កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៧
ខែធ្នូ 10, 2021ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី៧ តាមរយៈប្រព័ន្ធវីដេអូ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. និងការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាភិបាល ៦រូប។
របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៧នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) ជុំទី៤ , (៣) សំណើគម្រោងវិនិយោគ (៤) ក្របខណ្ឌ គ្រប់គ្រងហានិភ័យ និងក្របខណ្ឌហានិភ័យអាផែតថាយ (Appetite Framework) , (៥) វិសោធនកម្មនៃកិច្ចព្រមព្រៀងស្តីពីការអនុវត្តប្រព័ន្ធធានាឥណទាន , (៦) ផែនការលទ្ធកម្មសម្រាប់ឆ្នាំ២០២២ របស់ ស.ធ.ក. និង (៧) ផ្សេងៗ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងទទួលបានអនុសាសន៍ ក៏ដូចជាសេចក្តីសម្រេចនានាទៅលើសកម្មភាពការងារ ជាពិសេសទៅលើគម្រោងធានាឥណនារបស់ CGCC ដែលបាន និងកំពុងអនុវត្ត និងផែនការសកម្មភាពនានា ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាព។