CGCC

ពាណិជ្ជករក្នុងវិស័យស្រូវអង្ករ នឹងទទួលបានការធានាឥណទាន ងាយទទួលបានកម្ចីពង្រីកវិសាលភាពទិញស្រូវ និងកែច្នៃនាំចេញ

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចព្រមព្រៀង គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ ដើម្បីជួយឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក។

ពិធីចុះគ្នាអនុស្សរណៈនៃការយោគយល់គ្នា បានរៀបចំឡើងនៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានជាកិត្តិយសរបស់ក្រុមប្រឹក្សាភិបាលរបស់ CGCC, ថ្នាក់ដឹកនាំ និងសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា, ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និង CGCC សរុបប្រមាណជាង៧០រូប។

បន្ទាប់ពីទទួលបានការឯកភាពពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការគម្រោង REGS ដែលជាគម្រោងធានាឥណទានជាកញ្ចប់មានទំហំសរុប ៣០លានដុល្លារ សម្រាប់ជំហានទី១ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ចូលរួមអនុវត្តគម្រោង REGSនេះ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា, និងធនាគារវីង (ខេមបូឌា)។

លោក រស់ សីលវ៉ា មានប្រសាសន៍ថាការដាក់ចេញនូវគម្រោង REGS ដែលមានទំហំ ៣០លានដុល្លារនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការផលិត និងនាំចេញអង្ករកម្ពុជា តាមរយៈយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដែលមាន CGCC ជាប្រតិបត្តិករ ដោយផ្តល់ការធានារហូតដល់ ៨០% លើកម្ចីអតិបរមារហូតដល់ ៣លានដុល្លារ។ គម្រោង REGS នេះនឹងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ សម្រាប់ការផលិតអង្ករនាំចេញ ដើម្បីគាំទ្រដល់គោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា»។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា កញ្ចប់ធានាឥណទានលើវិស័យស្រូវអង្ករដំណាក់កាលទីមួយនាពេលនេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវពង្រីកវិសាលភាពរបស់ខ្លួនក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពី

លោកបន្តថា «អនុផលនៃការកិនស្រូវទាំងអស់ដល់វិស័យផ្សេងទៀតដូចជាវិស័យវារីវប្បកម្ម ការចិញ្ចឹមសត្វ។ល។ កញ្ចប់ធានានេះក៏ជាកត្តាលីករបន្ថែមទៀត នៃការចូលរួមលើការអនុវត្តនូវគោលនយោបាយផលិតកម្មស្រូវ និងការជំរុញការនាំចេញឱ្យបាន១លានតោនក្នុងមួយឆ្នាំ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ហើយយើងជឿជាក់ថា ផែនការនេះ នឹងសម្រេចបាននៅក្នុងឆ្នាំ ២០២៥ដ៏ខ្លីខាងមុខ»។

លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ថា «CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានថ្មី ដែលជាគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលមានទំហំ៣០លានដុល្លារ ដើម្បីគាំទ្រជាទុនបង្វិល សម្រាប់រោងម៉ាស៊ីនកិនស្រូវ ក្នុងការកិនកែច្នៃស្រូវសម្រាប់ការនាំចេញអង្ករ។ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ស្ថាប័ន បានប្តេជ្ញាចិត្តក្នុងការផ្តល់កម្ចីដែលមានការធានាពី CGCC សម្រាប់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនសមត្ថភាពក្នុងការនាំចេញអង្ករ។ គម្រោងនេះផ្តល់ជូននូវលក្ខខណ្ឌពិសេស ដូចជាកម្រៃធានាឥណទានទាប វិសាលភាពនៃការធានាខ្ពស់ និងអត្រាការប្រាក់មិនលើសពី១១%។ យើងគាំទ្រនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។ នេះគឺជាជំហានទីមួយនៃគម្រោង ដោយយើងនឹងស្នើបង្កើនទំហំគម្រោង ប្រសិនបើមានតម្រូវការខ្ពស់សម្រាប់ការធានាឥណទាន»

គម្រោង REGS របស់ CGCC ត្រូវបានដាក់ឱ្យដំណើរការដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។ ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសកម្មរបស់ CRF និងដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ទិញស្រូវ កិនកែច្នៃ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស៕

Credit to: Fresh News, Published on 10 May 2024

CGCC និងធនាគារប្រ៊ីដ ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីគាំទ្រដល់អាជីវកម្មឱ្យទទួលបានកម្ចីមានការធានា

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារប្រ៊ីដ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសកិច្ចសហការជាផ្លូវការ ដែលធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់ សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំផងដែរ។

កិច្ចសហការរវាង CGCC ដែលជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ MSMEs ក្នុងស្រុកនេះ នឹងបង្កើនឱកាសដល់ធនាគារប្រ៊ីដ ឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCCដល់ក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចីពីធនាគារ។

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយធនាគារប្រ៊ីដនេះ នឹងបើកផ្លូវថ្មីមួយទៀតដល់យើងក្នុងការគាំទ្រដល់ SMEs របស់ធនាគារក្នុងការទទួលបានកម្ចី នៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់យើងនឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានា ដោយសារតែ PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុ និងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។ ការធានាឥណទានរបស់ពួកយើងមានសារៈសំខាន់ ក្នុងការធានានូវការបន្តផ្តល់នូវឥណទាន នៅក្នុងទីផ្សារ ដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច»

លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រ៊ីដ មានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទំហំផលិតផលក្នុងស្រុកសរុប ក៏ដូចជាការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយអាជីវកម្មមួយចំនួនតែងតែជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទាន (កម្ចី) ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយដែលកិច្ចសហការវាងធនាគារប្រ៊ីដ និង CGCC នឹងចូលមក ចូលរួមចំណែកដោះស្រាយលើបញ្ហាមួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថានឹងផ្តល់ឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នូវលទ្ធភាពទទួលបានកម្ចីសម្រាប់អាជីវកម្មកាន់តែងាយស្រួល តាមរយៈការធានាឥណទានរបស់ CGCC ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់របស់កម្ចី និងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុន ដែលនឹងបង្កើនដល់លទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs»

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារប្រ៊ីដ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងធនាគារប្រ៊ីដ ជឿជាក់ថា កិច្ចសហការនេះនឹងអាចចូលរួមជួយដោះស្រាយបញ្ហាគម្លាតហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

Credit to: Fresh News Plus, Published on 07 February 2024

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន។

ពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅការិយាល័យរបស់ CGCC ក្រោមវត្តមានរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC , លោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក Suwat Techawatanawana, អគ្គនាយកប្រតិបត្តិរងធនាគារកសិកនប្រទេសថៃ។

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

លោក Wong Keet Loong អគ្គនាយក CGCC បានមានប្រសាសន៍ថា «យើងមានកិត្តិយសខ្លាំងណាស់ ដែលបានចាប់ជាដៃគូជាមួយធនាគារឈានមុខគេ នៅក្នុងព្រះរាជាណាចក្រថៃ ក្នុងការផ្តល់ការធានាឥណទាន ដើម្បីគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា។ សាខាធនាគារកសិកននៅទីនេះ នាំយកបទពិសោធន៍ពីប្រទេសថៃ ដែលវិស័យធនាគារនៅទីនោះមានការអភិវឌ្ឍខ្លាំង ក្នុងការផ្តល់កម្ចីដែលមានការធានា។ តាមរយៈបទពិសោធន៍ទាំងនេះ យើងសង្ឃឹមថាធនាគារកសិកន នៅកម្ពុជានឹងពង្រីកការផ្តល់ហិរញ្ញប្បទាន ដែលមានការធានា ជូនដល់ម្ចាស់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា»។

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

លោកក៏បានបន្តទៀតថា «កិច្ចសហការនេះក៏នឹងបើកឱកាសសម្រាប់ CGCC ដើម្បីស្វែងយល់បន្ថែមពីការធានាឥណទានឆ្លងព្រំដែន រវាងធុរកិច្ចក្នុងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា។ នៅចុងឆ្នាំនេះ យើងក៏មានគម្រោងសិក្សា និងសហការជាមួយសាជីវកម្មធានាឥណទានប្រទេសថៃ ដែលមានបទពិសោធន៍ជាង៣០ឆ្នាំផងដែរ»។

លោក រិទ្ធិវុទ្ធ វឌ្ឍនាឆៃ ប្រធានចាត់ការទូទៅនៃសាខាធនាគារកសិកន (ភ្នំពេញ) បានមានប្រសាសន៍ឱ្យដឹងដែរថា «ប្រទេសកម្ពុជាគឺជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រ ការពង្រីកខ្លួនរបស់ធនាគារកសិកន ប្រចាំតំបន់ ។ គំនិតផ្តួចផ្តើមនេះ ស្របតាមផែនការអាជីវកម្មរបស់យើង សម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដែលក្នុងនោះយើងមានគោលបំណង បង្កើនបទពិសោធន៍របស់យើង ក្នុងការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសថៃ និងទាញយកគំរូស្រដៀងគ្នានេះ ដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ភាពជាដៃគូជាមួយ CGCC នឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់យើងក្នុងការពង្រីកវិសាលភាពទៅកាន់សហគ្រិនឱ្យបានកាន់តែច្រើនជាងមុន ស្របពេលជាមួយការបង្កើន សមត្ថភាពសេវាកម្មរបស់យើងផងដែរ។ លើសពីនេះ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម»

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

CGCC ផ្តោតលើការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈបេសកកម្មចម្បងនៃការផ្តល់ការធានា លើកម្ចីអាជីវកម្មដែលផ្តល់ឱ្យតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) ដល់ MSMEs។

ស្របជាមួយគ្នានេះ សាខាធនាគារ កសិកន (ភ្នំពេញ) គឺជាសាខារបស់ ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ របស់ព្រះរាជាណាចក្រថៃ ដែលក៏មានគោលបំណងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុករបស់កម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ និងដំណោះស្រាយយ៉ាងទូលំទូលាយដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផងដែរ។
ជាមួយនឹងវត្តមានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា សាខារបស់ធនាគារ កសិកន (ភ្នំពេញ) ឥឡូវនេះបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៧ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងសាខាធនាគារ កសិកន (ភ្នំពេញ) ជឿជាក់ថា កិច្ចសហការនេះនឹងជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

អំពី CGCC 

CGCC គឺជាសាជីវកម្មធានាឥណទានតែមួយគត់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។

អំពីសាខាធនាគារកសិកន (ភ្នំពេញ)

សាខាធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងដើមទុនចុះបញ្ជីដំបូង៥០លានដុល្លារសហរដ្ឋអាមេរិក ហើយត្រូវបានបង្កើនដល់៨០លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០២៣នេះ។

ក្នុងនាមជាសមាហរណកម្មរបស់ធនាគារកសិកន សាខានៅកម្ពុជានេះមានគោលបំណងផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ដល់អាជីវកម្មទាំងក្នុងស្រុក និងបរទេសនៅក្នុងប្រទេសកម្ពុជា។ ដោយធនាគារកសិកមានវត្តមានសាខានៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី វៀតណាម ឡាវ និងថៃ សាខានៅកម្ពុជានេះ ក៏ផ្តោតលើការតភ្ជាប់អតិថិជនពីទូទាំងតំបន់ទាំងនោះផងដែរ៕

Credit to: Fresh News, Published on 02 October 2023

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ដែលមានចក្ខុវិស័យសំដៅជំរុញការរីកចម្រើនសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា។

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

កិច្ចសហការនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ដើម្បីផ្តល់ជាដំណោះស្រាយទៅដល់ SMEs ដែលមានបញ្ហាប្រឈមជាមួយនឹងកង្វះខាតទ្រព្យធានានៅពេលស្នើឥណទានពីគ្រឹះស្ថានធនាគារ ក៏ដូចជាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោម SMEs ជាពិសេសសម្រាប់សមាជិក FASMEC នៅទូទាំងប្រទេសនៅកម្ពុជា។
កិច្ចសហការនេះ អាចសម្រេចទៅបានតាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដោយធនាគារ វីង ដែលមិនតម្រូវឲ្យមានទ្រព្យធានា ជាមួយនឹងការធានាឥណទានពី CGCC ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋ។

លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងថា​ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វីង និង FASMEC ក្នុងឆ្នាំនេះ ដើម្បីបង្កើនការគាំទ្រដល់សមាជិករបស់ FASMEC ឲ្យទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ វីង ឲ្យកាន់តែទូលំទូលាយជាងមុន។ យើងខ្ញុំជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអាចឲ្យ CGCC ជួយដល់ SMEs ជាច្រើនទៀតក្នុងអំឡុងពេលនៃកម្មវិធីផ្សព្វផ្សាយនានារបស់យើងខ្ញុំ ជាពិសេសការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅទូទាំងខេត្ត-ក្រុង ដែលជាផ្នែកមួយនៃគោលដៅរយៈពេលវែងរបស់ CGCC ដើម្បីជំរុញការអភិវឌ្ឍទៅដល់ SMEs»។

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

CGCC ដែលជាស្ថាប័នធានាឥណទានគ្រប់គ្រងដោយរដ្ឋដំបូងគេនៅកម្ពុជា ប្រតិបត្តិការក្រោមការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងជំរុញអាជីវកម្មក្នុងស្រុក ដោយផ្តល់ការគាំទ្រឥណទានទាន់ពេលវេលា។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ CGCC បានផ្តល់ការធានាឥណទានដោយជោគជ័យទៅដល់ ១​,៦៤៨ សហគ្រាសជាមួយនឹងទំហំឥណទាន ១៣៩.៥ លានដុល្លារអាមេរិក។ ក្នុងចំណោមនោះ មានប្រមាណ ៩២ ភាគរយ គឺជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ហើយមាន ៨ ភាគរយគឺជាសហគ្រាសខ្នាតធំ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា «តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាភាពជាដៃគូសហការជាមួយ CGCC និង FASMEC យើងខ្ញុំមានការតាំងចិត្តជួយសម្រួលទៅដល់ SMEs ដើម្បីអាចទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន»។

លោក ហាន ប៉េងក្វាង បានបន្តថា «តាមរយៈការផ្តល់សេវាធនាគារដែលមានភាពបត់បែន និងការគាំទ្រផ្នែកឥណទានដ៏ល្អប្រសើរ យើងនឹងអាចជួយទៅដល់ SMEs ក្នុងការចាប់យកាលានុវត្តភាពរីកលូតលាស់ នវានុវត្តន៍ភាព និងរួមចំណែកដល់វិបុលទាំងមូលនៅក្នុងប្រទេសកម្ពុជា»

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

SMEs ដែលជាសមាជិករបស់ FASMEC មិនត្រឹមតែអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ វីង ដោយមានការធានាដោយ CGCC ប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានឱកាសផ្សារភ្ជាប់ កាន់តែទូលំទូលាយជាមួយអតិថិជនសក្តានុពល អ្នកលក់ និងអ្នកផ្គត់ផ្គង់ផងដែរ នោះគឺមានការជួយសម្រួលតាមរយៈប្រព័ន្ធអ៉ីកូឡូស៊ីរបស់ វីង។

ធនាគារ វីង ផ្តល់នូវដំណោះស្រាយងាយស្រួលទៅដល់វិស័យលក់រាយ តាមរយៈថ្នាលឌីជីថលរបស់ខ្លួនគឺ WingPay ដែលជួយសម្រួលប្រតិបត្តិការទៅដល់ប្រព័ន្ធអ៉ីកូឡូស៊ីរបស់ វីង មានដូចជា៖ Wingmarket, WingAgri និង Wingmall ដែលថ្នាលឌីជីថលទាំងនេះអាចជួយផ្សារភ្ជាប់រវាងអាជីវកម្មជាមួយនឹងអាជីវកម្ម (B2B) និងរវាងអាជីវកម្មជាមួយអ្នកទិញ (B2C) បានយ៉ាងងាយស្រួល។

ថ្នាលឌីជីថល Wingmarket ផ្តល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ ពោលគឺជួយសម្រួលការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់នៃដំណើរការសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាសាជីវកម្មនានាឲ្យបានកាន់តែល្អប្រសើរ។ ចំពោះថ្នាលឌីជីល WingAgri វិញគឺជាទីផ្សារពាណិជ្ជកម្មអនឡាញដោយផ្តោតលើផលិតផលកសិកម្មដែលអាចទុកចិត្តបាន ដើម្បីជួយផ្សារភ្ជាប់កសិករ និងអ្នកទិញតាមរយៈផ្សារឌីជីថល។ ចំណែកឯ ថ្នាលឌីជីល Wingmall គឺជាទីផ្សារទំនិញតាមអនឡាញដែលមានការគាំំទ្រ និងឈានមុខគេមួយ មានចំនួនហាងលក់ទំនិញ ក៏ដូចជាអាហារដ្ឋានយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប្រើប្រាស់ ដើម្បីសម្រួលប្រតិបត្តិការទិញ-លក់ប្រកបដោយភាពរលូន ហើយថែមទាំងអាចធ្វើឲ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែងាយស្រួល។

ភាពជាដៃគូយុទ្ធសាស្ត្ររវាង CGCC, FASMEC, និងធនាគារ វីង គឺត្រៀមខ្លួនជាស្រេចដើម្បីជំរុញបរិយាកាសគាំទ្រ ក្នុងការទទួលបានហិរញ្ញវត្ថុ ហើយថែមទាំងផ្តល់ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពជួយដល់ SMEs អាចទទួលសេវាហិរញ្ញវត្ថុ ក៏ដូចជាជួយដោះស្រាយបញ្ហាប្រឈមទៅដល់ SMEs ងាយស្រួលទទួលបានឥណទាន ហើយថែមទាំងបង្កើនលទ្ធភាពលក់ផលិតផលទៅក្នុងទីផ្សារបានកាន់តែទូលំទូលាយ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានថ្លែងថា៖ “យើងពិតជាសប្បាយរីករាយក្នុងការចាប់ដៃគូជាមួយនឹងធនាគារ វីង និងសាជីវកម្មធានាឥណទានកម្ពុជា ព្រោះវាជាការផ្តល់ឱកាស ដល់សហគ្រាសខ្នាតតូចនិងមធ្យម ជាសមាជិកសមារបស់ FASMEC ដែលកំពុងមានបញ្ហាប្រឈមកង្វះទ្រព្យធានា ដើម្បីអាចទទួលបាននូវហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេឲ្យបានកាន់តែរីកចម្រើន”

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ការចុះបញ្ចីចំនួន ៤៣.៩៧៤ សហគ្រាសខ្នាតតូច និងមធ្យម។ សហគ្រាសទាំងនេះបានបង្កើតឱកាសការងារទៅដល់ពលរដ្ឋកម្ពុជាជាង ៤៤៤.៥០៤នាក់។ សហគ្រាសខ្នាតតូច និងមធ្យមមានប្រហែល ៩០ ភាគរយ នៃសហគ្រាសទាំងអស់ដែលរួមចំណែក ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០ ភាគរយនៃកម្លាំងពលកម្មទាំងមូល។

សមាជិក FASMEC អាចអញ្ជើញមកកាន់គ្រប់សាខាធនាគារ វីង ដើម្បីស្នើសុំឥណទាន ដែលបុគ្គលិកជំនាញបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ បន្ថែមលើនេះ សមាជិក FASMEC ក៏អាចធ្វើការទំនាក់ទំនងជាមួយបុគ្គលិករបស់ធនាគារ វីង ក្នុងអំឡុងពេលកម្មវិធីវគ្គបណ្តុះបណ្តាលដែល នឹងរៀបចំដោយ FASMEC នៅទូទាំងប្រទេសកម្ពុជា៕

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

Credit to: Business Cambodia & Fresh News, ២៨​​ សីហា ២០២៣

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់ រវាង សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ កាណាឌីយ៉ា

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខមួយក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ធានាឥណទានជាកញ្ចប់ ដើម្បីផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម សម្រាប់អាជីវកម្មលក់រាយ និងបោះដុំ នៅក្នុងប្រទេស។

កិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់រវាង CGCC និងធនាគារ កាណាឌីយ៉ា មានគោលបំណងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការទទួលបានកម្ចីដែលមានការធានា បានឆាប់រហ័ស និងងាយស្រួល ពីធនាគារកាណាឌីយ៉ា ទោះបីជាមិនមានទ្រព្យធានាគ្រប់គ្រាន់ សម្រាប់ទាំងដើមទុនបង្វិល និងការវិនិយោគ ឬពង្រីកអាជីវកម្ម សំដៅចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក្រោមគម្រោងធានាឥណទានជាកញ្ចប់នេះ ធនាគារកាណាឌីយ៉ា អាចបញ្ចេញកម្ចីដែលត្រូវតាមលក្ខខណ្ឌ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយមិនចាំបាច់ស្នើសុំការអនុម័តការធានាឥណទានពី CGCC លើកម្ចីម្តងមួយៗ។

ក្នុងឆ្នាំ២០២១ ធនាគារ កាណាឌីយ៉ា គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងមួយដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) របស់CGCC ក្នុងការផ្តល់កម្ចីនិងឥណទានដែលមានការធានាដល់ធុរកិច្ច ក្រុមហ៊ុន ឬសហគ្រាស ដើម្បីពង្រឹងសង្វាក់អាជីវកម្ម និងពង្រីកប្រតិបត្តិការឡើងវិញ ក្រោយពីបានទទួលរងការប៉ះពាល់សេដ្ឋកិច្ចពីការរាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីលើនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពានរង្វាន់ “គ្រឹះស្ថានហិរញ្ញវត្ថុឆ្នើមចំណាត់ថ្នាក់ទីមួយ របស់ CGCC” ដែលជាធនាគារបានបញ្ចេញកម្ចីដែលមានការធានាច្រើនជាងគេសម្រាប់ឆ្នាំ២០២២ កន្លងទៅនេះ។

ជាមួយនឹងវត្តមាន និងបណ្តាញសាខាទូទាំងវិស័យហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង​ CGCC និងធនាគារ កាណាឌីយ៉ា នឹងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការឥណទានដែលមានការធានា ដែលផ្តល់នូវផលវិជ្ជមានទៅកាន់ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាលើកទឹកចិត្តដល់សហគ្រិន ដោយការផ្តល់នូវជម្រើសហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់កំណើន និងពង្រីកអាជីវកម្មរបស់ពួកគាត់។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា បានបង្ហាញអំពីភាពរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដោយលោកបានមានប្រសាសន៍ថា “យើងខ្ញុំមានក្តីសោមន្សរីករាយជាខ្លាំង ដែលបានពង្រឹងភាពជាដៃគូជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់កំណើននៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ជាមួយនឹងកិច្ចព្រមព្រៀងខាងលើនេះ ធនាគារ កាណាឌីយ៉ា មានសុទិដ្ឋិនិយមថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា នឹងកាន់តែមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីធ្វើការពង្រឹងសមត្ថភាព និងពង្រីកសង្វាក់ផលិតកម្មនៃអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។”

លោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏មានសេចក្តីសោមន្សរីករាយក្នុងការសហប្រតិបត្តិការនេះដែរ។ លោកមានប្រសាសន៍ថា “គម្រោងធានាឥណទានជាកញ្ចប់ (PGS) នេះផ្តោតជាពិសេសសម្រាប់អាជីវកម្មលក់រាយ និងបោះដុំ។ គម្រោងនេះបង្កើតឡើងដើម្បីពង្រីកការការផ្តល់កម្ចីជូនដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យនេះ ដើម្បីអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន។ គម្រោងនេះក៏កាន់តែលើកស្ទួយដល់កិច្ចប្រឹងប្រែងរបស់ CGCC និងធនាគារកាណាឌីយ៉ា ក្នុងការគាំទ្រការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ដែលជាចលករដ៏សំខាន់ ដល់សេដ្ឋកិច្ចកម្ពុជា និងការបង្កើតឱកាសការងារ។

ធនាគារកាណាឌីយ៉ា គឺជាគ្រឹះស្ថានដ៏សកម្មមួយ ក្នុងការផ្តល់កម្ចីដែលមានការធានាច្រើនជាងគេរបស់ CGCC ហើយភាពជាដៃគូនេះនឹងកាន់តែពង្រឹងជំហររបស់ធនាគារកាណាឌីយ៉ាក្នុងនាមជាស្ថាប័នមួយដែលគួរជាទីទុកចិត្ត និងជាប្រភពផ្តល់ហិរញ្ញប្បទានដែលប្រកបដោយទំនុកចិត្តខ្ពស់ សម្រាប់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ។ កិច្ចសហការរួមគ្នានេះនឹងកាន់តែពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងលើកស្ទួយការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ MSMEs។

 

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន “Best SME Bank” ពីស្ថាប័ន Digital Banker និងពាន “Best Retail Bank” ពីស្ថាប័ន The Asian Banker សម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

 

អំពីសាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

 

Credit to: Business CambodiaFresh News

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

ធនាគារ ព្រីនស៍ ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី ១៣ ខែកក្កដា បានចុះកិច្ចសហការគ្នាលើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី ដែលធនាគារ ព្រីនស៍ នឹងដើរតួជាស្ថាប័នផ្តល់ឥណទាន ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាសដែលគ្រប់គ្រងដោយស្ត្រី ដោយមាន CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានាលើកម្ចីអាជីវកម្ម។

កិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ត្រូវបានចុះហត្ថលេខារវាង លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងសមាជិកក្រុមប្រឹក្សាភិបាលចំនួនប្រាំរូបនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ និងសាជីវកម្មធានាឥណទានកម្ពុជា។

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

 

នៅឆ្នាំ២០២១ ធនាគារ ព្រីនស៍ ជាក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ដែលចូលរួមដោះស្រាយបញ្ហាប្រឈមនៃកង្វះទ្រព្យធានា សម្រាប់ប្រាក់កម្ចី របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងអំឡុងពេលប្រតិបត្តិការអាជីវកម្មជួបជាមួយបញ្ហាប្រឈមបណ្តាលមកពី ជំងឺរាតត្បាតកូវីដ១៩។

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

 

នៅឆ្នាំនេះ ជាថ្មីម្តងទៀត យើងនៅតែខ្នះខ្នែងក្នុងការបន្តការគាំទ្ររបស់យើងចំពោះការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក តាមរយៈគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី របស់ CGCC និងធនាគារព្រីសន៍ ដែលនឹងផ្តល់ប្រាក់កម្ចីដែលមានការធានាជាពិសេសដល់សហគ្រិនស្ត្រី ឬMSMEs ដែលគ្រប់គ្រងដោយស្ត្រី ដែលមានការលំបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងមានតម្រូវការទុនបន្ថែមដើម្បីពង្រីក ឬវិនិយោគ ឬទ្រទ្រង់អាជីវកម្មរបស់ពួកគេ។ នៅក្រោមគម្រោងនេះ CGCC នឹងផ្តល់ការធានាឥណទានរហូតដល់ ៨០% នៃទំហំឥណទាន ជាមួយនឹងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ និងរយៈពេលឥណទានរហូតដល់ ៦ឆ្នាំ ពីធនាគារ ព្រីនស៍។

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែងថា “យើងមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ CGCC ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក ដោយ គាំទ្រដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍ទាំងមូល។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍។ ការចូលរួម និងការរួមចំណែករបស់ស្រ្តីម្នាក់ៗ មានសារៈសំខាន់ណាស់នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចទាំងមូល ហើយសមត្ថភាព និងការតាំងចិត្តដ៏មុតមាំរបស់ពួកគាត់គួរទទួលបានការកោតសរសើរ និងការគោរព ព្រមទាំងគួរទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង សម្រាប់ការបន្តអភិវឌ្ឍឆ្ពោះទៅរកភាពជោគជ័យ។ នៅក្រោមគម្រោងធានាឥណទានជាកញ្ចប់ សម្រាប់សហគ្រិនស្រ្តីនេះ យើងមានគោលបំណងផ្តល់នូវលំហូរសាច់ប្រាក់ដែលមានភាពងាយស្រួល និងកាន់តែប្រសើរ ជាមួយនឹងលក្ខខណ្ឌពិសេសដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រី ដើម្បីផ្តល់នូវការគាំទ្របន្ថែម លើការទទួលបានដើមទុន សម្រាប់ការវិនិយោគ និងការទ្រទ្រង់និរន្តរភាពអាជីវកម្មរបស់ពួកគាត់។ វាតែងតែជាអាទិភាពចម្បងរបស់ធនាគារ ក្នុងការគាំទ្រដល់បុគ្គល និងអាជីវកម្មកម្ពុជាលើតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងកំពុងបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការលើកកម្ពស់ផលិតផល និងសេវាកម្មរបស់យើង ឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់។”

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

លោក Wong Keet Loong អគ្គនាយកនៃCGCC បានមានប្រសាសន៍ឱ្យដឹងថា “គម្រោងធានាឥណទានជាកញ្ចប់ ជាមួយធនាគារព្រីនស៍នេះ បានបង្កើតឡើងជាពិសេស សម្រាប់គាំទ្រដល់សហគ្រិនស្រ្តី តាមរយៈកម្ចីដែលមានការធានា។ យើងសង្ឃឹមថា ជាមួយនឹងបណ្តាញដ៏រឹងមាំរបស់ធនាគារព្រីនស៍ យើងនឹងអាចបង្កើនការធានាឥណទានទៅកាន់អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីជាច្រើនទៀត។ មកដល់បច្ចុបន្ននេះ CGCC បានផ្តល់ការធានាប្រមាណ ៤០% នៃទំហំកម្ចីសរុបដែលមានការធានាប្រមាណ ១៣០លានដុល្លារ ដែលស្មើនឹង៥០លានដុល្លារទៅកាន់សហគ្រិនស្រ្តីខ្នាតមីក្រូ តូច និងមធ្យម (MSMEs)”។ លោកអគ្គនាយកក៏បានបន្ថែមទៀតថា “គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ក៏បានផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាមួយនឹងអត្រាការប្រាក់ និងកម្រៃធានាឥណទានដែលទាបជាងមុន សម្រាប់ឆ្នាំដំបូង ដែលនឹងសម្រួលដល់សហគ្រិនស្រ្តី MSMEs អាចមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានដែលមានតម្លៃទាបជាងមុន។”

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

 

គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី (PGS) មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ ធនាគារ ព្រីនស៍ អាចផ្តល់ប្រាក់កម្ចីដែលមានការធានាដល់សហគ្រិនស្ត្រីដោយមិនចាំបាច់ទទួលបានការអនុម័តការធានាពីCGCC លើប្រាក់កម្ចីនីមួយៗមុនពេលផ្តល់ប្រាក់កម្ចីនោះឡើយ។ សូមទៅកាន់សាខាធនាគារ ព្រីនស៍ដែលនៅជិតបំផុតនៅថ្ងៃនេះ ដើម្បីដាក់ពាក្យស្នើឥណទានក្រោមគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី (PGS) ឬទំនាក់ទំនងលេខ 1800 20 8888 (ឥតគិតថ្លៃ) សម្រាប់ព័ត៌មានបន្ថែម៕

Credit to: ខេមបូណូមីស, ១៤ កក្កដា ២០២៣, Fresh News, កោះសន្តិភាពSWIFT NEWS

ធនាគារ មេ​យ​ប៊ែ​ង សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា BNI Super និង​សមាគម​សហគ្រិន​ស្ត្រី កម្ពុជា ចុះ MoU ដើម្បី​លើក​ស្ទួយ​ការ​កសាង​សមត្ថភាព និង​ជំនាញ​របស់ SME

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ ២០២៣ ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី (​ធនាគារ មេ​យ​ប៊ែ​ង​) និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​ចូលរួម​ជា​ដៃគូ​សហ ការ​យុទ្ធសាស្ត្រ​ជាមួយ BNI Super និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CWEA) ក្នុង​គោល​បំ ណ​ង​រួម​គ្នា​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ កម្មវិធី «​កសាង​សមត្ថភាព និង​ជំនាញ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​» ។

ក្រោម​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ធនាគារ មេ​យ​ប៊េ​ង សាជីវកម្ម​ធានា ឥណទាន​កម្ពុជា BNI Super និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា នឹង​សហការ​គ្នា​ដើម្បី​ផ្តល់​នូវ​វគ្គ បណ្តុះបណ្តាល​តាម​រយៈ​សិក្ខាសាលា​ទៅ​ដល់​សមាជិក​នៃ​ស្ថាប័ន​ខាងលើ ក៏​ដូច​ជា​ម្ចាស់​សហ គ្រាស​ធុន​តូច និង​មធ្យម​ផ្សេង​ទៀត​ដែល​បាន​ចូលរួម ដើម្បី​ជួយ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់ ពួក​គេ ។ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ផ្តោត​ទៅ​លើ​ប្រធានបទ​ជា​ច្រើន​ដែល​ទាក់ទង​ទៅ​នឹង ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ​អាជីវកម្ម ។

ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ ក៏​នឹង​ត្រួសត្រាយ​ផ្លូវ​ដល់​ការ​ពង្រីក​បណ្តាញ​ទំនាក់ ទំនង ក៏​ដូច​ជា​ការ​អភិវឌ្ឍ​រយៈពេល​យូរអង្វែង​ផ្នែក​មុខ​ជំនួញ​ដល់​សហគ្រាស​ធុន​តូច និងមធ្យម ដែល​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​នេះ​តាម​រយៈ​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា និង ការ​ចែករំលែក​ចំណេះដឹង​ទាំង​ផ្នែក​ទ្រឹស្តី និង​បច្ចេកទេស​នានា ។ ពិសេស​លើស​នេះ​ទៅ​ទៀត អ្នកចូលរួម​ក៏​នឹង​ទទួល​បានការ​លើកទឹកចិត្ត​ពី​ធនាគារ មេ​យ​ប៊េ​ង ខេ​ម​បូ​ឌា តាម​រយៈ​ការ​ផ្តល់ ជូន​នូវ​អត្រា​ពិសេស​ដល់​ពួក​គេ​ផង​ដែរ ។

ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ប្រារព្ធ​ឡើង​នៅ អគារ ធនាគារ មេ​យ​ប៊េ​ង ថៅ​វើ ក្រោម​ការ​ចូលរួម​ពី​សំណាក់ ៖ លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស របស់ ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ភី​អ៊ិ​ល​ស៊ី​, លោក Wong Keet Loong អគ្គនាយក សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​, លោក គ្រុយ រិ​ទ្ធី ប្រធាន របស់ BNI Super និង​លោក​ជំទាវ ជា រ​ដ្ឋា អនុប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា។

លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ​របស់​ធនាគារ មេ​យ​ប៊ែ​ង បាន​លើក​ឡើង​ថា «​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា និង​កម្មវិធី​កសាង​សមត្ថភាព និង​ជំនាញ​នេះ​ជា​ការ បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់ សហគ្រិន​ធន​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​ជឿជាក់​ថា ការ​ផ្តល់​ជា​វេទិកា​ក្នុង វគ្គ​បណ្តុះបណ្តាល​នេះ ដែល​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ យើង​បាន​នឹង កំពុង​ផ្តល់​នូវ​ឧបករណ៍​ដ៏​ត្រឹមត្រូវ​ដើម្បី​ចីរភាព​នៃ​មុខ​ជំនួញ​របស់​ពួក​គាត់ ដែល​ក៏​ជា​កិច្ច​រួម ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជា​រួម​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​» ។

«​ឆ្នាំទៅ​មិ​ញ កម្មវិធី​កសាង​សមត្ថភាព និង​ជំនាញ​នេះ​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​កត់ សម្គាល់ ។ ឆ្នាំ​នេះ​យើង​ចង់​បន្ត​បំពេញ​នូវ​កិច្ចសន្យា​របស់​យើង​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ ប្រកបដោយ​អរិយ្យ​ភាព​ដោយ​បង្កើន​នូវ​កម្រិត​នៃ​ការ​គាំទ្រ​របស់​យើង​ថែម​មួយ​កម្រិត​ទៀត តាម​រយៈ​ការ​បន្ត​គាំទ្រ និង​ពង្រីក​ដៃគូ​សហការ​សរុប​ចំនួន​បី​ដែល​រួម​មាន CGCC CWEA និង BNI Super» លោក​បាន​បន្ថែម ។

លោក Wong Keet Loong អគ្គនាយក សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា មាន​ប្រសា សន៍​ថា «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ មេ​យ​ប៊ែ​ង​ក្នុង ឆ្នាំ​នេះ​ម្តងទៀត​សម្រាប់​កម្មវិធី BCC និង​ពិសេស​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ BNI និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​ពង្រីក​វិសាលភាព​នៃ កម្មវិធី​ដ៏​សំខាន់​នេះ ។ យើង ជឿជាក់​ថា កម្មវិធី BCC នឹង​ផ្តល់​ជា​ធនធាន​ដ៏​សំខាន់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ កម្ពុជា និង​ជា​ជំនួយ​ដល់​សហគ្រិន​របស់​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន និង​ទទួល​បាន​ជោគជ័យ ជាមួយនឹង​នឹង​ឱកាស​ដ៏​ទូលំទូលាយ​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន និង​បង្កើន​ចំណេះដឹង ហិរញ្ញវត្ថុ ដែល​ស្រប​ជាមួយនឹង​ទិស​ដៅ​របស់ CGCC» ។

លោក​ជំទាវ ជា រ​ដ្ឋា អនុប្រធាន​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា CWEA ក៏​បាន​គាំទ្រ ផង​ដែរ​ថា «​យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម នេះ ដោយ​កម្មវិធី​នេះ​ស្រប​ទៅ​តាម​បេសកកម្ម​របស់ CWEA ក្នុង​ការ​ជួយ​ជម្រុញ​វិស័យ សហគ្រិនភាព​ដល់​ស្ត្រី​កម្ពុជា តាម​រយៈ​ការ​បង្កើន​ជំនាញ និង​បណ្តាញ​ទំនាក់ទំនង ។ នាង​ខ្ញុំ សូម​លើកទឹកចិត្ត​ដល់​សមាជិក CWEA និង​សហគ្រិន​ស្ត្រី​ទាំងអស់​ឱ្យ​ចាប់​យក​ឱកាស​នេះ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​យល់​ដឹង​បន្ថែម និង​ពង្រីក​វិសាលភាព​ផ្ទាល់ខ្លួន​» ។

លោក គ្រុយ ឬ​ទ្ធី នៃ BNI Super ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​លោក​មក​កាន់​វគ្គ បណ្តុះបណ្តាល​នេះ​ដែរ ។ លោក​បាន​ថ្លែង​ថា «​យើង​មាន​ទំនុកចិត្ត​ថា ការ​ក្លាយជា​ដៃគូរ​សហ ការ​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​សមាជិក​របស់ BNI ក៏​ដូច​ជា​សហគ្រិន​ដទៃ ព្រោះ​វា​បាន​អនុញ្ញាត​ឱ្យ​សមាជិក​របស់​យើង ពង្រីក​នូវ​បណ្តាញ​ទំនាក់ទំនង​របស់​ពួក​គេ អភិវឌ្ឍ​ជំនាញ​ថ្មី​ៗ និង​ជំរុញ​ដល់​ការ​បើក​ទំព័រ​អាជីវកម្ម​របស់​ពួក​គេ​ជាដើម​» ។

នៅ​ក្នុង​ឆ្នាំ ២០២២ កម្មវិធី កសាង​សមត្ថភាព និង​ជំនាញ បាន​បណ្តុះបណ្តាល​សហ គ្រាស​ធុន​តូច និង​មធ្យម និង​ទីប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ជិត ១០០ នាក់ ទៅ​លើ​ប្រធានបទ​ផ្សេង​ៗ គ្នា រួម​មានការ​ចុះបញ្ជី អាជីវកម្ម​នៅ​កម្ពុជា សារៈសំខាន់​គោលការណ៍​គ្រប់គ្រង​ហិរញ្ញវត្ថុ ការ​ធ្វើ​ស្លាក​យីហោ និង​ទីផ្សារ​ឌី​ជី​ថ​ល ក៏​ដូច​ជា​ការ​គ្រប់គ្រង​ធនធានមនុស្ស​ជាដើម ។ វគ្គ បណ្តុះបណ្តាល​ទាំងនេះ ត្រូវ​បាន​ចែករំលែក​ដោយ​អ្នកជំនាញ​ប្រកបដោយ​វិជ្ជាជីវៈ​ដែល អញ្ជើញ​មក​ពី​បណ្តា​ស្ថាប័ន ក្រុមហ៊ុន ច្បាប់​ល្បី​ៗ​ក្នុងស្រុក ទីប្រឹក្សា​ពាណិជ្ជកម្ម ភ្នាក់ងារ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ស្ថាប័នហិរញ្ញវត្ថុ​នានា ៕

Credit to: កោះសន្តិភាព, ១០ មិថុនា ២០២៣

ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣ នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម

(ភ្នំពេញ)៖ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នចំនួន៣ រួមមាន សហសាជីវកម្មធានាឥណទានកម្ពុជា (CGCC), ក្រុមហ៊ុន BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដើម្បីរួមគ្នាជួយគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈកម្មវិធី «កសាងសមត្ថភាព និងជំនាញសម្រាប់ សហគ្រាសធុនតូច និងមធ្យម។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ មេយប៊ែង សាជីវកម្មធានាឥណទានកម្ពុជា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា នឹងសហការគ្នាដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាល តាមរយៈសិក្ខាសាលាទៅ ដល់សមាជិកនៃស្ថាប័នខាងលើ ក៏ដូចជាម្ចាស់សហគ្រាសធុនតូច និងមធ្យមផ្សេងទៀតដែលបានចូលរួម ដើម្បីជួយក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតទៅលើប្រធានបទជាច្រើន ទាក់ទងទៅនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម។

ការចុះអនុស្សរណៈយោគយល់នេះ ក៏នឹងត្រួសត្រាយផ្លូវដល់ការពង្រីកបណ្តាញទំនាក់ទំនង ក៏ដូចជាការអភិវឌ្ឍរយៈពេលយូរអង្វែងផ្នែកមុខជំនួញ ដល់សហគ្រាសធុនតូច និងមធ្យមដែលបានចូលរួម ក្នុងការបណ្តុះបណ្តាលនេះ តាមរយៈវេទិកាប្រាស្រ័យទាក់ទងគ្នា និងការចែករំលែកចំណេះដឹងទាំងផ្នែកទ្រឹស្តី និងបច្ចេកទេសនានា។ ពិសេសលើសនេះទៅទៀត អ្នកចូលរួមក៏នឹងទទួលបានការលើកទឹកចិត្ត ពីធនាគារ មេយប៊េង ខេមបូឌា តាមរយៈការផ្តល់ជូននូវអត្រាពិសេស ដល់ពួកគេផងដែរ។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិរបស់ធនាគារ មេយប៊ែង បានលើកឡើងថា «ការចុះអនុស្សរណៈនៃការយោគយល់គ្នា និងកម្មវិធី កសាងសមត្ថភាព និងជំនាញនេះ ជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការបន្តគាំទ្រដល់ការរីកចម្រើន របស់សហគ្រិនធនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ហើយជឿជាក់ថា ការផ្តល់ជាវេទិកាក្នុងវគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បាននឹងកំពុងផ្តល់នូវឧបករណ៍ដ៏ត្រឹមត្រូវ ដើម្បីចីរភាពនៃមុខជំនួញជាកិច្ចរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»

លោកបានបន្ដថា ឆ្នាំទៅមិញកម្មវិធី កសាងសមត្ថភាព និងជំនាញនេះទទួលបានជោគជ័យគួរជាទីកត់សម្គាល់ ចំពោះឆ្នាំនេះ យើងចង់បន្តបំពេញនូវកិច្ចសន្យា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយអរិយ្យភាពដោយបង្កើននូវកម្រិតនៃ ការគាំទ្រថែមមួយកម្រិតទៀត តាមរយៈការបន្តគាំទ្រ និងពង្រីកដៃគូសហការ សរុបចំនួនបីដែលរួមមាន CGCC CWEA និង BNI Super។

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយធនាគារ មេយប៊ែង ក្នុងឆ្នាំនេះម្តងទៀត សម្រាប់កម្មវិធី BCC និងពិសេសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ BNI និងសមាគមសហគ្រិនស្រ្តីកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃ កម្មវិធីដ៏សំខាន់នេះ ក្នុងនោះជឿជាក់ថា កម្មវិធី BCC នឹងផ្តល់ជាធនធានដ៏សំខាន់ ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាជំនួយដល់សហគ្រិនឱ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យ ជាមួយនឹងនឹងឱកាសដ៏ទូលំទូលាយ ក្នុងការទទួលបានហិរញ្ញប្បទាន និងបង្កើនចំណេះដឹងហិរញ្ញវត្ថុ ស្របជាមួយនឹងទិសដៅរបស់ CGCC។

លោកស្រី ជា រដ្ឋា អនុប្រធាននៃសមាគមសហគ្រិនស្រ្តីកម្ពុជា CWEA ក៏បានលើកឡើងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ដោយកម្មវិធីនេះស្របទៅតាមបេសកកម្មរបស់ CWEA ក្នុងការជួយជំរុញវិស័យសហគ្រិនភាព ដល់ស្ត្រីកម្ពុជា តាមរយៈការបង្កើនជំនាញ និងបណ្តាញទំនាក់ទំនង នាងខ្ញុំសូមលើកទឹកចិត្តដល់សមាជិក CWEA និងសហគ្រិនស្រ្តីទាំងអស់ ឱ្យចាប់យកឱកាសនេះ ដើម្បីជាប្រយោជន៍ក្នុងការយល់ដឹងបន្ថែម និងពង្រីកវិសាលភាពផ្ទាល់ខ្លួន»

លោក គ្រុយ ឬទ្ធី នៃ BNI Super បានឲ្យដឹងថា «ការក្លាយជាដៃគូរសហការនេះ នឹងផ្តល់ផលប្រយោជន៍ ទៅវិញទៅមកដល់សមាជិករបស់ BNI ក៏ដូចជាសហគ្រិនដទៃ ព្រោះបានអនុញ្ញាតឲ្យសមាជិក ពង្រីកនូវបណ្តាញទំនាក់ទំនងរបស់ពួកគេ អភិវឌ្ឍជំនាញថ្មីៗ និងជំរុញដល់ការបើកទំព័រអាជីវកម្មរបស់ពួកគេជាដើម»

សូមជម្រាបថា ឆ្នាំ២០២២ កម្មវិធីកសាងសមត្ថភាព និងជំនាញ បានបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម និងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុជិត១០០នាក់ ទៅលើប្រធានបទផ្សេងៗគ្នា រួមមានការចុះបញ្ជី អាជីវកម្មនៅកម្ពុជា សារៈសំខាន់គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើស្លាកយីហោ និងទីផ្សារឌីជីថល ក៏ដូចជាការគ្រប់គ្រងធនធានមនុស្សជាដើម។

វគ្គបណ្តុះបណ្តាលទាំងនេះ ត្រូវបានចែករំលែកដោយអ្នកជំនាញប្រកបដោយវិជ្ជាជីវៈ អញ្ជើញមកពីបណ្តាស្ថាប័ន ក្រុមហ៊ុន ច្បាប់ល្បីៗក្នុងស្រុក ទីប្រឹក្សាពាណិជ្ជកម្ម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា៕

ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម
ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម
ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម
ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម
ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម
ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម
ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម
ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម
ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម
ធនាគារ មេយប៊ែង ចុះ MoU ជាមួយស្ថាប័នចំនួន៣នៅកម្ពុជា ដើម្បីលើកស្ទួយការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម

Credit to: Fresh News, Published on 10 June 2023

ទឹកប្រាក់​ជាង ​១០០​ លាន​ដុល្លារ​ ត្រូវ​ផ្តល់​ដល់ SME តាម CGCC

សាជីវកម្ម​ធានា​​ឥណទាន​កម្ពុជា​ (CGCC) បានផ្តល់​ការធានា​ឥណទាន​ជូន​ដល់ ១១៥៥ ក្រុមហ៊ុន​/​អាជីវ​កម្ម ក្នុង​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួនជិត​ ១០៥ លាន​ដុល្លារ គិត​ត្រឹម​ចុងខែ​កុម្ភ​: ឆ្នាំ​ ២០២៣ ក្នុង​ការផ្តល់​លទ្ធភាព​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs)​ ដើម្បី​បន្ត​និរន្តរភាព​និង​ពង្រីក​អាជីវកម្ម​ដែល​បាន​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​។​

​យោងតាម​របាយការណ៍​របស់ CGCC ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែមីនា​នេះ គិត​ត្រឹម​ចុងខែ​កុម្ភ​: ឆ្នាំ​ ២០២៣ CGCC បានផ្តល់​ការធានា​ឥណទាន​ជូន​ដល់ ១១៥៥ ​ក្រុមហ៊ុន​/​អាជីវកម្ម ក្នុង​ទំហំ​ទឹក​ប្រាក់កម្ចី​ប្រហាក់ប្រហែល ១០៤,៩ លាន​ដុល្លារ​។ បើ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមករា សន្និធិ​ឥណទាន​ដែលមាន​ការធានា​មាន​ចំនួន ៨១,៦ លាន​ដុល្លារ និង​សន្និធិ​ទំហំ​ការធានា​ឥណទាន​មាន​ចំនួន ៥៨,៩ លាន​ដុល្លារ​។

​លោក សុខ វឿ​ង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែមីនា​ថា គម្រោង​ធានា​ឥណទាន​នេះ​បាន​ដើរ តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​លទ្ធភាព​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ទទួលបាន​នូវ​កម្ចី​ដោយ​ពុំ​បាច់​មានទ្រព្យ​ធានា​ដើម្បី​យកទៅ​បន្ត​និរន្តរភាព​និង​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់​ក្រោយពី​ទទួលរង​ពី​ផល​​ប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩​ ជាង​ ២ ​ឆ្នាំ​មកនេះ​។​

​លោក​បាន​ថ្លែងថា ជាមួយនឹង​កំណើន​នៃ​ការធានា​ចំនួន ១ ១៥៥​ នេះ ក្នុងនោះ ​៨០​ ភាគរយ​គឺ​ផ្តល់​ដោយ​ធនាគារពាណិជ្ជ និង​ចំណែក​ដែល​នៅសល់​គឺ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​​វត្ថុ ដែលជា​ដៃគូ​ចូលរួម​ជាមួយ​គម្រោង​ធានា​ឥណទាន​នេះ​។

​ប៉ុន្តែ​សម្រាប់​ទឹកប្រាក់​នៃ​ទំហំ​ឥណទាន​ដែលមាន​ជិត​ ១០៥ ​លាន​ដុល្លារ​នោះ​គឺ ប្រមាណ ​៩៥​ ភាគរយ​ត្រូវ​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​។​

​លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ទំហំ​ឥណទាន​ដែល​បានផ្តល់​នោះ​គឺ​យើង​បានផ្តល់​ភាគច្រើន​ទៅលើ​វិស័យ​អាទិភាព​ដូចជា​វិស័យ​សេវាកម្ម កសិកម្ម និង​ផលិតកម្ម ដែល​បណ្តា​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ទាំង​នោះ​អាច​ទទួលបាន​កម្ចី​ដើម្បី​យកទៅ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ដោយ​ពុំ​ចាំបាច់​មានទ្រព្យ​ធានា​»​។

​លោក​បាន​ថ្លែង​បញ្ជាក់ទៀតថា​៖ «​យើង​រីករាយ​ក្នុងការ​ចូលរួម​ជាមួយ CGCC ដោយសារតែ​ហានិភ័យ​ត្រូវបាន​ធានា​។ យើង​សង្កេតឃើញថា​ចាប់តាំងពី​គម្រោង​នេះ​ចាប់ផ្តើម​អនុវត្ត​គឺ​អត្រា​ឥណទាន​ដែល​ខូច នោះ​មាន​អត្រា​តិចតួច​បំផុត ដោយ​សារ​តែ​អាជីវកម្ម​ទាំងនោះ​គឺ​សុទ្ធសឹង​តែមាន​សក្តានុពល​ក្នុងការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ប៉ុន្តែ​ពួកគេ​ពុំមាន​ទ្រព្យ​ធានា ហេតុដូច្នេះ​ហើយ​ការ​អនុវត្ត​គម្រោង​ធានា​ឥណទាន​នេះ​គឺ​បាន​ជួយ​ពួកគាត់​ច្រើន​ក្នុងការ​ពង្រីក​អាជីវកម្ម​។​

​លោក សុខ វឿ​ង ​ដែលជា​អគ្គនាយក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC ផងដែរ​នោះបាន​ថ្លែងថា ស្ថាប័ន​របស់លោក​ក៏បានផ្តល់​កម្ចី​ប្រមាណ​ជា​ ២ ​លាន​ដុល្លារ​ផងដែរ ហើយ​លោក​នឹងធ្វើ​ការពង្រីក​ឱ្យបាន​ពី​ ៤ ​ទៅ ​៥ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ​២០២៣ ​នេះ​ដើម្បី​ចូលរួមចំណែក​ផ្តល់​មូលនិធិ បន្ថែម​ដល់​ SMEs​។

​លោក តូច ចៅ​ចេក ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែមីនា​ថា ធនាគារ​របស់លោក​ចូលរួម​ជាមួយ​គម្រោង​ធានា​ឥណ​ទាន​នេះ​មាន​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​រួចទៅហើយ​គិត​ត្រឹម​ដំណាច់ ឆ្នាំ ២០២២​។ លោក​បន្ថែមថា ធនា​គា​រលោក​នឹងមាន​គម្រោង​ក្នុងការ​ពង្រីក​ឱ្យបាន​ប្រមាណ​ពី​ ៥ ​ទៅ​ ១០​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​។​

​លោក​បាន​ថ្លែងថា​៖ «​ជាការ​ពិត ណាស់ តាមរយៈ​គម្រោង CGCC នេះ​គឺជា​គម្រោង​មួយ​ល្អ​សម្រាប់ SMEs ទាំងឡាយ​ដែល​ពួកគាត់​គ្មាន​ទ្រព្យ​ដាក់​ធានា​គឺអាច​ស្នើសុំ​ឥណទាន​តាម​គម្រោង​នេះ​គឺ​ពួកគាត់​មានឱកាស​ក្នុងការ​ស្តារ និង​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់​ដោយ​មិន​តម្រូវឱ្យ​មានទ្រព្យ​ធានា​ទេ​»​។​

«​សម្រាប់​ឆ្នាំ​ ២០២៣ នេះ​យើង​ចង់​ពង្រីក​ឱ្យ​ធំ​ដោយ​យើង​ចង់​ពង្រីក​ទៅ​អាជីវកម្ម​ផ្សេងៗ​ឱ្យបាន​ច្រើន​ដោយ​កាលពីមុន​យើង​ផ្តោត​តែ​ទៅលើ SMEs ធំៗ​ដែលមាន​ទ្រព្យ​ធានា​ដើម្បី​ពង្រីក​អាជីវកម្ម​របស់គាត់ ហើយ​ឥឡូវនេះ​សម្រាប់ SMEs តូចៗ​ដែល​ត្រូវការ​សាច់ប្រាក់​ដើម្បី​ពង្រីក​អាជីវ​កម្ម​របស់​ពួកគាត់​ប៉ុន្តែ​មិនមាន​ទ្រព្យ​ធានា​ក៏បាន​ដែរ​ដោយ​យកតាម CGCC ហេតុ​ដូច្នេះហើយ​បានជា​ធនាគារ​របស់ខ្ញុំ​នឹងធ្វើ​ការពង្រីក​ការផ្តល់​កម្ចី​របស់​យើង​តាមរយៈ​គម្រោង CGCC នេះ​ពី​ ១​ លាន​ដុល្លារ​ ទៅ​ចន្លោះ​ពី​ ៥​ ទៅ​ ១០​ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣ ​នេះ​» នេះ​បើតាម​លោក ចៅ​ចេក​៕

ដកស្រង់ពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣៖ ទឹកប្រាក់​ជាង ​១០០​ លាន​ដុល្លារ​ ត្រូវ​ផ្តល់​ដល់ SME តាម CGCC

វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា

(កោះកុង)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ បាននាំយកអំណោយម‌៉ាស៊ីនផលិតទឹកស្អាត ជូនទៅវិទ្យាល័យកោះស្ដេច ខេត្តកោះកុង ក្រោមការដឹកនាំរបស់លោក Wong Keet Long អគ្គនាយក CGCC ក្រោមអធិបតីរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោក រ៉ូវ រតនៈសម្បត្តិ ប្រធានគណៈកម្មការគ្រប់គ្រងសាលា លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច និងវត្តមានរបស់អាណាព្យាបាល និងសិស្សានុសិស្សរបស់វិទ្យាល័យកោះស្ដេច ប្រមាណ ២០០នាក់។

ម៉ាស៊ីនផលិតទឹកស្អាតរបស់ CGCC នេះ នឹងអាចសម្រួលឱ្យសិស្សានុសិស្ស និងសហគមន៍ នៃកោះស្ដេច មានទឹកស្អាតប្រើប្រាស់ ដោយកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិចនៅលើកោះស្ដេច។ ម៉ាស៊ីនផលិតទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតសម្រាប់កោះទាំងមូល ថែមទាំងអាចជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងបង្កើនសុខមាលភាពរបស់ប្រជាជននៃកោះស្ដេចផងដែរ។

លោក Wong Keet Loong អគ្គនាយក CGCC បានមានប្រសាសន៍ថា «នៅពេលដែលខ្ញុំបានឮពីសំណើនៃកម្មវិធីសប្បុរសធម៌នេះ ពីក្រុមការងាររបស់ខ្ញុំ អំពីតម្រូវការទឹកស្អាតសម្រាប់សិស្សានុសិស្ស និងសហគមន៍កោះស្តេច ខ្ញុំគិតថាវាជាអ្វីដែល CGCC អាចចូលរួមចំណែកក្នុងការជួយសហគមន៍នេះបាន ហើយថ្ងៃនេះ ពួកយើងបានធ្វើឱ្យការគិតរបស់យើងបានក្លាយជាការពិត តាមរយៈការឧបត្ថម្ភម៉ាស៊ីនផលិតទឹកស្អាត ជូនទៅកាន់វិទ្យាល័យកោះស្ដេច សម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ និងប្រជាជននៃកោះស្ដេចទាំងមូលផងដែរ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានពីការប្រើប្រាស់ដបទឹកផ្លាស្ទិច»។

លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច ក៏បានសម្ដែងការថ្លែងអំណរអរគុណ និងបង្ហាញពីអារម្មណ៍រីករាយយ៉ាងក្រៃលែង ដែល CGCC បានផ្ដល់ម៉ាស៊ីនផលិតទឹកស្អាត ដល់សាលារៀន ដែលអាចឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាជនកោះស្ដេចទាំងមូល អាចប្រើប្រាស់បាន។ ម៉ាស៊ីនផលិតទឹកស្អាតនេះពិតជាផ្ដល់ប្រយោជន៍យ៉ាងច្រើនមិនត្រឹមតែសាលារៀនកោះស្ដេចនោះទេ តែសហគមន៍កោះស្ដេចទាំងមូលផងដែរ។

លោក សាយ ហេង មេឃុំកោះស្ដេច ក៏បានថ្លែងអំណរអរគុណ និងបង្ហាញពីអារម្មណ៍រីករាយដូចគ្នា ពីព្រោះម៉ាស៊ីនផលិតទឹកស្អាតនេះ អាចជួយសម្រួលដល់សាលារៀនកោះស្ដេច និងសហគមន៍កោះស្ដេច ក្នុងការកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិច និងការបំពុលបរិស្ថាន ដើម្បីឱ្យបរិស្ថានកោះស្ដេចប្រែក្លាយជាបរិស្ថានបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកកម្សាន្តនៅកោះស្ដេចឱ្យកាន់តែច្រើន។

តាមរយៈកម្មវិធីប្រគល់ម៉ាស៊ីនផលិតទឹកស្អាតនៅលើកោះស្តេចនេះ ក្រុមការងារ CGCC ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយករង CGCC នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានជួបសម្តែងការគួរសម ជាមួយលោកមេឃុំកោះស្តេច និងលោកនាយកវិទ្យាល័យកោះស្តេច ព្រមទាំងចូលរួមជាមួយនឹងសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច ក្នុងការប្រមូលកាកសំណល់ផ្លាស្ទិច ដើម្បីរួមចំណែកថែរក្សាបរិស្ថាននៃកោះស្ដេចផងដែរ។

CGCC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសម្របសម្រួលយ៉ាងកក់ក្តៅ ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៃកោះស្ដេច មកកាន់ក្រុមការងារ CGCC ក្នុងការសម្រេចបេសកកម្មការងារសង្គមមួយនេះ ប្រកបដោយផ្លែផ្កា។

CGCC ផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

ដកស្រង់ពី Fresh News: វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា

វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា