សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តបាត់ដំបង និង ខេត្តសៀមរាប
ខែកក្កដា 11, 2022ព្រឹត្តិការណ៍ និងសកម្មភាព
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយធនាគារកាណាឌីយា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅឯខេត្តបាត់ដំបង និងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ពីការធានាឥណទានសម្រាប់ក្រុមហ៊ុនអាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ដូចជាដើម្បីចែករំលែកអំពីផលិតផលឥណទានដែលមានការធានារបស់ធនាគារកាណាឌីយ៉ា ជូនដល់ម្ចាស់អាជីវកម្មដែលស្ថិតនៅក្នុងខេត្តគោលដៅទាំង២នេះ។
សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីបណ្តាម្ចាស់អាជីវកម្ម នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ក្រោមការសម្របសម្រួលរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏ដូចជាការអញ្ជើញចូលរួមពីក្រុមការងាររបស់ CGCC ដឹកនាំដោយលោក ណូ លីដា អគ្គនាយករង CGCC និងធនាគារកាណាឌីយ៉ាដឹកនាំដោយ លោក សុង គឹមហុង ប្រធាននាយកដ្ឋាន ឥណទានខ្នាតតូចនិងមធ្យមនៃធនាគារកាណាឌីយ៉ា ផងដែរ។
CGCC សង្ឃឹមថា សិក្ខាសាលាផ្សព្វផ្សាយនេះផ្តល់អត្ថប្រយោជន៍ ដល់ម្ចាស់អាជីវកម្មដែលមានតម្រូវការកម្ចីសម្រាប់ពង្រីក និងទ្រទ្រង់អាជីវកម្មរបស់ខ្លួន ប៉ុន្តែប្រឈមនឹងបញ្ហាខ្វះទ្រព្យបញ្ចាំ ឱ្យបានស្វែងយល់ពីនីតិវិធីក្នុងការស្នើសុំកម្ចីដែលមានការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) របស់ CGCC៕
Click here to read about: Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector