សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
ខែកញ្ញា 23, 2022ព្រឹត្តិការណ៍ និងសកម្មភាព
(រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារឌីជីប៊ី បានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការ លើការធានាឥណទាន ដើម្បីបង្កើនការគាំទ្រដល់អាជីវកម្មនៅគ្រប់កម្រិតទាំងអស់នៅប្រទេសកម្ពុជា ចាប់តាំងពីខ្នាតមីក្រូ រហូតដល់ខ្នាតធំ ដែលមានតម្រូវការកម្ចីផ្លូវការប៉ុន្តែខ្វះខាតទ្រព្យបញ្ចាំ អាចទទួលបានកម្ចីដែលមានការធានាសម្រាប់អាជីវកម្ម។
ក្នុងនាមជាសហគ្រាសសាធារណៈ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការ និងអនុវត្តនូវគម្រោងធានាឥណទានសម្រាប់លើកស្ទួយដល់ការទទួលបាននូវកម្ចីប្រកបដោយភាពងាយស្រួល និងបត់បែងជាមុន ទោះបីជាអាជីវកម្មខ្វះទ្រព្យបញ្ចាំក៏ដោយ ហើយ CGCC បាននិងកំពុងបន្តផ្តល់ការគាំទ្រច្រើនបំផុតដល់សហគ្រាសខ្នាតតូចនិងមធ្យម ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍដល់សហគ្រាសខ្នាតតូនិងមធ្យម។ ភាពជាដៃគូលើការធានាឥណទាននេះ នឹងធ្វើឱ្យធនាគារឌីជីប៊ី ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២៤របស់ CGCC ក្នុងការផ្តល់នូវកម្ចីដែលមានការធានាដល់ក្រុមហ៊ុន/អាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម ដែលខ្វះខាតទ្រព្យបញ្ចាំសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម។
លោក Wong Keet Loog អគ្គនាយក CGCC បានមានប្រសាសន៍ឱ្យដឹងថា៖ “ទំហំការធានាឥណទានរយៈពេល៦ខែចុងក្រោយនេះ បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចស្តែងឱ្យឃើញបានថា ការធានាឥណទានបានគាំទ្រដល់គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងការទទួលបានកម្ចីដើម្បីអភិវឌ្ឍអាជីវកម្ម។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់យើង អាចមានលទ្ធភាពផ្តល់កម្ចីជាមួយនឹងការចែករំលែកហានិភ័យរបស់ CGCC”។
លោក Wong បន្ថែមថា៖ “កិច្ចសហការជាមួយនឹងធនាគារឌីជីប៊ី នឹងពង្រឹងបន្ថែមលើការផ្សព្វផ្សាយរបស់យើង ដើម្បីជួយគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈបណ្តាញសាខារបស់ធនាគារឌីជីប៊ី។ យើងរីករាយដែល ធនាគារឌីជីប៊ី យល់ច្បាស់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន ដើម្បីគាំទ្រដល់កំណើននៃការផ្តល់ប្រាក់កម្ចី និងទម្ងន់ហានិភ័យរបស់ធនាគារ”។
លោក អ៊ុល ដេតសុខុម ប្រធាននាយកប្រតិបត្តិ ធនាគារ ឌីជីប៊ី បានបញ្ជាក់ឱ្យដឹងដែរថា៖ “ ធនាគារ ឌីជីប៊ី ពិតជាមានក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានជាមួយ CGCC។ ពីព្រោះធនាគារអាចចូលរួមចំណែកក្នុងការគាំទ្រដល់ការរីកចម្រើនរបស់អាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជានៅក្នុងថ្នាក់តំបន់អាស៊ីអាគ្នេយ៍។
លោក អ៊ុល ដេតសុខុម បានបន្ថែមទៀតថា៖ “ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគម្រោងធានាឥណទានរបស់រាជរដ្ឋាភិបាល និងដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម ដែលមិនអាចឬពិបាកទទួលបានប្រភពមូលធុនជាមួយនឹងទ្រព្យបញ្ចាំដែលមានកម្រិត”។
កិច្ចសហការរួមគ្នារវាង CGCC និងធនាគារឌីជីប៊ី នឹងកាន់តែបង្កើននូវឱកាសដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម ឱ្យទទួលបាននូវកម្ចីសម្រាប់ការអភិវឌ្ឍឆ្ពោះទៅកាន់ការរីកចម្រើនរបស់អាជីវកម្ម តាមរយៈការបង្កើនទំហំកម្ចី ជាមួយនឹងយន្តការចែករំលែកហានិភ័យនៃគម្រោងធានាឥណទាន។ ក្នុងន័យនេះ សហគ្រាសខ្នាតតូចនិងមធ្យម អាចស្នើកម្ចីទៅកាន់ធនាគារឌីជីប៊ី ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអាចទទួលបានទំហំកម្ចីច្រើនជាងមុនជាមួយនឹងតម្លៃទ្រព្យបញ្ចាំដូចគ្នាដែលអាចទទួលបានពីកម្ចីដែលមិនមានការធានា។
អំពី CGCC
CGCC គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។
គិតត្រឹមថ្ងៃចុងខែសីហា ឆ្នាំ២០២២នេះ CGCC បានផ្តល់ការធានាឥណទាន ដល់ក្រុមហ៊ុន/អាជីវកម្មសរុបចំនួន៦៦១ ក្នុងទំហំទឹកប្រាក់ប្រហាក់ប្រហែល ៦៤,៨ លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៥% នៃចំនួនក្រុមហ៊ុន/អាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SMEs)។
អំពីធនាគារឌីជីប៊ី
ធនាគារឌីជីប៊ីត្រូវបានសម្ពោធជាធនាគារពាណិជ្ជនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីប្រធាននាយកប្រតិបត្តិរបស់ធនាគារ Daegu និងថ្នាក់ដឹកនាំកំពូលរបស់ធនាគារ។ ក្នុងរយៈពេលមួយឆ្នាំមកនេះ ធនាគារបានបង្កើតផលិតផលមួយចំនួនដូចជា៖ ប្រាក់បញ្ញើ (CASA) ការផ្ទេរប្រាក់ (ក្នុងស្រុក និងក្រៅប្រទេស) កម្មវិធី DGB Mobile និងសេវា ATM។
ធនាគារបានអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា បានផ្តល់ឥណទានដល់អតិថិជន ដោយអនុវត្តប្រកាសស្តីពីការរៀបចំឥណទានឡើងវិញ ដើម្បីបន្ធូរបន្ទុកដ៏ធ្ងន់ធ្ងររបស់អតិថិជន ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុ