កិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម
ខែកញ្ញា 28, 2021ព្រឹត្តិការណ៍ និងសកម្មភាព
នារសៀលថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) តាមរយៈអនឡាញ ដែលមានអ្នកចូលរួម ៧០នាក់ អញ្ជើញមកពីស្ថាប័នធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នានាដែលជា PFIs របស់ CGCC។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើបទបង្ហាញផ្សព្វផ្សាយចែករំលែកជូនដល់ស្ថាប័នហិរញ្ញវត្ថុចូលរួមនេះ នូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដែលជាគម្រោងធានាឥណទានទី២របស់ CGCC ក្រោយពីបានដាក់ដំណើរការជាផ្លូវការកាលពីថ្ងៃទី២២ ខែកញ្ញា សប្តាហ៍មុននេះ។
គួរបញ្ជាក់ផងដែរថា CFGS គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ CGCC ដែលមានទឹកប្រាក់សរុប ៥០ លានដុល្លារអាមេរិក បន្ថែមពីលើគម្រោងទីមួយ គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ដែលត្រូវបានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២១ ក្នុងការធានាឥណទានទឹកប្រាក់សរុប ២០០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។
CGCC សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីទទួលបាននូវការផ្សព្វផ្សាយអំពីព័ត៌មាននៃគម្រោង CFGS នេះរួច ស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) ទាំងអស់ នឹងអាចបន្តយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនការផ្តល់ឥណទានជូនដល់អាជីវកម្ម ជាពិសេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នងការគាំទ្រ ដល់សហគ្រាសខ្នាតតូចនិងមធ្យម (SME) ឱ្យទទួលបាននូវកម្ចីដើម្បីយកទៅពង្រីក ឬទ្រទ្រង់អាជីវកម្ម ខណៈដែលគម្រោងធានាឥណទាន របស់ CGCC នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចី ដែលអាចជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីម្ចាស់អាជីវកម្មក្នុងការស្នើសុំកម្ចី។
ស្វែងយល់បន្ថែមអំពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន៖ https://cgcc.com.kh/en/co-financing-guarantee-scheme/