ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍
ខែកញ្ញា 30, 2022ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ណូ លីដា អគ្គនាយករង CGCC បានចូលរួមចែករំលែកអំពីគម្រោងធានាឥណទានរបស់ CGCC នៅក្នុងសិក្ខាលាស្តីពី ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យា CamDx អមជាមួយពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្រ និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍ នៅឯខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងទេសចរណ៍ ក៏ដូចជាសមាគមទីភ្នាក់ងារទេសចរណ៍ជាច្រើនផងដែរ។
លោកអគ្គនាយករង បានរំលេចអំពីតួនាទីនៃការធានាឥណទាន ដែលជាយន្តការដោះស្រាយបន្ថែមមួយ ផ្តួចផ្តើមដោយរាជរដ្ឋាភិបាល ដើម្បីសម្រួលការទទួលបានហិរញ្ញប្បទានផ្លូវការរបស់ក្រុមហ៊ុន/អាជីវកម្ម ដែលប្រឈមនឹងការខ្វះទ្រព្យបញ្ចាំសម្រាប់ដាក់ស្នើកម្ចីពីគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ស្របតាម “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” របស់រាជរដ្ឋាភិបាល CGCC ក៏បានដាក់ចេញនូវគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដែលមានគោលដៅគាំទ្រដល់ការស្តារ និងងើបឡើងវិញនៃអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ដែលរងការប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ផងដែរ។
លោកអគ្គនាយករង ក៏បានលើកទឹកចិត្តដល់សមាគមទីភ្នាក់ងារទេសចរណ៍ និងសមាជិកអង្គសិក្ខាសាលា ចូលរួមចែករំលែកបន្តនូវព័ត៌មានអំពីគម្រោងធានាឥណទាន ជាពិសេសគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍ ដែលបានបង្កើតឡើងយ៉ាងពិសេស និងផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាច្រើន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មដែលមានតម្រូវការកម្ចីក្នុងគោលដៅជួយជំរុញការស្តារវិស័យទេសចរណ៍ តែខ្វះខាតទ្រព្យបញ្ចាំ៕