អាកាសយានដ្ឋានអន្តរជាតិតេជោ លក់មូលបត្របំណុលតម្លៃ១២លានដុល្លារបន្ថែមទៀត
ខែមករា 27, 2022ព័ត៌មានថ្មីៗ
ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ទើបលក់មូលបត្របំណុលតម្លៃ១២លានដុល្លារថែមទៀត ក្នុងនោះ ៨,០០០លានរៀល ស្មើនឹង២លានដុល្លារ ជូនសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង១០លានដុល្លារ ជូនធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ សាជីវកម្មធានាឥណទានកម្ពុជា បានសម្រេចវិនិយោគ ៨,០០០លានរៀល លើការទិញមូលបត្របំណុល ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) តំណាងដោយលោក Wong Keet Loong ជាអគ្គនាយក។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិក ក្រុមប្រឹក្សាភិបាលរបស់ CGCC។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០% ដែលបានចំណាយទឹកប្រាក់សរុប៣៩០លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះ គឺ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានា ដោយក្រុមហ៊ុន OCIC។
លោក Wong Keet Loong អគ្គនាយក CGCC មានឲ្យដឹងថា «ការវិនិយោគលើសញ្ញាបណ្ណនេះ គឺជាផ្នែកមួយ នៃការធ្វើពិពិធកម្មនៃការវិនិយោគរបស់ CGCC ទៅលើសញ្ញាបណ្ណផ្សេងក្រៅពីការដាក់ប្រាក់បញ្ញើ»។
លោកថា «ពួកយើងពិតជាមានក្តីសោមនស្ស នៅក្នុងការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួមចំណែកមួយ ក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជា»។
ជាមួយគ្នានេះ កាលពីម្សិលមិញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ក៏វិនិយោគ១០លានដុល្លារ លើមូលបត្របំណុល របស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។
សម្តេចតេជោបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕
ប្រភពអត្ថបទ៖ Fresh News ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២