ធនាគារ ABA ចាប់ដៃគូជាមួយ CGCC ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម
ខែវិច្ឆិកា 11, 2021ព័ត៌មានថ្មីៗ
Credit to: Business Cambodia
ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា(CGCC) ជាសហគ្រាសសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងធានាឥណទានកាលពីថ្ងៃទី 11 ខែ វិច្ឆិកា ឆ្នាំ 2021។ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ABA នឹងផ្ដល់ប្រាក់កម្ចីដែលធានាដោយ CGCC ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសមីក្រូ, សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗក្នុងប្រទេសកម្ពុជាក្នុងការពង្រីកអាជីវកម្ម ការវិនិយោគ និងសម្រាប់ជាទុនបង្វិល។
ភាពជាដៃគូនេះ អាចឲ្យធនាគារ ABA គាំទ្រ និងជួយដល់អាជីវកម្មដែលមានលទ្ធភាពបង់សង តែខ្វះទ្រព្យតម្កល់នៅពេលស្នើសុំប្រាក់កម្ចី ដោយប្រើប្រាស់គម្រោងធានាឥណទានរបស់ CGCC។ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA អាចជួយអាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ដោយផ្ដល់ជូនពួកគេនូវកម្មវិធីដែលអាចទទួលបាន និងកាន់តែរហ័ស ថែមទាំងទទួលបានកម្ចីខ្ពស់ទៅលើវិស័យដែលជាអាទិភាព។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ និងជាគោលដៅរបស់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា។ ដោយសារការគ្រប់គ្រងបទប្បញ្ញត្តិ និងហានិភ័យ ធនាគារតម្រូវឲ្យអ្នកដែលមានបំណងខ្ចីប្រាក់ត្រូវគោរពតាមបញ្ជីលក្ខណវិនិច្ឆ័យ រួមមានប្រវត្តិឥណទាន ស្ថានភាពហិរញ្ញវត្ថុ និងទ្រព្យតម្កល់។មិនមែនគ្រប់អាជីវកម្មសុទ្ធតែអាចបំពេញតាមលក្ខណវិនិច្ឆ័យទាំងនេះទេខណៈដែលការរីករាលដាលជាសកលនៃជំងឺកូវីដ 19 បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មកាន់តែច្រើន។ គម្រោងធានាឥណទាន ត្រូវបានផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ជាយន្ដការចែករំលែកហានិភ័យរវាងធនាគារ ABA និង CGCC ដែលបណ្ដាអាជីវកម្មមិនគ្រប់លក្ខណវិនិច្ឆ័យក្នុងការខ្ចីប្រាក់ នៅតែអាចស្នើសុំខ្ចីបានពីធនាគារ ABA បាន។ ធនាគារនឹងពិចារណាលើសំណើទាំងនោះដោយផ្អែកលើគោលនយោបាយឥណទាន របស់ខ្លួននិងការវាយតម្លៃសំណើកម្ចី ខណៈដែលយើងផ្ដល់អាទិភាពចម្បងលើវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។”
លោកបន្ថែមទៀតថា៖ “យើងខ្ញុំនៅធនាគារABA ចាប់ដៃគូជាមួយ CGCC ក្នុងការផ្តល់ជូនបណ្ដាអាជីវកម្មធុនតូច និងមធ្យមជាមួយនឹងការស្នើសុំកម្ចីកាន់តែងាយស្រួលជាងមុន និងដើម្បីបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដែលស្របនឹងបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់យើង។”
លោក Wong Keet Loong នាយកប្រតិបត្តិ CGCC បានបញ្ជាក់ថា៖ “CGCC ត្រូវបានបង្កើតឡើងក្នុង គោលបំណងបង្កើនកំណើនប្រាក់កម្ចីក្នុងវិស័យធនាគារ។ ជាមួយគម្រោងធានាឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុអាចផ្ដល់កម្ចីកម្រិតខ្ពស់ជាងមុន។ ខណៈដែលសេដ្ឋកិច្ចកំពុងបើកដំណើរការឡើងវិញម្ដងទៀត តម្រូវការប្រាក់កម្ចីពីសហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកអាជីវកម្មកាន់តែមានការកើនឡើង។”
លោកបន្ថែមទៀតថា៖ “សេវាធានាឥណទានរបស់ CGCC នឹងដើរតួជាផ្នែកមួយនៃទ្រព្យតម្កល់សម្រាប់កម្ចី ធនាគារ ដូច្នេះវាជួយកាត់បន្ថយទ្រព្យតម្កល់ដែលតម្រូវពីអ្នកខ្ចី។ ធនាគារ ABA ដែលជាធនាគារ លំដាប់កំពូលមួយ មានកំណើនកម្ចីរឹងមាំ និងមានបណ្ដាញសាខាទូលំទូលាយ នឹងក្លាយជាយុទ្ធសាស្រ្ដ របស់យើងក្នុងការសម្រេចគោលបំណងនេះ។ យើងសង្ឃឹមថា ភាពជាដៃគូនេះនឹងជួយដល់សហគ្រាស ធុនតូច និងមធ្យមជាច្រើនបន្ថែមទៀត។”
អត្ថបទគួរចាប់អារម្មណ៍ សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”