ក្រសួងលើកទឹកចិត្តគ្រឹះស្ថានហិរញ្ញវត្ថុ ឱ្យប្រើប្រាស់យន្តការធានាឥណទាន
ខែសីហា 23, 2022ព័ត៌មានថ្មីៗ
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រើប្រាស់នូវយន្តការធានាឥណទាន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ខណៈការបញ្ចេញកម្ចីដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុនៅមានកម្រិតតិចតួចនៅឡើយ។
ក្នុងសិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទាននៅក្នុងការលើកស្ទួយបរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលពីថ្ងៃទី ១៨ ខែសីហា លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មធានាឥណទានកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ដំណើរការនូវគម្រោងធានាឥណទានតាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដែលមានរយៈពេលជាង ១ ឆ្នាំមកហើយ ដោយគិតមកត្រឹមដំណាច់ខែកក្កដា ឆ្នាំ ២០២២ សាជីវកម្មធានាឥណទានកម្ពុជាបានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗប្រមាណ ៥៧ លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។
លោកបន្តថា ទឹកប្រាក់ ៥៧ លានដុល្លារនេះគឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំនៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។ មិនមែនតែនៅកម្ពុជានោះទេ យន្តការធានាឥណទាន គឺជាឧបករណ៍គោលនយោបាយអន្តរាគមន៍មួយដែលត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រផ្នែកហិរញ្ញប្បទាននៅក្នុងសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាក្នុងសកលលោក។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញនូវក្របខ័ណ្ឌបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធក្នុងការជំរុញ និងលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់យន្តការធានាឥណទាន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម»។
លោក សីលវ៉ា ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធពិភាក្សាពីបញ្ហាប្រឈមនានា ពិសេសគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងម្ចាស់ក្រុមហ៊ុនអាជីវកម្ម ដើម្បីរកដំណោះស្រាយនៅក្នុងការប្រើប្រាស់យន្តការធានាឥណទានឱ្យបានទូលំទូលាយ ការសិក្សាពីលក្ខខណ្ឌ និងនីតិវិធីនៃគម្រោងធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ដើម្បីពិចារណាកែសម្រួល តាមការចាំបាច់ និងស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការរវាងសាជីវកម្មធានាឥណទានកម្ពុជា និង ដៃគូអភិវឌ្ឍន៍ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតគម្រោងធានាឥណទានគាំទ្រវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យទេសចរណ៍ ជាដើម។
អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានលើកឡើងថា ដើម្បីជំរុញធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់យន្តការធានាឥណទាននេះឱ្យបានជាអតិបរមា សហគ្រាសធុនតូច និងមធ្យមខ្លួនឯង ត្រូវខំប្រឹងប្រែងពង្រឹងអាជីវកម្មរបស់ខ្លួន បន្ទាប់ពីទទួលបានឥណទាន ជាពិសេសការចុះបញ្ជីឱ្យបានត្រឹមត្រូវទើបអាចទទួលបានការធានាឥណទានពី CGCC។
លោកស្រីបានបញ្ជាក់ថា៖ «អ្វីដែលខ្ញុំសង្កេតឃើញនៅកម្ពុជាចំណុចដែលប្រឈមចំពោះ SME ក្នុងការទទួលសេវាហិរញ្ញវត្ថុនោះ គឺការស្ថិតនៅក្រៅប្រព័ន្ធ។ SME នៅកម្ពុជាភាគច្រើន គឺមិនទាន់បានចុះបញ្ជីត្រឹមត្រូវឡើយ ដែលបញ្ហានេះធ្វើឱ្យពួកគាត់ពិបាកទទួលបានកម្ចីពីធនាគារ»។
លោក Wong Keet Loong អគ្គនាយក CGCC បានប្រាប់ថា ចាប់ពីដើមត្រីមាសទី ៣ ឆ្នាំ ២០២២ CGCC បានពង្រីកការធានាឥណទានទៅកាន់ទូទាំងប្រទេស សូម្បីតែនៅខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខាដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។
លោកបញ្ជាក់ថា៖ «ទោះយ៉ាងណា ក៏ CGCC នៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាប័ន្នហិរញ្ញវត្ថុកាន់តែត្រូវបានលើកកម្ពស់ សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្មពាសពេញប្រទេស»។
នាយិកាប្រតិបត្តិនៃធនាគារកាណាឌីយ៉ា លោកស្រី សុង ខេងឡាយ បាន យល់ឃើញថា វាពិតជាមានភាពចាំបាច់នៃការធានាឥណទានដែលអាចគាំទ្រដល់ធនាគារក្នុងការផ្តល់កម្ចីច្រើនជាងមុនទៅដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។
លោកស្រីលើកឡើងថា៖ «ធនាគារកាណាឌីយ៉ាបានរៀបចំយុទ្ធសាស្ត្រនៃការផ្តល់កម្ចី ដែលមានការធានាក៏ដូចជានីតិវិធីនៃការដាក់ស្នើកម្ចីពីធនាគាររបស់ SME មកកាន់ធនាគារ ដើម្បីអាចទទួលបានកម្ចីប្រកបដោយប្រសិទ្ធភាព»។
ទិន្នន័យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបង្ហាញថា ការចុះបញ្ជីមូលដ្ឋានសហគ្រាសធុនតូច និងមធ្យមផ្នែកកម្មន្តសាល គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ មានចំនួនសរុប ៤៣ ៨១៣ មូលដ្ឋាន ក្នុងចំណោមជាង ៥២ ម៉ឺនមូលដ្ឋាន កើនឡើង ៤៤២ មូលដ្ឋាន បើប្រៀបធៀបកាលពីមុនឆ្នាំ ២០១៧៕
Credit to: ភ្នំពេញ ប៉ុស្តិ៍, August 18, 2022