CGCC

CGCC ចូលរួមវេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ (Clean Energy Week 2024)

នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ណូ លីដា អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ (Clean Energy Week 2024) ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីមហិច្ឆតា ឆន្ទះ និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្ពោះទៅអនាគតនៃថាមពលប្រកបដោយចីរភាព។

តាមរយៈវេទិកានេះ លោកអគ្គនាយកបានធ្វើបទបង្ហាញអំពីការចូលរួមរបស់ CGCC ពាក់ព័ន្ធនឹងការគាំទ្រដល់វិស័យថាមពលស្អាត តាមរយៈការចាប់ផ្តើមដាក់ឱ្យដំណើរការនូវ គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលជាគម្រោងបង្កើតឡើង ក្រោមកិច្ចសហការផ្តួចផ្តើមរបស់ CGCC និង កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដែលនឹងអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបង្កើតមូលនិធិរួមគ្នាជាមួយ CGCC ដើម្បីផ្តល់ហិរញ្ញប្បទានចម្រុះសម្រាប់ការវិនិយោគវិស័យបៃតងដែលមានការធានាពីCGCC ក្នុងលក្ខខណ្ឌអនុគ្រោះ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ស្របពេលជាមួយគ្នានេះផងដែរ លោកអគ្គនាយកក៏បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៃកិច្ចពិភាក្សាលើប្រធានបទ “Financing the Transition” ដែលផ្តោតលើការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ លើយុទ្ធសាស្ត្រហិរញ្ញវត្ថុដែលចាំបាច់ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាតរបស់ប្រទេសកម្ពុជា  និងបានចែករំលែកពីតួនាទី និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការចម្រុះ ពីស្ថាប័នពាក់ព័ន្ធ រួមមានរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ រួមជាមួយការធានាលើឥណទានរបស់ CGCC ដែលផ្តល់ក្នុងវិស័យនេះ។

គួរបញ្ជាក់ផងដែរថា វេទិកាសប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងអង្គការ Energy Lab ក្រោមកិច្ចសហការជាមួយក្រសួងរ៉ែ និងថាមពល និងគាំទ្រដោយ UNDP និងកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (ហៅកាត់ថា កម្មវិធី CAPRED) ដែលត្រូវបានចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

CGCC ចូលរួមក្នុងសន្និសីទរបស់ ACSIC លើកទី៣៦ នៅប្រទេសនេប៉ាល់

នៅថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ CGCC ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ CGCC បានចូលរួមសន្និសីទ Asian Credit Supplementation Institution Confederation (ACSIC) លើកទី៣៦ នៅរដ្ឋធានី Kathmandu នៃប្រទេសនេប៉ាល់ ដែលត្រូវបានរៀបចំដោយ Deposit and Credit Guarantee Fund of Nepal ក្រោមប្រធានបទ “Financing Innovations for Economic Growth”។

តាមរយៈសន្និសីទនេះ​ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ ត្រូវបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្រោយពីទទួលបានការប្រកាសជាផ្លូវការនូវការក្លាយជាសមាជិក ACSIC ចាប់ពីឆ្នាំ២០២៤ តទៅ ដោយបានថ្លែងអំណរគុណដល់សមាជិក ACSIC ទាំងអស់ដែលបានគាំទ្រ និងស្វាគមន៍ CGCC ជាសមាជិកផ្លូវការ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបណ្តុះបណ្តាល ACSIC សម្រាប់ឆ្នាំ២០២៦ខាងមុខ។

ជាងនេះទៅទៀត លោក ណូ លីដា អគ្គនាយក CGCC ក៏ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកអំពី គម្រោងធានាឥណទាន និងការធានាលើសញ្ញាបណ្ណរបស់ CGCC ជាពិសេសក្នុងគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការងារអាទិភាពលើគម្រោងហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព។ បន្ថែមពីលើនេះ លោកអគ្គនាយកក៏បានចែករំលែកអំពីកម្មវិធីកសាងសមត្ថភាពរបស់ CGCC ដែលមានគោលដៅគាំទ្រដល់ក្រុមហ៊ុនអាជីវកម្ម, ការចូលរួមនៃយន្តការធានាឥណទានដើម្បីបង្កើនឱកាសការងារ ការដោះស្រាយបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ និងការគិតគូរពីដំណោះស្រាយហិរញ្ញប្បទានប្រកបដោយចីរភាព និងនវានុវត្តន៍ តាមរយៈការរៀនសូត្រពីបទពិសោធន៍ល្អៗពីប្រទេសជាសមាជិក។

នៅក្នុងសន្និសីទនេះ គណៈប្រតិភូមកពីប្រទេសសមាជិក/អ្នកសង្កេតការណ៍មួយចំនួនរបស់ ACSIC បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃគម្រោងធានាឥណទានរៀងៗខ្លួន ក៏ដូចជាមានកិច្ចពិភាក្សាពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗដូចជា យន្តការនវានុវត្តន៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យនៃស្ថាប័នធានាឥណទាន ការប្រើប្រាស់ប្រព័ន្ធឌីជីថល (AI) និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។

សន្និសីទ ACSIC លើកទី៣៦ មានការចូលរួមពីតំណាងសមាជិក ACSIC និងស្ថាប័នពាក់ព័ន្ធដូចជាធនាគារពិភពលោក ធនាគារកណ្តាលរបស់ប្រទេសនេប៉ាល់ ប្រមាណជាង១០០រូប។ គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការចែករំលែកព័ត៌មាន ការប្រឹក្សាយោបល់ និងការកសាងសមត្ថភាពរវាងស្ថាប័នសមាជិក៕

 

CGCC បានចូលរួមក្នុងកម្មវិធី ACSIC Training Program លើកទី៣២ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

នៅថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ CGCC ដឹកនាំដោយលោក ប៊ុត វ៉ាន់នី  ប្រធាននាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាលនៃ CGCC បានចូលរួមកម្មវិធី Asian Credit Supplementation Institution Confederation (ACSIC) Training Program លើកទី៣២ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលសហការរៀបចំដោយ សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC) និងសហព័ន្ធសាជីវកម្មធានាឥណទានជប៉ុន (JFG) ក្រោមប្រធានបទ “Unique Initiatives Based on Recent Economic Situations” និង “Pursuing Sustainability and Best Practices for SMEs through the Credit Supplementation System”។

កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានអញ្ជើញចូលរួមដោយប្រតិភូប្រមាណ​ ៤៣រូប មកពីស្ថាប័នដែលជាសមាជិក និងអ្នកសង្កេតការណ៍នៃ ACSIC (១៦ ស្ថាប័ន មកពី១៣ ប្រទេសផ្សេងគ្នា) រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាពួអាស៊ីនូវែលហ្គីណេ ហ្វីលីពីន ស្រីលង្កា តៃវ៉ាន់ និងថៃ។

កម្មវិធីបណ្តុះបណ្តាលនេះក៏បានផ្តល់ឱកាសដ៏ល្អសម្រាប់ប្រតិភូរបស់ CGCC ក្នុងការពង្រីកបណ្តាញជាមួយស្ថាប័នធានាឥណទានផ្សេងទៀតក្នុងការអភិវឌ្ឍបន្ថែមទៀតសម្រាប់ CGCC  លើសពីនេះទៀត ស្ថាប័នធានាឥណទាន មួយចំនួនក៏បានយល់ព្រមចែករំលែកព័ត៌មានផ្សេងៗរួមទាំងច្បាប់ និងបទប្បញ្ញត្តិរៀងៗខ្លួនមកកាន់ CGCC។ គណៈប្រតិភូរបស់ CGCC ក៏បានរៀនពីរបៀបនៃការរៀបចំកម្មវិធី ACSIC Training Program ដែលជាបទពិសោធន៍ដ៏មានប្រយោជន៍សម្រាប់ CGCC ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធី ACSIC Training Program នេះនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទាន នៅក្នុងទ្វីបអាស៊ី​។

 

ពិធីប្រកាសតែងតាំង និងការផ្ទេរភារកិច្ចរបស់ អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំ “ពិធីប្រកាសតែងតាំង និងការផ្ទេរភារកិច្ចរបស់អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC និងវត្តមានកិត្តិយសរបស់សមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC ដៃគូជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណជាង ១០០រូប នៅសណ្ឋាគារ Oakwood Premier Phnom Penh។

ពិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសម្តែងនូវការថ្លែងអំណរគុណ ជូនចំពោះ លោក Wong Keet Loong ដែលបានចូលរួមបង្កើត និងដឹកនាំ CGCC ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ និងដើម្បីប្រកាសជាផ្លូវការនូវការតែងតាំង និងផ្ទេរភារកិច្ចរបស់អគ្គនាយក CGCC ដោយអនុក្រឹត្យលេខ ៨៧២ អនក្រ.តត តាមរយៈការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តបតាមសំណើដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានតែងតាំង លោក ណូ លីដា  ជាអគ្គនាយក CGCC ដែលលោកគឺជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការចូលរួមរៀបចំគោលនយោបាយបង្កើត CGCC និងបានកាន់តួនាទីជាអគ្គនាយករង ក្នុងរយៈពេល ៤ឆ្នាំ កន្លងមកនេះ និងបានបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាង១០ឆ្នាំ ដែលពោរពេញដោយបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តដឹកនាំ CGCC ឱ្យកាន់តែរីកចម្រើន។

តាមរយៈពិធីនេះ CGCC ក៏បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលជាគម្រោងបង្កើតឡើង ក្រោមកិច្ចសហការផ្តួចផ្តើមរបស់ CGCC និង កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដែលនឹងអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបង្កើតមូលនិធិរួមគ្នាជាមួយ CGCC ដើម្បីផ្តល់ហិរញ្ញប្បទានចម្រុះសម្រាប់ការវិនិយោគវិស័យបៃតងដែលមានការធានាពី CGCC ក្នុងលក្ខខណ្ឌអនុគ្រោះ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការដាក់ឱ្យដំណើរការជាផ្លូវការ នេះមានការចូលរួមជាវត្តមានកិត្តិយស និងជាសក្ខីភាពពីសំណាក់ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល CGCC, លោក Shakeel Ahmad អ្នកតំណាងរងនៃ UNDP និងសហការី និងអគ្គនាយក CGCC។

ឯកឧត្តម រស់ សីលវ៉ា បានថ្លែងចំណាប់អារម្មណ៍នៅក្នុងពិធីនេះថា ៖ “ពិតណាស់ ភាពជោគជ័យ  និងការរីកចម្រើនរបស់ CGCC មកទល់ពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺកើតចេញពីការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ និងឆន្ទៈរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ CGCC ជាពិសេសការគាំទ្រ កិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម  គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងសហគ្រាសខ្នាតតូច និងមធ្យមរបស់យើង”។

លោក Wong Keet Loong បានថ្លែងថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលមានឱកាសដឹកនាំ CGCC តាំងពីការចាប់ផ្តើម រហូតដល់សព្វថ្ងៃ។ CGCC បាន​សម្រេច​បាន​នូវសមិទ្ធផលសំខាន់ៗ​ជា​ច្រើន​ តាមរយៈ​ការ​ក្លាយ​ជា​ស្ថាប័ន​ធានា​ឥណទាន និងធានាលើការបោះផ្សាយសញ្ញាបណ្ណ​ដំបូង​គេ ​ក្នុង​ប្រទេស​កម្ពុជា។ CGCC ​នឹង​បន្ត​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុង​ការ​អភិវឌ្ឍការរីកចម្រើនរបស់​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​”។

លោក ណូ លីដា អគ្គនាយក CGCC បានថ្លែងថា៖ “ខ្ញុំពិតជាមានមហាកិត្តិយសដ៏ធំធេង ដែលទទួលបានការជឿទុកចិត្ត ពីក្រុមប្រឹក្សាភិបាល ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាពិសេស ពីសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានឯកភាពដ៏ខ្ពង់ខ្ពស់បំផុត លើការតែងតាំងរូបខ្ញុំ ជាអគ្គនាយករបស់ CGCC។ ខ្ញុំសូមប្តេជ្ញាថា នឹងខិតខំបំពេញតួនាទីនេះ ឱ្យអស់ពីសមត្ថភាព និងអស់ពីកម្លាំងកាយចិត្ត។ ខ្ញុំនឹងប្រើប្រាស់ នូវរាល់មធ្យោបាយដែលខ្ញុំមាន ដើម្បីដឹកនាំ CGCC ឱ្យកាន់តែរីចកម្រើនបន្ថែមទៀត ដោយផ្អែកលើគុណាធិបតេយ្យ និងគោលការណ៍ ព្រមទាំងប្រកាន់ភ្ជាប់ជានិច្ច នូវការបំពេញការងារ ប្រកបដោយទំនុកចិត្ត, ទំនួលខុសត្រូវ, សាមគ្គីភាព, ចីរភាព, តម្លាភាព ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល។”

CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាលើកដំបូងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ គិតត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាលើឥណទានចំនួន ២.៦៧៨ គណនី ក្នុងទំហំទឹកប្រាក់ប្រមាណ ២២៥ លានដុល្លារ៕

 

ទាញយកសេចក្តីប្រកាសព័ត៌មាន

 

CGCC និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលរបស់CGCC។

MoU រវាង CGCC និង MAFF នឹងអនុញ្ញាតឱ្យភាគីទាំង២ សម្រេចបាននូវគោលដៅរួមគ្នា ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគមន៍កសិកម្មទំនើប លើការអភិវឌ្ឍវិស័យកសិកម្ម និងគាំទ្រ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជាផលវិជ្ជមាន នៅក្នុងវិស័យកសិកម្មនៅកម្ពុជា តាមរយៈការជំរុញឱ្យមានការទទួលបានហិរញ្ញប្បទានផ្លូវការកាន់តែច្រើនជាងមុន។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍​ និងសេចក្តីសោមនស្សរីករាយចំពោះការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋលេខាធិការប្រធានក្រុមប្រឹក្សាភិបាល CGCC  ក៏បានសម្តែងនូវការសាទរចំពោះពិធីចុះហត្ថលេខានេះ ដែលពិតជាមានសារៈសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំងពីរ ក្នុងការរួមដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា (Modern Agricultural Cooperatives) តាមរយៈការបង្កើនផលិតភាព និងប្រសិទ្ធភាព នៃការផលិត ផលិតផលកសិកម្ម និងការប្រើប្រាស់យន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន របស់សហគមន៍កសិកម្មទំនើប ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

វិស័យកសិកម្មត្រូវបានចាត់ទុកថាជាវិស័យអាទិភាព ក្នុងការទទួលបានការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC។ គិតត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៤ នេះ CGCC បានផ្តល់ការធានាលើឥណទានប្រមាណជាង ២.៦០០គណនី ក្នុងទឹកប្រាក់សរុបប្រមាណ ២២៤ លានដុល្លារ។ ក្នុងនោះ ការធានាឥណទានដែលត្រូវបានផ្តល់ជូនវិស័យកសិកម្មមានចំនួន ៨៧គណនី ក្នុងទឹកប្រាក់ប្រមាណ ១៥លានដុល្លារ។

 

CGCC និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តឧត្តរមានជ័យ

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់ សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តឧត្តរមានជ័យ  ក្រោមកិច្ចសហការចូលរួមពី សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដែលក្នុងនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តឧត្តរមានជ័យ ប្រមាណ៧០រូប។

វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ​លោក អ៊ុន សាដេត អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ លោក ណូ លីដា អគ្គនាយករង CGCC លោក ទិត្យ កំរង អ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងព្រមទាំងមានការធ្វើបទបង្ហាញពីលោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC លោកស្រី វង្ស សូវីណា បុគ្គលិកជាន់ខ្ពស់អភិវឌ្ឍន៍ផលិតផល  និងកិច្ចសហប្រតិបត្តិការ នៃ CGCC  អ្នកតំណាងនៃ ធនាគារអេស៊ីលីដា​ និងធនាគារកាណាឌីយ៉ា ផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងជាពិសេសបានយល់ពីការត្រៀមខ្លួនទទួលបានកម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ យល់ដឹងពីរបៀបប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ និងទទួលបានឱកាសអនុវត្តផ្ទាល់ និងទទួលបានមតិយោបល់កែលម្អពីគ្រូបង្គោល/អ្នកជំនាញតាមរយៈក្រុមពិភាក្សា លើប្រធានបទការត្រៀមខ្លួនដើម្បីទទួលបានកម្ចី។

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ប៉ោយប៉ែត និងខេត្តបាត់ដំបង

កាលពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

– នៅខេត្តឧត្តរមានជ័យ រួមមាន ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងធនាគារមេយប៊ែង

– នៅខេត្តបន្ទាយមានជ័យ ប៉ោយប៉ែត រួមមាន ធនាគារកាណាឌីយ៉ា ធនាគារ ABA និងធនាគារព្រីនស៍

– នៅខេត្តបាត់ដំបង រួមមាន ធនាគារហ្វីលីព និងធនាគារ FTB

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យមនេះ គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ក្នុងការស្វែងយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពល និងមានតម្រូវការកម្ចី តែប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា៕

សិក្ខាសាលាផ្សព្វផ្សាយរបស់ CGCC ស្តីពី “កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)”

នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)” នៃគម្រោង CAPFISH-Capture ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងដែលមាន CGCC ជាអ្នកគ្រប់គ្រងគម្រោង ISF នេះ។

សិក្ខាសាលានេះមានការចូលរួមជាអធិបតីភាពពីសំណាក់ លោក ទា គឹមសុទ្ធ  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប, លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  និងមានការចូលរួមជាកិត្តិយសពី លោក ណូ លីដា អគ្គនាយករង CGCC, លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC, លោក ប៉ោង លាងអូន អ្នកសម្របសម្រួលថ្នាក់ជាតិអភិវឌ្ឍន៍វិស័យឯកជននៃអង្គការ UNIDO, រួមទាំងសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងសហការីនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង និងជាពិសេសបណ្តាម្ចាស់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផល នៅក្នុងខេត្តសៀមរាប និងក្នុងតំបន់ ប្រមាណ៧០រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគម្រោង ISF និងគម្រោងធានាឥណទានលើវិស័យជលផលក្រោយប្រមូលផលរបស់ CGCC (PFGS) និងការចែករំលែកពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមលើនីតិវិធីនៃការទទួលបានហិរញ្ញប្បទានក្រោមគម្រោង PFGS ដើម្បីអាចឱ្យម្ចាស់អាជីវកម្មនៅក្នុងវិស័យជលផលក្រោយប្រមូលផលបានស្វែងយល់អំពីនីតិវិធីនៃគម្រោង ISF និងដើម្បីអាចត្រៀមខ្លួនក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ៕

ពិធីចុះហត្ថលេខាលើ MOU រវាងនិយ័តករមូលបត្រកម្ពុជា និងCGCC និងសិក្ខាសាលា ស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា”

នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា” និងសហការរៀបចំសិក្ខាសាលាស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខា​ធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុម-ប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាភិបាល អ.ស.ហ. នៅអគារ អ.ស.ហ.

កម្មវិធីចុះ MoU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា តាមរយៈការគាំទ្រឱ្យក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទទួលបាននូវទុនបន្ថែមតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, សញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព និងសញ្ញាបណ្ណចីរភាពជាដើម ដែលមានការគាំទ្រ និងធានាលទ្ធភាពសងក្នុងករណីក្ស័យធន់ពីបុគ្គលធានាក្នុងស្រុក ក្នុងគោលដៅលើកកម្ពស់ការកៀរគរមូលធនក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធ-ភាព។ ផ្សារភ្ជាប់នឹងកម្មវិធីនេះ ស្ថាប័នទាំងពីរក៏បានសហការរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយ អំពី​លក្ខខណ្ឌដើម្បីទទួលបាននូវការធានាសញ្ញាបណ្ណ និងការធានាដល់សហគ្រាសធុនតូច និងមធ្យម និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាបង្ហាញពីអត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយសញ្ញាបណ្ណដែលមានការធានាផងដែរ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានលើកឡើងថាតាមរយៈ MoU នាថ្ងៃនេះ នឹងអាចទាក់ទាញក្រុមហ៊ុនកាន់តែច្រើន ដែលរួមបញ្ចូលផងដែរទាំងសហគ្រាសធុនតូច និងមធ្យមក្នុងការស្វែងរកហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ហើយក៏នឹងផ្តល់អត្ថប្រយោជន៍បន្ថែមសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់មូលបត្រ ហើយត្រូវការស្វែងរកប្រភពហិរញ្ញប្បទានបន្ថែមក្នុងទម្រង់ជាការបោះផ្សាយលក់សញ្ញាបណ្ណ ឬជាលក្ខណៈបំណុលផ្សេងទៀត ដោយក្រុមហ៊ុននឹងអាចមានឱកាសទទួលបាននូវការធានាឥណទានមួយក្នុងអត្រាពិសេស។

ជាមួយគ្នានេះ លោក Wong Keet Loong បានលើកឡើងថា៖  “ក្នុងនាមជាស្ថាប័នធានាលើសញ្ញាបណ្ណដំបូង និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ស.ធ.ក. នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍការរីកចម្រើននៃការបោះផ្សាយសញ្ញាបណ្ណ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ ចំណាត់ថ្នាក់ឥណទាន khAAA របស់ ស.ធ.ក. នឹងបង្កើនចំណាត់ថ្នាក់ឥណទានរបស់អ្នកបោះផ្សាយ ដែលនឹងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិនលើសញ្ញាបណ្ណ។ MoU ជាមួយ ន.ម.ក. គឺជាយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍ និងឆ្ពោះទៅរកការពង្រឹងក្របខណ្ឌមូលបត្រ ដើម្បីលើកកម្ពស់ការបោះផ្សាយសញ្ញាបណ្ណឱ្យបានច្រើនជាងមុន ដើម្បីកៀរគរទុន និងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែច្រើន។

បន្ថែមពីនេះ ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍បន្ថែមថា៖ MoU នេះនឹងអនុញ្ញាតឱ្យភាគីទាំង២ សម្រេចបាននូវគោលដៅរួម ក្នុងការគាំទ្រ ន.ម.ក. លើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ និងគាំទ្រ ស.ធ.ក.  លើការក្លាយជាស្ថាប័នធានាសញ្ញាបណ្ណឈានមុខគេនៅកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជាផលវិជ្ជមាននៅក្នុងទីផ្សារសញ្ញាបណ្ណនៅកម្ពុជា តាមរយៈការជំរុញឱ្យមានការបោះផ្សាយ និងការវិនិយោគលើសញ្ញាបណ្ណកាន់តែច្រើន រួមមាន សញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, និងសញ្ញាបណ្ណចីរភាព ជាដើម។

កម្មវិធីនេះ មានសមាសភាពចូលរួមរួមមាន៖ តំណាងជាន់ខ្ពស់ដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាន និងនិយ័តករក្រោមឱវាទ អ.ស.ហ., ផ្សារមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមសហគ្រិនវ័យក្មេង, សមាគមធនាគារនៅកម្ពុជា, រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក, ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ និងក្រុមហ៊ុនបោះផ្សាយសក្តានុពល, ដៃគូប្រព័ន្ធផ្សព្វផ្សាយ​ និងក្រុមហ៊ុន-ស្ថាប័ន​ពាក់ព័ន្ធដទៃទៀត សរុបចំនួន ១០០ រូប។ ក្នុងកម្មវិធីសិក្ខាសាលា ក៏មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសដែលមានបទពិសោធន៍យូរឆ្នាំមកពី ន.ម.ក. និងស.ធ.ក., ក្រុមហ៊ុន តែលកូថេក ធិកធីឌី, ក្រុម-ហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរឺន ម.ក ផងដែរ។

 

មធ្យោបាយទំនាក់ទំនង៖

ន.ម.ក.

សូមទាក់ទងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ តាមរយៈលេខទូរសព្ទ (៨៥៥) ៩៥ ៧៧៥ ៧៧២​ (ឃី ពុជ្ឈីង) ឬ អ៊ីមែល៖ [email protected]

ស.ធ.ក.

សូមទាក់ទងនាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍអាជីវកម្ម តាមរយៈលេខទូរសព្ទ (៨៥៥) ០៧៨​២២២ ​១៨៦ (សន ឆវីវតី) ឬ អ៊ីមែល៖ [email protected]

 

អំពី ន.ម.ក.

ន.ម.ក. ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន និងអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការមូលបត្រកម្ពុជា។​ ន.ម.ក.មានគេហទំព័រផ្លូវការ (វេបសាយ) www.serc.gov.kh និងគេហទំព័រផ្លូវការ (ហ្វេសប៊ុក) www.facebook.com/serc.gov.kh

 

អំពី ស.ធ.ក.

ស.ធ.ក. គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោ​​យ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេក​ទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់​នូវ​ការ​ធានាឥណទាន​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ស.ធ.ក. បានប្រកាសជាផ្លូវការនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណ​ដំបូង​គេរ​បស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពី ន.ម.ក. និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។ ស.ធ.ក. មានគោលបំណងផ្តល់ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់សាជីវកម្មក្នុងស្រុក នៅក្នុង​ផ្សារ​មូលបត្រកម្ពុជា ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការកៀរគរទុន និង​ដើម្បីអភិវឌ្ឍវិ​ស័យ​មូលបត្រ​នៅប្រទេស​កម្ពុជា។ គេហទំព័រផ្លូវការរបស់ CGCC ៖ www.cgcc.com.kh និងទំព័រហ្វេសប៊ុក ៖ https://www.​​facebook.com/officialcgcc

 

CGCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងរ៉ែ និងថាមពល

នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរ៉ែ និងថាមពល លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងរ៉ែ និងថាមពល ។

លោកអគ្គនាយក CGCC មានក្តីសោមនស្សចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងរ៉ែ និងថាមពល ដែលដឹកនាំដោយ ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិកាក្រសួងរ៉ែ និងថាមពល និងបានជម្រាបជូន អំពីវឌ្ឍនភាពការងាររបស់ CGCC ក្នុងការផ្តល់ការធានាឥណទាននារយៈកាលកន្លងមក ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ CGCC ដែលចាំបាច់ត្រូវការការសហការ និងការគាំទ្រពី រ៉ែ និងថាមពល។

ការជួបពិភាក្សានេះ នឹងផ្តល់ឱកាសដល់ CGCC ក្នុងការពិនិត្យលទ្ធភាពប្រើប្រាស់យន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសខ្នាត តូច និងមធ្យម ដែលស្ថិតក្នុងវិស័យថាមពល មានដូចជា អគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ ប្រេងសាំង និងរ៉ែជាដើម ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល៕