ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក និងសាជីវកម្ម ធានាឥណទាន កម្ពុជា (ស.ធ.ក.) ចុះកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម

Credit to: Fresh News, 21 June 2021

ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក និង សាជីវកម្ម ធានាឥណទាន កម្ពុជា (ស.ធ.ក.) បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម ដោយបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ ធនាគារ អ អេច ប៊ី ។

តាមរយៈកិច្ចព្រមព្រៀងនេះដែរ ធនាគារ អ អេច ប៊ី នឹងចូលរួមក្នុងយុទ្ធនាការ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម(BRGS) ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) ដែលមានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។ BRGS នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ទៅ ៨០% នៃទំហំប្រាក់កម្ចីដែលផ្តល់ដោយ PFIs ដល់អាជីវកម្មដែលបានស្នើកម្ចី។

លោក WONG KEE POH អគ្គនាយក / នាយកប្រតិបត្តិនៃធនាគារ អ អេច ប៊ី បានលើកឡើងថា សហគ្រាសខ្នាតតូចនិងមធ្យមដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយគ្របដណ្តប់ប្រមាណ៩៩% នៃអាជីវកម្មនៅក្នុងប្រទេស, ៧០%នៃអត្រាបុគ្គលិក និង ៦០%នៃផលិតផលក្នុងស្រុកសរុប (GDP)។

បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ សម្រាប់សហគ្រាសធុនតូចនិងមធ្យម គឺការទទួលបានមូលនិធិនិងការគាំទ្រ ដើម្បីពង្រីកអាជីវកម្មរបស់ ពួកគេ។ ដូច្នេះ ជាមួយនឹងភាពជាដៃគូរវាងធនាគារ អ អេច ប៊ី និង ស.ធ.ក ធនាគារ អ អេច ប៊ី នឹងបានចូលរួមនិងគាំទ្របន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យមក៏ដូចជាការស្តារឡើងវិញនូវអាជីវកម្មរបស់អតិថិជនរបស់ធនាគារ ក្នុងអំឡុងពេលនៃវិបត្តិ Covid-19 ។ ធនាគារយល់ថាការឆ្លើយតបរបស់ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ត្រូវបានលើកទឹកចិត្តដោយការកើនឡើងនូវ អត្រាប្រើប្រាស់របស់អតិថិជន។

លោក WONG KEET LONG នាយកប្រតិបត្តិនៃធនាគារ សាជីវកម្ម ធានាឥណទាន កម្ពុជា ក៏បានលើកឡើងដែរថា ភាពជាដៃគូជាមួយធនាគារ អ អេច ប៊ី គឺជាការសហការណ៍ដំបូងបំផុតជាមួយធនាគារដែលគ្រប់គ្រងដោយជនជាតិម៉ាឡេស៉ី ដែលបានទទួលបានការជោគជ័យយ៉ាងខ្លាំងក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូច និងមធ្យម ដោយមានការ ធានាឥណទាន នៅក្នុងប្រទេសម៉ាឡេស៉ី។ យើងសង្ឃឹមថាធនាគារ នឹងបន្តបង្កើតភាពជោគជ័យនេះនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនប្រាក់កម្ចីរ បស់ខ្លួនដល់សហគ្រាសធុនតូចនិងមធ្យមជាមួយ នឹងការធានារបស់ ស.ធ.ក ។

 

អត្ថបទគួរចាប់អារម្មណ៍ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន