កិច្ចពិភាក្សាស្វែងយល់និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប
ខែកក្កដា 11, 2022ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តការធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC នៅខេត្តបាត់ដំបង រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ធនាគារ ABA ធនាគារ អេស៊ីលីដា, នៅខេត្តបន្ទាយមានជ័យ រួមមាន ធនាគារ ABA ធនាគារកាណាឌីយ៉ា , និងនៅខេត្តសៀមរាប រួមមាន ធនាគារ ABA ធនាគារ អេស៊ីលីដា គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ ធនាគារស្ថាបនា និងធនាគារ Maybank (Cambodia)។
កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងបណ្តុំទៅដោយអាជីវកម្មនេះ គឺជាឱកាសមួយសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យបញ្ចាំ។
តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ជាមួយ PFIs របស់ CGCC នៅបណ្តាខេត្តទាំងបីនេះ CGCC បានស្វែងយល់អំពីស្ថានភាពនៃការធានាឥណទាន ដែលបានអនុវត្តដោយផ្ទាល់ដោយ PFIs នៅតាមបណ្តាខេត្ត រួមទាំងមតិយោបល់ដ៏មានសារៈសំខាន់នានាទៅលើគម្រោងធានាឥណទានរបស់ CGCC។ CGCC និង PFIs នឹងបន្តបង្កើនការសហការលើការផ្តល់កម្ចីដែលមានការធានាជូនដល់ក្រុមហ៊ុនអាជីវកម្ម។
Click here to read about: Loans with Credit Guarantees to Support the Development of SMEs