
CGCC ចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន»
ខែកុម្ភៈ 19, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគារខ្មែរថាមស៍ រាជធានីភ្នំពេញ លោកស្រី កឹម ចាន់ថាវី អនុប្រធានការិយាល័យផ្នែកទំនាក់ទំនង និង លោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនង នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមចែករំលែកអំពីយន្តការធានាឥណទាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិការបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC និងការប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមដោយលោកឧកញ៉ាប្រធានផងដែរ ទៅកាន់ម្ចាស់សហគ្រាស ចំនួន២៥នាក់ ដែលបានចូលរួមផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី កឹម ចាន់ថាវី ក៏បានធ្វើបទបង្ហាញស្ដីពី “បរិយាបន្នហិរញ្ញប្បទាន” ដោយលោកស្រីបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏មានការចូលរួមសហការដោយ CGCC, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងធនាគារ កាណាឌីយ៉ា។ កម្មវិធីនេះមានគោលបំណងដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹង ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីលទ្ធភាពដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់ឥណទាននេះត្រឹមត្រូវតាមគោលបំណង ចំគោលដៅដែលជំរុញឱ្យសហគ្រាស ធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មានការរីកចម្រើន និរន្តរភាព និងចីរភាពក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។