CGCC Credit Guarantees Climb to $45.5M

CGCC ផ្តល់​ការធានា​ឥណទាន​ជាង ៤០០ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ៤៥,៥ ​លាន​ដុល្លារ

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC) បានផ្តល់​ការធានា​ឥណទាន​ដល់ ៤៤៨ ​ក្រុមហ៊ុន​អាជីវកម្ម គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២២ ដែល​គិត​ជា​ទឹកប្រាក់ ៤៥,៥​ លាន​ដុល្លារ​ក្នុងនោះ​អាជីវកម្ម​ខ្នាតតូច​ និង​មធ្យម ​(SME) ​មាន​ចំនួន ៤៣១ ​ក្រុមហ៊ុន​។ នេះ​បើតាម​ព្រឹត្តិបត្រ​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។

ទិន្នន័យ​បង្ហាញថា ឥណទាន​ដែល​ត្រូវ​ធានា​ដោយ CGCC មាន ៤៤៨ ក្រុមហ៊ុន​អាជីវកម្ម​ដែល​ស្មើនឹង​ទឹកប្រាក់​សរុប ៤៥,៥ ​លាន​ដុល្លារ​ក្នុងនោះ​ប្រភេទ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មាន​ចំនួន ៤៣១ និង​ខ្នាត​ធំ ១៧​។ ដោយឡែក​ក្នុងចំណោម​ ៤៤៨ ​ក្រុមហ៊ុន​អាជីវកម្ម​គឺមាន​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ស្ត្រី ១៣៨ ​។

សេវា​ធានា​ឥណទាន​កម្ពុជា គឺ​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់ឱ្យ​អាជីវកម្ម​ ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។ បច្ចុប្បន្ននេះ​ CGCC ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​បញ្ចេញ​ដោយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ (PFIs) របស់ CGCC ទៅកាន់​អ្នកស្នើសុំ​កម្ចី ក្រោម​គម្រោង​ធានា​ឥណទាន​ដែល​បានដាក់​ចេញ​ដោយ CGCC​។

លោក ណូ លីដា អគ្គនាយករង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​លើកឡើង​ថា​៖ «​ការបង្រួម​គម្លាត​តម្រូវការ និង​ការផ្គត់ផ្គង់​ឥណទាន​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច គឺ​ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយនឹង​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​»​។

លោក​លើកឡើង​ថា ដើម្បី​ចាប់យក​អត្ថប្រយោជន៍​ពី​ការធានា​ឥណទាន ក្រុមហ៊ុន​អាជីវកម្ម​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ ដើម្បី​ស្នើសុំ​ទៅ PFIs ជាមុន​។

 

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៥ ខែមិថុនា​ថា ការផ្តល់ និង​ការទទួល​បាន​នូវ​ឥណទាន​មួយ​ដែលមាន​ការធានា​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​លំនឹង​សេដ្ឋកិច្ច​ឱ្យមាន​ដំណើរការ​ទៅមុខ​ដោយ​រលូន ជាពិសេស​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​វិបត្តិ​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា នៅពេល​វិស័យ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព​ល្អ ការបញ្ចេញ​ទុនវិនិយោគ និង​ការបង្កើត​ឱកាស​ការងារ​ថ្មីៗ​ក៏មាន​ច្រើន​ដែរ​។ ម្យ៉ាងទៀត​នៅពេល​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ទុន​គ្រប់គ្រាន់​វា​ក៏​ជួយ​ឱ្យ​ដំណើរការ​ផលិតកម្ម​មាន​កាន់តែ​ច្រើន​ និង​ជួយ​កាត់បន្ថយ​ការនាំចូល​ពី​បរទេស និង​បង្កើន​ការនាំចេញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការផ្តល់​ការធានា​ឥណទាន​បាន​ជួយ​ទាំង​ស្ថាប័ន​ផ្តល់​កម្ចី និង​អ្នកទទួល​កម្ចី​ (​ម្ចាស់​អាជីវកម្ម​) ឱ្យ​មាន​ទំនុកចិត្ត​រៀងៗ​ខ្លួន ព្រោះ​មុននឹង​ហ៊ាន​ធានា CGCC តែងតែ​មាន​លក្ខខណ្ឌ​ និង​ធ្វើការ​សិក្សា​ទៅលើ​ប្រភេទ​អាជីវកម្ម ឬ​ផលរបរ​របស់​អ្នកស្នើ​ឱ្យបាន​ច្បាស់​ជាមុនសិន​»​។

កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន ​(CFGS) ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​កម្ចី​ដែល​បញ្ចេញ​ក្រោម គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ជំហាន​ទី​ ២ (SCFS II) របស់​ធនាគារ​សហគ្រាស​ធុន​-​តូច និង​មធ្យម​កម្ពុជា​៕

អត្ថបទដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២

Click here to read about: CGCC recommends ways to Access to Guaranteed Loans