម្របសម្រួលពី Mr. Shakeel Ahmad អ្នកតំណាងរងប្រចាំប្រទេស របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា។
CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានឯកត្តឥណទានចំនួន ៥គម្រោង, កិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ចំនួន ១៧, គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់CGCC។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីប្រតិបត្តិការរយៈពេល៤ឆ្នាំ CGCC បានអនុម័តការធានាឥណទានចំនួន ៣.១៣៩ គណនី លើកម្ចីប្រមាណ ២៥៦,៥៨ លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មនៅទូទាំងប្រទេស ដែលអាជីវកម្មទាំងនោះ បានផ្តល់នូវឱកាសការងារជូនដល់កម្មករនិយោជិត ជាង ៣ម៉ឺននាក់៕