សាជីវកម្មធានាឥណទានកម្ពុជា ចូលរួមក្នុងកិច្ចពិភាក្សា “ការរួបរួមគ្នារវាងសហគ្រាសធុនតូចនិងមធ្យម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច”
ខែឧសភា 4, 2022ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ លោក ណូ លីដា អគ្គនាយករងសាជីវកម្មធានាឥណទានកម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវេទិកាពិភាក្សាលើប្រធានបទស្តីពី “ការរួបរួមគ្នារវាងសហគ្រាសធុនតូចនិងមធ្យម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច” ដែលត្រូវបានរៀបចំឡើងនៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងធនាគារកម្ពុជាអាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា លើគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២។
នៅក្នុងវេទិកាពិភាក្សានៃកម្មវិធីនេះ ក៏មានការចូលរួមពីលោកប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី នាយកផ្នែកឥណទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងនាយកប្រតិបត្តិក្រុមហ៊ុន Bankograph ផងដែរ។
លោក ណូ លីដា បានចូលរួមចែករំលែកអំពីសារៈសំខាន់នៃការបង្រួមគម្លាតតម្រូវការ និងការផ្គត់ផ្គង់ឥណទាន ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងបេសកកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងការផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។ ទន្ទឹមនេះ លោកក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនអាជីវកម្ម ក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដែលត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចី ដែលបញ្ចេញក្រោម គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ គម្រោងនេះ ជួយគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងការផ្តល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ ទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម។
Know about: CGCC and Access to Finance for Women Entrepreneurs