CGCC

ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី ការកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម ជាង១០០នាក់ នៅក្នុងប្រទេសកម្ពុជា

 

ធនាគារ​ មេយប៊ែង និង សាជីវកម្មធានាឥណទានកម្ពុជា (​CGCC)​ បានចូលរួមសហការរៀបចំសិក្ខាសាលាចំនួន២ កាលពីខែកញ្ញា និង វិច្ឆិកា ឆ្នាំ២០២២នេះ  ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម និង អ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុជាង ១០០នាក់ តាម​រយៈការផ្តល់ជូននូវការយល់ដឹងផ្នែកអាជីវកម្ម និងចំណេះដឹងនានា ព្រមទាំងជំនាញ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ក្នុងការធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេកាន់តែល្អប្រសើរឡើង។

សិក្ខាសាលាស្តីពី ការកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានធ្វើឡើងនៅ អគារមេយប៊ែង ថៅវើ បានផ្តល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដទៃមកពីគ្រប់វិស័យ ដើម្បីបង្កើនការយល់ដឹងថ្មីៗ ក្នុងការកសាង និងពង្រឹងអាជីវកម្មរបស់ពួកគេ។

​លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង​ (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារមេយប៊ែង​ យល់ឃើញថាសហគ្រាសធុនតូច និងមធ្យម បានប្រឈមមុខនឹងផលលំបាក និងបញ្ហាជាច្រើន បន្ទាប់ពី​ការ​រីករាលដាលនៃជំងឺរាតត្បាត ហើយពួកគេក៏ពុំទទួលបាននូវព័ត៌មានដែលត្រឹមត្រូវនិងទាន់ពេលវេលា ក៏ដូចជាចំណេះ​ជំនាញ​ដែលមានសារៈសំខាន់​ ក្នុងការបំពេញតម្រូវការទីផ្សារ ដើម្បីមានលទ្ធភាព​អាចប្រកួតប្រជែង​និងបន្តភាពរឹងមាំ ។

លោកក៏បានបន្ថែមទៀតថា៖ “ហេតុដូចនេះហើយ យើងក៏បានបង្កើតនូវកម្មវិធីនេះឡើង ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម  ដែលជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ និងរួមគ្នារបស់យើង​ បន្ថែមពីលើការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បី​ធានាឱ្យបានថាសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ​។ ​ស្របតាមបេសកកម្ម ​ហិរញ្ញវត្ថុ​ប្រកបដោយអរិយ្យភាព រួមជាមួយការរៀបចំសិក្ខាសាលាប្រកបដោយភាពជោគជ័យ យើងក៏មានគម្រោងរៀបចំ​ឡើង​សិក្ខាសាលាបែបនេះបន្ថែមទៀតនាពេលអនាគត ដោយយោងតាមអត្ថប្រយោជន៍ ដែលកម្មវិធីនេះបានផ្តល់ជូន សហគ្រាសធុនតូច និងមធ្យម  និងជាផ្នែកមួយនៃការរួមចំណែក ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។”

ក្រោយពីបានចូលរួមសិក្ខាសាលា​ទាំងពីរនេះ ម្ចាស់អាជីវកម្មទាំងអស់ទទួលបានការយល់ដឹងអំពីប្រធានបទជាច្រើ​ន​ដូចជា ការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកពាណិជ្ជសញ្ញា និងទីផ្សារឌីជីថល និង វិធីសាស្រ្តដ៏ល្អក្នុងការគ្រប់គ្រងធនធានមនុស្ស ដែលបានការបកស្រាយ​ដោយអ្នកជំនាញមកពីស្ថាប័នប្រកប​ដោយ​វិជា្ជ​ជីវៈ​ដូចជា ការិយាល័យមេធាវី អ្នកប្រឹក្សាផ្នែកអាជីវកម្ម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម​ និងទីផ្សារឌីជីថល រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។

លោក Wong Keet Loong អគ្គនាយកសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (​CGCC) បានគូសបញ្ជាក់ឱ្យដឹងថា៖ “កិច្ចសហការរវាង CGCC ជាមួយធនាគារ មេយប៊ែង បានផ្តល់ឱកាសឱ្យស្ថាប័នទាំងពីរ រួមគ្នាលើកស្ទួយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងការពង្រឹងប្រតិបត្តិការអាជីវកម្មរបស់ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាបង្កើននូវជំនាញ និងឱកាសក្នុងការរីកចម្រើនរបស់ម្ចាស់អាជីវកម្មទាំងអស់។ សិក្ខាសាលា​ទាំងនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ឆ្ពោះទៅបន្តជំរុញឱ្យមានការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។”

លោកក៏បានបន្ថែមទៀតថា ធនាគារ មេយប៊ែង និង CGCC នឹងនៅតែបន្តការរួមចំណែកគាំទ្រសហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា តាមរយៈកម្មវិធីឬមធ្យោបាយផ្សេងៗ ដែលរួមមានការផ្តល់ជូនសេវាជំនួយហិរញ្ញវត្ថុ ការគាំទ្រនិងផ្តល់ការប្រឹក្សាបច្ចេកទេស ដោយផ្អែកលើការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់ការរីកចម្រើនផលិតភាពការងារ និងភាពច្នៃប្រឌិត ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម។


៥ចំណុច សហគ្រិនគួរត្រៀមខ្លួន ដើម្បីទទួលបាននូវឥណទានដែលមានការធានា

អាននិងទាញយកអត្ថបទជា PDF: ការទទួលបានឥណទានដែលមានការធានា 

សេវាធានាឥណទាន ត្រូវបានប្រើប្រាស់ក្នុងគោលដៅគាំទ្រក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ។ បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាឥណទាន លើកម្ចីដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (ហៅថាកាត់ថា PFIs) របស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចី ក្រោមគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC។ ដូច្នេះ ដើម្បីចាប់យកអត្ថប្រយោជន៍ពីការធានាឥណទាន ក្រុមហ៊ុនអាជីវកម្មត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីស្នើសុំកម្ចីទៅកាន់ PFIs ជាមុនសិន។ ការស្វែងយល់អំពីលក្ខណៈវិនិច្ឆ័យដែល PFIs ប្រើប្រាស់ដើម្បីវាយតម្លៃលើសំណើសុំឥណទាន អាចជួយឱ្យក្រុមហ៊ុនអាជីវកម្មត្រៀមខ្លួនបានល្អប្រសើរជាមុន ក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC។

 

លក្ខខណ្ឌ (CONDITION)

Condition to get guaranteed loans
5 important things SMEs should understand to apply for guaranteed loans!

មុនពេលអនុម័តកម្ចី ធនាគារត្រូវតែដឹងច្បាស់អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដែលសមស្របទៅនឹងគោលបំណងនៃកម្ចីនោះ។ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់ជូនធនាគារ អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដោយរបៀបណា? ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភាពជឿទុកចិត្តបាន គឺជាមូលដ្ឋានដ៏សំខាន់ដែលអាចឱ្យធនាគារវាយតម្លៃលើទំហំកម្ចីដែលត្រូវការ និងគោលបំណងនៃកម្ចីរបស់អ្នកខ្ចីបាន។ ពិតណាស់ ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ មិនត្រឹមតែអាចជួយក្រុមហ៊ុនអាជីវកម្មឱ្យស្នើសុំកម្ចីបានងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយក្រុមហ៊ុនអាជីវកម្មវាយតម្លៃលើស្ថានភាពអាជីវកម្មរបស់ខ្លួន ដើម្បីរៀបចំផែនការ​សម្រាប់ភាពជោគជ័យនៃអាជីវកម្មនាពេលអនាគតផងដែរ។ ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ អាចជួយកំណត់ទំហំកម្ចី​ និងលទ្ធភាពនៃការសងត្រឡប់ ឱ្យកាន់តែមានភាពសុក្រិត។​ ការកំណត់ទំហំកម្ចីឱ្យបានត្រឹមត្រូវ ពិតជាសំខាន់។ ការទទួលបានកម្ចីច្រើនហួស ធ្វើឱ្យអ្នកខ្ចីខាតបង់ការប្រាក់ ថ្លៃរដ្ឋបាល ថ្លៃពិន័យក្នុងការសងមុនកាលកំណត់ និងថ្លៃសេវាផ្សេងៗទៀត។ ផ្ទុយទៅវិញ ការទទួលបានកម្ចីមិនបានគ្រប់គ្រាន់រាំងស្ទះដល់ការរីកចម្រើនរបស់ក្រុមហ៊ុនអាជីវកម្មឱ្យអស់សក្តានុពល។ កត្តា “លក្ខខណ្ឌ (Condition)” គឺជាលក្ខណៈវិនិច្ឆ័យមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំង៥ ដែលធនាគារប្រើប្រាស់ក្នុងការវាយតម្លៃសំណើសុំកម្ចី។

 

ទ្រព្យបញ្ចាំ​ (COLLATERAL)

5 important things SMEs should understand to apply for guaranteed loans!
5 important things SMEs should understand to apply for guaranteed loans!

នៅពេលកត្តា “លក្ខខណ្ឌ” ត្រូវបានបំពេញ​ ធនាគារក៏មានលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មមាន “ទ្រព្យបញ្ចាំ” ដើម្បីការពារធនាគារពីការខាតបង់ ក្នុងករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន។ ជាទូទៅ ធនាគារអាចផ្តល់កម្ចីទំហំត្រឹមប្រមាណ ៧០% នៃតម្លៃទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ បានក្លាយឧបសគ្គចម្បងមួយ សម្រាប់ក្រុមហ៊ុនអាជីវកម្មក្នុងការទទួលបានកម្ចីពីធនាគារ។ យោងលើសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ៦៦% នៃអាជីវកម្មខ្នាតតូច និងមធ្យម ដែលបានស្នើសុំកម្ចីទៅកាន់ធនាគារ ត្រូវបានបដិសេធ ដោយសារមូលហេតុខ្វះទ្រព្យបញ្ចាំ។​ CGCC ត្រូវបានបង្កើតឡើង ដើម្បីចូលរួមដោះស្រាយបញ្ហានេះ​។ CGCC​ ផ្តល់ការធានាឥណទានដែលដើរតួជំនួសឱ្យទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម ទៅកាន់ធនាគារ។ នៅពេលមានការធានាពី CGCC ធនាគារអាចវាយតម្លៃសំណើសុំខ្ចីពីក្រុមហ៊ុនអាជីវកម្ម ដោយចាត់ទុកការធានាឥណទានរបស់ CGCC ជាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ការអនុវត្តនេះ អាចកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំ​ សម្រាប់ក្រុមហ៊ុនអាជីវកម្មនៅពេលស្នើសុំកម្ចី។

សមត្ថភាព (CAPACITY)

5 important things SMEs should understand to apply for guaranteed loans!
5 important things SMEs should understand to apply for guaranteed loans!

សមត្ថភាពសងត្រឡប់ គឺជាតម្រូវការជាមូលដ្ឋាន របស់ធនាគារក្នុងការអនុម័តកម្ចី។ ការបំពេញបាននូវកត្តា “លក្ខខណ្ឌ” និង “ទ្រព្យបញ្ចាំ” ខាងលើ មិនទាន់គ្រប់គ្រាន់ដើម្បីឱ្យធនាគារអនុម័តកម្ចី ហើយ CGCC ក៏មិនទាន់អាចផ្តល់ការធានាឥណទានជូននៅឡើយទេ ប្រសិនបើអ្នកខ្ចីមិនអាចបញ្ជាក់បានអំពីសមត្ថភាពគ្រប់គ្រាន់ក្នុងការសងត្រឡប់កម្ចីនោះវិញ។​ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់អំពីសមត្ថភាពសងបានយ៉ាងដូចម្តេច? ជាថ្មីម្តងទៀត ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ​ដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងដ៏ល្អ។ របាយការណ៏ហិរញ្ញវត្ថុ អាចបង្ហាញពីទ្រព្យសកម្ម បំណុល ដើមទុន ចំណូល និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនអាជីវកម្ម ដែលព័ត៌មានទាំងនេះ​ គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ក្នុងការវាយតម្លៃអំពីសមត្ថភាពសងរបស់ក្រុមហ៊ុនអាជីវកម្ម។ ចំណែកឯ ផែនការអាជីវកម្ម អាចបង្ហាញពីសកម្មភាពអាជីវកម្ម និងចំណូលនាពេលអនាគត​ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់អំពីសមត្ថភាពសងត្រឡប់ផងដែរ។

 

ដើមទុន (CAPITAL)

5 important things SMEs should understand to apply for guaranteed loans!
5 important things SMEs should understand to apply for guaranteed loans!

នៅពេលផ្តល់កម្ចីអាជីវកម្ម ធនាគារតែងតែចង់ដឹងអំពីចំនួនដើមទុនដែលអ្នកខ្ចី​ បានដាក់វិនិយោគក្នុងក្រុមហ៊ុន។ កត្តា “ដើមទុន” មានសារៈសំខាន់ ព្រោះទំហំដើមទុនរបស់អ្នកខ្ចី បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ្នកខ្ចីចំពោះក្រុមហ៊ុនអាជីវកម្មនោះ។ តើអ្នកខ្ចីអាចបញ្ជាក់ជូនធនាគារអំពីកត្តាដើមទុនដោយវិធីណា? របាយការណ៏​ហិរញ្ញវត្ថុដែលមានលក្ខណៈស្តង់ដា អាចបញ្ជាក់អំពីទំហំដើមទុនរបស់ម្ចាស់ក្រុមហ៊ុនក្នុងក្រុមហ៊ុនអាជីវកម្មនោះ។ ឯកសារផ្លូវការមួយចំនួនទៀត ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូ និងការចុះបញ្ជីក្រុមហ៊ុន គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ដើម្បីបញ្ជាក់អំពីទំហំវិនិយោគរបស់អ្នកខ្ចី​ ទៅក្នុងក្រុមហ៊ុនអាជីវកម្ម។ ជាធម្មតា ធនាគារមានភាពលំបាកក្នុងការវាយតម្លៃក្រុមហ៊ុនដែលមិនបានចុះបញ្ជី ដោយសារតែកង្វះឯកសារដែលអាចជឿទុកចិត្តបាន ដើម្បីវាយតម្លៃសំណើសុំខ្ចី។ នេះជាមូលហេតុនៃការជំរុញ និងការលើកទឹកចិត្ត ឱ្យក្រុមហ៊នអាជីវកម្ម គួរចុះបញ្ចីឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន។

 

ចរិតលក្ខណៈ (CHARACTER)

5 important things SMEs should understand to apply for guaranteed loans!
5 important things SMEs should understand to apply for guaranteed loans!

កត្តាមួយទៀតដែលបញ្ជាក់ពីលទ្ធភាពសងត្រឡប់ គឺចរិតលក្ខណៈរបស់អ្នកខ្ចី។ ជាការកត់សម្គាល់ ធនាគារពិនិត្យមើលប្រវតិ្តឥណទានរបស់អ្នកខ្ចី​ ដូចជា ប្រវត្តិនៃការសងត្រឡប់ ចំនួនកម្ចី និងទំហំកម្ចីដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ជាដើម ដើម្បីវាយតម្លៃអំពីភាពជឿទុកចិត្តបានរបស់អ្នកខ្ចី។ បច្ចុប្បន្ន ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) កត់ត្រា និងផ្តល់នូវរបាយការណ៏កម្ចីឥណទានរបស់បុគ្គល និងអាជីវកម្ម ដែលអាចគាំទ្រដល់ធនាគារ ក្នុងការវាយតម្លៃអំពីចរិតលក្ខណៈរបស់អ្នកខ្ចី។ យ៉ាងណាក៏ដោយ ក្នុងករណីមានប្រវត្តិឥណទានមិនល្អ អ្នកខ្ចីត្រូវតែពង្រឹងគុណភាពនៃកត្តាផ្សេងៗដូចបានរៀបរាប់ខាងលើ ដើម្បីគួបផ្សំនឹងកត្តាចរិតលក្ខណៈ។ ជាក់ស្តែង ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្រុមហ៊ុនអាជីវកម្មជាច្រើនជួបប្រទះនូវបញ្ហាប្រឈម ដែលនាំឱ្យការសងត្រឡប់កម្ចីមានភាពយឺតយ៉ាវ ឬមិនអាចសងត្រឡប់កម្ចីទាំងស្រុងតែម្តង ដែលកត្តានេះជះឥទ្ធិពលអវិជ្ជមាន ដល់កត្តាចរិតលក្ខណៈ និងកត្តាដើមទុនរបស់ក្រុមហ៊ុនអាជីវកម្ម។ ក្នុងករណីនេះ ដើម្បីទទួលបានកម្ចី អ្នកខ្ចីត្រូវ បង្ហាញផែនការអាជីវកម្មដែលសក្តានុពល និងមានភាពច្បាស់លាស់ និងអាចប្រើប្រាស់សេវាធានាឥណទានរបស់ CGCC ដើម្បីបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំ។

 

ដូចបានរៀបរាប់ពីខាងលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) ដែលរួមមាន លក្ខខណ្ឌ (Condition) ទ្រព្យបញ្ចាំ (Collateral) សមត្ថភាព (Capacity) ដើមទុន (Capital) និងចរិតលក្ខណៈ (Character) គឺជាកត្តាសំខាន់ ដែលធនាគារជាទូទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការវាយតម្លៃអ្នកខ្ចី មុននឹងអនុម័តកម្ចីណាមួយ។ ដូច្នេះ ការពង្រឹងគុណភាពលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) អាចជួយឱ្យអ្នកខ្ចីមានឱកាសខ្ពស់ជាងមុន ក្នុងការទទួលបានកម្ចីពីធនាគារ។ ក្នុងនោះ របាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម​ដែលមានភាពជឿទុកចិត្តបាន អាចត្រូវបានប្រើប្រាស់ សម្រាប់ការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ ខណៈសេវាធានាឥណទាន អាចជួយបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម៕

យន្តការធានាឥណទាន និងអត្ថប្រយោជន៍សម្រាប់ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម

ទាញយកអត្ថបទទាំងស្រុងជា PDF: Give Non-Collateral a chance! 

នៅកម្ពុជា កង្វះទ្រព្យបញ្ចាំ គឺជាបញ្ហាប្រឈមចម្បងរបស់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia – CGCC) ដើម្បីចូលរួមដោះស្រាយបញ្ហានេះ។ វត្តមានរបស់ CGCC នឹងចូលរួមគាំទ្រដល់ការស្នើសុំកម្ចី ដែលគ្មានទ្រព្យបញ្ចាំគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ដើម្បីទាញយកអត្ថប្រយោជន៍ពីយន្តការធានាឥណទាន ទាមទារការចូលរួមពីភាគីពាក់ព័ន្ធ និងការយល់ដឹងអំពីដំណើរការនៃការធានាឥណទានរបស់ CGCC។

CGCC ផ្តល់ការធានាឥណទាន ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកម្ចីដែលផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្ម។ មានន័យថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចទាមទារសំណងពី CGCC ក្នុងករណីកម្ចីដែលមានការធានា ត្រូវបានបាត់បង់។ ជាទូទៅ ការធានាឥណទានលើកម្ចីមាន ២ប្រភេទ៖ ទី១ គឺការធានាលើឯកត្តឥណទាន ដែលការធានាត្រូវបានផ្តល់លើកម្ចីនីមួយៗ និង ទី២ គឺការធានាលើបណ្តុំឥណទាន ដែលការធានាត្រូវបានផ្តល់ជាកញ្ចប់លើឥណទានច្រើនរួមគ្នា។ ដោយសារ CGCC មិនមែនជាស្ថាប័នផ្តល់កម្ចីដោយផ្ទាល់ ដូច្នេះ បច្ចុប្បន្ន CGCC ត្រូវសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូ ដើម្បីផ្តល់កម្ចីដែលមានការធានា ជូនទៅក្រុមហ៊ុនអាជីវកម្ម ដែលស្នើសុំកម្ចី។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងមានដើមទុនគ្រប់គ្រាន់ CGCC ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ការធានាឥណទានលើកម្ចីរបស់គ្រប់ក្រុមហ៊ុនអាជីវកម្មដែលមានម្ចាស់ជាសញ្ជាតិកម្ពុជា ទូទាំងប្រទេស។

 

អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

Give Non-Collateral a chance! Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses
Give Non-Collateral a chance! Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses

ជាធម្មតា នៅពេលផ្តល់កម្ចី ធនាគារតែងតែការពារហានិភ័យ តាមរយៈការតម្រូវឱ្យមានទ្រព្យបញ្ចាំពីក្រុមហ៊ុនអាជីវកម្ម។ ករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន ធនាគារនឹងរឹបអូសយកទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ កាន់តែមានភាពតឹងតែងជាងមុន នៅពេលផ្តល់កម្ចី ក្នុងអំឡុងពេលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ឧទាហរណ៍ ក្នុងអំឡុងពេលវិបត្តិជម្ងឺកូវីដ-១៩ ព្រោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ហើយធនាគារកាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។ ករណីមិនមានគោលនយោបាយអន្តរាគមន៍ពីរាជរដ្ឋាភិបាល តម្រូវការ និងការផ្គត់ផ្គង់ឥណទាន នឹងមានគម្លាតកាន់តែធំ។ ជាមួយវត្តមានរបស់ CGCC ធនាគារអាចការពារហានិភ័យ តាមរយៈប្រើប្រាស់យន្តការធានាឥណទានរបស់ CGCC ជំនួសទ្រព្យបញ្ចាំ។ បច្ចុប្បន្ន CGCC ផ្តល់ការធានាឥណទានរហូតដល់ ៨០% នៃប្រាក់ដើម មានន័យថា ករណីកម្ចីដែលមានការធានាត្រូវបានបាត់បង់ ធនាគារអាចបាត់បង់ប្រាក់ដើមត្រឹម ២០%។ ក្នុងន័យនេះ ការធានាឥណទានគាំទ្រធនាគារឱ្យរក្សាភាពប្រកួតប្រជែង ដោយធនាគារអាចបង្កើនការផ្តល់កម្ចីច្រើនជាងមុន និងពង្រីកវិសាលភាពអតិថិជនកាន់តែទូលំទូលាយ ទៅកាន់អតិថិជនដែលខ្វះទ្រព្យបញ្ចាំ ដែលពីមុនធនាគារមិនហ៊ានផ្តល់កម្ចីជូន។

 

អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ក្រុមហ៊ុនអាជីវកម្ម

Give Non-Collateral a chance! Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses
Give Non-Collateral a chance! Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses

ការធានាឥណទាន អាចបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ក្រុមហ៊ុនអាជីវកម្ម។ CGCC ផ្តល់ការធានាឥណទានដែលដើរតួជំនួសទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ពិតណាស់ CGCC មិនអាចផ្តល់អត្ថប្រយោជន៍ជូនដល់គ្រប់ក្រុមហ៊ុនអាជីវកម្មទាំងអស់បាននោះទេ។ ចំពោះក្រុមហ៊ុនអាជីវកម្មដែលមានទ្រព្យបញ្ចាំ និងមានលទ្ធភាពសងត្រឡប់គ្រប់គ្រាន់ ការធានាឥណទានអាចមិនមានភាពចាំបាច់សម្រាប់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះទេ ព្រោះធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ផ្តល់កម្ចីដល់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះ ដោយមិនចាំបាច់មានការធានាពី CGCC។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនជាច្រើនមានសក្តានុពលអាជីវកម្ម និងលទ្ធភាពសងត្រឡប់ ប៉ុន្តែមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់ ដើម្បីស្នើសុំកម្ចី។ ជាធម្មតា ក្រុមហ៊ុនអាជីវកម្ម មិនអាចដាក់ទ្រព្យបញ្ចាំសម្រាប់រាល់កម្ចីដែលត្រូវការនោះទេ ព្រោះទ្រព្យបញ្ចាំ ជាពិសេស ទ្រព្យបញ្ចាំជាអចលនទ្រព្យ របស់ក្រុមហ៊ុនអាជីវកម្មមានកំណត់។ បញ្ហានេះជាការខាតបង់យ៉ាងធំធេងរបស់ក្រុមហ៊ុនអាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ព្រោះក្រុមហ៊ុនជាច្រើនដែលមានសក្តានុពលទាំងនោះ មិនអាចទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ ដើម្បីពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល​ បង្កើនការងារ និងផលិតផលិតផល និងសេវាបន្ថែម ដែលអាចគាំទ្រដល់កំណើនសេដ្ឋកិច្ច ឱ្យអស់ពីលទ្ធភាពបាន។​ នៅពេល CGCC ផ្តល់ការធានាឥណទានដល់ធនាគារ ក្រុមហ៊ុនអាជីវកម្មអាចទទួលបានកម្ចីងាយស្រួលជាមុន និងច្រើនជាងមុន ពីធនាគារ ដោយសារធនាគារអាចទទួលយកហានិភ័យខ្ពស់ជាងមុន ផ្តល់កម្ចីច្រើនជាងមុន ដោយតម្រូវការទ្រព្យបញ្ចាំទាបជាងមុន។

យន្តការធានាឥណទាន ត្រូវបានប្រើប្រាស់ជាឧបករណ៍គោលនយោបាយ ដោយប្រទេសជាច្រើនទូទាំំងពិភពលោក ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម។ នៅកម្ពុជា​ ជាលើកទី១ ហើយដែលសាជីវកម្មធានាឥណទាន ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាឥណទាន។ យោងឯកសាររបស់ធនាគារពិភពលោក “យន្តការធានាឥណទាន គឺជាឧបករណ៍គោលនយោបាយអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ជាងពាក់កណ្តាល នៃប្រទេសទាំងអស់លើពិភពលោកកំពុងប្រើប្រាស់យន្តការធានាឥណទាន ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។” យ៉ាងណាក៏ដោយ ទន្ទឹមនឹងមានគម្រោងធានាឥណទានជាច្រើនទទួលបានជោគជ័យ ក៏មានគម្រោងធានាឥណទានមួយចំនួនទទួលបរាជ័យផងដែរ។

ដើម្បីទទួលបានជោគជ័យ CGCC ត្រូវបន្តពង្រឹងគណនេយ្យភាព ប្រសិទ្ធភាព តម្លាភាព និងអនុលោមតាមការអនុវត្តជាស្តង់ដា រួមមាន ស្តង់ដារបស់ធនាគារពិភពលោកសម្រាប់គម្រោងធានាឥណទានសាធារណៈ ដើម្បីទទួលបានទំនុកចិត្ត និងការគាំទ្រពីភាគីពាក់ព័ន្ធ។ ក្នុងដំណាក់កាលដំបូងនេះ ក៏ទាមទារឱ្យមានការយល់ច្បាស់អំពីយន្តការធានាឥណទានពីភាគីពាក់ព័ន្ធ និងការចូលរួមសហការក្នុងការប្រើប្រាស់យន្តការធានាឥណទានឱ្យចំទិសដៅ និងមានប្រសិទ្ធភាពពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម៕

“សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង មូលនិធិធានាឥណទានសាធារណរដ្ឋកូរ៉េ (KODIT) ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍយន្តការធានាឥណទាន និងគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមនៅអាស៊ី”

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Daegu នៃសាធារណរដ្ឋកូរ៉េ ក្រោមការឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ CGCCC និង KODIT  បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់ លើកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយការអភិវឌ្ឍយន្តការធានាឥណទាន គាំទ្រដល់ការរីកចម្រើននៃសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅក្នុងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក Wong Keet Loong អគ្គនាយក CGCC និង លោក Choi Won Mok ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃ KODIT ក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC។

អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់លទ្ធភាពដល់ CGCC និង KODITក្នុងការសហការផ្លាស់ប្តូរព័ត៌មាន ការប្រឹក្សាគោលនយោបាយ និងសម្រួបសម្រួលគ្នាទៅវិញទៅមកជុំវិញការធានាឥណទាន។

“CGCC and Korea Credit Guarantee Fund Signed a MOU to Enhance the Development of Credit Guarantee and Financial Support for Asian's SMEs”
“CGCC and Korea Credit Guarantee Fund Signed a MOU to Enhance the Development of Credit Guarantee and Financial Support for Asian’s SMEs”
“CGCC and Korea Credit Guarantee Fund Signed a MOU to Enhance the Development of Credit Guarantee and Financial Support for Asian's SMEs”
“CGCC and Korea Credit Guarantee Fund Signed a MOU to Enhance the Development of Credit Guarantee and Financial Support for Asian’s SMEs”

ចុចទីនេះស្វែងយល់បន្ថែម: សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង សាជីវកម្មធានាឥណទានម៉ាឡេស៊ី Berhad (Credit Guarantee Corporation Malaysia Berhad (CGC)) ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍយន្តការធានាឥណទាន

“ការលើកកម្ពស់ការយល់ដឹងការធានាឥណទាន នៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២”

CGCC មានសេចក្តីរីករាយដែលបានចូលរួមសហការឧបត្ថម្ភដល់ការរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ និងសូមចូលរួមអបអរសាទរ ដែលវេទិកានេះត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ កាលពីថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២នេះ គឺជាព្រឹត្តិការណ៍ដំបូង និងធំជាងគេបំផុតនៅកម្ពុជា ដែលត្រូវបានរៀបចំឡើង អមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី​ ៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

វេទិកានេះត្រូវបានសហការរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល , មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង សមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទធំៗចំនួន៣៖  (១) ការអភិវឌ្ឍនវិស័យច្ចេកវិទ្យាហិរញ្ញវត្ថុ, (២) វិស័យ​ធនាគារ និងវិស័យមិនមែនធនាគារ , (៣) សន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត និងវិស័យហិរញ្ញវត្ថុទម្រង់វិមជ្ឈការ។

“ការលើកកម្ពស់ការយល់ដឹងការធានាឥណទាន នៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២”
“ការលើកកម្ពស់ការយល់ដឹងការធានាឥណទាន នៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២”

ឆ្លៀតក្នុងឱកាសនេះ​ CGCC បានដាក់តាំងបង្ហាញព័ត៌មានអំពីការធានាឥណទាន ដើម្បីលើកកម្ពស់់ការទទួលបានព័ត៌មានជំនួយហិរញ្ញវត្ថុ ពោលគឺការធានាឥណទានលើកម្ចីអាជីវកម្មដែលខ្វះទ្រព្យធានា ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម។

“ការលើកកម្ពស់ការយល់ដឹងការធានាឥណទាន នៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២”
“ការលើកកម្ពស់ការយល់ដឹងការធានាឥណទាន នៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២”
“ការលើកកម្ពស់ការយល់ដឹងការធានាឥណទាន នៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២”
“ការលើកកម្ពស់ការយល់ដឹងការធានាឥណទាន នៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២”

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ ស្តីពី “ការព្រឺងកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩”

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២​​ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)​មានកិត្តិយសក្នុងការចូលរួមសិក្ខាសាលាជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)​ក្រោមប្រធានបទ “ការពព្រឹងកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩” នៅឯ​មជ្ឍមណ្ឌលសន្និបាត និង សណ្ឋាគារ សុខា ខេត្តសៀមរាប​ ដែលក្នុងនោះ ក៏មានការចូលរួមជាអធិបតីដោយ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ​ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ​និងឯកឧត្តមបណ្ឌិត​ ហួត​​ ពុំ អនុរដ្ឋលេខាធិការ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការចូលរួមពីបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀត។ 

ក្នុងសិ​ក្ខាសាលានេះលោក ណូ លីដា អគ្គនាយករង CGCC ក៏បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប លើកិច្ចពិភាក្សាស្តីពី “ការអនុវត្តល្អបំផុត និងបទពិសោធន៍លើការគាំទ្រ សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSME) ដើម្បីរួមចំណែកស្តារសេដ្ធកិច្ចឡើងវិញ” ផងដែរ។ លោកបានលើកយកបទពិសោធន៏នៃការធានាឥណទានដែលទទួលបានការគាំទ្រ​ពី​ CGCC កន្លងមកទៅកាន់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) និងសហគ្រិនស្ត្រី។ បន្ថែមពីនេះលោកក៏បានពន្យល់អោយកាន់តែច្បាស់ អំពីព័ត៌មាននៃអត្ថប្រយោជន៍ស្តីពីកម្ចីផ្លូវការ ឆ្លើយតបនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដៃគូ ក្រោមគម្រោងធានាឥណទាន​របស់ CGCC សម្រាប់យកទៅកែលម្អ និងស្តារអាជីវកម្មរបស់ខ្លួន បន្ទាប់ពីសហគ្រាសជាច្រើន បានរងការប៉ះពាល់ពីវិបត្តិកូវីដ១៩ នារយៈកាលកន្លងទៅ។ Annual Microfinance Conference 2022

Annual Microfinance Conference 2022

Click here to read more about: CGCC & Key Reflection of Covid-19 response and future perspective to accelerate the economic recovery

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង សាជីវកម្មធានាឥណទានម៉ាឡេស៊ី Berhad (Credit Guarantee Corporation Malaysia Berhad (CGC)) ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍយន្តការធានាឥណទាន

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី CGCC និង CGC បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់ លើកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយការអភិវឌ្ឍការធានាឥណទាន និង ការរីកចម្រើននៃសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា និងមាឡេស៊ី​ ក៏ដូចជានៅក្នុងបរិបទនៃអាស៊ាន។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក Wong Keet Loong អគ្គនាយក CGCC និង Datuk Mohd Zamree Mohd Ishak ប្រធាន/នាយកប្រតិបត្តិ CGC ក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC និងលោក Anthony Lim Choon Eng អភិបាលឯករាជ្យមិនប្រតិបត្តិ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ របស់ CGC។

អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់លទ្ធភាពដល់ CGCC និង CGC ក្នុងការសហការផ្លាស់ប្តូរព័ត៌មាន ការប្រឹក្សាគោលនយោបាយ និងសម្រួបសម្រួលគ្នាទៅវិញទៅមកជុំវិញការធានាឥណទាន។

ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី

ថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC, Datuk Michael Lor ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Wong Keet Loong អគ្គនាយក CGCC អមដំណើរដោយសហការីជាន់ខ្ពស់របស់ CGCC បានធ្វើដំណើរបេសកកម្មទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់បន្ថែមលើប្រធានបទពាក់ព័ន្ធនឹងការធានាឥណទាន ពីស្ថាប័នចំនួន៣ គឺសាជីវកម្មធានាឥណទានប្រទេសម៉ាឡេស៊ី ស្ថាប័ន Danajamin Nasional Berhad និងធនាគារ Negara ម៉ាឡេស៊ី។

ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី

នេះជាលើកទីមួយ ដែល CGCC បានរៀបចំនូវដំណើរបេសកកម្មធុរកិច្ចក្រៅប្រទេស ក្រោយពីដំណើរការ២ឆ្នាំមកនេះ ដែលនេះគឺជាឱកាសសិក្សាស្វែងយល់បន្ថែមដល់ CGCC ទៅលើយុទ្ធសាស្រ្ត និងការអនុវត្តនានាពាក់ព័ន្ធនឹងការធានាឥណទាន ដើម្បីលើកស្ទួយ និងប្រតិបត្តិការ ពីស្ថាប័នដែលមានបទពិសោធន៍ និងដ៏សកម្មពាក់ព័ន្ធនឹងការធានាឥណទាន ហើយក៏ជាឱកាសសម្រាប់ CGCC ចែករំលែកអំពីគម្រោងធានាឥណទាន តំណាងឱ្យប្រទេសកម្ពុជាទៅកាន់ស្ថាប័នពាក់ព័ន្ធ​ នៅក្នុងកម្រិតបរិបទនៃអាស៊ានផងដែរ។

ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២

កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សហគ្រិនខ្មែរ ក្រុមហ៊ុនធានារ៉ាប់រង Manulife & សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលវគ្គទី២នេះធ្វើទ្បើងពីថ្ងៃទី ០៨ – ០៩ & ១៥ – ១៦ ខែតុលា ឆ្នាំ២០២២ ដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិនស្រ្តី។

សហគ្រិន និងម្ចាស់អាជីវកម្មសរុបជាង៣០រូប បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គទី២នេះ ហើយពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុ ហើយពួកគាត់ក៏ទទួលបានឱកាសសិក្សាទៅលើភាពជាសហគ្រិន ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ការសិក្សាលើកម្ចីឥណទានជាមួយធនាគារ និងជ្រើសរើសកម្ចីដែលស័ក្ដិសម​សម្រាប់​អាជីវកម្ម ។

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីផ្តល់នូវជំនាញ និងបទពិសោធន៍ជាក់ស្តែងទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការទទួលបាននូវបណ្តាញពាណិជ្ជកម្មដែលអាចជំរុញដល់ការរីកចម្រើនអាជីវកម្មរបស់សហគ្រិន។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២
CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២

ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍

នាថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ណូ លីដា អគ្គនាយករង CGCC បានចូលរួមចែករំលែកអំពីគម្រោងធានាឥណទានរបស់ CGCC នៅក្នុងសិក្ខាលាស្តីពី ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យា CamDx អមជាមួយពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្រ និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍ នៅឯខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងទេសចរណ៍ ក៏ដូចជាសមាគមទីភ្នាក់ងារទេសចរណ៍ជាច្រើនផងដែរ។

ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍
ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍

លោកអគ្គនាយករង​ បានរំលេចអំពីតួនាទីនៃការធានាឥណទាន ដែលជាយន្តការដោះស្រាយបន្ថែមមួយ ផ្តួចផ្តើមដោយរាជរដ្ឋាភិបាល ដើម្បីសម្រួលការទទួលបានហិរញ្ញប្បទានផ្លូវការរបស់ក្រុមហ៊ុន/អាជីវកម្ម ដែលប្រឈមនឹងការខ្វះទ្រព្យបញ្ចាំសម្រាប់ដាក់ស្នើកម្ចីពីគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ស្របតាម “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” របស់រាជរដ្ឋាភិបាល CGCC ក៏បានដាក់ចេញនូវគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដែលមានគោលដៅគាំទ្រដល់ការស្តារ និងងើបឡើងវិញនៃអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ដែលរងការប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ផងដែរ។

លោកអគ្គនាយករង ក៏បានលើកទឹកចិត្តដល់សមាគមទីភ្នាក់ងារទេសចរណ៍ និងសមាជិកអង្គសិក្ខាសាលា ចូលរួមចែករំលែកបន្តនូវព័ត៌មានអំពីគម្រោងធានាឥណទាន ជាពិសេសគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍ ដែលបានបង្កើតឡើងយ៉ាងពិសេស និងផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាច្រើន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មដែលមានតម្រូវការកម្ចី​ក្នុងគោលដៅជួយជំរុញការស្តារវិស័យទេសចរណ៍ តែខ្វះខាតទ្រព្យបញ្ចាំ៕

ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍
ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍
ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍
ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍