នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាជីវកម្មធានាឥណទានថៃ (TCG) ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាង CGCC និង TCG លើការអភិវឌ្ឍយន្តការធានាឥណទាន តាមរយៈការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង ជំនួយបច្ចេកទេស និងការប្រឹក្សាយោបល់គ្នាទៅវិញទៅមក។
Category: ព្រឹត្តិការណ៍ និងសកម្មភាព
កិច្ចប្រជុំរវាង CGCC, ADB និង GGGI ដើម្បីពិភាក្សាលើលទ្ធភាពសហប្រតិបត្តិការដើម្បីហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព
នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅការិយាល័យ CGCC លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំក្រុមការងារ CGCC ជួបជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង Global Green Growth Institute (GGGI) ដើម្បីពិភាក្សាលើគម្រោង Switch Garment របស់ GGGI ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តថាមពលប្រកបដោយចីរភាព នៅក្នុងវិស័យកាត់ដេរកម្ពុជា។
តាមរយៈកិច្ចប្រជុំនេះផងដែរ ស្ថាប័នទាំងបី បានចូលរួមចែករំលែក និងផ្លាស់ប្តូរទស្សនៈយោបល់នានា ដើម្បីស្វែងរកលទ្ធភាពកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលរួមមាន ហិរញ្ញប្បទានក្នុងលក្ខខណ្ឌអនុគ្រោះ ការធានាឥណទាន និងជំនួយបច្ចេកទេស ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)៕
ជំនួបសម្តែងការគួរសមរបស់ CGCC ជាមួយធនាគារកសិកន នៅប្រទេសថៃ
នៅថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដឹកនាំគណៈប្រតិភូ CGCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suwat Techawatanawana អគ្គនាយកប្រតិបត្តិរងធនាគារកសិកនប្រទេសថៃ នៅការិយាល័យរបស់ធនាគារកសិកនប្រទេសថៃ ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងរបស់ធនាគារកសិកនប្រទេសថៃ និងសាខាធនាគារកសិកន (ភ្នំពេញ) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្ស ចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់លោកអគ្គនាយកប្រតិបត្តិរងរបស់ធនាគារកសិកនប្រទេសថៃ និងបានពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ជុំវិញស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាង CGCC និង សាខាធនាគារកសិកន (ភ្នំពេញ) ដែលជាសាខារបស់ ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ដែលទើបនឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC នាពេលថ្មីៗនេះ។
ជាកិច្ចឆ្លើយតប លោកអគ្គនាយកប្រតិបត្តិរងរបស់ធនាគារកសិកនប្រទេសថៃ បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណដល់វត្តមានរបស់គណៈប្រតិភូរបស់ CGCC និង បានចែករំលែកអំពីវឌ្ឍនភាពនៃធនាគារកសិកន រួមទាំង បទពិសោធន៍នៃការផ្តល់កម្ចី ដែលមានការធានាពីសាជីវកម្មធានាឥណទានថៃ នៅក្នុងប្រទេសថៃជាដើម។
ជំនួបសម្តែងការគួរសមនេះ ពិតជាឱកាសដ៏មានតម្លៃសម្រាប់ទាំង CGCC និងធនាគារកសិកន បានសិក្សាស្វែងយល់ពីស្ថានភាពនៃវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងជាពិសេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៕
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនផលិតភាពការងារ និងថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការនៃការធានាឥណទាន CGCC បានរៀបចំកម្មវិធីវិបស្សនា អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី “Action Leadership for Growth” ព្រមទាំងសកម្មភាពរឹតចំណងសាមគ្គីក្រុមការងារ (Team Building) ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប ពីថ្ងៃទី៩ ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរយៈកម្មវិធីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC មានឱកាសបានស្វែងយល់ពីគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរបទពិសោធន៍ការងារ ក៍ដូចជាបានជួយបង្កើននូវសមត្ថភាព និងចំណេះដឹងបន្ថែមអំពីគោលគំនិតនិងការអនុវត្តស្តីពីភាពជាអ្នកដឹកនាំសម្រាប់ការអភិវឌ្ឍ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រុមការងារ ក៍ដូចជារួមចំណែកដល់ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ CGCC ស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាផងដែរ៕
CGCC ចូលរួមក្នុង “ទិវាសហគ្រិនស្រ្ដីកម្ពុជា” ចែករំលែកពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគ្រិនស្ត្រី តាមរយៈការធានាឥណទាន
នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ណូ លីដា អគ្គនាយករង CGCC បានដឹកនាំក្រុមការងាររបស់ CGCC ចូលរួមក្នុង “ទិវាសហគ្រិនស្រ្ដីកម្ពុជា” ដែលត្រូវបានរៀបចំដោយសមាគមន៍សហគ្រិនស្រ្តីកម្ពុជា ក្រោមប្រធានបទស្តីពី “បញ្ហាប្រឈមរបស់សហគ្រិនស្រ្ដីលើកាតព្វកិច្ចបង់ពន្ធ និងទស្សនៈវិស័យនាពេលអនាគត”។ ទិវាដ៏មានអត្ថន័យនេះ មានអ្នកចូលរួមជាង១៥០នាក់ មកពីស្ថាប័នពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍នានាផងដែរ។
នៅក្នុងវេទិកានេះ លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផលរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សា ស្តីពី “ការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគ្រិនស្ត្រី ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល”។ ក្នុងកិច្ចពិភាក្សានេះ លោកស្រី សាន សុខរីណា បានចែករំលែកពីគម្រោងធានាឥណទានរបស់ CGCC ជាពិសេស គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ក្នុងការគាំទ្រដល់សហគ្រិនស្រ្តី ឱ្យទទួលបានហិរញ្ញប្បទានចាំបាច់ដើម្បីទ្រទ្រង់ និងពង្រីកអាជីវកម្ម ព្រមទាំងគន្លឹះសំខាន់ៗមួយចំនួនក្នុងការគ្រប់គ្រង និងទទួលបានហិរញ្ញប្បទានអាជីវកម្មរបស់សហគ្រិនជាស្ត្រី។
សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ មេយប៊ែង ខេមបូឌា សហការរៀបចំ សិក្ខាសាលាអំពី ‘‘កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២៣” លើកទី២
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ មេយប៊ែង ខេមបូឌា បានរៀបចំ សិក្ខាសាលាអំពី ‘‘កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២៣” លើកទី២ ដែលមានការចូលរួមពីសំណាក់សហគ្រាសធុនតូច និងមធ្យមប្រមាណជាង ១០០នាក់ និងមានការចូលរួមជាពិសេសពីវាគ្មិនកិត្តិយសពីររូប គឺ លោក សំ កុសល និងអ្នកនាង លីម គីមជា ។
កម្មវិធីនេះ ជាការផ្តួចផ្តើមមួយពីកិច្ចសហប្រតិបត្តិការរវាង សាជីវកម្មធានាឥណទានកម្ពុជា ធនាគារមេយប៊ែង BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ក្រោមអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញវិស័យសហគ្រិនភាព និងការធានាឥណទានដល់សហគ្រាសធុនតូច និងមធ្យម។
សិក្ខាសាលាលើកទី២ នេះត្រូវបានរៀបចំក្រោមប្រធានបទចំនួន២ ដែលទាក់ទងនឹងគន្លឹះអាជីវកម្ម ដែលរួមមាន ‘‘ការរៀបចំយុទ្ធសាស្ត្រទីផ្សារ សម្រាប់ការធ្លាក់ចុះនៃទីផ្សារ និងការប្រកួតប្រជែងនៅពេលដែលសេដ្ឋកិច្ចរីកចម្រើន” និង “ការធ្វើអាជីវកម្មតាមរយៈប្រព័ន្ធអនឡាញ នៅកម្ពុជា”។
ស្វែងយល់បន្ថែម: សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តប៉ៃលិន
CGCC ចូលរួមសិក្ខាសាលាអន្តរជាតិឆ្នាំ២០២៣ ដែលស្ដីពី “Enhancing Financial Accessibility of MSMEs”
លោក ណូ លីដា អគ្គនាយករង CGCC បានដឹកនាំក្រុមការងារ CGCC ចូលរួមសិក្ខាសាលាអន្តរជាតិឆ្នាំ២០២៣ ដែលស្ដីពី “Enhancing Financial Accessibility of MSMEs” នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី និងបានធ្វើបទបង្ហាញអំពីគម្រោងធានាឥណទានរបស់ CGCC នៅក្នុងប្រធានបទស្ដីពី “Cambodia’s Credit Guarantee Scheme for Building Reliable Credit Guarantee Infrastructure to Help MSMEs Better Access Financial Services.”។
សិក្ខាសាលាអន្តរជាតិនេះ មានការចូលរួមពីអ្នកតំណាង និងអ្នកសង្កេតការណ៍ជាង ៤៦រូប មកពីស្ថាប័នផ្សេងៗ ចំនួន ១០ប្រទេស រួមមានប្រទេសកម្ពុជា កូរ៉េ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ តាមរយៈសិក្ខាសាលាអន្តរជាតិនេះ តំណាងស្ថាប័នចូលរួមនីមួយៗបានធ្វើបទបង្ហាញ ចែករំលែកអំពីស្ថាប័នរបស់ខ្លួន ជាពិសេសទៅលើច្បាប់ បទប្បញ្ញត្តិ គម្រោង នីតិវិធី និងយន្តការ ពាក់ព័ន្ធនឹងការធានាឥណទាន ជាពិសេសគម្រោងធានាឥណទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហក្រាសខ្នាតមីក្រូ តូច និងមធ្យមនៅក្នុងតំបន់អាស៊ានផងដែរ។
កិច្ចប្រជុំបុគ្គលិក CGCC លើកទី៣ ប្រចាំឆ្នាំ២០២៣ “ស្តីអំពីវឌ្ឍនភាពប្រចាំត្រីមាសទី៣ ២០២៣ និងផែនការការងារសម្រាប់ត្រីមាសទី៤ ២០២៣”
នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំកិច្ចប្រជុំបុគ្គលិក CGCC លើកទី៣ ប្រចាំឆ្នាំ២០២៣ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារក្នុងត្រីមាសទី៣ និងផែនការការងារក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។
កិច្ចប្រជុំបុគ្គលិក CGCC លើកទី៣ ប្រចាំឆ្នាំ២០២៣ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ CGCC និងការចូលរួមជាភ្ញៀវកិត្តិយសរបស់ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC)។ កិច្ចប្រជុំបុគ្គលិក CGCC មិនមែនត្រឹមតែជាវេទិកា ដើម្បីពិនិត្យនិងវាយតម្លៃអំំពីវឌ្ឍនភាពការងាររបស់ CGCC ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការជួបពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយ អំពីស្ថានភាពនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាផងដែរ។
កម្មវិធីសូត្រមន្ដប្រោសព្រំសិរីសួស្តីក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានមូលមតិផ្តួចផ្តើមរៀបចំកម្មវិធីសូត្រមន្ដប្រោសព្រំសិរីសួស្តីក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
យើងខ្ញុំសូមជូនពរជ័យដល់ថ្នាក់ដឹកនាំ និងបុគ្គលិក CGCC និងក្រុមគ្រួសារ ព្រមទាំងស្ថាប័នដៃគូទាំងអស់របស់ CGCC និងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្ដីចម្រើន និងសុខសុវត្ថិភាពក្នុងដំណើរកម្សាន្តគ្រប់ទីកន្លែង។
វគ្គបណ្តុះបណ្តាល ស្តីពី “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ CGCC បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិកទាំងអស់ នៅការិយាល័យកណ្តាលរបស់ CGCC។
CGCC សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងអាចជួយបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែមអំពីវិធីសាស្រ្តនៃការរៀបចំបទបង្ហាញ និងជំនាញនៃការធ្វើបទបង្ហាញជូនដល់បុគ្គលិក ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ ក៏ដូចជាការអភិវឌ្ឍ CGCC ទាំងមូល។