CGCC Loan with Credit Guarantee Promotion

CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្តី

នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក ណូ លីដា អគ្គនាយករងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអញ្ជើញចូលរួមជាវាគ្មិនចែករំលែក និងពិភាក្សា នៅក្នុងសិក្ខាសាលាស្តីអំពី“បញ្ហាប្រឈម និងដំណោះស្រាយចំពោះការទទួលបានឥណទានរបស់សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនស្រ្តី” ដែលរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក។

 

សិក្ខាសាលានេះ រៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការផេកកម្ពុជា ក្រោមគោលបំណងសំខាន់ក្នុងការផ្សារភ្ជាប់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ (ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម-SMES សហគ្រិនស្ត្រី រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍) ដើម្បីចែករំលែក ពិភាក្សា និងផ្តល់ជាអនុសាសន៍សំខាន់ៗឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការទទួលបានឥណទានរបស់់ SMEs និងសហគ្រិនស្រ្តី។  

 

នៅក្នុងសិក្ខាសាលានេះ លោក ណូ លីដា បានចែករំលែកអំពីតួនាទីរបស់ CGCC ដែលបានអនុវត្តកន្លងមក ឆ្លើយតបទៅនឹងប្រធានបទនៃកិច្ចពិភាក្សា “បង្កើននិងលើកកម្ពស់ការយល់ដឹងលើការដាក់សំណើកម្ចីឥណទានសម្រាប់អាជីវកម្ម” ហើយក៏មានការចូលរួមចែករំលែកនូវទស្សនៈ និងមតិយោបល់ពីវាគ្មិនសំខាន់ៗ ដែលអញ្ជើញមកពីបណ្តាស្ថាប័នធនាគារ/ហិរញ្ញវត្ថុផ្សេងៗផងដែរ ដែលនឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ ជូនដល់ម្ចាស់អាជីវកម្មស្វែងយល់ និងបង្កើនការទទួលបានឥណទានសម្រាប់អាជីវកម្មរបស់ខ្លួន។

អត្ថបទគួរចាប់អារម្មណ៍ សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា