ភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ – ថ្ងៃនេះ សាជីវកម្មធានាឥណទានកម្ពុជា(CGCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា ជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័ន (BTIC) ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមគម្រោង “កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទៈកញ្ចក់ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ”ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក (GEF) ដែលជាគម្រោងសំខាន់សម្រាប់កម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP) ដែលកំពុងអនុវត្តរបស់អង្គការUNIDO នៅកម្ពុជា។
ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានឯកភាពលើគោលបំណងរួមគ្នាដើម្បីកំណត់ កាលានុវត្តភាពសម្រាប់សកម្មភាពសហការនិងកម្មវិធីនានា ដើម្បីជួយលើកកម្ពស់បច្ចេកវិទ្យាជីវឧស្ម័ន និងជម្រុញការវិនិយោគ តាមរយៈយន្តការ ចែករំលែកហានិភ័យដែលសមស្របនិងដើម្បីទាញផលប្រយោជន៍ពី ការសហការដែលបានកំណត់នេះ ដើម្បីផ្សារភ្ជាប់គម្លាតចំណេះដឹងនៃខ្សែច្រវាក់តម្លៃជីវឧស្ម័នក្នុងចំណោមដៃគូសហការ និងភាគីពាក់ព័ន្ធ។ គំនិតផ្តួចផ្តើមនេះ នឹងគាំទ្រ ក៏ដូចជាបង្កើនលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំរបស់ វិនិយោគិន ឬអ្នកអនុវត្តស្រាវជ្រាវនិងផ្សព្វផ្សាយ។ តាមរយៈការបង្កើនបរិយាកាសអំណោយផលក្នុងការវិនិយោគនេះ វានឹងជំរុញឱ្យវិស័យចញ្ចឹមសត្វ និងឧស្សាហកម្មកែច្នៃកសិផលងាកមកប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំកាន់តែច្រើននិងមាន មាន សក្តានុពលខ្ពស់ ក្នុងការបំប្លែងកាកសំណល់ទៅជាថាមពលអគ្គិសនី ក៏ដូចជាការអនុលោមតាមប្រព័ន្ធជីវសុវត្ថិភាព អនាម័យ និងការការពារបរិស្ថាន (ដូចជាការទប់ស្កាត់ការបំភាយក្លិន និងការបំពុលទឹក)។ កិច្ចសហប្រតិបត្តិការបែបនេះនឹងផ្តល់លទ្ធភាពឱ្យកសិករ សហគមន៍ជនបទ និងកសិធុរកិច្ចធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង និងបង្កើនផលចំណេញពីធុរកិច្ចរបស់ខ្លូនប្រកបដោយប្រសិទ្ធិភាព និងចីរភាព។
តំណាងឱ្យ CGCC លោក Wong Keet Loong ដែលជានាយកប្រតិបត្តិ បានថ្លែងថា “ការចុះ MOU ជាមួយ BTIC គឺជាជំហានឆ្ពោះទៅរកយុទ្ធសាស្រ្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ CGCC ដើម្បីគាំទ្រដល់កំណើននៃវិស័យកសិកម្ម ដែលជាវិស័យអាទិភាពសំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ វិស័យនេះគឺជាប្រភពចម្បងនៃការងារ និងប្រាក់ចំណូលក្នុងស្រុកនៅតាមតំបន់ជនបទ។ ដោយសារវិស័យកសិកម្មគឺជាប្រភពដ៏ធំបំផុតទី 2 នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) វានឹងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងមូសុងបន្តបន្ទាប់ និងសីតុណ្ហភាពកាន់តែខ្ពស់ ដែលនឹងមានផលប៉ះពាល់អវិជ្ជមានលើវិស័យនេះ ដូច្នេះហើយ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺមានសារៈសំខាន់ណាស់សម្រាប់និរន្តរភាពនៃឧស្សាហកម្មកែច្នៃកសិផល និងវិស័យចញ្ចឹមសត្វ”។
លោក Wong បានបន្ថែមទៀតថា “CGCC មានបំណងធ្វើការរួមគ្នាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ(FIs) ផ្សេងទៀត ដែលគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ដែលជាផ្នែកមួយដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ជាមួយនឹងជំនាញបច្ចេកទេស និងការគាំទ្រពី BTIC លើបច្ចេកវិទ្យាជីវឧស្ម័ន CGCC មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ថាមពលស្អាត។ ជាផ្នែកមួយនៃ ESG របស់យើង ការអភិវឌ្ឍន៍ឡជីវឧស្ម័នក្នុងវិស័យកសិកម្មនឹងរួមចំណែកឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួនប្រាំបី (៨ SDG) ឧ. SDG ១ (ពុំមានភាពក្រីក្រ), SDG ២ (គ្រោះអត់ឃ្លានស្នើសូន្យ), SDG 3 (សុខភាពល្អ និងសុខុមាលភាពមាំមួន), SDG 5 (សមភាពយេនឌ័រ), SDG ៧ (ថាមពលស្អាតដែលមានតម្លៃសមរម្យ), SDG ៨ (ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច), SDG ១៣ (សកម្មភាពបរិស្ថាន) និង SDG ១៥ (ជីវិតនៅលើដី)។”
“បន្ថែមពីលើភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយធនាគារពាណិជ្ជកម្ម យើងមានកិត្តិយសដែលមានឱកាសសហការយ៉ាងជិតស្និទ្ធជាមួយ CGCC ដែលជាស្ថាប័នធានាឥណទាននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នសម្រាប់កសិធុរកិច្ច” នេះបើតាមការលើកឡើងរបស់លោក ឡោ លីតួនាយក BTIC។ លោកបានពន្យល់បន្ថែមថា “MOU នេះ នឹងអនុញ្ញាតឱ្យតួអង្គសំខាន់ៗទាំងអស់ រួមទាំង BTIC, CGCC និងដៃគូធនាគាររបស់ខ្លួន ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពជាងមុនលើការងារអាទិភាពសំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ កសិធុរកិច្ចកម្ពុជា ក្នុងការទទួលយកបច្ចេកវិទ្យជីវឧស្ម័ននេះ ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព។ លោកបានបន្តថា៖ «យើងជឿជាក់ថាភាពជាដៃគូនេះនឹងជម្រុញកំណើនរយៈពេលវែងក្នុងវិស័យផលិតកម្មសត្វ និងការកែច្នៃកសិផល តាមរយៈការលើកកម្ពស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ ក៏ដូចជារួមចំណែកដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។
លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងការអភិវឌ្ឍបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគលើគម្រោងជីវឧស្ម័នខ្នាតធំ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំរីករាយដែល CGCC កំពុងបង្ហាញថាវិស័យហិរញ្ញវត្ថុរបស់យើងមានឆន្ទៈ ក្នុងការសិក្សា សម្របខ្លួន និងមានភាពបត់បែនជាងមុន។ ភាព ច្នៃប្រឌិតក្នុងការបង្កើតយន្តការហិរញ្ញប្បទានពិតជាមានសារសំខាន់ណាស់ក្នុងការគាំទ្រ ការងារអភិវឌ្ឍន៍ជាច្រើន។
ភាពច្នៃប្រឌិតនៃយន្តការហិរញ្ញប្បទាននេះ នឹងជម្រុញឱ្យមានការវិនិយោគបន្ថែមទៀតលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំក្នុងកសិធុរកិច្ច ដែលជារបកគំហើញដ៏សំខាន់សម្រាប់អ្នកវិនិយោគក្នុងការទទួលយក និងអនុវត្តបច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងការអនុវត្តអាជីវកម្មរបស់ពួកគេ។ ការវិនិយោគលើថាមពលស្អាតប្រភេទនេះនឹងបង្កើតផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ជាច្រើនដល់អ្នកប្រើប្រាស់ ម្ចាស់កសិដ្ឋាន អ្នកវិនិយោគ និងសង្គម។ អនុស្សរណៈយោគយល់នេះគឺស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធ្វើបច្ចុប្បន្នភាពនៃគោលនយោបាយជីវឧស្ម័នសម្រាប់ឆ្នាំ២០២១-២០៣០ ក៏ដូចជាគោលបំណងជាច្រើនទៀតដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងកម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP) របស់អង្គការ UNIDO ក្នុងការលើកកម្ពស់វិស័យថាមពលប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ។”
ចំណាំ៖
សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) គឺជាសហគ្រាសសាធារណៈ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស.ធ.ក. ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបានការគាំទ្របច្ចេកទេស ពីដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក និងមូលនិធិអភិវឌ្ឍន៍ទុនរបស់អង្គការសហប្រជាជាតិ (UNCDF)។ ស.ធ.ក. បានដាក់ឱ្យដំណើរការនូវគម្រាងធានាឥណទានដំបូង នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.cgcc.com.kh
BTIC Cambodia ជាមជ្ឈមណ្ឌលព័ត៌មាននិងបច្ចេកវិទ្យាជីវឧស្ម័ន ត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការ UNIDO និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ។ មជ្ឈមណ្ឌលនេះត្រូវបានគាំទ្រដោយគម្រោង“កាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទៈកញ្ចក់ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ” នឹង RUA ។ មជ្ឈមណ្ឌលនេះត្រូវបានបើក ដំណើរការជាផ្លូវការនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៦ ក្រោមឱវាទមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.btic-rua.org
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិដែលផ្តោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការជំរុញកំណើនផលិតភាព។ អង្គការ UNIDO ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចទាប ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពមិនស្មើគ្នានៅក្នុងពិភពសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ។ នៅក្នុងខែធ្នូ ឆ្នាំ ២០២២ អង្គការ UNIDO រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា (RGC)បានដាក់ឱ្យដំណើរការកម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP ២០២២-២០២៣) ដែលជាវេទិកាប្រកបដោយភាពច្នៃប្រឌិតសម្រាប់កៀងគរហិរញ្ញប្បទាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយបរិយាបន្ន និងចីរភាព (ISID)។ ដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងគោលដៅអាទិភាពនៃការអភិវឌ្ឍន៍ដែលកំណត់ដោយរដ្ឋាភិបាល PCP ផ្តោតលើសមាសភាគអាទិភាពសំខាន់ពីរគឺ (i) ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិផល និង (ii) ពិពិធកម្មឧស្សាហកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស (SEZs)។ សមាសភាគសំខាន់ទាំងពីរត្រូវបានគាំទ្រដោយសមាសធាតុចំនួនប្រាំរួមមាន គោលនយោបាយនិងស្ថិតិឧស្សាហកម្ម គុណភាពហេដ្ឋារចនាសម្ព័ន្ធ ថាមពលប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចវិលជុំ ការពង្រឹងសិទ្ធិអំណាចស្ត្រី និងឱកាសការងារសម្រាប់យុវជន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.unido.org