CGCC

CGCC ចាប់ផ្តើមដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC វគ្គទី១ នៃឆ្នាំ២០២៤ ផ្តល់ការបណ្តុះបណ្តាលដល់សហគ្រិន២០រូប

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយនឹងធនាគារ អេស៊ីលីដា បានរៀបចំនូវកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅថា Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី១ នៃឆ្នាំ២០២៤ ស្តីអំពី “គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ” ក្រោមការចូលរួមពីសិក្ខាកាមចំនួន២០រូប ដែលជាម្ចាស់អាជីវកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន៥។

EPIC គឺជាកម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរយៈពេលវែងមួយរបស់ CGCC ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីឆ្នាំ២០២៤តទៅ និងផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ការធានាឥណទាន និងការប្រើប្រាស់កម្ចីប្រកបដោយការប្រសិទ្ធភាព និងការទទួលខុសត្រូវ។

តាមរយៈ EPIC វគ្គទី១ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់លើប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី “គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ” ដែលប្រធានបទនេះផ្តល់ឱ្យសិក្ខាកាមបានស្វែងយល់ពីសារៈសំខាន់នៃផែនការអាជីវកម្ម និងជាពិសេសសម្រាប់ដាក់ស្នើកម្ចីទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញវត្ថុ និងទទួលបានឱកាសអនុវត្តជាក់ស្តែងលើការរៀបចំផែនការអាជីវកម្ម នៅក្នុងថ្នាក់រៀនផ្ទាល់ផងដែរ។ បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបាននូវព័ត៌មានទាក់ទងនឹងយន្តការធានាឥណទានរបស់ CGCC ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ SMEs និងផលិតផលឥណទានដែលមានការធានា និងនីតិវិធីនៃការអនុម័តកម្ចីរបស់ធនាគារ អេស៊ីលីដាផងដែរ។

ការកសាងសមត្ថភាពសហគ្រិនគឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនជាអាទិភាពមួយរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធ ដោយផ្អែកលើស្ថានភាពជាក់ស្តែងតាមរយៈវគ្គបណ្តុះបណ្តាលនីមួយៗ នាពេលបន្តបន្ទាប់ ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលមានឆន្ទៈក្នុងការផ្តល់នូវការអភិវឌ្ឍសមត្ថភាពរយៈពេលវែងជូនដល់សហគ្រាសខ្នាតតូច និងមធ្យម។

សម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវគ្គបណ្តុះបណ្តាលរបស់ EPIC នាវគ្គក្រោយៗ សូមរង់ចាំការចែករំលែកនៅលើទំព័រហ្វេសប៊ុកបស់ CGCC៖ https://www.facebook.com/officialcgcc​៕

CGCC ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)

លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់ ADFIAP នៅថ្ងៃទី១៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) របស់កម្ពុជាជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ មានអ្នកចូលរួមប្រមាណជាង ៤០០នាក់ មកពីបណ្តាប្រទេសចំនួន ៤០ ដែលជាសមាជិករបស់ ADFIAP, តំណាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋ, តំណាងដៃគូអភិវឌ្ឍន៍, តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយផ្តោតលើប្រធានបទ “តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៖ ដំណើរឆ្ពោះទៅអនាគតប្រកបដោយភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព”៕

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និងសហព័ន្ធស្រូវអង្ករកម្ពុជា និងកិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម

នៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើ  អនុស្សរណៈនៃការយោគយល់គ្នារវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសហព័ន្ធស្រូវអង្ករកម្ពុជា និង កិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានជាកិត្តិយសរបស់ក្រុមប្រឹក្សាភិបាលរបស់ CGCC, ថ្នាក់ដឹកនាំ និងសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា, ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និង CGCC សរុបប្រមាណជាង៧០រូប

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាង CGCC និង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) លើគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលសំដៅបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មស្រូវ-អង្កររបស់កម្ពុជា ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជា ស្របតាមគោលនយោបាយអាទិភាពលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​​ន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការគម្រោង REGS ដែលជាគម្រោងធានាឥណទានជាកញ្ចប់មានទំហំសរុប ៣០លានដុល្លារ សម្រាប់ជំហានទី១ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ចូលរួមអនុវត្តគម្រោង REGS នេះ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា, និងធនាគារវីង (ខេមបូឌា)។

ឯកឧត្តម រស់ សីលវ៉ា មានប្រសាសន៍ឱ្យដឹងថា៖ “ការដាក់ចេញនូវគម្រោង REGS ដែលមានទំហំ ៣០លានដុល្លារនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការផលិត និងនាំចេញអង្ករកម្ពុជា តាមរយៈយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដែលមាន CGCC ជាប្រតិបត្តិករ ដោយផ្តល់ការធានារហូតដល់ ៨០% លើកម្ចីអតិបរមារហូតដល់ ៣លានដុល្លារ។ គម្រោង REGS នេះនឹងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ សម្រាប់ការផលិតអង្ករនាំចេញ ដើម្បីគាំទ្រដល់គោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។”

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា ៖ “ពិធីចុះហត្ថលេខា នាថ្ងៃនេះគឺជានិមិត្តរូបថ្មីបន្ថែមទៀត នៃដំណើរការត្រៀមខ្លួនលើកកម្ពស់វិស័យស្រូវអង្ករឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងឯកជន និងឯកជន ជាមួយរាជរដ្ឋាភិបាល។ កញ្ចប់ធានាឥណទានលើវិស័យស្រូវអង្ករដំណាក់កាលទីមួយនាពេលនេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវពង្រីកវិសាលភាពរបស់ខ្លួនក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពីអនុផលនៃការកិនស្រូវទាំងអស់ដល់វិស័យផ្សេងទៀតដូចជាវិស័យវារីវប្បកម្ម ការចិញ្ចឹមសត្វ។ល។ កញ្ចប់ធានានេះក៏ជាកត្តាលីករបន្ថែមទៀតនៃការចូលរួមលើការអនុវត្តនូវគោលនយោបាយផលិតកម្មស្រូវ និងការជំរុញការនាំចេញឱ្យបាន១លានតោនក្នុងមួយឆ្នាំ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ហើយយើងជឿជាក់ថា ផែនការនេះ នឹងសម្រេចបាននៅក្នុងឆ្នាំ ២០២៥ដ៏ខ្លីខាងមុខ។”

លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ថា ៖ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានថ្មី ដែលជាគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលមានទំហំ ៣០លានដុល្លារ ដើម្បីគាំទ្រជាទុនបង្វិល សម្រាប់រោងម៉ាស៊ីនកិនស្រូវ ក្នុងការកិនកែច្នៃស្រូវសម្រាប់ការនាំចេញអង្ករ។ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧ស្ថាប័ន បានប្តេជ្ញាចិត្តក្នុងការផ្តល់កម្ចីដែលមានការធានាពី CGCC សម្រាប់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនសមត្ថភាពក្នុងការនាំចេញអង្ករ។ គម្រោងនេះផ្តល់ជូននូវលក្ខខណ្ឌពិសេស ដូចជាកម្រៃធានាឥណទានទាប វិសាលភាពនៃការធានាខ្ពស់ និងអត្រាការប្រាក់មិនលើសពី១១%។ យើងគាំទ្រនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។ នេះគឺជាជំហានទីមួយនៃគម្រោង ដោយយើងនឹងស្នើបង្កើនទំហំគម្រោង ប្រសិនបើមានតម្រូវការខ្ពស់សម្រាប់ការធានាឥណទាន។” 

គម្រោង REGS របស់ CGCC ត្រូវបានដាក់ឱ្យដំណើរការដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។  ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីន​កិនស្រូវដែលជាសមាជិកសកម្មរបស់ CRF និងដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ទិញស្រូវ កិនកែច្នៃ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស អាចទំនាក់ទំនងទៅកាន់ CRF ដើម្បីទទួលបានការសម្របសម្រួលក្នុងការទទួលបានហិរញ្ញប្បទាននេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម៕

កិច្ចប្រជុំរវាង CGCC, Manulife និង RHB Securities ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅក្នុងសញ្ញាប័ណ្ណដែលមានការធានាដោយ CGCC

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅការិយាល័យរបស់ CGCC លោក Wong Keet Loong អគ្គនាយក CGCC និងគណៈគ្រប់គ្រង និង សហការរី បានទទួលជួបស្វាគមន៍ថ្នាក់ដឹកនាំ និងសហការី នៃក្រុមហ៊ុន Manulife និងក្រុមហ៊ុន RHB Securities ដោយបានពិភាក្សាដើម្បីសិក្សាពីឱកាសក្នុងការវិនិយោគលើសញ្ញាប័ណ្ណដែលមានការធានាដោយ CGCC ។

កិច្ចប្រជុំនេះក៏បានពិភាក្សាផ្លាស់ប្តូរយោបល់រវាងស្ថាប័នទាំងបី ក្នុងការសិក្សាពីកិច្ចសហប្រតិបត្តិការសំដៅគាំទ្រដល់ការបោះផ្សាយសញ្ញាប័ណ្ណដែលមានការធានាពី CGC Cរបស់ក្រុមហ៊ុនក្នុងស្រុក តាមរយៈការវិនិយោគពីក្រុមហ៊ុន/វិនិយោគិន និងជាពិសេសដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាផងដែរ។

CGCC និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តកំពត

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តកំពត ក្រោមកិច្ចសហការចូលរួមពី សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ដែលក្នុងនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តកំពត ប្រមាណ៧០រូប។

វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឧកញ៉ាបណ្ឌិត ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប លោក ណូ លីដា អគ្គនាយករង CGCC លោក ទិត្យ កំរង អ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងព្រមទាំងមានការធ្វើបទបង្ហាញពីអ្នកតំណាងនៃ ធនាគារអេស៊ីលីដា​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងជាពិសេសបានយល់ពីការត្រៀមខ្លួនទទួលបានកម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ យល់ដឹងពីរបៀបប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ និងទទួលបានឱកាសអនុវត្តផ្ទាល់ និងទទួលបានមតិយោបល់កែលម្អពីគ្រូបង្គោល/អ្នកជំនាញតាមរយៈក្រុមពិភាក្សា លើប្រធានបទការត្រៀមខ្លួនដើម្បីទទួលបានកម្ចី។

CGCC សម្ដែងការគួរសម និងពិភាក្សាជាមួយ ថ្នាក់ដឹកនាំ និងសហការីនៃ សមាគមអាជីវកម្មចំនួនបី

កាលពីថ្ងៃទី២៤ ខែមេសា និងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោកណូ លីដា អគ្គនាយករង CGCC បានជួប សម្ដែងការគួរសម និងពិភាក្សាជាមួយ ថ្នាក់ដឹកនាំ និងសហការីនៃ សភាពាណិជ្ជកម្មកម្ពុជាមណ្ឌលខេត្តកំពត-កែប សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាប្រចាំខេត្តកំពត និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តកំពត-កែប។

កិច្ចពិភាក្សារវាង CGCC ជាមួយសមាគមអាជីវកម្មទាំងបី ពិតជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និងសមាគមអាជីវកម្មទាំងបី  ក្នុងការសិក្សាស្វែងយល់អំពីស្ថានភាពអាជីវកម្មនៅក្នុងតំបន់ និងបញ្ហាប្រឈមរបស់សមាជិកសមាគមអាជីវកម្មទាំង៣នេះ ទាក់ទងនឹងការទទួលកម្ចីក្នុងការទ្រទ្រង់ និងពង្រីកអាជីវកម្ម តាមរយៈយន្តការធានាឥណទានរបស់ CGCC។

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តតាកែវ ខេត្តកែប និងខេត្តកំពត

កាលពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

– នៅខេត្តតាកែវ រួមមាន ធនាគារហ្វីលីព ធនាគារមេយប៊ែង និងធនាគារព្រីនស៍

– នៅខេត្តកែប រួមមាន ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារស្ថាបនា

– នៅខេត្តកំពត រួមមាន ធនាគារស្ថាបនា និងធនាគារកាណាឌីយ៉ា

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យមនេះ គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ក្នុងការស្វែងយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពល និងមានតម្រូវការកម្ចី តែប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា៕

 

កិច្ចប្រជុំបុគ្គលិក CGCC លើកទី១ ប្រចាំឆ្នាំ២០២៤ “ស្តីអំពីវឌ្ឍនភាពប្រចាំត្រីមាសទី១ ២០២៤ និងផែនការការងារសម្រាប់ត្រីមាសទី២ ២០២៤”

នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំបុគ្គលិកប្រចំាត្រីមាស ដើម្បីធ្វើបច្ចុប្បន្នភាព និងបូកសរុបពីសមិទ្ធផលការងារក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤  និងរៀបចំផែនការយុទ្ធសាស្រ្តរបស់នាយកដ្ឋាននីមួយៗ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤។

កិច្ចប្រជុំបុគ្គលិកនេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ CGCC ដែលមិនត្រឹមតែជាវេទិកាដើម្បីធ្វើបទបង្ហាញពីនាយកដ្ឋានពាក់ព័ន្ធទាំងអស់នោះទេ ថែមទាំងជាឱកាសក្នុងការជួបពិភាក្សា ក៏ដូចជាទទួលនូវអនុសាសន៍ពីគណៈគ្រប់គ្រងស្របជាមួយទិសដៅដើម្បីអភិវឌ្ឍ CGCC លើប្រតិបត្តិការការងារ និងចូលរួមចំណែកសម្រេចចក្ខុវិស័យរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។

CGCC ចូលរួមក្នុងកិច្ចប្រជុំសម្រាប់វិនិយោគិននៃកម្មវិធីផ្តួចផ្តើមសហគ្រិនក្នុងកិច្ចការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា

នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសមួយរូប ក្នុងកិច្ចប្រជុំសម្រាប់វិនិយោគិននៃកម្មវិធីផ្តួចផ្តើមសហគ្រិនក្នុងកិច្ចការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយបានចែករំលែកអំពីកិច្ចផ្តួចផ្តើមរបស់ CGCC ក្នុងការសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យឯកជននៅប្រទេសកម្ពុជា តាមរយៈកិច្ចពិភាក្សាបើកចំហរមួយស្តីពី “ទិដ្ឋភាព​នៃ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសក្នុងការបន្ស៊ាំ​នឹង​អាកាសធាតុ”។

តាមរយៈកិច្ចពិភាក្សានេះ លោកអគ្គនាយកបានគូសបញ្ជាក់អំពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជនក្នុងការទទួលបានហិរញ្ញប្បទាន តាមរយៈយន្តការធានាឥណទានរបស់ CGCC សម្រាប់ក្រុមហ៊ុន/អាជីវកម្ម និងជាពិសេសអាជីវកម្មក្នុងវិស័យបៃតង។ លោកក៏បានចែករំលែកអំពី “គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព” របស់ CGCC ដែលជាគំរូហិរញ្ញប្បទានរួមបញ្ចូលគ្នា ដែលទទួលបានការគាំទ្រពី UNDP ដើម្បីបង្កើនសមត្ថភាពនៃការធានាឥណទានរបស់ CGCC សម្រាប់វិស័យបៃតង។

កម្មវិធីកិច្ចប្រជុំសម្រាប់វិនិយោគិនដែលរៀបចំដោយ UNDP នេះ មានគោលបំណងទាញចំណាប់អារម្មណ៍ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងវិស័យឯកជន ជុំវិញដំណោះស្រាយទីផ្សារ និងការវិយោគដែលពឹងផ្អែកលើអាកាសធាតុ និងបង្កើតនូវឱកាសក្នុងការកៀរគរ និងទាញយកទុនសម្រាប់វិស័យឯកជន និងហិរញ្ញប្បទានរួមបញ្ចូលគ្នា សំដៅដល់ការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ និងដើម្បីធ្វើពិពិធកម្មធនធានសម្រាប់ហិរញ្ញប្បទានផ្នែកអាកាសធាតុ តាមរយៈការប្រើប្រាស់ទុនលើឱកាសទីផ្សារដែលមានស្រាប់៕

CGCC និងក្រុមហ៊ុន Royal Group Securities Plc. (RGS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាសញ្ញាប័ណ្ណ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន Royal Group Securities Plc. (RGS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាសញ្ញាប័ណ្ណ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា អមដោយ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា នៅអាគារផ្សារមូលបត្រកម្ពុជា។

CGCC បានប្រកាសនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណដំបូងរបស់កម្ពុជាជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ “ក្របខណ្ឌគោលនយោបាយនៃការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ” និងបានទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក និងចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា “CGCC ត្រូវបានទទួលស្គាល់ដោយ SERC ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្ម  ដែលបានចុះបញ្ជីនៅក្នុង CSX ។ ភាពជាដៃគូនេះជាមួយ RGS នេះនឹងជាឱកាសមួយផ្តល់ឱ្យយើងក្លាយជាផ្នែកមួយនៃរចនាសម្ព័ន្ធនៃសញ្ញាប័ណ្ណរវាងអ្នកបោះផ្សាយ និងវិនិយោគិន។ ការធានាសម្រាប់សញ្ញាប័ណ្ណសាជីវកម្មនឹងបង្កើនចំណាត់ថ្នាក់ឥណទាននៃការបោះផ្សាយសញ្ញាប័ណ្ណ ដែលបន្ថែមទំនុកចិត្តដល់វិនិយោគិន។ CGCC ដែលជាសហគ្រាសសាធារណៈ  ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នឹងគាំទ្រដល់ SERC ក្នុងការអភិវឌ្ឍទីផ្សារទុន ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសខ្នាតធំទទួលបានប្រភពទុនតាមរយៈការបោះផ្សាយសញ្ញាបណ្ណ។ ជាមួយនឹងការធានាលើសញ្ញាប័ណ្ណ យើងសង្ឃឹមថានឹងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសឱ្យមកបណ្តាក់ទុនក្នុងសញ្ញាប័ណ្ណដែលមានការធានា។”

លោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃ RGS មានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសភាពជាដៃគូយុទ្ធសាស្រ្តរបស់យើងជាមួយ CGCC ក្នុងគោលបំណងលើកកម្ពស់ការបង្កើនដើមទុនបំណុលតាមរយៈការធានាលើសញ្ញាប័ណ្ណនៅក្នុងទីផ្សារទុនកម្ពុជា ដោយស្ថាប័នធានាជាសហគ្រាសសាធារណៈ ។ កិច្ចសហប្រតិបត្តិការនេះបង្ហាញនូវ សមិទ្ធផលមួយដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញកំណើន និងជំនឿទុកចិត្តនៅក្នុងវិស័យហិរញ្ញវត្ថុ។ តាមរយៈការប្រើប្រាស់ជំនាញ និងធនធានរបស់យើងជាក្រុមហ៊ុនមូលបត្រដែលមានគ្រឹះយ៉ាងរឹងមាំ RGS នឹងសហការ និងគាំទ្រដល់ CGCC ក្នុងការផ្តល់នូវការធានាដល់អាជីវកម្មក្នុងស្រុករបស់យើង ពង្រឹងការធានាដល់វិនិយោគិន និងបង្កើនទំនុកចិត្តក្នុងការបោះផ្សាយសញ្ញាប័ណ្ណ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក៏នឹងអាចឱ្យយើងផ្តល់ជូននូវលក្ខខណ្ឌអំណោយផលបន្ថែមទៀតដល់អ្នកបោះផ្សាយ សម្រួលដល់លទ្ធភាពទទួលបានដើមទុន និងការលើកកម្ពស់ការចូលរួមកាន់តែច្រើននៅក្នុងទីផ្សារ។ ជាចុងក្រោយ យើងជឿជាក់ថាភាពជាដៃគូនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយផ្តល់នូវបរិយាកាសដ៏រឹងមាំសម្រាប់ការបង្កើតទុន និងការវិនិយោគ។”

ភាពជាដៃគូរវាង CGCC និង RGS នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈការសហការគ្នាក្នុងការចែករំលែកចំណេះដឹង និងធនធានរវាងស្ថាប័នទាំងពីរ ដើម្បីបង្កើតការធានាលើសញ្ញាប័ណ្ណដែលគាំទ្រដល់អ្នកបោះផ្សាយ ក្នុងការបង្កើនទុននៅក្នុងទីផ្សារ ទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើសញ្ញាប័ណ្ណ និងបង្កើនភាពងាយស្រួលដល់សាច់ប្រាក់របស់ទីផ្សារសញ្ញាប័ណ្ណ។

 

អំពី CGCC

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

 

អំពី RGS

Royal Group Securities Plc. (RGS) គឺជាក្រុមហ៊ុនមូលបត្រដែលមានអាជ្ញាប័ណ្ណពេញលេញ ក្រោមការគ្រប់គ្រងរបស់និយតករមូលបត្រកម្ពុជា។ RGS ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈជាច្រើន រួមទាំងការបង្កើនដើមទុន ការត្រួតពិនិត្យ និងរៀបចំរចនាសម្ព័ន្ធដើមទុន ការជួញដូរភាគហ៊ុន ការវិនិយោគភាគហ៊ុនអន្តរជាតិ ការវាយតម្លៃភាគហ៊ុន ការវិនិយោគរួមគ្នា និងហិរញ្ញវត្ថុ និងច្រើនទៀត។ RGS គឺជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់ និងជាអ្នកធានាទិញមូលបត្របំណុលទាំងអស់ដែលបានចេញក្នុងឆ្នាំ២០២៣ ហើយបានចុះបញ្ជីជាបន្តបន្ទាប់នៅលើទីផ្សារមូលបត្រកម្ពុជា។ នៅឆមាសទីពីរ នៃឆ្នាំ២០២៣ ក្រុមហ៊ុនបានរៃកៀរគរទុនបានជាង១០០ លានដុល្លារសម្រាប់អាជីវកម្មក្នុងស្រុកតាមរយៈ IPO មូលបត្របំណុល និងប្រាក់កម្ចី។