ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ខែតុលា 24, 2022ព្រឹត្តិការណ៍ និងសកម្មភាព
ថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC, Datuk Michael Lor ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Wong Keet Loong អគ្គនាយក CGCC អមដំណើរដោយសហការីជាន់ខ្ពស់របស់ CGCC បានធ្វើដំណើរបេសកកម្មទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់បន្ថែមលើប្រធានបទពាក់ព័ន្ធនឹងការធានាឥណទាន ពីស្ថាប័នចំនួន៣ គឺសាជីវកម្មធានាឥណទានប្រទេសម៉ាឡេស៊ី ស្ថាប័ន Danajamin Nasional Berhad និងធនាគារ Negara ម៉ាឡេស៊ី។
នេះជាលើកទីមួយ ដែល CGCC បានរៀបចំនូវដំណើរបេសកកម្មធុរកិច្ចក្រៅប្រទេស ក្រោយពីដំណើរការ២ឆ្នាំមកនេះ ដែលនេះគឺជាឱកាសសិក្សាស្វែងយល់បន្ថែមដល់ CGCC ទៅលើយុទ្ធសាស្រ្ត និងការអនុវត្តនានាពាក់ព័ន្ធនឹងការធានាឥណទាន ដើម្បីលើកស្ទួយ និងប្រតិបត្តិការ ពីស្ថាប័នដែលមានបទពិសោធន៍ និងដ៏សកម្មពាក់ព័ន្ធនឹងការធានាឥណទាន ហើយក៏ជាឱកាសសម្រាប់ CGCC ចែករំលែកអំពីគម្រោងធានាឥណទាន តំណាងឱ្យប្រទេសកម្ពុជាទៅកាន់ស្ថាប័នពាក់ព័ន្ធ នៅក្នុងកម្រិតបរិបទនៃអាស៊ានផងដែរ។