ធនាគារ កម្ពុជា អាស៊ី សហការជាមួយសាជីវកម្មធានាឥណទានកម្ពុជាផ្តល់ការធានាដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យតម្កល់
ខែកុម្ភៈ 10, 2022ព័ត៌មានថ្មីៗ
នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ធនាគារ កម្ពុជា អាស៊ី បានចុះកិច្ចព្រមព្រៀងជាផ្លូវការ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ពីស្ថាប័នទាំងពីរនេះផងដែរ។
ថ្លែងក្នុងពិធីនោះ លោក Mitra Dwaipayan បានគូសបញ្ជាក់ថា៖ “ធនាគារ កម្ពុជា អាស៊ី រីករាយ ស្វាគមន៏រាល់កិច្ចសហការទាំងឡាយណា ដែលផ្តល់គុណប្រយោជន៏ដល់គ្រប់ភាគីចូលរួមទាំងអស់។ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងនេះ ម្ចាស់អាជីវកម្មអាចស្នើកម្ចីពីធនាគារ កម្ពុជា អាស៊ី សម្រាប់ពង្រីកនិងទ្រទ្រង់អាជីវកម្មបានយ៉ាងងាយស្រួល បើទោះបីជាពួកគេមិនមានទ្រព្យតម្កល់គ្រប់គ្រាន់ក៏ដោយ ចំណែកឯធនាគារវិញ ក៏កាន់តែមានទំនុកចិត្តខ្ពស់ក្នុងការផ្តល់កម្ចីទៅកាន់ម្ចាស់អាជីវកម្ម។ លក្ខខណ្ឌដ៏ប្រសើរនេះមិនអាចកើតឡើងបានឡើយ បើគ្មានគម្រោងផ្តួចផ្តើមពីសាជីវកម្មធានាឥណទានកម្ពុជា។”
លោកបានបន្ថែមថា៖ “ប្រមាណជិត៣០ឆ្នាំនេះ ធនាគារ កម្ពុជា អាស៊ី បានរួមចំណែកយ៉ាងច្រើន ដល់ វិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវសេវាធនាគារពាណិជ្ជ ដែលគិតគូរពីអត្ថប្រយោជន៏ និងឆ្លើយតបទៅនឹងតម្រូវការជូនអតិថិជនទាន់ពេលវេលា។ ធនាគារយើងខ្ញុំក៏តែងតែគិតគូរនិងគាំទ្រដល់ វិស័យអាទិភាព ដែលជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ។ ខ្ញុំជឿជាក់ថា កិច្ចសហការរវាងធនាគារ កម្ពុជា អាស៊ី និងសាជីវកម្មធានាឥណទានកម្ពុជា នឹងជួយឱ្យអាជីវកម្ម និង វិស័យធនាគារហិរញ្ញវត្ថុនៅកម្ពុជាកាន់តែអភិវឌ្ឍន៏បន្ថែមទៀត។”
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក Wong Keet Long បានមានប្រសាសន៏ថា៖ “ភាពជាដៃគូរវាង CGCC និង CAB នេះ នឹងធ្វើឱ្យ CAB ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២២ របស់យើងក្នុងការផ្តល់ កម្ចីដែលមានការធានាដល់ម្ចាស់អាជីវកម្ម។ ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន កំពុងតែចាប់ផ្តើមយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទានដល់ស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងការផ្តល់កម្ចីកាន់តែច្រើននិងទូលំទូលាយជាងមុនដល់អតិថិជន បើទោះបីជាទ្រព្យបញ្ចាំរបស់ពួកគាត់មានកំណត់ក៏ដោយ។”
លោកបានបន្ថែមថា៖ “ជាមួយនឹងការចូលរួមក្នុងគម្រោងធានាឥណទានពីស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើននេះ CGCC ពិតជាសង្ឃឹមថា ម្ចាស់អាជីវកម្មកាន់តែច្រើននៅទូទាំងប្រទេសនឹងអាចទទួលបាន ហិរញ្ញប្បទានផ្លូវការកាន់តែច្រើន ហើយក៏កាន់តែបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដែលជំរុញដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។”
គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធុនធំ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់ ត្រឡប់មកវិញ ប៉ុន្តែខ្វះទ្រព្យតម្កល់នៅពេលស្នើកម្ចី ដែលឥឡូវនេះពួកគាត់ អាចធ្វើការស្នើកម្ចី សម្រាប់ពង្រីក និងគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានពីធនាគារ កម្ពុជា អាស៊ី យ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។
អំពីធនាគារ កម្ពុជា អាស៊ី
ធនាគារ កម្ពុជា អាស៊ី ហៅកាត់ថា CAB ជាធនាគារពាណិជ្ជ និងបានបើកប្រតិបត្តិការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូនអតិថិជន និងដៃគូជំនួញ នូវផលិតផល និង សេវាកម្មសម្បូរបែបដូចជា៖ ឥណទាន ប្រាក់បញ្ញើ ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ព្រមទាំងកាតសម្រាប់ទូទាត់ជាសកល Visa, MasterCard, និង UnionPay ជាដើម។
អំពីសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)
ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។
គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុប២៣៧ ក្នុងទំហំទឹកប្រាក់ជាង២៥លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។
ប្រភព៖ ក្រសួងព័ត៌មាន ចុះផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២
Click here to read about: Co-Financing Guarantee Scheme to support Tourism Recovery