CGCC

ពិធីប្រគល់អំណោយឧបត្ថម្ភលើគ្រឿងបម្លាស់សម្រាប់ប្រព័ន្ធចម្រោះទឹកពិសារ និងកម្មវិធីតម្រង់ទិសចែករំលែកជំនាញសិក្សាពី CGCC ជូនទៅសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានសេចក្ដីសោមនស្សរីករាយក្នុងការធ្វើដំណើរជាថ្មីម្តងទៀត ទៅកាន់វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ក្រោមការដឹកនាំរបស់ លោក ណូ លីដា អគ្គនាយករបស់ CGCC ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិករបស់ CGCC ទាំងអស់ ដើម្បីនាំយកនូវអំណោយឧបត្ថម្ភលើគ្រឿងបម្លាស់សម្រាប់ប្រព័ន្ធចម្រោះទឹកពិសា និងសម្ភារៈសិក្សាមួយចំនួន​ជូនដល់វិទ្យាល័យកោះស្តេចដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យកោះស្ដេចប្រមាណ ៩០នាក់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ CGCC បានឧបត្ថម្ភប្រព័ន្ធចម្រោះទឹកស្អាត ទៅកាន់វិទ្យាល័យកោះស្ដេច ដើម្បីសម្រួលដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសហគមន៍នៃកោះស្ដេចទាំងមូលមានទឹកស្អាតប្រើប្រាស់ដើម្បីកាត់បន្ថយកង្វះទឹកស្អាតដែលសហគមន៍បា​នប្រឈម កាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិច និងការកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍នៅលើកោះនេះ។

ដំណើរទស្សនកិច្ចទៅកាន់វិទ្យាល័យកោះស្ដេចជាថ្មីម្តងទៀតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលដំណើរការ ក៏ដូចជាឧបត្ថម្ភលើគ្រឿងបន្លាស់ សម្រាប់ការថែទាំត្រឹមត្រូវតាមបច្ចេកទេសរបស់ប្រព័ន្ធចម្រោះទឹកស្អាត។ បន្ថែមពីលើនេះ  ថ្នាក់ដឹកនាំ និងបុគ្គលិក CGCC ទាំងអស់ក៏បានជួបសំណេះសំណាលជាមួយប្អូនៗសិស្សនុសិស្សថ្នាក់ ទី១០ ទី១១ និងទី១២ ប្រហែល ៩០នាក់ ដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ដែលជាការតម្រង់ទិសដល់ពួកគាត់ក្នុងការសម្រេចចិត្តលើការជ្រើសរើសមុខវិជ្ជាឱ្យបានត្រឹមត្រូវនិងកំណត់គោលដៅច្បាស់លាស់ក្នុងការសិក្សាបន្តនៅឯសាកលវិទ្យាល័យផងដែរ៕

 

 

CGCC សហការរៀបចំ “ពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ២០២៤/២០២៥

នារសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំ “ពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ២០២៤/២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម  Koh Seung Beom ប្រធានក្រុមប្រឹក្សាផ្នែកអប់រំហិរញ្ញវត្ថុ(Financial Education Council – FEC) នៃសាធារណរដ្ឋកូរ៉េ រួមទាំងវត្តមានគណប្រតិភូរបស់សាធារណរដ្ឋកូរ៉េ ថ្នាក់ដឹកនាំ និងបុគ្គលិក CGCC តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង៥០រូប។

ពិធីសម្ភោធដាក់ឱ្យដំណើរការនេះ ត្រូវបានរៀបចំឡើងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ CGCC និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន និងដៃគូសហការរបស់ CGCC អំពីវឌ្ឍនភាព និងផែនការសកម្មភាពរបស់ CGCC សម្រាប់កម្មវិធី KSP ឆ្នាំ២០២៤/២០២៥នេះ។

CGCC ត្រូវបានជ្រើសរើសជាស្ថាប័នមួយរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីអនុវត្តគម្រោង KSP ឆ្នាំ ២០២៤/២០២៥ បន្ទាប់ពីមានការប្រគួតប្រជែងយ៉ាងស្វិតស្វាញជាមួយស្ថាប័ន​ និងប្រទេសជាច្រើនក្នុងពិភពលោក ដែលបានដាក់ស្នើសុំគម្រោងនេះ ជូនទៅរដ្ឋាភិបាលរបស់សាធារណរដ្ឋកូរ៉េ។ គម្រោង KSP នឹងផ្តោតទៅលើ (១) ការបង្កើនសមត្ថភាពវិភាគឥណទានសម្រាប់ប្រតិបត្តិការធានាឥណទាន (២) ការគ្រប់គ្រងហានិភ័យ និង (៣) ការបង្កើតគម្រោងធានាឥណទាន ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

  

CGCC សហការចូលរួម និងអបអរសាទរ ក្នុងកម្មវិធីសម្ពោធគម្រោងកម្មវិធីបណ្តុះបណ្តាលស្តីពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម»

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC)  អមដំណើរដោយក្រុមការងារ បានសហការចូលរួម និងអបអរសាទរ ក្នុងកម្មវិធីសម្ពោធគម្រោង កម្មវិធីបណ្តុះបណ្តាល ស្តីពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម» ដែលត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិការបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

លោក យុន ផន បានបង្ហាញចំណាប់អារម្មណ៍ថា “សហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា (SMEs) ពិតជាដើរតួរយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យមាននិរន្ត៍ភាព និងចីរភាព។ ជាមួយគ្នានេះផងដែរ CGCC បានប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តនូវគម្រោងនេះ ឱ្យបានដំណើរការទៅមុខដោយរលូនតាមរយៈការផ្តល់ការគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញនេះ និងការផ្តល់ការធានាឥណទានដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ ក៍ដូចជាកិច្ចសហប្រតិបត្តិការ ជាមួយសមាគម និងស្ថាប័នដៃគូនានា ដើម្បីជំរុញវឌ្ឍនភាពរបស់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ មួយវិញលទ្ធផលជោគជ័យនៃការអនុវត្តគម្រោងនេះក៏អាចជួយឱ្យ CGCC មានភាពងាយស្រួលក្នុងការវាយតម្លៃហានិភ័យរបស់អតិថិជន និងអាចផ្កល់ការធានាឥណទានក្នុងទ្រង់ទ្រាយទូលំទូលាយជាងមុន និងសេវាកម្មរហ័សទាន់តម្រូវការរបស់អតិថិជន។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ការបណ្តុះបណ្តាល ចំណេះដឹង ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីលទ្ធភាពដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់ឥណទាននេះត្រឹមត្រូវតាមគោលបំណង ចំគោលដៅដែលជំរុញឱ្យសហគ្រាស ធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មាននិរន្តរភាព និងចីរភាពដែលចូលរួចចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

 

ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៖ ការដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ និងកម្មវិធីកសាងសមត្ថភាព និងជំនាញ សម្រាប់សហគ្រាសធុនតូច និងមធ្យម

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង សហការជាមួយ គម្រោង Feed the Future Cambodia Harvest III (គម្រោងហាវែស III) ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ (USAID) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របសម្រាប់ការនាំចេញ ក្នុងគោលបំណងលើកស្ទួយសហគ្រាសធុនតូន និងមធ្យមក្នុងស្រុក ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ក៏ត្រូវបានដាក់បញ្ចូល គម្រោងធានាឥណទាន និងកម្មវិធីកសាងសមត្ថភាព និងជំនាញ សម្រាប់សហគ្រាសធុនតូន និងមធ្យម ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារ មេយប៊ែង ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។

កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងលើកកម្ពស់ការប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក លើឆាកអន្តរជាតិ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងវត្តមានរបស់ប្រទេសកម្ពុជា លើទីផ្សារអន្តរជាតិ។ ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលមានដូចជា កម្ចីសម្រាប់ជាទុន ហិរញ្ញប្បទានសម្រាប់ការនាំចេញ ទីផ្សាររូបិយប័ណ្ណបរទេសចំនួន២១ប្រភេទដែលមានអត្រាប្រកួតប្រជែង ដំណោះស្រាយផ្ទេរ និងទទួលប្រាក់ និងសេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ដែលសុទ្ធសឹងតែជាដំណោះស្រាយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំនះឧបសគ្គផ្នែកហិរញ្ញវត្ថុ និងបន្តកំណើន លើទីផ្សារអន្តរជាតិ។ ពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា ដោយផ្តល់នូវមធ្យោបាយដ៏សមស្របសម្រាប់ឱ្យពួកគេពង្រីកប្រតិបត្តិការ បង្កើនប្រាក់ចំណូល និងធានាការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។​

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ «កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ គឺជាដំណោះស្រាយយ៉ាងសំខាន់សម្រាប់សហគ្រាសក្នុងស្រុក ដែលមានគោលបំណងពង្រីកការនាំចេញរបស់ខ្លួន ទាំងទៅកាន់ទីផ្សារអន្តរជាតិដែលខ្លួនកំពុងមានវត្តមានស្រាប់ ឬទៅកាន់ទីផ្សារអន្តរជាតិថ្មី។ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជម្នះឧបសគ្គលើផ្នែកហិរញ្ញវត្ថុ ភាពជាដៃគូចម្រុះភាគីនេះនឹងចូលរួមជំរុញកំណើនអាជីវកម្មបុគ្គល ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យកាន់តែមានភាពទូលំទូលាយ»។

«សហគ្រាសធុនតូច និងមធ្យម ប្រៀបបានដូចជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ហើយតាមរយៈការជួយគាំទ្រពួកគេ ដើម្បីឱ្យទទួលបានជោគជ័យក្នុងទីផ្សារនាំចេញ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកក្នុងការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងជំហររបស់ប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន និងទីផ្សារសាកល។ គំនិតផ្តួចផ្តើមនេះក៏បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងនាមជាធនាគារអាស៊ានឆ្នើមជាងគេនៅប្រទេសកម្ពុជា និងឈានមុខគេក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់»។

ស្របតាមបេសកកម្មរបស់ គម្រោងហាវែស III ដែលជាគម្រោងរយៈពេលប្រាំឆ្នាំ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តោតលើការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្នក្នុងវិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការនេះនឹងគាំទ្រដល់ការធ្វើពិពិធកម្ម ការអភិវឌ្ឍភាពធន់ និងការប្រកួតប្រជែងសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ តាមរយៈការចូលរួមសហការពីដៃគូក្នុងវិស័យឯកជន និងអ្នកពាក់ព័ន្ធសំខាន់ៗ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោក នីមីស ហ្សាវឺរី ប្រធានគម្រោងហាវែស III មានប្រសាសន៍ថា «ជាមួយនឹងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មថ្មីនេះ យើងអាចផ្តល់ឱ្យសហគ្រាសធុនតូច និងមធ្យមនូវដើមទុនចាំបាច់ដើម្បីគ្រប់គ្រងចំណាយផលិតកម្ម វិនិយោគលើការបង្កើនគុណភាព និងបំពេញតម្រូវការបញ្ជាទិញពីអន្តរជាតិ។ ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់សម្រាប់សហគ្រាសក្នុងស្រុកទាំងនេះ ព្រោះវាមិនត្រឹមតែជួយផ្សាភ្ជាប់គម្លាតលំហូរសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យពួកគេប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព ដោយជួយសម្រួលដល់ការឆ្លើយតបទៅនឹងតម្រូវការទាន់ពេលវេលា ក៏ដូចជាពង្រីកទីផ្សារនាំចេញរបស់ពួកគេ។ ទាំងអស់គ្នា យើងអាចធានាថាសហគ្រាសទាំងនេះមិនត្រឹមតែមានធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារជាសាកល។ ភាពជាដៃគូនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសក្តានុពលនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា»។

រួមជាមួយនឹងហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ ធនាគារ មេយប៊ែង CGCC និង គម្រោងហាវែស III ក៏បានប្រកាស ”កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៤ និងឆ្នាំ២០២៥” ដែលជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយ ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញបន្ថែមនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដល់សហគ្រាសធុនតូច និងមធ្យម។ ចាប់តាំងពីការបង្កើតកម្មវិធីនេះឡើងក្នុងឆ្នាំ ២០២១ កម្មវិធី BCC បានផ្តល់ការបណ្តុះបណ្តាលដល់សហគ្រាសធុនតូច និងមធ្យមរាប់រយនាក់ លើមូលដ្ឋានគ្រឹះក្នុងការធ្វើអាជីវកម្ម បច្ចេកទេស និងបច្ចេកវិទ្យាទំនើបផ្សេងៗក្នុងការគ្រប់គ្រងអាជីវកម្ម។ ដោយផ្អែកលើភាពជោគជ័យរបស់កម្មវិធីនេះ កម្មវិធី BCC ថ្មីនេះនឹងផ្តល់វគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ដែលទាក់ទងនឹង ដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្រ្ត ដែលផ្តល់ដោយអ្នកជំនាញដែលមានបទពិសោធជាច្រើនឆ្នាំក្នុងផ្នែកគណនេយ្យ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាដើម។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសហគ្រិន នូវការយល់ដឹង បទពិសោធជាក់ស្តែង និងជំនាញដែលចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក៏ដូចជាបង្កើនសក្តានុពលនៃកំណើនអាជីវកម្មរបស់ពួកគេ។

លោក ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ថា៖ «កម្មវិធី BCC ផ្តល់ជូនសហគ្រិន និងម្ចាស់អាជីវកម្មនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដែលគាំទ្រពួកគាត់ឱ្យទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម។ តាមរយៈកម្មវិធីនេះ យើងអាចគាំទ្រពួកគាត់ ក្នុងការបង្កើនចំណេះដឹងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុក។ កម្មវិធីនេះ គឺជាជំហានដ៏សំខាន់ ស្របតាមចក្ខុវិស័យរួមគ្នារបស់យើងក្នុងការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ប្រកបដោយភាពធន់ និងថាមវន្ត ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លើសពីនេះ គំនិតផ្តួចផ្តើមនេះ ត្រូវបានគាំទ្រដោយ គម្រោងធានាឥណទាន របស់ CGCC ដែលផ្តល់នូវដំណោះស្រាយ ចំពោះបញ្ហាខ្វះទ្រព្យធានា ដែលជាបញ្ហាប្រឈមចម្បងមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម។ តាមរយៈការបន្ធូរបន្ថយតម្រូវការទ្រព្យធានា យើងអាចចូលរួមបង្កើនលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញប្បទាន ដែលអនុញ្ញាតឱ្យពួកគាត់ ទទួលបានទុនចាំបាច់ សម្រាប់កំណើនអាជីវកម្មប្រកបដោយចីរភាព»។

កិច្ចសហប្រតិបត្តិការរវាង ធនាគារ មេយប៊ែង គម្រោងហាវែស III និងCGCC បាននិងកំពុងកសាងប្រព័ន្ធអេកូដ៏រឹងមាំសម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា ដើម្បីឱ្យពួកគេរីកចម្រើនទាំងនៅក្នុងទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ តាមរយៈគំនិតផ្តួចផ្តើមដ៏ចាំបាច់ទាំងនេះ ដែលរួមមាន៖ ដំណោះស្រាយហិរញ្ញវត្ថុ កម្មវិធីពង្រឹងសមត្ថភាព និងការកាត់បន្ថយតម្រូវការទ្រព្យធានាតាមរយៈយន្តការធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបាននូវធនធានគ្រប់គ្រាន់ ក៏ដូចជាចំណេះដឹង និងទំនុកចិត្ត ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងឈានទៅរកការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

ភាពជាដៃគូជាយុទ្ធសាស្រ្តដ៏រឹងមាំនេះ បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការគាំទ្រ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពធន់ បរិយាបន្ន និងការតភ្ជាប់ជាសកល។ គំនិតផ្តួចផ្តើមរួមគ្នារវាង ធនាគារ មេយប៊ែង គម្រោងហាវែស III និងCGCC នឹងរួមចំណែកជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍរិស័យធុរកិច្ចកម្ពុជា ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាការលើកកម្ពស់វត្តមានរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕

CGCC ចូលរួមវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី និងប៉ាស៊ីហ្វិក លើកទី១៧

កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ណូ លីដា អគ្គនាយក CGCC បានអញ្ជើញចូលរួមវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១៧ (ADFIAP International CEO Forum XVII)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)។

វេទិកាអន្តរជាតិនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍការបញ្ចេញកាបូនតិច” ដោយបានពិភាក្សាលើបញ្ហាពាក់ព័ន្ធការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈយន្តការហិរញ្ញប្បទានដើម្បីជំរុញការវិនិយោគលើថាមពលកកើតឡើងវិញ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, សារៈសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងការទទួលបានសេវាទឹកស្អាត និងអនាម័យជាដើម។

វេទិកានេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គ្រឹះស្ថានធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ ចំនួន ៤០ប្រទេស សរុប ៩៤ ស្ថាប័ន ជាសមាជិករបស់ សមាគម ADFIAP។

CGCC ចូលរួមក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤

កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប  លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ របស់ CGCC និងសហការី បានចូលរួមក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្តីអំពី “និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» ។

តាមរយៈសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤នេះ លោកស្រី លឹម ចាន់ធីតា បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប លើកិច្ចពិភាក្សា ក្រោមប្រធានបទ “កត្តាប្រឈម និងដំណោះស្រាយសំខាន់ៗក្នុងការពង្រឹងដំណោះស្រាយជាយុទ្ធសាស្រ្តដល់ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានាបាននូវភាពធន់នៃវិស័យ”​។ លោកស្រីបានលើកឡើងអំពីតួនាទីរបស់ CGCC និងការធានាឥណទាន ក្នុងការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុ រួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាមរយៈការការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុដោយចែករំលែកហានិភ័យលើការផ្តល់កម្ចី ដែលអាចបង្កើនទំនុកចិត្តនិងឱកាសដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចពង្រីកលទ្ធភាពផ្តល់កម្ចីទៅដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលជាលទ្ធផល CGCC បានផ្តល់ការធានាលើកម្ចី ជូនដល់ភាគច្រើនបំផុតជា MSMEs រហូតដល់ជាង ៩០% នៃគណនីដែលមានការធានាសរុប។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមាគមមីក្រូហិរញ្ញវត្ថុ ក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ស្របដោយគោលការណ៍អភិវឌ្ឍន៍សកល ព្រមទាំងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគម្រូសម្រាប់ហិរញ្ញប្បទាន ប្រកបដោយនិរន្តភាព។

 

CGCC និង YEAC ពិភាក្សាលើសហការរួមគ្នាដើម្បីជំរុញដល់ការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរដល់សមាជិក YEAC

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ណូ លីដា អគ្គនាយក CGCC ព្រមទាំងសហការី បានជួបពិភាក្សា និងស្វាគមន៍ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងសមាគម YEAC នៅការិយាល័យ CGCC។ កិច្ចប្រជុំនេះបានពិភាក្សាអំពីកិច្ចការងារដែលស្ថាប័នទាំងពីរអាចផ្តល់កិច្ចសហការរវាងគ្នា ដើម្បីជំរុញដល់ការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរដល់សមាជិក YEAC។

តាមរយៈកិច្ចពិភាក្សានេះ ស្ថាប័នទាំងពីរ បានសិក្សាស្វែងយល់ស៊ីជម្រៅអំពីកត្តារាំងស្ទះ និងបញ្ហាប្រឈមដែលម្ចាស់អាជីវកម្ម សហគ្រិន ជួបប្រទះ និងបានលើកឡើងអំពីសកម្មភាព យុទ្ធសាស្ត្រ ដែលអាចផ្តល់ជាដំណោះស្រាយ និងសម្រួលដល់ម្ចាស់អាជីវកម្ម សហគ្រិន តាមរយៈការសហការភាពជាដៃគូរវាង CGCC និង YEAC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ CGCC។ ផែនការបន្ទាប់ ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នា ដូចជាការរៀបចំវេទិកា សិក្ខាសាលាផ្សេង ៗអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលនឹងមានការចូលរួមចែករំលែកដោយ CGCC  ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់សេវាធានាឥណទានរបស់ CGCC ឱ្យកាន់តែបានទូលំទូលាយ និងជំរុញការទទួលបានហិរញ្ញប្បទានផ្លូវការប្រកបដោយប្រសិទ្ធភាព៕

CGCC ចូលរួមវេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ (Clean Energy Week 2024)

នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ណូ លីដា អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ (Clean Energy Week 2024) ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីមហិច្ឆតា ឆន្ទះ និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្ពោះទៅអនាគតនៃថាមពលប្រកបដោយចីរភាព។

តាមរយៈវេទិកានេះ លោកអគ្គនាយកបានធ្វើបទបង្ហាញអំពីការចូលរួមរបស់ CGCC ពាក់ព័ន្ធនឹងការគាំទ្រដល់វិស័យថាមពលស្អាត តាមរយៈការចាប់ផ្តើមដាក់ឱ្យដំណើរការនូវ គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលជាគម្រោងបង្កើតឡើង ក្រោមកិច្ចសហការផ្តួចផ្តើមរបស់ CGCC និង កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដែលនឹងអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបង្កើតមូលនិធិរួមគ្នាជាមួយ CGCC ដើម្បីផ្តល់ហិរញ្ញប្បទានចម្រុះសម្រាប់ការវិនិយោគវិស័យបៃតងដែលមានការធានាពីCGCC ក្នុងលក្ខខណ្ឌអនុគ្រោះ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ស្របពេលជាមួយគ្នានេះផងដែរ លោកអគ្គនាយកក៏បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៃកិច្ចពិភាក្សាលើប្រធានបទ “Financing the Transition” ដែលផ្តោតលើការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ លើយុទ្ធសាស្ត្រហិរញ្ញវត្ថុដែលចាំបាច់ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាតរបស់ប្រទេសកម្ពុជា  និងបានចែករំលែកពីតួនាទី និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការចម្រុះ ពីស្ថាប័នពាក់ព័ន្ធ រួមមានរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ រួមជាមួយការធានាលើឥណទានរបស់ CGCC ដែលផ្តល់ក្នុងវិស័យនេះ។

គួរបញ្ជាក់ផងដែរថា វេទិកាសប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងអង្គការ Energy Lab ក្រោមកិច្ចសហការជាមួយក្រសួងរ៉ែ និងថាមពល និងគាំទ្រដោយ UNDP និងកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (ហៅកាត់ថា កម្មវិធី CAPRED) ដែលត្រូវបានចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

CGCC ចូលរួមក្នុងសន្និសីទរបស់ ACSIC លើកទី៣៦ នៅប្រទេសនេប៉ាល់

នៅថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ CGCC ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ CGCC បានចូលរួមសន្និសីទ Asian Credit Supplementation Institution Confederation (ACSIC) លើកទី៣៦ នៅរដ្ឋធានី Kathmandu នៃប្រទេសនេប៉ាល់ ដែលត្រូវបានរៀបចំដោយ Deposit and Credit Guarantee Fund of Nepal ក្រោមប្រធានបទ “Financing Innovations for Economic Growth”។

តាមរយៈសន្និសីទនេះ​ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ ត្រូវបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្រោយពីទទួលបានការប្រកាសជាផ្លូវការនូវការក្លាយជាសមាជិក ACSIC ចាប់ពីឆ្នាំ២០២៤ តទៅ ដោយបានថ្លែងអំណរគុណដល់សមាជិក ACSIC ទាំងអស់ដែលបានគាំទ្រ និងស្វាគមន៍ CGCC ជាសមាជិកផ្លូវការ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបណ្តុះបណ្តាល ACSIC សម្រាប់ឆ្នាំ២០២៦ខាងមុខ។

ជាងនេះទៅទៀត លោក ណូ លីដា អគ្គនាយក CGCC ក៏ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកអំពី គម្រោងធានាឥណទាន និងការធានាលើសញ្ញាបណ្ណរបស់ CGCC ជាពិសេសក្នុងគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការងារអាទិភាពលើគម្រោងហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព។ បន្ថែមពីលើនេះ លោកអគ្គនាយកក៏បានចែករំលែកអំពីកម្មវិធីកសាងសមត្ថភាពរបស់ CGCC ដែលមានគោលដៅគាំទ្រដល់ក្រុមហ៊ុនអាជីវកម្ម, ការចូលរួមនៃយន្តការធានាឥណទានដើម្បីបង្កើនឱកាសការងារ ការដោះស្រាយបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ និងការគិតគូរពីដំណោះស្រាយហិរញ្ញប្បទានប្រកបដោយចីរភាព និងនវានុវត្តន៍ តាមរយៈការរៀនសូត្រពីបទពិសោធន៍ល្អៗពីប្រទេសជាសមាជិក។

នៅក្នុងសន្និសីទនេះ គណៈប្រតិភូមកពីប្រទេសសមាជិក/អ្នកសង្កេតការណ៍មួយចំនួនរបស់ ACSIC បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃគម្រោងធានាឥណទានរៀងៗខ្លួន ក៏ដូចជាមានកិច្ចពិភាក្សាពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗដូចជា យន្តការនវានុវត្តន៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យនៃស្ថាប័នធានាឥណទាន ការប្រើប្រាស់ប្រព័ន្ធឌីជីថល (AI) និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។

សន្និសីទ ACSIC លើកទី៣៦ មានការចូលរួមពីតំណាងសមាជិក ACSIC និងស្ថាប័នពាក់ព័ន្ធដូចជាធនាគារពិភពលោក ធនាគារកណ្តាលរបស់ប្រទេសនេប៉ាល់ ប្រមាណជាង១០០រូប។ គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការចែករំលែកព័ត៌មាន ការប្រឹក្សាយោបល់ និងការកសាងសមត្ថភាពរវាងស្ថាប័នសមាជិក៕

 

CGCC បានចូលរួមក្នុងកម្មវិធី ACSIC Training Program លើកទី៣២ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

នៅថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ CGCC ដឹកនាំដោយលោក ប៊ុត វ៉ាន់នី  ប្រធាននាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាលនៃ CGCC បានចូលរួមកម្មវិធី Asian Credit Supplementation Institution Confederation (ACSIC) Training Program លើកទី៣២ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលសហការរៀបចំដោយ សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC) និងសហព័ន្ធសាជីវកម្មធានាឥណទានជប៉ុន (JFG) ក្រោមប្រធានបទ “Unique Initiatives Based on Recent Economic Situations” និង “Pursuing Sustainability and Best Practices for SMEs through the Credit Supplementation System”។

កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានអញ្ជើញចូលរួមដោយប្រតិភូប្រមាណ​ ៤៣រូប មកពីស្ថាប័នដែលជាសមាជិក និងអ្នកសង្កេតការណ៍នៃ ACSIC (១៦ ស្ថាប័ន មកពី១៣ ប្រទេសផ្សេងគ្នា) រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាពួអាស៊ីនូវែលហ្គីណេ ហ្វីលីពីន ស្រីលង្កា តៃវ៉ាន់ និងថៃ។

កម្មវិធីបណ្តុះបណ្តាលនេះក៏បានផ្តល់ឱកាសដ៏ល្អសម្រាប់ប្រតិភូរបស់ CGCC ក្នុងការពង្រីកបណ្តាញជាមួយស្ថាប័នធានាឥណទានផ្សេងទៀតក្នុងការអភិវឌ្ឍបន្ថែមទៀតសម្រាប់ CGCC  លើសពីនេះទៀត ស្ថាប័នធានាឥណទាន មួយចំនួនក៏បានយល់ព្រមចែករំលែកព័ត៌មានផ្សេងៗរួមទាំងច្បាប់ និងបទប្បញ្ញត្តិរៀងៗខ្លួនមកកាន់ CGCC។ គណៈប្រតិភូរបស់ CGCC ក៏បានរៀនពីរបៀបនៃការរៀបចំកម្មវិធី ACSIC Training Program ដែលជាបទពិសោធន៍ដ៏មានប្រយោជន៍សម្រាប់ CGCC ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធី ACSIC Training Program នេះនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទាន នៅក្នុងទ្វីបអាស៊ី​។