Board of Directors Meeting - CGCC

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា លើកទី៦

នាថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦ តាមរយៈប្រព័ន្ធវីដេអូ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. ជាប្រធានអង្គប្រជុំ និងការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាភិបាល ៥រូបទៀត ដែលកិច្ចប្រជុំនេះផ្តោតសំខាន់លើការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃស.ធ.ក ក៏ដូចជាផែនការអាជីវកម្មនិងថវិកា សម្រាប់ឆ្នាំ២០២២ ផងដែរ។
របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦នេះ រួមមាន (១) ផែនការអាជីវកម្ម និងផែនការថវិកាប្រចាំឆ្នាំ២០២២ របស់សាជីវកម្មធានាឥណទានកម្ពុជា (២) សៀវភៅណែនាំអំពីការកម្រិតសិទ្ធិអំណាចសម្រេចរបស់សាជីវកម្មធានាឥណទានកម្ពុជា និង (៣) ផ្សេងៗ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ​ និងទទួលបានអនុសាសន៍ ក៏ដូចជាសេចក្តីសម្រេចនានាទៅលើសកម្មភាពការងារ​ ជាពិសេសទៅលើគម្រោងសំខាន់២របស់ស.ធ.ក. ដែលបាននិងកំពុងអនុវត្ត គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម និងគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន និងជាពិសេសគឺទៅលើផែនការនានា ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាព។
ស្វែងយល់លម្អិតអំពី ស.ធ.ក. និងរចនាសម្ព័ន្ធនៃការគ្រប់គ្រង តាមរយៈអនុក្រឹត្យស្តីពីការបង្កើត ស.ធ.ក. ៖ https://cgcc.com.kh/…/sub-degree-of-establishing…/