CGCC and Credit Bureau partnership to promote SME and women’s access to finance

សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ចាប់ដៃគូសហការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន ដល់សហគ្រាសខ្នាតតូចនិងមធ្យម (SME) និង សហគ្រិនស្រ្តី

ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២៖​​ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង​ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិន ស្រ្តី និងសហគ្រាសខ្នាតតូចនិងមធ្យម (SMEs) តាមរយៈយន្តការគាំទ្រនៃគម្រោងធានាឥណទានរបស់ CGCC និងការអនុវត្តនៃការវិភាគទិន្នន័យក្នុងការសម្រេចចិត្តលើការផ្តល់ឥណទានពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាង CBC និង CGCC នឹងពង្រីកលទ្ធភាពទទួលបានឥណទាន ដោយផ្តល់នូវការវាយតម្លៃកម្ចី កាន់តែប្រកបដោយតម្លាភាព ដល់សហគ្រិនស្ត្រី និង SMEs។

ក្នុងនាមជាក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានតែមួយគត់នៅក្នុងប្រទេសកម្ពុជា CBC ផ្តល់នូវព័ត៌មានប្រវត្តិឥណទានដែលផ្សារភ្ជាប់ព័ត៌មានអសមប្បមាណរវាងអ្នកខ្ចី និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការនៃការផ្តល់កម្ចី និងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន។ ជាច្រើនឆ្នាំមកនេះ ការផ្តល់របាយការណ៍​ឥណទានរបស់ CBC និងដំណោះស្រាយវិភាគទិន្នន័យផលបត្រ បានបន្ធូរបន្ថយឧបសគ្គលើឥណទាន សម្រាប់ប្រជាជនកម្ពុជាជាច្រើន និង គ្រប់គ្រងហានិភ័យឥណទានទូទាំងវិស័យហិរញ្ញវត្ថុ។ តួនាទីរបស់ CBC ដែលជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ មានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

CGCC ផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុន ឬអាជីវកម្មដែលមានលទ្ធភាពសង តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ ជាពិសេសនៅក្នុងបរិបទនៃការប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារវិបត្តិកូវីដ១៩ ការគាំទ្រពី CGCC បាននិងកំពុងបន្តចូលរួមចំណែកដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ជំរុញការផ្តល់ឱកាសការងារ និងស្ថិរភាពសេដ្ឋកិច្ច។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC មានប្រសាសន៍ឱ្យដឹងថា៖ “កិច្ចសហការនេះគឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី និងម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាការធានានូវវិធីសាស្រ្តប្រកបដោយតម្លាភាព ទំនុកចិត្ត និងការបញ្ចូលទិន្នន័យ សម្រាប់បង្កើតនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ពួកគាត់។ កិច្ចសហការរវាង CBC និង CGCC នឹងអាចពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់យើង និងសម្រួលដល់តម្រូវការនៃការគាំទ្របន្ថែមជាច្រើនដល់ SMEs”។

Credit Guarantee Corporation of Cambodia Plc. and Credit Bureau (Cambodia) Co., Ltd. ink partnership to promote SME and women’s access to finance

 

លោក Wong Keet Loong អគ្គនាយក CGCC ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា ៖ “ជាមួយនឹងអនុស្សរណៈនៃការយោគយល់នេះ CGCC នឹងអាចបង្កើតទម្រង់ឥណទាននៃកម្ចីដែលមានការធានាដោយប្រើ ពិន្ទុ ខេ ស្ករ (K-Score) របស់ CBC ជាឯកសារយោងសម្រាប់ការវាយតម្លៃឥណទានរបស់អ្នកខ្ចីដែលមានការធានារបស់យើង។ នៅពេលដែលគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) រាយការណ៍ពីការផ្តល់កម្ចីដែលមានការធានានៅក្នុងរបាយការណ៍ប្រចាំខែរបស់ពួកគេទៅកាន់ CBC ទិន្នន័យនេះនឹងមានប្រយោជន៍ក្នុងការចាប់យកទម្រង់របស់អ្នកខ្ចីដែលជា SMEs នៅកម្ពុជា ដែលទទួលបានកម្ចីមានការធានា។ វានេះនឹងជួយសម្រួលបន្ថែមទៀតដល់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ SMEs”។

ខណៈដែលវាជាកាតព្វកិច្ចចាំបាច់របស់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចី ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អ្នកខ្ចីពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន CBC សម្រាប់ការវាយតម្លៃកម្ចី ដូច្នេះ CGCC និង CBC នឹងសហការគ្នាដើម្បីឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រើប្រាស់ប្រព័ន្ធឌីជីថល ការរាយការណ៍កម្រិតខ្ពស់ និងឧបករណ៍វិភាគទិន្នន័យពី CBC ដើម្បីធ្វើការវាយតម្លៃអំពីហានិភ័យជាក់លាក់របស់អ្នកខ្ចី និងតាមដានអំពីការប្រើប្រាស់កម្ចីរបស់ពួកគេផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះផងដែរ CGCC និង CBC ប្តេជ្ញាសហការគ្នាកសាងនូវសកម្មភាពបង្កើនការយល់ដឹង និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ  និងបរិយាបន្នហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។

 

អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី(ស៊ីប៊ីស៊ី) 

ចាប់តាំងពីឆ្នាំ២០១២ មក CBC បានក្លាយជាអ្នកផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ និងអ្នកប្រើប្រាស់ទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ស៊ីប៊ីស៊ី បានជួយដល់អតិថិជន និងសមាជិករបស់ខ្លួនទាំងអស់ ក្នុងការគ្រប់គ្រងហានិភ័យ និងធ្វើការសម្រេចចិត្តបានឆាប់រហ័សតាមរយៈសេវាកម្មដូចជា៖ របាយការណ៍ឥណទានផ្ទាល់ខ្លួន របាយការណ៍ឥណទានក្រុមហ៊ុន ខេ ស្ករ សេវាវិភាគទិន្នន័យ សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន និងដំណោះស្រាយទិន្នន័យ តាមតម្រូវការ។ ស៊ីប៊ីស៊ីបានបម្រើទៅដល់សមាជិក ១៨០ស្ថាប័ន ជាមួយនឹងប្រវត្តិឥណទានរបស់អ្នកខ្ចីជាង៧លាននាក់។

 

អំពី CGCC

CGCC  គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។ គិតត្រឹមថ្ងៃចុងខែកក្កដា ឆ្នាំ២០២២នេះ CGCC បានផ្តល់ការធានាឥណទាន ដល់ក្រុមហ៊ុន/អាជីវកម្មសរុបចំនួន៥៩១  ក្នុងទំហំទឹកប្រាក់ប្រហាក់ប្រហែល ៥៧,៤ លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនក្រុមហ៊ុន/អាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SMEs)។

Also check: CGCC’s Co-Financing Guarantee Scheme to help Tourism Sector