សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន

នៅថ្ងៃសុក្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចទទួលបានសេវាធានាឥណទានពី CGCC សម្រាប់គម្រោងដែលធនាគារ ARDB កំពុងអនុវត្ត និងត្រៀមនឹងអនុវត្តនាថ្ងៃអនាគត។ សេវាធានាឥណទាននេះនឹងផ្តល់លទ្ធភាពដល់ធនាគារក្នុងការបញ្ចេញឥណទានបានច្រើនជាងមុនជូនអតិថិជនដែលមានស្ថានភាពអាជីវកម្មល្អ ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់ ដូច្នេះយន្តការនេះជាកតាលីករក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។

CGCC ចូលរួមវេទិកាសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ២០២៤ និងចូលសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Jamkrindo

នៅថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គណៈប្រតិភូ CGCC រួមមាន លោក ណូ លីដា អគ្គនាយករង និងលោកស្រី វង្ស សូវីណា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍផលិតផល បានចូលរួមវេទិកាសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ២០២៤ ក្រោមប្រធានបទ “Financial Companies; Pivotal Enablers and Executers of Sustainable Finance in ASEAN”។

ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ CGCC ក៏បានចូលសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Ivan Soeparno, សមាជិកក្រុមប្រឹក្សាភិបាល និងប្រធាននាយកដ្ឋានធនធានមនុស្ស គ្រប់គ្រងទូទៅ និងហានិភ័យ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Jamkrindo ដែលជាសាជីវកម្មធានាឥណទានរបស់រដ្ឋ ក្នុងប្រទេសឥណ្ឌូនេស៊ី និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន PT Bahana Pembinaan Usaha Indonesia (Indonesia Financial Group)។ កិច្ចប្រជុំនេះបានផ្តល់ឱកាសដល់ គណៈប្រតិភូ CGCC និងអ្នកចូលរួមផ្សេងទៀត ក្នុងការសិក្សាស្វែងយល់ពីបទពិសោធន៏ ឧត្តមានុវត្តល្អ និងយន្តការនៃការធានាឥណទានថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការធានាឥណទានរបស់ CGCC ។

CGCC ចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីស្នាមញញឹមកុមារកម្ពុជា និងបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

ក្រោមគំនិតផ្តួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក​​ Wong Keet Loong អគ្គនាយក CGCC ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ CGCC បានចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីស្នាមញញឹមកុមារកម្ពុជា និងបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យដែលព្យាបាលកុមារ ប្រកបដោយគុណភាព ដើម្បីសង្រ្គោះជីវិតកុមារទាំងអស់នៅកម្ពុជា ដោយមិនគិតថ្លៃ។ ការបរិច្ចាគ ១ម៉ឺនរៀល របស់អ្នកទាំងអស់គ្នានឹងអាចបន្ត នូវនិរន្តរភាពរបស់មន្ទីរពេទ្យក្នុងការពិនិត្យ និងព្យាបាលសម្រាប់កុមារគ្រប់រូប។ ចូលរួមបរិច្ចាគថ្ងៃនេះ ដើម្បីអនាគតកុមារកម្ពុជា! លោកអ្នកអាចចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈការស្កែន QR Code ដែលមានក្នុងរូបភាព។

កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការដោយអង្គការ UNIDO រដ្ឋបាលជលផល និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤  សាជីវកម្មធានាឥណទានកម្ពុជា (CGCC)  រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឲ្យដំណើរការកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU) ដែលមានគោលដៅជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា ឱ្យមានភាពប្រកួតប្រជែង និងមានគុណតម្លៃបន្ថែម តាមរយៈការររួមបញ្ចូលនូវមូលនិធិគម្រោង កម្ចីដែលមានការធានាតាមរយៈគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផលរបស់ CGCC និងសហវិនិយោគផ្ទាល់ពីសហគ្រាស ប្រកបដោយបរិយាបន្ន និងចីរភាព។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក៏ដូចជាគណៈអធិបតីអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិប្រហែល ១០០រូបផងដែរ។

កម្មវិធី ISF មានគោលដៅគាំទ្រសហគ្រាសជលផលក្រោយប្រមូលផល និងដៃគូអាជីវកម្មបង្កើនផលិតភាពផលិតកម្ម ការអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងលើកកម្ពស់គុណភាពផលិតផលដើម្បីឈានចូលទីផ្សារថ្មី។

សេចក្ដីប្រកាសព័ត៌មានពីកម្មវិធី៖ https://shorturl.at/dfbMl

ស្វែងយល់បន្ថែមពីគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) របស់គម្រោង ISF: https://shorturl.at/PINko

CGCC ចូលរួមសិក្ខាសាលា ស្តីអំពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” រៀបចំដោយក្រសួងពាណិជ្ជកម្ម

នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការីចូលរួមសិក្ខាសាលា ស្តីអំពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

តាមរយៈសិក្ខាសាលានេះ លោកអគ្គនាយក CGCC បានធ្វើបទបង្ហាញអំពីការចូលរួមរបស់ CGCC ពាក់ព័ន្ធនឹងយន្តការធានាឥណទាន ដើម្បីសម្រួលការទទួលបានហិរញ្ញប្បទាន និងការគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម ដែលលោកបានគូសបញ្ជាក់អំពីគម្រោងធានាឥណទាន និងកម្មវិធីកសាងសមត្ថភាសហគ្រិននានា ដែលសំដៅដល់ការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិនរយៈពេលវែង។

សិក្ខាសាលានេះ គឺជាសកម្មភាពឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ការប្រតិបត្តិការតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

CGCC ចាប់ផ្តើមដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC វគ្គទី១ នៃឆ្នាំ២០២៤ ផ្តល់ការបណ្តុះបណ្តាលដល់សហគ្រិន២០រូប

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយនឹងធនាគារ អេស៊ីលីដា បានរៀបចំនូវកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅថា Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី១ នៃឆ្នាំ២០២៤ ស្តីអំពី “គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ” ក្រោមការចូលរួមពីសិក្ខាកាមចំនួន២០រូប ដែលជាម្ចាស់អាជីវកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន៥។

EPIC គឺជាកម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរយៈពេលវែងមួយរបស់ CGCC ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីឆ្នាំ២០២៤តទៅ និងផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ការធានាឥណទាន និងការប្រើប្រាស់កម្ចីប្រកបដោយការប្រសិទ្ធភាព និងការទទួលខុសត្រូវ។

តាមរយៈ EPIC វគ្គទី១ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់លើប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី “គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ” ដែលប្រធានបទនេះផ្តល់ឱ្យសិក្ខាកាមបានស្វែងយល់ពីសារៈសំខាន់នៃផែនការអាជីវកម្ម និងជាពិសេសសម្រាប់ដាក់ស្នើកម្ចីទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញវត្ថុ និងទទួលបានឱកាសអនុវត្តជាក់ស្តែងលើការរៀបចំផែនការអាជីវកម្ម នៅក្នុងថ្នាក់រៀនផ្ទាល់ផងដែរ។ បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបាននូវព័ត៌មានទាក់ទងនឹងយន្តការធានាឥណទានរបស់ CGCC ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ SMEs និងផលិតផលឥណទានដែលមានការធានា និងនីតិវិធីនៃការអនុម័តកម្ចីរបស់ធនាគារ អេស៊ីលីដាផងដែរ។

ការកសាងសមត្ថភាពសហគ្រិនគឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនជាអាទិភាពមួយរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធ ដោយផ្អែកលើស្ថានភាពជាក់ស្តែងតាមរយៈវគ្គបណ្តុះបណ្តាលនីមួយៗ នាពេលបន្តបន្ទាប់ ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលមានឆន្ទៈក្នុងការផ្តល់នូវការអភិវឌ្ឍសមត្ថភាពរយៈពេលវែងជូនដល់សហគ្រាសខ្នាតតូច និងមធ្យម។

សម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវគ្គបណ្តុះបណ្តាលរបស់ EPIC នាវគ្គក្រោយៗ សូមរង់ចាំការចែករំលែកនៅលើទំព័រហ្វេសប៊ុកបស់ CGCC៖ https://www.facebook.com/officialcgcc​៕

CGCC ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)

លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់ ADFIAP នៅថ្ងៃទី១៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) របស់កម្ពុជាជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ មានអ្នកចូលរួមប្រមាណជាង ៤០០នាក់ មកពីបណ្តាប្រទេសចំនួន ៤០ ដែលជាសមាជិករបស់ ADFIAP, តំណាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋ, តំណាងដៃគូអភិវឌ្ឍន៍, តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយផ្តោតលើប្រធានបទ “តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៖ ដំណើរឆ្ពោះទៅអនាគតប្រកបដោយភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព”៕

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និងសហព័ន្ធស្រូវអង្ករកម្ពុជា និងកិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម

នៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើ  អនុស្សរណៈនៃការយោគយល់គ្នារវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសហព័ន្ធស្រូវអង្ករកម្ពុជា និង កិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានជាកិត្តិយសរបស់ក្រុមប្រឹក្សាភិបាលរបស់ CGCC, ថ្នាក់ដឹកនាំ និងសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា, ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និង CGCC សរុបប្រមាណជាង៧០រូប

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាង CGCC និង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) លើគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលសំដៅបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មស្រូវ-អង្កររបស់កម្ពុជា ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជា ស្របតាមគោលនយោបាយអាទិភាពលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​​ន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការគម្រោង REGS ដែលជាគម្រោងធានាឥណទានជាកញ្ចប់មានទំហំសរុប ៣០លានដុល្លារ សម្រាប់ជំហានទី១ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ចូលរួមអនុវត្តគម្រោង REGS នេះ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា, និងធនាគារវីង (ខេមបូឌា)។

ឯកឧត្តម រស់ សីលវ៉ា មានប្រសាសន៍ឱ្យដឹងថា៖ “ការដាក់ចេញនូវគម្រោង REGS ដែលមានទំហំ ៣០លានដុល្លារនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការផលិត និងនាំចេញអង្ករកម្ពុជា តាមរយៈយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដែលមាន CGCC ជាប្រតិបត្តិករ ដោយផ្តល់ការធានារហូតដល់ ៨០% លើកម្ចីអតិបរមារហូតដល់ ៣លានដុល្លារ។ គម្រោង REGS នេះនឹងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ សម្រាប់ការផលិតអង្ករនាំចេញ ដើម្បីគាំទ្រដល់គោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។”

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា ៖ “ពិធីចុះហត្ថលេខា នាថ្ងៃនេះគឺជានិមិត្តរូបថ្មីបន្ថែមទៀត នៃដំណើរការត្រៀមខ្លួនលើកកម្ពស់វិស័យស្រូវអង្ករឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងឯកជន និងឯកជន ជាមួយរាជរដ្ឋាភិបាល។ កញ្ចប់ធានាឥណទានលើវិស័យស្រូវអង្ករដំណាក់កាលទីមួយនាពេលនេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវពង្រីកវិសាលភាពរបស់ខ្លួនក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពីអនុផលនៃការកិនស្រូវទាំងអស់ដល់វិស័យផ្សេងទៀតដូចជាវិស័យវារីវប្បកម្ម ការចិញ្ចឹមសត្វ។ល។ កញ្ចប់ធានានេះក៏ជាកត្តាលីករបន្ថែមទៀតនៃការចូលរួមលើការអនុវត្តនូវគោលនយោបាយផលិតកម្មស្រូវ និងការជំរុញការនាំចេញឱ្យបាន១លានតោនក្នុងមួយឆ្នាំ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ហើយយើងជឿជាក់ថា ផែនការនេះ នឹងសម្រេចបាននៅក្នុងឆ្នាំ ២០២៥ដ៏ខ្លីខាងមុខ។”

លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ថា ៖ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានថ្មី ដែលជាគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលមានទំហំ ៣០លានដុល្លារ ដើម្បីគាំទ្រជាទុនបង្វិល សម្រាប់រោងម៉ាស៊ីនកិនស្រូវ ក្នុងការកិនកែច្នៃស្រូវសម្រាប់ការនាំចេញអង្ករ។ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧ស្ថាប័ន បានប្តេជ្ញាចិត្តក្នុងការផ្តល់កម្ចីដែលមានការធានាពី CGCC សម្រាប់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនសមត្ថភាពក្នុងការនាំចេញអង្ករ។ គម្រោងនេះផ្តល់ជូននូវលក្ខខណ្ឌពិសេស ដូចជាកម្រៃធានាឥណទានទាប វិសាលភាពនៃការធានាខ្ពស់ និងអត្រាការប្រាក់មិនលើសពី១១%។ យើងគាំទ្រនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។ នេះគឺជាជំហានទីមួយនៃគម្រោង ដោយយើងនឹងស្នើបង្កើនទំហំគម្រោង ប្រសិនបើមានតម្រូវការខ្ពស់សម្រាប់ការធានាឥណទាន។” 

គម្រោង REGS របស់ CGCC ត្រូវបានដាក់ឱ្យដំណើរការដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។  ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីន​កិនស្រូវដែលជាសមាជិកសកម្មរបស់ CRF និងដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ទិញស្រូវ កិនកែច្នៃ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស អាចទំនាក់ទំនងទៅកាន់ CRF ដើម្បីទទួលបានការសម្របសម្រួលក្នុងការទទួលបានហិរញ្ញប្បទាននេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម៕

កិច្ចប្រជុំរវាង CGCC, Manulife និង RHB Securities ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅក្នុងសញ្ញាប័ណ្ណដែលមានការធានាដោយ CGCC

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅការិយាល័យរបស់ CGCC លោក Wong Keet Loong អគ្គនាយក CGCC និងគណៈគ្រប់គ្រង និង សហការរី បានទទួលជួបស្វាគមន៍ថ្នាក់ដឹកនាំ និងសហការី នៃក្រុមហ៊ុន Manulife និងក្រុមហ៊ុន RHB Securities ដោយបានពិភាក្សាដើម្បីសិក្សាពីឱកាសក្នុងការវិនិយោគលើសញ្ញាប័ណ្ណដែលមានការធានាដោយ CGCC ។

កិច្ចប្រជុំនេះក៏បានពិភាក្សាផ្លាស់ប្តូរយោបល់រវាងស្ថាប័នទាំងបី ក្នុងការសិក្សាពីកិច្ចសហប្រតិបត្តិការសំដៅគាំទ្រដល់ការបោះផ្សាយសញ្ញាប័ណ្ណដែលមានការធានាពី CGC Cរបស់ក្រុមហ៊ុនក្នុងស្រុក តាមរយៈការវិនិយោគពីក្រុមហ៊ុន/វិនិយោគិន និងជាពិសេសដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាផងដែរ។

CGCC និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តកំពត

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តកំពត ក្រោមកិច្ចសហការចូលរួមពី សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ដែលក្នុងនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តកំពត ប្រមាណ៧០រូប។

វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឧកញ៉ាបណ្ឌិត ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប លោក ណូ លីដា អគ្គនាយករង CGCC លោក ទិត្យ កំរង អ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងព្រមទាំងមានការធ្វើបទបង្ហាញពីអ្នកតំណាងនៃ ធនាគារអេស៊ីលីដា​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងជាពិសេសបានយល់ពីការត្រៀមខ្លួនទទួលបានកម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ យល់ដឹងពីរបៀបប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ និងទទួលបានឱកាសអនុវត្តផ្ទាល់ និងទទួលបានមតិយោបល់កែលម្អពីគ្រូបង្គោល/អ្នកជំនាញតាមរយៈក្រុមពិភាក្សា លើប្រធានបទការត្រៀមខ្លួនដើម្បីទទួលបានកម្ចី។