CGCC

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

ក្តីស្រម៉ៃរបស់ខ្ញុំ គឺចង់វិនិយោគលើអាជីវកម្មដែលអាចជួយដល់សុខុមាលភាពរបស់មនុស្ស ដោយសារតែមនុស្សអាចរស់នៅបានដោយសារសុខភាព និងស្មារតីល្អ។ នេះហើយជាមូលហេតុចម្បងដែលជំរុញចិត្តរបស់ខ្ញុំ និងភរិយារបស់ខ្ញុំ ឱ្យបង្កើតអាជីវកម្មចំនួន២ឡើងមក គឺក្រុមហ៊ុន អេឌីខេរ៉ាយស៍ (អង្ករដីខ្មែរ) និងមុនីគ្លីនិក។ សម្រាប់ក្រុមហ៊ុនអង្ករដីខ្មែរ ខ្ញុំបានផ្តួចផ្តើមបង្កើតឡើងមកដោយជឿជាក់ថា អង្ករគឺជាប្រភពអាហារចម្បងរបស់មនុស្ស ដោយសារតែចំនួនប្រជាជនមានការកើនឡើងរៀងរាល់ថ្ងៃ តែផ្ទៃដីដាំដុះកសិកម្ម បែរជាកាន់តែថមថយទៅ រីឯមុនីគ្លីនិកគឺត្រូវបានបង្កើតឡើងជាមួយនឹងភរិយារបស់ខ្ញុំ ក្នុងចក្ខុវិស័យផ្តល់នូវការថែទាំនិងព្យាបាលសុខភាព តាមរយៈសេវាសុខាភិបាលដែលមានតម្លៃសមរម្យ ប្រកបដោយគុណភាពស្តង់ដារ។

តាមរយៈបទពិសោធន៍នៃការបំពេញការងារនៅក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយក្នុងប្រទេសកម្ពុជា ខ្ញុំបានសិក្សារៀនសូត្រ និងបានចុះឃើញផ្ទាល់ពីស្ថានភាពរបស់ប្រជាកសិករដាំដុះស្រូវនៅតាមជនបទ ទើបខ្ញុំសម្រេចចិត្តចាប់ផ្តើមបង្កើតដេប៉ូលក់អង្ករក្នុងស្រុកឈ្មោះថា អង្ករដីខ្មែរ និងបានពង្រីកវិសាលភាព នៅឆ្នាំ២០២១ ក្លាយជាក្រុមហ៊ុនអេឌីខេរ៉ាយស៍ ដែលជាក្រុមហ៊ុនផលិតអង្ករមានគុណភាពខ្ពស់ គោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងផ្តល់ឱ្យកសិករនូវទីផ្សារដែលមាននិរន្តរភាព និងបង្កើនប្រាក់ចំណូលតាមរយៈការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវមកកាន់ក្រុមហ៊ុនរបស់ខ្ញុំ។ រីឯមុនីគ្លីនិក គឺជាគ្លីនិកព្យាបាល និងថែទាំសុខភាព ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ តាមរយៈការចាប់ដៃជាមួយភរិយារបស់ខ្ញុំ ឈរលើឆន្ទៈក្នុងការប្តេជ្ញាផ្តល់នូវសេវាសុខភាពជូនដល់ប្រជាជនខ្មែរ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ជាពិសេសទៅលើការព្យាបាលជំងឺទឹកនោមផ្អែម និងការត្រួតពិនិត្យសុខភាពជាប្រចាំក្នុងការការពារជំងឺធ្ងន់ធ្ងរនានា។

ពិតណាស់ គោលការណ៍នៃការប្រកបអាជីវកម្ម យើងតែងតែចង់អភិវឌ្ឍនិងពង្រីកឱ្យកាន់តែធំ។ មិនខុសពីអាជីវកម្មគ្លីនិករបស់ខ្ញុំនេះទេ ដែលនៅពេលដល់ដំណាក់កាលត្រូវពង្រីកអាជីវកម្ម យើងមានតម្រូវការទិញសម្ភារបរិក្ខារទំនើបៗ ដើម្បីបង្កើនស្តង់ដាររបស់គ្លីនិក។ ការសម្រេចចិត្តស្នើកម្ចីពីគ្រឹះស្ថានធនាគារ គឺជាមធ្យោបាយតែមួយគត់ដែលខ្ញុំជឿជាក់ថា អាចបំពេញនូវក្តីស្រម៉ៃរបស់ខ្ញុំនិងភរិយារបស់ខ្ញុំ ឱ្យកើតជារូបរាងបាន។ ប៉ុន្តែខ្ញុំមិនមានទ្រព្យធានាជាប្លង់ដី ឬប្លង់ផ្ទះ ក្នុងការតម្កល់នៅធនាគារនោះទេ តែបញ្ហាប្រឈមនេះត្រូវបានដោះស្រាយ តាមរយៈការធានាឥណទានរបស់ CGCC ដែលបានសម្រួលឱ្យខ្ញុំទទួលបានកម្ចីពីធនាគារព្រីនស៍ សម្រាប់ការទិញសម្ភារបរិក្ខារគ្លីនិក។

ការទទួលបានការធានាពី CGCC លើកម្ចីរបស់ខ្ញុំនេះ វាមិនមែនជារឿងចៃដន្យនោះទេ តែជាការទទួលបានតាមរយៈការចូលរួមកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា EPIC វគ្គទី១ នៃឆ្នាំ២០២៤ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលធ្វើឱ្យខ្ញុំបានស្គាល់ពី CGCC និងស្គាល់ពីធនាគារដៃគូដែលអាចផ្តល់កម្ចីដល់អាជីវកម្មដែលមានសក្តានុពល ជាមួយនឹងផែនការអាជីវកម្មច្បាស់លាស់ ហើយអាចដោះស្រាយនឹងបញ្ហាប្រឈមខ្វះទ្រព្យធានា។ ក្រោយពីទទួលបានកម្ចីរួច ខ្ញុំបានយកទៅទិញសម្ភារបរិក្ខារពេទ្យបន្ថែមសម្រាប់ដាក់នៅអគារគ្លីនិកដែលបាននិងកំពុងសាងសង់បន្ថែម ស្របនឹងគោលដៅរបស់កម្ចី ផែនការអាជីវកម្ម និងផែនការវិនិយោគច្បាស់លាស់របស់ខ្ញុំ។ បន្ថែមពីលើនេះ ខ្ញុំក៏មានគម្រោងក្នុងការស្នើកម្ចីបន្ថែមសម្រាប់ជាទុនបង្វិលក្នុងការទិញស្រូវពីកសិករ ដើម្បីបង្កើនការផលិតអង្កររបស់ក្រុមហ៊ុនអង្ករដីខ្មែររបស់ខ្ញុំនាពេលអនាគតផងដែរ។

ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប ខ្ញុំយល់ថា ការស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ ព្រោះអាចធ្វើឱ្យយើងគិតគូរបានល្អិតល្អន់លើការវិនិយោគបានគ្រប់ជ្រុងជ្រោយ ជាក់ស្តែងលើការទិញទ្រព្យ (Asset) ដើម្បីបង្កើនចំណូល ជាជាងការទិញទ្រព្យសកម្មដែលមិនអាចបម្លែងជាចំណូលបាន។ មួយវិញទៀត បើយើងចេះមានចំណេះដឹងហិរញ្ញវត្ថុ វាក៏អាចជួយឱ្យយើងចេះគ្រប់គ្រងធនធានមនុស្សដូចជា ការគិតគូរលើចំនួនបុគ្គលិក ប្រាក់ខែ ការលើកទឹកចិត្ត អត្ថប្រយោជន៍នានាផងដែរ៕

អាននិងទាញយកជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

 

ការស្វែងយល់អំពីរចនាសម្ព័ន្ធទីផ្សារ

តើអាជីវកម្មរបស់អ្នកផលិតផលិតផល ឬផ្តល់សេវាអ្វី? តើមានអាជីវកម្មណាទៀត ដែលផលិតផលិតផល និងផ្តល់សេវាដូចអាជីវកម្មរបស់អ្នក? តើអ្នកមានយុទ្ធសាស្ត្រអាជីវកម្មបែបណា ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ? ចម្លើយទៅនឹងសំណួរនេះ ទាក់ទងនឹងរចនាសម្ព័ន្ធទីផ្សារ ដែលអាជីវកម្មរបស់អ្នកកំពុងតែស្ថិតនៅ។ រចនាសម្ព័ន្ធទីផ្សារ សំដៅលើចរិកលក្ខណៈនៃទីផ្សារ រួមមាន ចំនួនអាជីវកម្ម, ប្រភេទផលិតផលនិងសេវា, សេរីភាពនៃការចូល និងដកខ្លួនចេញពីទីផ្សារជាដើម។ រចនាសម្ព័ន្ធទីផ្សារ ដើរតួនាទីយ៉ាងសំខាន់ក្នុងសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងអាជីវកម្ម ថាតើត្រូវធ្វើប្រតិបត្តិការនិងប្រកួតប្រជែងយ៉ាងដូចម្តេច។

ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ

ប្រសិនអ្នកចង់ទិញទឹកបរិសុទ្ធពិសារនៅទីក្រុងភ្នំពេញ អ្នកមានជម្រើសជាច្រើន ដូចជា ទឹកបរិសុទ្ធ វីតាល់, អង្គរពូរ៉ូ, ដាសានី, ឱរ៉ាល់, ហាយ-ធិច, អរុណា, និងទឹកបរិសុទ្ធ កម្ពុជា ជាដើម។ ទោះបីមានផ្លាកសញ្ញាខុសគ្នា ទឹកបរិសុទ្ធទាំងនេះមានរសជាតិដូចគ្នា និងជាធម្មតាត្រូវបានលក់ក្នុងតម្លៃ ១.០០០រៀល ក្នុងមួយដបដូចគ្នា ដែលជាថ្លៃលំនឹងទីផ្សារសម្រាប់ទឹកបរិសុទ្ធប្រភេទនេះ។ ប្រសិនទឹកបរិសុទ្ធទាំងនេះត្រូវបានលក់នៅកន្លែងតែមួយដូចគ្នា ទឹកបរិសុទ្ធណាមួយដែលលក់ថ្លៃជាងថ្លៃលំនឹងទីផ្សារ នឹងបាត់បង់ទីផ្សារ។ អតិថិជននឹងប្តូរទៅទិញទឹកបរិសុទ្ធណាដែលមានតម្លៃទាបជាងគេបំផុត។ ទីផ្សារសម្រាប់ទឹកបរិសុទ្ធ គឺជាឧទារណ៍ប្រហាក់ប្រហែលបំផុត សម្រាប់ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ។

ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ គឺជារចនាសម្ព័ន្ធទីផ្សារ ដែលមានអាជីវកម្មច្រើន ផលិតផលិតផល ឬផ្តល់សេវាដូចគ្នាបេះបិត ហើយគ្មានអាជីវកម្មណាមួយមានអំណាចក្នុងការកំណត់ថ្លៃនោះទេ។ អតិថិជនមានព័ត៌មានពេញលេញអំពីផលិតផល និងសេវា ហើយតម្លៃនៃផលិតផលនិងសេវាត្រូវបានកំណត់ទាំងស្រុងដោយកត្តាតម្រូវការនិងការផ្គត់ផ្គង់។ ការចូល ឬដកខ្លួនចេញពីទីផ្សារ មានភាពងាយស្រួលបំផុត។ យុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងក្នុងទីផ្សារប្រភេទនេះ គឺត្រូវកំណត់ថ្លៃលក់ (P) ឱ្យស្មើនឹងចំណាយក្នុងការផលិតមួយឯកតាបន្ថែម (Marginal Cost – MC)។

ជាការពិតណាស់ ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះគឺកម្រនឹងកើតមាន (ឬមិនកើតមានសោះតែម្តង) ក្នុងស្ថានភាពជាក់ស្តែង។ ចរិកលក្ខណៈនៃទីផ្សារ ដែលថាមានអាជីវកម្មច្រើនផលិតផលិតផល ឬសេវាដូចគ្នាបេះបិត, អតិថិជនមានព័ត៌មានពេញលេញអំពីផលិតផល ឬសេវា, ហើយការចូល ឬដកខ្លួនចេញពីទីផ្សារមានភាពងាយស្រួលបំផុតនោះ គឺពិបាកនឹងកើតមានណាស់។ យ៉ាងណាក៏ដោយ ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ គឺជាទ្រឹស្តីដែលអាចជួយឱ្យយើងប្រើប្រាស់ដើម្បីប្រៀបធៀបនិងស្វែងយល់អំពីស្ថានភាពជាក់ស្តែងនៃទីផ្សារ។

ទីផ្សារផ្តាច់មុខ

ខ្ញុំបានត្រឡប់ចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញក្នុងឆ្នាំ២០១០ ខ្ញុំត្រូវបានចាត់ឱ្យធ្វើការពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រជាលើកដំបូងជាសាធារណៈ (IPO) ដែលជាការធ្វើ IPO លើកដំបូងបំផុត នៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ដោយសារជាលើកដំបូងបំផុតនៅកម្ពុជា ការចុះបញ្ជីបោះផ្សាយលក់មូលបត្ររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) មានបញ្ហាប្រឈមជាច្រើន និងចំណាយពេលយូរជាធម្មតា។ យ៉ាងណាក៏ដោយ PPWSA បានបញ្ចប់នីតិវិធីនៃការចុះបញ្ជីបោះផ្សាយលក់មូលបត្រ ដោយជោគជ័យ នៅក្នុងខែមេសា ឆ្នាំ២០១២ ដោយកៀរគរទុនបានប្រមាណ ២០លានដុល្លារ។ ការវិនិយោគលើភាគហ៊ុនរបស់ PPWSA គឺជាការវិនិយោគដែលមានហានិភ័យទាប ដោយសារ PPWSA គឺជាប្រតិបត្តិករទឹកស្អាតតែមួយគត់ ដែលមានអាជ្ញាបណ្ណនៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។ PPWSA ផ្តល់សេវាដែលមិនអាចខ្វះបាន (សេវាទឹកស្អាត) និងមិនមានដៃគូប្រកួតប្រជែងនោះទេ ក្នុងព្រំដែនអាជីវកម្មដែលត្រូវបានអនុញ្ញាត។ PPWSA អាចកំណត់តម្លៃទឹកស្អាត ដោយមិនព្រួយបារម្ភពីការបាត់បង់អតិថិជន។ និយាយឱ្យខ្លី PPWSA ផ្តល់សេវាផ្តាច់មុខ។

ទីផ្សារផ្តាច់មុខ ផ្ទុយគ្នាពីទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ។ នៅក្នុងទីផ្សារផ្តាច់មុខ មានអ្នកលក់តែមួយប៉ុណ្ណោះ និងមានអ្នកទិញច្រើន។ ទីផ្សារនេះមានរបាំង ដែលមិនអនុញ្ញាតឱ្យដៃគូប្រកួតប្រជែងអាចចូលក្នុងទីផ្សារនេះបាន។ អាជីវកម្មក្នុងទីផ្សារផ្តាច់មុខ អាចចាប់យកប្រាក់ចំណេញជាអតិបរមា ដោយផលិតផលិតផល ឬផ្តល់សេវា ក្នុងបរិមាណមួយ ដែលចំណូលក្នុងមួយឯកតាបន្ថែម (Marginal Revenue – MR) ស្មើនឹងចំណាយក្នុងមួយឯកតាបន្ថែម ហើយកំណត់ថ្លៃលក់ខ្ពស់បំផុតតាមដែលអាចធ្វើបាន ល្គឹកណាអតិថិជននៅតែមានឆន្ទៈក្នុងការទិញ។ យ៉ាងណាក៏ដោយ យុទ្ធសាស្ត្រថ្លៃរបស់អាជីវកម្មក្នុងទីផ្សារផ្តាច់មុខតែងតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ដើម្បីធានាថាផលិតផល ឬសេវាផ្តាច់មុខនោះ អាចផ្តល់អត្ថប្រយោជន៍ដល់សង្គម។ អាជីវកម្មផ្សេងទៀត ដែលអាចត្រូវបានចាត់ទុកថាផ្តល់សេវាផ្តាច់មុខនៅកម្ពុជា មានដូចជា អគ្គិសនីកម្ពុជា, ក្រុមហ៊ុន ណាហ្គា, ក្រុមហ៊ុន ស៊ីនទ្រី, និងក្រុមហ៊ុនដែលខ្ញុំកំពុងបម្រើការ គឺសាជីវកម្មធានាឥណទានកម្ពុជា។

ទីផ្សារប្រកួតប្រជែង

ប្រសិនអ្នកសួរប្រជាជនកម្ពុជា ថាតើពួកគាត់ប្រើប្រាស់សេវាទូរសព័្ទចល័តមួយណានោះ ពិតណាស់ចម្លើយប្រាកដជា Cellcard, Smart ឬក៏ Metfone ជាមិនខាន។ ក្រុមហ៊ុនទាំងបីនេះ គឺជាក្រុមហ៊ុននាំមុខក្នុងទីផ្សារសេវាទូរសព័្ទចល័ត ដែលក្តោបក្តាប់ចំណែកទីផ្សារលើសពី ៩០%Cellcard, Smart និង Metfone ប្រកួតប្រជែងគ្នាយ៉ាងខ្លាំង លើគ្រប់ផ្នែក ទាំងថ្លៃ, ទាំងផលិតផល, ទាំងនវានុវត្តន៍, និងទាំងការផ្សាយពាណិជ្ជកម្មជាដើម។ ធ្លាប់មានក្រុមហ៊ុនសេវាទូរសព័្ទចល័តមួយចំនួនបានព្យាយាមចូលក្នុងទីផ្សារនេះ ប៉ុន្តែបានដកខ្លួនវិញ ដូចជា ក្រុមហ៊ុន Beelines និង QB ជាដើម។ សេវាទូរសព័្ទចល័ត គឺជាទីផ្សារប្រកួតប្រជែង (Oligopoly)។ ខ្ញុំមិនដឹងថាតើត្រូវបកប្រែ Oligopoly ជាភាសាខ្មែរ ឱ្យបានត្រឹមត្រូវថាម៉េចនោះទេ។ ពាក្យនេះហាក់មិនទាន់មានជាភាសាខ្មែរនៅឡើយទេ។

ទីផ្សារប្រកួតប្រជែង (Oligopoly) គឺជាទីផ្សារដែលមានអាជីវកម្មក្នុងចំនួនតិចដែលប្រកួតប្រជែងគ្នា និងក្តោបក្តាប់ទីផ្សារ។ ទីផ្សារប្រភេទនេះ មានការប្រកួតប្រជែងគ្នាខ្លាំង ហើយការចូលក្នុងទីផ្សារនេះ មានការលំបាកខ្លាំង។ យុទ្ធសាស្ត្រដែលប្រើដោយអាជីវកម្មមួយក្នុងទីផ្សារនេះ មានឥទ្ធិពលលើការកំណត់យុទ្ធសាស្ត្រឆ្លើយតបរបស់អាជីវកម្មផ្សេងទៀត។ ដោយសារតែមានអាជីវកម្មក្នុងចំនួនតិច អាជីវកម្មទាំងអស់ក្នុងទីផ្សារនេះអាចនឹងសហការគ្នា ក្នុងការកំណត់បរិមាណផលិតផល និងកំណត់ថ្លៃ ដើម្បីទទួលបានប្រាក់ចំណេញអតិបរមា ដើម្បីចែកគ្នា (collusion) ហើយពួកគេធ្វើប្រតិបត្តិការអាជីវកម្ម ហាក់បីដូចជាអាជីវកម្មផ្តាច់មុខ។ ទីផ្សារប្រកួតប្រជែង (Oligopoly) ផ្សេងទៀតនៅកម្ពុជា អាចជាទីផ្សារផ្សារទំនើប (ផ្សារទំនើបឡាក់គី, ផ្សារទំនើបអុីអន, ផ្សារទំនើបជីបម៉ុង), ទីផ្សារប្រេងឥន្ទនៈលក់រាយ (តូតាល់, តេឡា, និងកាល់តិច), និងទីផ្សាររោងភាពយន្ត (លេជេន និង មេជ័រ ស៊ីណេផ្លិច)។

អាជីវកម្មនៅក្នុងរចនាសម្ព័ន្ធទីផ្សារខុសគ្នា ត្រូវកំណត់យុទ្ធសាស្ត្រអាជីវកម្មខុសគ្នាដើម្បីដំណើរការ និងប្រកួតប្រជែង។ ដូច្នេះ តើរចនាសម្ព័ន្ធទីផ្សារមួយណា ល្អជាងគេ? មិនមានរចនាសម្ព័ន្ធទីផ្សារណាមួយល្អបំផុតនោះទេ។ រចនាសម្ព័ន្ធទីផ្សារនីមួយៗមានចំណុចល្អ និងចំណុចមិនល្អរៀងៗខ្លួន អាស្រ័យលើទីផ្សារជាក់លាក់ និងគោលនយោបាយរបស់រដ្ឋាភិបាលចំពោះទីផ្សារទាំងនោះ៕

តារាងសង្ខេបអំពីរចនាសម្ព័ន្ធទីផ្សារ

អាននិងទាញយកជា PDF: ការស្វែងយល់អំពីរចនាសម្ព័ន្ធទីផ្សារ

 

ស្វែងយល់អំពីការធានាឥណទាន – កិច្ចសម្ភាសន៍ជាមួយមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ធនាគារ ព្រីនស៍

១. តើធនាគារ ព្រីនស៍ យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាន? ហេតុអ្វីបានជា ព្រីនស៍ ចូលរួមជាដៃគូជាមួយ CGCC?

នៅធនាគារ ព្រីនស៍ យើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការជួយអតិថិជនរបស់យើងឱ្យសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាពតាមរយៈការគាំទ្រពេញលេញ និងជម្រើសផ្តល់ប្រាក់កម្ចីដែលមានភាពបត់បែន។ ភាពជាដៃគូយុទ្ធសាស្រ្តរវាងធនាគារ ព្រីនស៍ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាកាតាលីករជួយធ្វើឱ្យធនាគារ ព្រីនស៍ ខិតកាន់តែជិតដល់ការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនថែមទៀត ក្នុងការផ្តល់លទ្ធភាពដល់សហគ្រិនឱ្យទទួលបានហិរញ្ញប្បទានកាន់តែប្រសើរជាងមុនសម្រាប់គាំទ្រប្រតិបត្តិការពង្រីកអាជីវកម្ម និងភាពរីកចម្រើនរបស់ពួកគាត់ប្រកបដោយសុខដុមរមនា។ ជាមួយនឹងគម្រោងធានាឥណទាន យើងជឿជាក់យ៉ាងមុតមាំថា ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់យើង គឺលើសពីការរំពឹងទុករបស់អតិថិជន។

២. តើគម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះធនាគារ ព្រីនស៍ និងអតិថិជន?

ជាមួយនឹងលទ្ធភាពនៃគម្រោងការធានាឥណទាន ធនាគារ ព្រីនស៍ និងអតិថិជនរបស់យើង ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសទាក់ទងនឹងកម្រិតហានិភ័យសម្រាប់ធនាគារ និងកម្រិតហិរញ្ញប្បទានធំជាងមុនសម្រាប់អតិថិជន ដើម្បីបំពេញតម្រូវការអាជីវកម្មរបស់ពួកគាត់ដោយមិនគិតពីលទ្ធភាពនៃទ្រព្យធានារបស់ពួកគាត់ឡើយ។

៣. តើកន្លងមក ធនាគារ ព្រីនស៍ បានប្រើប្រាស់ការធានាឥណទានដើម្បីផ្តល់កម្ចីប្រភេទណាខ្លះ ជូនដល់អតិថិជន?

ចាប់តាំងពីការចាប់ផ្តើមនៃភាពជាដៃគូជាមួយ CGCC មក ធនាគារ ព្រីនស៍ បានប្រើប្រាស់នូវប្រភេទឥណទានជូនអតិថិជនដូចខាងក្រោម៖

  • ឥណទានអាជីវកម្មមានកាលកំណត់
  • ឥណទានវិបារូបន៍
  • សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

៤. តើម្ចាស់អាជីវកម្ម គួររៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានកម្ចីដែលមានការធានាពី ធនាគារ ព្រីនស៍?

ដើម្បីទទួលបានប្រាក់កម្ចីពីធនាគារ ព្រីនស៍ អតិថិជនគួរតែយកចិត្តទុកដាក់ក្នុងការរៀបចំផែនការអាជីវកម្មរបស់ពួកគាត់ និងកំណត់តម្រូវការហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព។ បន្ទាប់មក ពួកគាត់អាចពិគ្រោះជាមួយអ្នកជំនាញផ្តល់ប្រាក់កម្ចីនៅសាខាណាមួយរបស់ធនាគារ ព្រីនស៍ ដែលនៅជិតពួកគាត់បំផុតសម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងដែលគាត់អាចស្នើបាន។ នៅពេលដែលពួកគាត់បានពិភាក្សា និងសម្រេចចិត្តលើគម្រោងណាមួយហើយ ពួកគាត់អាចដាក់សំណើមកកាន់ធនាគារ ព្រីនស៍ ដើម្បីយើងខ្ញុំចាប់ផ្តើមដំណើរការសិក្សាវាយតម្លៃ និងអនុម័តសំណើឥណទាននោះតាមគោលការណ៍របស់ធនាគារ។ សំណើនេះ នឹងត្រូវបានពិនិត្យឡើងវិញដោយ CGCC សម្រាប់ការអនុម័តចុងក្រោយលើគម្រោងធានា និងកម្រិតឥណទានដែលបានស្នើសុំ ឬធនាគារ ព្រីនស៍ ស្នើសុំចុះកិច្ចធានាឥណទានដែលបានអនុម័តរួចដោយគណៈកម្មការផ្ទៃក្នុងរបស់ធនាគារ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា។

៥. តើធនាគារ ព្រីនស៍ មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបន្តបង្កើនការបញ្ចេញកម្ចីដែលមានការធានាក្នុងឆ្នាំ២០២៤ នេះ ក៏ដូចជាឆ្នាំបន្ទាប់?

ឆ្នាំ២០២៤ នៅតែជាឆ្នាំដ៏លំបាកសម្រាប់អ្នកគ្រប់គ្នា ប៉ុន្តែធនាគារ ព្រីនស៍ ក៏នៅតែបន្តបើកការផ្តល់ឥណទានដល់អតិថិជនរបស់យើង ហើយយើងបានបន្តផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម គេហទំព័ររបស់ធនាគារ ព្រីនស៍ និងភ្នាក់ងារសារព័ត៌មាន អំពីគម្រោងធានាឥណទានដើម្បីជួយពួកគាត់ ប្រសិនបើពួកគាត់មិនមានទ្រព្យធានាគ្រប់គ្រាន់សម្រាប់កម្ចី។ យើងនឹងនៅតែបន្តនូវបេសកកម្មរបស់យើងប្រកបដោយការប្តេជ្ញាខ្ពស់ ក្នុងភាពជាដៃគូជាមួយ CGCC ដើម្បីផ្តល់ឥណទានជូនអតិថិជនរបស់យើង តាមរយៈការប្រើប្រាស់គម្រោងកិច្ចធានាឥណទានដែល CGCC មានស្រាប់ និងគម្រោងកិច្ចធានាឥណទានថ្មី ដែលស័ក្តិសមប្រសិនបើមានសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ។

អាននិងទាញយកជា PDF: ស្វែងយល់អំពីការធានាឥណទាន – កិច្ចសម្ភាសន៍ជាមួយមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ធនាគារ ព្រីនស៍

 

ការស្វែងយល់អំពីជម្រើសហិរញ្ញប្បទានសម្រាប់អាជីវកម្ម

តើអ្នកមានជម្រើសអ្វីខ្លះក្នុងការកៀរគរទុនសម្រាប់អាជីវកម្ម? ការជ្រើសរើសជម្រើសហិរញ្ញប្បទានដែលត្រឹមត្រូវ គឺជាគន្លឹះមួយក្នុងការទទួលបានជោគជ័យក្នុងអាជីវកម្ម។ មិនថាការខ្ចីពីសមាជិកគ្រួសារ ឬការកៀរគរទុនជាសាធារណៈ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) ជម្រើសហិរញ្ញប្បទាននីមួយៗ មានលក្ខណៈសម្បត្តិខុសគ្នា ដែលឆ្លើយតបទៅតាមតម្រូវការអាជីវកម្ម ក្នុងកាលៈទេសៈជាក់ស្តែងណាមួយ។ ការស្វែងយល់អំពីជម្រើសហិរញ្ញប្បទាន គឺជាយុទ្ធសាស្ត្រ ក្នុងការកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុឱ្យបានរឹងមាំ និងមានចីរភាពសម្រាប់អាជីវកម្ម។

១. ហិរញ្ញប្បទានបំណុល

ហិរញ្ញប្បទានបំណុល គឺជាវិធីសាស្ត្រក្នុងការកៀរគរទុន តាមរយៈការខ្ចីពីក្រុមគ្រួសារ, មិត្តភក្តិ, ស្ថាប័នហិរញ្ញវត្ថុ, ឬវិនិយោគិន។ អ្នកខ្ចីត្រូវសងត្រឡប់ទៅអ្នកផ្តល់កម្ចីនូវប្រាក់ដើម បូកនឹងការប្រាក់នៅក្នុងអំឡុងពេលនៃកម្ចី។ ហិរញ្ញប្បទានបំណុល គឺជាវិធីសាស្ត្រដ៏សាមញ្ញមួយក្នុងការកៀរគរទុនសម្រាប់អាជីវកម្មទូទៅ។

កម្ចីពីក្រុមគ្រួសារ និងមិត្តភក្តិ គឺជាវិធីសាស្ត្រដែលទាក់ទាញសម្រាប់អាជីវកម្មទើបចាប់ផ្តើមដំបូងនិងអាជីវកម្មខ្នាតតូច។ កម្ចីប្រភេទនេះនិងកម្ចីផ្សេងទៀតពីស្ថាប័នផ្តល់កម្ចីដែលមិនមានអាជ្ញាប័ណ្ណ មិនមានការគ្រប់គ្រងនិងមិនមានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ គឺជាកម្ចីក្រៅផ្លូវការ។ ជាធម្មតា កម្ចីក្រៅផ្លូវការមិនតម្រូវឱ្យអ្នកខ្ចីមានប្រវត្តិអាជីវកម្មច្បាស់លាស់, ព្រមទាំងមានលក្ខខណ្ឌធូររលុង, ឯកសារតម្រូវតិចតួច, និងអាចទទួលបានកម្ចីឆាប់រហ័ស។ ប៉ុន្តែ កម្ចីក្រៅផ្លូវការមានគុណវិបត្តិជាច្រើន។ ជាក់ស្តែង លទ្ធភាពសងរបស់អ្នកខ្ចីមិនត្រូវបានវាយតម្លៃឱ្យបានស៊ីជម្រៅនិងល្អិតល្អន់នោះទេ ដែលជាហេតុបណ្តាលឱ្យអ្នកខ្ចី អាចបាត់បង់លទ្ធភាពសងនៅពេលក្រោយ និងប្រឈមបំណុលវ័ណ្ឌកធ្ងន់ធ្ងរ។ លើសពីនេះ កម្ចីក្រៅផ្លូវការមិនមានស្តង់ដារនៃការរៀបចំឥណទានឡើងវិញដើម្បីសម្រួលអ្នកខ្ចីក្នុងពេលជួបការលំបាកផ្នែកហិរញ្ញវត្ថុនោះទេ។ ការទាមទារបំណុលត្រឡប់មកវិញពីអ្នកខ្ចី ក៏មិនមាននីតិវិធីស្តង់ដារត្រឹមត្រូវ ដែលអាចបណ្តលឱ្យខូចទំនាក់ទំនងរវាងអ្នកខ្ចី និងអ្នកផ្តល់កម្ចី។ ដូច្នេះ មុននឹងសម្រេចជ្រើសរើសហិរញ្ញប្បទានប្រភេទនេះ ម្ចាស់អាជីវកម្មត្រូវគិតគូរឱ្យបានល្អិតល្អន់អំពីហានិភ័យទាំងនេះ។

ជម្រើសហិរញ្ញប្បទានបំណុលមួយទៀត គឺកម្ចីតាមរយៈធនាគារ។ ការស្វែងយល់ និងការបំពេញបានតាមលក្ខខណ្ឌនៃ 5Cs (លក្ខណៈសម្បត្តិ, ដើមទុន, ទ្រព្យធានា, សមត្ថភាព, និងលក្ខខណ្ឌ) គឺជាកត្តាសំខាន់ក្នុងការទទួលបានកម្ចីផ្លូវការពីធនាគារ។ កម្ចីផ្លូវការតាមរយៈធនាគារ ត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យយ៉ាងដិតដល់ ស្របតាមច្បាប់និងបទប្បញ្ញត្តិក្នុងវិស័យធនាគារ ដែលត្រូវបានរៀបចំឡើង ដើម្បីការពារអតិថិជន និងរក្សាស្ថិរភាពក្នុងវិស័យធនាគារ។ CGCC គាំទ្រក្រុមហ៊ុនអាជីវកម្ម ដើម្បីទទួលបានកម្ចីផ្លូវការពីធនាគារ តាមរយៈការធានាឥណទានដែលអាចដើរតួជាទ្រព្យធានារបស់អ្នកខ្ចី។

បន្ទាប់ពីដំណើរការប្រកបដោយជោគជ័យ និងមានស្ថិរភាព (ជាធម្មតាក្រោយរយៈពេល ៣ឆ្នាំ ឬលើសពីនេះ) ក្រុមហ៊ុនអាជីវកម្មអាចពិចារណាកៀរគរទុនតាមរយៈការបោះផ្សាយមូលបត្របំណុល ឬសញ្ញាប័ណ្ណ។ សញ្ញាប័ណ្ណគឺជាឧបករណ៍បំណុលដែលអាចជំនួសកម្ចីធនាគារ។ អ្នកផ្តល់កម្ចី ផ្តល់កម្ចីដល់អ្នកខ្ចី តាមរយៈការទិញមូលបត្របំណុលដែលបោះផ្សាយដោយអ្នកខ្ចី ដែលសន្យាទូទាត់ប្រាក់ដើម បូកនឹងការប្រាក់ដល់អ្នកផ្តល់កម្ចី ក្នុងអំឡុងពេលកាលវសាននៃសញ្ញាប័ណ្ណ។ សញ្ញាប័ណ្ណមានភាពបត់បែនជាងកម្ចីធនាគារ ទៅលើទំហំកម្ចី, កាលវសាន, និងការបង់ការប្រាក់ជាដើម។ ការប្រៀបធៀបរវាងកម្ចីធនាគារនិងសញ្ញាប័ណ្ណ ត្រូវបានពន្យល់នៅក្នុងព្រឹត្តិប័ត្រព័ត៌មានលេខ៩ របស់ CGCCCGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណកាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីគាំទ្រក្រុមហ៊ុនអាជីវកម្មក្នុងការបោះផ្សាយសញ្ញាប័ណ្ណនៅកម្ពុជា

២. ហិរញ្ញប្បទានភាគហ៊ុនកម្មសិទ្ធិ

ហិរញ្ញប្បទានភាគហ៊ុនកម្មសិទ្ធិ គឺជាវិធីសាស្ត្រនៃការកៀរគរទុន តាមរយៈការលក់ចំណែកនៃកម្មសិទ្ធិអាជីវកម្មទៅឱ្យវិនិយោគិន។ នៅពេលវិនិយោគិនវិនិយោគលើភាគហ៊ុនកម្មសិទ្ធិ វិនិយោគិននឹងក្លាយជាម្ចាស់ភាគហ៊ុននៃអាជីវកម្ម ហើយអាចនឹងមានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗក្នុងអាជីវកម្ម។ ខណៈដែលវិនិយោគិនលើភាគហ៊ុនកម្មសិទ្ធិ មិនមានសិទ្ធទទួលបានការប្រាក់ថេរពីការវិនិយោគលើភាគហ៊ុនកម្មសិទ្ធិ ពួកគេមានសិទ្ធិក្នុងការទទួលបានការចែករំលែកប្រាក់ចំណេញ និងការខាតបង់ជាក់ស្តែងរបស់អាជីវកម្ម។ ហិរញ្ញប្បទានភាគហ៊ុនកម្មសិទ្ធិ អាចត្រូវបានកៀរគរ តាមរយៈការលក់ភាគហ៊ុនជាលក្ខណៈឯកជនទៅកាន់វិនិយោគិនជាបុគ្គល (Angel Investor) និងវិនិយោគិនស្ថាប័ន (Venture Capital)  ឬការលក់ភាគហ៊ុនជាសាធារណៈ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)។

Angel Investment គឺជាការវិនិយោគរបស់វិនិយោគិនដែលជាបុគ្គលមានបទពិសោធអាជីវកម្ម និងមានទ្រព្យសម្បត្តិច្រើន តាមរយៈការទិញភាគហ៊ុនរបស់ក្រុមហ៊ុនអាជីវកម្មទើបចាប់ផ្តើម ឬអាជីវកម្មខ្នាតតូចដែលពួកគេយល់ថាមានសក្តានុពលក្នុងការរីកចម្រើន និងទទួលបានប្រាក់ចំណេញខ្ពស់នាពេលអនាគត។ ដើម្បីកៀរគរទុនពី Angel Investors ម្ចាស់អាជីវកម្មត្រូវមានផែនការ

អាជីវកម្មរឹងមាំ ដែលអាចទាក់ទាញ Angel Investor ឱ្យដាក់ទុនវិនិយោគលើអាជីវកម្ម។ ខុសគ្នាពី Angel Investor ដែលវិនិយោគដើមទុនផ្ទាល់ខ្លួនរបស់ពួកគេក្នុងអាជីវកម្មដែលពួកគេចាប់អារម្មណ៍, Venture Capital ប្រើប្រាស់មូលនិធិដែលមានមកពីការរួមបញ្ចូលគ្នារវាងវិនិយោគិនច្រើនរួមគ្នា  ដើម្បីវិនិយោលើអាជីវកម្មដែលមានសក្តានុពល។ Venture Capital ធ្វើការសិក្សាល្អិតល្អន់និងស៊ីជម្រៅជាង Angel Investor មុននឹងសម្រេចចិត្តវិនិយោគលើអាជីវកម្មណាមួយ និងអាចផ្តល់ជំនួយបច្ចេកទេស ព្រមទាំងបទពិសោធន៏នៃការគ្រប់គ្រងអាជីវកម្ម ដើម្បីលើកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃអាជីវកម្មដែលពួកគេវិនិយោគ។

ជម្រើសមួយទៀតនៃការកៀរគរទុន គឺការបោះផ្សាយមូលបត្រកម្មសិទ្ធិជាលើកដំបូង (IPO) ដែលជាដំណើរការនៃការលក់ភាគហ៊ុនរបស់ក្រុមហ៊ុនទៅឱ្យវិនិយោគិនជាសាធារណៈជាលើកដំបូង។ ដោយសារដើមទុនត្រូវបានកៀរគរពីសាធារណជន ក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ ត្រូវឆ្លងកាត់ការត្រួតពិនិត្យការតម្រូវតាមច្បាប់ និងបំពេញតាមលក្ខខណ្ឌនៃការបង្ហាញព័ត៌មានដ៏តឹងរឹង។ ដូច្នេះ IPO អាចលើកកម្ពស់កេរ្តិ៍ឈ្មោះ គណនេយ្យភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ក្រុមហ៊ុននាពេលអនាគត។ ដំណើរការនៃការធ្វើ IPO ត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យ ដោយនិយ័តករមូលបត្រកម្ពុជា។

 

អាននិងទាញយកអត្ថបទជា PDF: ការស្វែងយល់អំពីជម្រើសហិរញ្ញប្បទានសម្រាប់អាជីវកម្ម

 

 

ស្វែងយល់អំពីការធានាឥណទាន-កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម FTB

១. តើធនាគារ FTB យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាន? ហេតុអ្វីបានជាធនាគារ FTB ចូលរួមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) មួយរបស់ CGCC

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយដែលត្រូវបានបង្កើតឡើចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានចូលរួមក្នុងដំណើរអភិឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងទីផ្សារក្នុងស្រុកជាបន្តបន្ទាប់ ហើយជាពិសេសគឺការចូលរួមគាំទ្រអនុវត្តគម្រោងនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងសាជីវកម្មធានាឥណទានកម្ពុជា ជាគំនិតផ្តួចផ្តើមដ៏ល្អរបស់រាជរដ្ឋាភិបាលដែលផ្តោតការយកចិត្តទុកដាក់ជាពិសេសដល់ម្ចាស់អាជីវកម្ម ដែលអនុញ្ញាតឱ្យពួកគាត់មានលទ្ធភាពទទួលបានឥណទានបន្ថែមសម្រាប់អាជីវកម្ម ក្នុងលក្ខខណ្ឌដែលមិនមានទ្រព្យដាក់ធានាគ្រប់គ្រាន់ស្របតាមគោលការណ៍របស់ធនាគារ។

តាមរយៈគម្រោងសាជីវកម្មធានាឥណទានកម្ពុជា ធនាគារ FTB ទទួលបានឱកាសជាច្រើនដែលរួមមានជាអាទិ៍

  • បានចូលរួមជាមួយរាជរដ្ឋាភិបាល  ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបន្តបញ្ចេញឥណទានដល់អតិថិជន ដែលមិនមានទ្រព្យដាក់ធានាគ្រប់គ្រាន់ ប៉ុន្តែមានតម្រូវការវិនិយោគ និងមានផែនការអាជីវកម្មច្បាស់លាស់។
  • ជួយបង្កើត និងបង្កើនឱកាសការងារ សម្រាប់ប្រជាពលរដ្ឋទូទៅតាមរយៈការផ្តល់ឥណទានដល់ម្ចាស់សហគ្រាសតូច មធ្យម និងធំ ដើម្បីបង្កើនផលិតភាព និងបន្តពង្រីកអាជីវកម្មរបស់ខ្លួន។
  • បង្កើតឱកាសអាជីវកម្មថ្មីសម្រាប់ធនាគារ និងអតិថិជនគោលដៅក្នុងការធ្វើឱ្យមានកំណើនឥណទានស្របតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន។

 

២. គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ចំពោះធនាគារ និងអតិថិជនរបស់ ធនាគារ FTB យ៉ាងដូចម្តេចខ្លះ?

គម្រោងសាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់អត្ថប្រយោជន៍ចំពោះធនាគារ ក៏ដូចជាអតិថិជនមានដូចខាងក្រោម៖

ផ្តល់អត្ថប្រយោជន៍ចំពោះធនាគារ៖

  • ឱកាសថ្មីក្នុងការផ្តល់ឥណទានដល់អតិថិជនដែលមានតម្រូវការបន្ថែម ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់ ម្យ៉ាងទៀតក៏ជាការវិវឌ្ឍន៍ថ្មីមួយជំហ៊ានទៀតនៅក្នុងវិស័យ ធនាគារ ដែលធ្លាប់តែបានផ្តល់ឥណទានដែលទ្រព្យធានាជាអចលនទ្រព្យ និងចលនទ្រព្យ មកជាការផ្តល់ឥណទានដែលមានការធានាដោយស្ថាប័នដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល។
  • ឱកាសក្នុងការរក្សាអតិថិជនចាស់ ក៏ដូចជាឱកាសក្នុងការទាក់ទាញអតិថិជន ថ្មីឱ្យមកប្រើប្រាស់សេវាកម្មរបស់ធនាគារ FTB តាមរយៈការផ្តល់ឥណទានដែលមានភាពបត់បែនស្របតាមតម្រូវការ និងផែនការវិនិយោគរបស់អតិថិជន។
  • ការពារ និងកាត់បន្ថយកំរិតហានិភ័យឥណទាន តាមរយៈទទួលបានការធានាឥណទានរហូតដល់៨០% នៃទំហំឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា។

ផ្តល់អត្ថប្រយោជន៍ចំពោះអតិថិជន៖

  • អតិថិជនដែលមានសក្តានុពលអាចមានលទ្ធភាពទទួលឥណទានបន្ថែមពីស្ថាប័នហិរញ្ញវត្ថុដែលមានការអនុញ្ញាតត្រឹមត្រូវពីធនាគារជាតិ នៃកម្ពុជា ទោះបីជាមិនមានទ្រព្យដាក់ធានាគ្រប់គ្រាន់។
  • ទទួលបានការប្រឹក្សាយោបល់ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយពីមន្ត្រីដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ។
  • មានលទ្ធភាពពង្រីកអាជីវកម្មតាមផែនការដែលបានកំណត់របស់ខ្លួន។

 

៣. តើកន្លងមក ធនាគារ FTB បានប្រើប្រាស់ការធានាឥណទាន ដើម្បីផ្តល់កម្ចីប្រភេទណាខ្លះ ជូនដល់អតិថិជន?

ចាប់តាំងពីចូលរួមជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធនាគារ FTB បានអនុវត្តន៍យ៉ាងសកម្មក្នុងការផ្តល់ឥណទានគ្រប់ប្រភេទជូនដល់អតិថិជនដូចជា ឥណទានមានកាលកំណត់ (Business Term Loan) ឥណទានវិបារូបន៍ (Overdraft) និងឥណទានសម្រាប់ប្រើប្រាស់ជាទុនបង្វិល (Revolving Loan)

ដែលគាំទ្រនូវគ្រប់គម្រោងរបស់សាជីវកម្មធានាឥណទានកម្ពុជាដូចខាងក្រោម៖

  • គម្រោងធានាឥណទានសម្រាប់ការនាំចេញស្រូវ-អង្ករ
  • គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី
  • គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម
  • គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍

 

៤. តើម្ចាស់អាជីវកម្ម គួររៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានកម្ចីដែលមានការធានាពីធនាគារ?

ដើម្បីទទួលបានឥណទានដែលមានការធានាពីធនាគារ FTB ម្ចាស់អាជីវកម្មគ្រប់ប្រភេទត្រូវមានលក្ខណៈសម្បត្តិចំបងៗមួយចំនួន ដូចខាងក្រោម៖

  • ជាអាជីវកម្មដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិខ្មែរ (មានភាគហ៊ុនលើសពី៥០%) មានដើមទុនចូលរួមគ្រប់គ្រាន់ក្នុងគម្រោងវិនិយោគ និងមានគោលបំណងប្រើប្រាស់ឥណទានសមស្របតាមលក្ខខណ្ឌតម្រូវរបស់ សាជីវកម្មធានាឥណទានកម្ពុជា។
  • ជាអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវជាមួយអាជ្ញាធរពាក់ព័ន្ធ។
  • ចំពោះអាជីវកម្មដែលមិនបានចុះបញ្ជី ត្រូវធ្វើការចុះបញ្ជីជាមួយអាជ្ញាធរពាក់ពន័្ធបន្ទាប់ពីទទួលបានឥណទាន។
  • អាជីវកម្មដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ហើយដែលមានលទ្ធភាពអាចបង់សងមកធនាគារវិញបាន។

 

៥. តើធនាគារ មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបន្តបង្កើនការបញ្ចេញកម្ចីដែលការធានាក្នុងឆ្នាំ២០២៤ នេះ?

ស្របតាមផែនការយុទ្ធសាស្ត្រ ធនាគារ FTB នៅតែបន្តការបញ្ចេញឥណទានដែលមានការធានា តាមរយៈសកម្មភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖

  • បន្តធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជនគោលដៅចាស់ និងថ្មី ដែលមានសក្តានុពល និងមានគោលបំណងច្បាស់លាស់ក្នុងការពង្រីកអាជីវកម្ម។
  • មានផែនការជាក់លាក់ប្រចាំឆ្នាំ ក្នុងការបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់ទាំងអស់អំពីនីតិវិធី និងការអនុវត្តគម្រោងដើម្បីឱ្យមានការយល់ដឹងច្បាស់ និងមានភាពលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់ប្រឹក្សាយោបល់គ្រប់ជ្រុងជ្រោយជូនអតិថិជន។
  • បន្តធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បី សម្រួលនីតិវិធីក្នុងការទទួលបានឥណទានដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា ឱ្យមានភាពងាយស្រួលនិងឆាប់រហ័ស៕

 

អាននិងទាញយកជា PDF: ស្វែងយល់អំពីការធានាឥណទាន-កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)

 

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

វិស័យកសិកម្មគឺជាវិស័យស្នូលមួយក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ទីផ្សារស្រូវអង្ករដើរតួយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យកសិកម្ម។  រោងម៉ាស៊ីនផលិតស្រូវអង្ករ  ឈុន  ធំ  ត្រូវបានចាប់បដិសន្ឋាកិច្ច ក្នុងឆ្នាំ១៩៩ដែលដំបូងឡើយជាមុខជំនួញបែបលក្ខណៈគ្រួសារមួយ។ បន្ទាប់ពីចាប់ផ្តើមដំណើរការអស់រយៈពេលជាច្រើនឆ្នាំមក អតិថិជនបានស្គាល់ពីម៉ាកយីហោ និងចាប់ផ្តើមផ្តល់ការជឿទុកចិត្តលើផលិតផលរបស់ពួកយើង។ ខ្ញុំបាទបានមើលឃើញពីឱកាស ក្នុងការពង្រីកអាជីវកម្មនេះឱ្យកាន់តែធំជាពិសេសលើបច្ចេកវិទ្យាដូចជាការទិញបន្ថែមនូវម៉ាស៊ីនកិនស្រូវ និងពង្រីកទីតាំងកិនស្រូវបន្ថែម

ខ្ញុំបាទបានទទួលការប្រឹក្សាជាមួយបុគ្គលិកធនាគារ ABA អំពីការធានាឥណទានលើកម្ចីអាជីវកម្មរបស់ CGCC ដែលអាចផ្តល់ការធានាលើកម្ចីរបស់ខ្ញុំ ទោះបីគ្មានទ្រព្យធានា។ ដោយសារការធានាឥណទានពី CGCC ទៅលើកម្ចីដែលទទួលបានពីធនាគារ ABA ខ្ញុំអាចទទួលបានទុនបន្ថែម ក្នុងការពង្រីកអាជីវកម្មរោងម៉ាស៊ីនកិនស្រូវរបស់ខ្ញុំបាទ ដូចជាការបន្ថែមគ្រឿងបរិក្ខារ មានដូចជា ម៉ាស៊ីនកិនស្រូវ និងពង្រីកទីផ្សារឱ្យកាន់តែធំទូលាយជាងមុន ព្រមទាំងសង្វាក់ផលិតកម្មឱ្យកាន់តែរលូនទៅមុខជាដើម។

ខ្ញុំយល់ថា ការធានាឥណទានរបស់ CGCC ពិតជាអាចគាំទ្រដល់អាជីវកម្មរបស់ខ្ញុំ ក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យមផ្សេងទៀត ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានា ឱ្យទទួលបានទុនបន្ថែមចាំបាច់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការពង្រីកអាជីវកម្ម៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

ស្វែងយល់អំពីការធានាឥណទាន-កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម អេស៊ីលីដា

អាននិងទាញយកជា PDF: ស្វែងយល់អំពីការធានាឥណទាន-កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម អេស៊ីលីដា

 

១. តើធនាគារ អេស៊ីលីដា យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាន? ហេតុអ្វីបានជាធនាគារ ចូលរួមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) មួយរបស់ CGCC?

គម្រោងធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា  ជាគម្រោងសហការក្នុងការផ្តល់សេវាធានាឥណទាន ដ៏មានសារៈសំខាន់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៅកម្ពុជា តាមរយៈការផ្តល់សេវាធានាឥណទានទៅដល់សហគ្រាសធុនតូច ធុនមធ្យម និងធុនធំ ដែលមាននិរន្ដរភាពអាជីវកម្ម ប៉ុន្តែមានទ្រព្យធានាមិនគ្រប់គ្រាន់ ឬគ្មានទ្រព្យធានា ឲ្យទទួលបានហិរញ្ញប្បទានពីធនាគារ អេស៊ីលីដា ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការផ្សេងទៀត។ តាមរយៈការធានាពី CGCC ធនាគារ អេស៊ីលីដា អាចជំរុញទីផ្សារឥណទាន និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងគ្រប់គ្រងហានិភ័យឥណទានប្រកបដោយប្រសិទ្ធភាព។

ធនាគារ អេស៊ីលីដា បានចូលរួមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ក្រោមហេតុផលចម្បងៗដូចជា៖

  • ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងគំនិតផ្ដួចផ្ដើម និងគម្រោងនានា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។
  • ចូលរួមលើកទឹកចិត្តសហគ្រាសធុនតូច ធុនមធ្យម និងធុនធំ ឱ្យទទួលហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ ដើម្បីស្ដារ និងពង្រីកអាជីវកម្មរបស់ខ្លួន។
  • ចូលរួមបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈការរីកលូតលាស់នៃអាជីវកម្មដែលទទួលបានឥណទានផ្លូវការក្រោមការធានាពី CGCC

 

២. គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ចំពោះធនាគារ និងអតិថិជនរបស់ ធនាគារ អេស៊ីលីដា យ៉ាងដូចម្តេចខ្លះ?

គម្រោងធានាឥណទាន បានផ្ដល់អត្ថប្រយោជន៍ចំពោះធនាគារ អេស៊ីលីដា និងអតិថិជនរបស់ធនាគារ អេស៊ីលីដា៖

  • ចំពោះធនាគារ អេស៊ីលីដា៖

    • ធ្វើពិពិធកម្មឥណទានស្របតាមផែនការយុទ្ធសាស្រ្តរបស់ធនាគារ
    • គ្រប់គ្រងនូវហានិភ័យឥណទាន
    • រក្សាអតិថិជនចាស់ និងអាចទាក់ទាញអតិថិជនថ្មីដែលមានសក្ដានុពលបន្ថែមទៀត
  • ចំពោះអតិថិជនធនាគារ អេស៊ីលីដា៖

    • ផ្តល់នូវជម្រើសជូនអតិថិជន និងមានលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម
    • បង្កើនកម្រិតជីវភាពរស់នៅតាមរយៈការរីកលូតលាស់អាជីវកម្មរបស់ខ្លួន
    • មានឱកាសក្នុងការបង្កើតឱកាសការងារសម្រាប់សហគមន៍ និងនិវានុវត្តន៍សម្រាប់ផលិតផល សេវាកម្មរបស់ខ្លួន។

៣. តើកន្លងមក ធនាគារ អេស៊ីលីដា បានប្រើប្រាស់ការធានាឥណទាន ដើម្បីផ្តល់កម្ចីប្រភេទណាខ្លះ ជូនដល់អតិថិជន?

ធនាគារ អេស៊ីលីដា បានប្រើប្រាស់ការធានាឥណទានដើម្បីផ្តល់កម្ចីជាប្រភេទឥណទានអាជីវកម្ម ឥណទានសម្រាប់ទុនបង្វិល (Revolving facility) និងឥណទានវិបារូប៍ (Overdraft facility) ជូនដល់អតិថិជនដែលជាសហគ្រាសធុនតូច ធុនមធ្យម និងធុនធំ ទាំងនៅក្នុងវិស័យអាទិភាព និងវិស័យមិនមែនអាទិភាព ឲ្យស្របតាមតម្រូវការអាជីវកម្មរបស់អតិថិជន។

 

៤. តើម្ចាស់អាជីវកម្ម គួររៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានកម្ចីដែលមានការធានាពីធនាគារ អេស៊ីលីដា?

ដើម្បីទទួលបានកម្ចីដែលមានការធានាពីធនាគារ អេស៊ីលីដា ម្ចាស់អាជីវកម្មទាំងរូបវន្ដបុគ្គល និងនីតិបុគ្គល គួររៀបចំខ្លួន និងត្រៀមលក្ខណសម្បត្តិដូចជា៖

  • អាជីវកម្មត្រូវមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងមានសញ្ជាតិកម្ពុជា (ភាគហ៊ុនធំជាង ៥០%)
  • អាជីវកម្មត្រូវមានលិខិតអនុញ្ញាតអាជីវកម្មចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • អាជីវកម្មមាននិរន្ដរភាព និងមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់
  • មានដើមទុនចូលរួម និងមានគម្រោងអាជីវកម្មច្បាស់លាស់
  • ប្រើប្រាស់ប្រាក់កម្ចីឲ្យស្របតាមគោលបំណងដែលបានស្នើសុំ
  • មានឆន្ទៈក្នុងការអនុវត្តតាមកាតព្វកិច្ចឥណទានរបស់ខ្លួន ជាដើម។

 

៥. តើធនាគារ អេស៊ីលីដា មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបន្តបង្កើនការបញ្ចេញកម្ចីដែលការធានា ក្នុងឆ្នាំ២០២៤ នេះ?

ធនាគារ អេស៊ីលីដា នៅតែបន្ដកំណើនការបញ្ចេញឥណទានដែលមានការធានាពី CGCC សម្រាប់ឆ្នាំ ២០២៤ ដោយបន្តផ្សព្វផ្សាយដល់ឥណទានដល់អតិថិជនទាំងចាស់ និងថ្មី ដែលមានតម្រូវការ រួមទាំងផ្តល់នូវការហ្វឺកហ្វឺនស្ដីពីចំណេះដឹងការធានាឥណទានជាបន្តបន្ទាប់ដល់បុគ្គលិកឥណទានគ្រប់សាខាទូទាំងប្រទេស បន្តផ្តល់ការសម្របសម្រួលផ្នែកបច្ចេកទេសការធានាឥណទាន ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយ CGCC ដើម្បីបន្ដគាំទ្រ និងជំរុញកំណើនឥណទានដែលមានការធានា ប្រកបដោយចីរភាព។

 

ការស្វែងយល់ពីឥណទានមិនដំណើរការ

ឥណទានមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារ ក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ១៥ឆ្នាំ ចុងក្រោយ។ ក្នុងឆ្នាំ២០២៣ អត្រា NPL មានចំនួន ៥,៤% សម្រាប់ធនាគារ និង ៦,៥% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធៀបនឹងអត្រា NPL ជាមធ្យម ២,១៨% ពីឆ្នាំ២០០៩ ដល់ ២០២២ (ក្រាហ្វិកទី១)។ ទន្ទឹមនេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងចំណោម ២០៧០ គណនីដែលមានការធានា ១៣៣ ជាគណនី NPL ដែលស្មើនឹង ៩,៧៦លានដុល្លារ។ ភាគរយនៃទំហំដែលមានការធានានៃឥណទានមិនដំណើរការ ធៀបនឹងទំហំដែលមានការធានាសរុប ស្មើនឹង ៨,០២%យ៉ាងណាក៏ដោយ NPL ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ខណៈវិស័យធនាគារនៅកម្ពុជានៅតែរក្សាបាននូវភាពរឹងមាំ។ ការស្វែងយល់ពី NPL មានសារៈសំខាន់ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមានដល់អ្នកខ្ចី អ្នកផ្តល់កម្ចី និងសេដ្ឋកិច្ចទាំងមូល។

តើអ្វីទៅជាឥណទានមិនដំណើរការ?

ឥណទានមិនដំណើរការ កើតឡើងនៅពេលអ្នកខ្ចីមិនអាចបំពេញកាតព្វកិច្ចសងត្រឡប់ ដោយសារផលលំបាកហិរញ្ញវត្ថុ ឧទាហរណ៍ ការសងត្រឡប់យឺតជាង ៣០ថ្ងៃ សម្រាប់កម្ចីរយៈពេលខ្លី ឬយឺតជាង ៨៩ថ្ងៃ សម្រាប់កម្ចីរយៈពេលវែង។ លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកចំណាត់ថ្នាក់ឥណទាន មានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា បែងចែកឥណទានជា ៥ចំណាត់ថ្នាក់ ផ្អែកលើចំនួនថ្ងៃដែលលើសកាលកំណត់សង ដូចបង្ហាញជូន ក្នុងតារាងទី១ ខាងក្រោម។ ឥណទានដែលមានចំណាត់ថ្នាក់ ធម្មតា” និង “ឃ្លាំមើល” គឺជាឥណទានដំណើរការ ចំណែកឯឥណទានដែលស្ថិតក្នុងចំណាត់ថ្នាក់ “ក្រោមស្តង់ដារ” ឬអន់ជាងនេះ ត្រូវបានចាត់ទុកថាជាឥណទានមិនដំណើរការ។

អាននិងទាញយកអត្ថបទជា PDF: ការស្វែងយល់ពីឥណទានមិនដំណើរការ

ការស្វែងយល់ពីការធានាលើសញ្ញាប័ណ្ណ

នៅខែមេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់គោលដៅយុទ្ធសាស្ត្រឱ្យ CGCC ធ្វើពិពិធកម្មសេវាធានាឥណទាន ទៅកាន់ការធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ។ CGCC បានរៀបចំខ្លួននិងត្រូវបានទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ក្នុងខែសីហា ឆ្នាំ២០២៣ និងបានបញ្ចប់នីតិវិធីវាយតម្លៃលទ្ធភាពសង ដោយទទួលបានចំណាត់ថ្នាក់ឥណទាន khAAA(Outlook: Stable) ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេបូឌា។ ជាមួយលក្ខខណ្ឌទាំងអស់នេះ CGCC នឹងចាប់ផ្តើមបេសកកម្មថ្មី ក្នុងការផ្តល់ការធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីចូលរួមជំរុញការអភិវឌ្ឍទីផ្សារទុននៅកម្ពុជា និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានបំណងកៀរគរទុន នៅក្នុងទីផ្សារសញ្ញាប័ណ្ណ។

តើអ្វីទៅជាសញ្ញាប័ណ្ណ?

សញ្ញាប័ណ្ណ ឬមូលបត្របំណុល គឺជាប្រភេទកម្ចីដែលអាចជំនួសឱ្យកម្ចីធនាគារ។ អ្នកបោះផ្សាយសញ្ញាប័ណ្ណ គឺជាអ្នកខ្ចី រីឯអ្នកវិនិយោគលើសញ្ញាប័ណ្ណគឺជាអ្នកផ្តល់កម្ចី។ អ្នកវិនិយោគលើសញ្ញាប័ណ្ណ ទិញសញ្ញាប័ណ្ណពីអ្នកបោះផ្សាដែលសន្យាទូទាត់ការប្រាក់ (គូប៉ុង) និងប្រាក់ដើម ជូនអ្នកទិញសញ្ញាប័ណ្ណ ក្នុងអំឡុងពេលឥណប្រតិទាននៃសញ្ញាប័ណ្ណ។ សញ្ញាប័ណ្ណ មានភាពបត់បែនជាងកម្ចីធនាគារ ទៅលើលក្ខខណ្ឌ, ទំហំ, ឥណប្រតិទាន, និងអត្រាការប្រាក់។

ជាទូទៅ SME និងឯកត្តបុគ្គលណាក៏អាចកៀរគរទុន តាមរយៈកម្ចីធនាគារបានដែរ ឱ្យតែមានលទ្ធភាពសងគ្រប់គ្រាន់ ប៉ុន្តែមានតែ SME ដែលមាអភិបាលកិច្ច និងប្រតិបត្តិការអាជីវកម្មល្អ, របាយការណ៍ហិរញ្ញវត្ថុស្តង់ដារ និងអាចជឿទុកចិត្តបាន, ព្រមទាំងផែនការអាជីវកម្មរឹងមាំប៉ុណ្ណោះ ដែលអាចកៀរគរទុន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណបាន។ និយាយឱ្យខ្លី លក្ខខណ្ឌសម្រាប់ការបោះផ្សាយសញ្ញាប័ណ្ណមានភាពស្មុគស្មាញ និងតឹងតែងជាងលក្ខខណ្ឌសម្រាប់ស្នើសុំកម្ចីពីធនាគារ។ តារាងខាងក្រោម បង្ហាញពីការប្រៀបធៀបចំណុសំខាន់ៗ រវាងកម្ចីធនាគារ និងសញ្ញាប័ណ្ណ។

ពិតណាស់ ការបោះផ្សាយសញ្ញាប័ណ្ណ គឺជាវិធីសាស្ត្រសាមញ្ញាសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនអាជីវកម្ម ដើម្បីកៀរគរទុន នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើន ដើម្បីគាំទ្រគម្រោងនានា ប៉ុន្តែវិធីសាស្ត្រនេះមិនទាន់ត្រូវបានប្រើប្រាស់បានទូលំទូលាយនៅឡើយទេនៅកម្ពុជា។ ទីផ្សារសញ្ញាប័ណ្ណនៅកម្ពុជាស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍នៅឡើយ ដោយមានបញ្ហាប្រឈមសំខាន់ៗដូចជា សន្ទនីយភាពទាប, អត្រាការប្រាក់ខ្ពស់, និមូលដ្ឋានវិនិយោគិនតូចចង្អៀតជាដើម។ ប៉ុន្តែយើងឃើញមានវឌ្ឍនភាពជាវិជ្ជមានជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការចាប់ផ្តើមបោះផ្សាយសញ្ញាប័ណ្ណរដ្ឋ, សញ្ញាប័ណ្ណដែលមានការធានា, និងសញ្ញាប័ណ្ណនិរន្តរភាព។ បច្ចុប្បន្នមានសញ្ញាប័ណ្ណសាជីវកម្មចំនួន៩ បានចុះបញ្ជីនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដែលបានកៀរគរទុនចន្លោះពី ១,៥លាន ដល់ ៣០លានដុល្លារ ពីការបោះផ្សាយនីមួយៗ។

អានបន្ត និងទាញយកអត្ថបទជា PDF: ការស្វែងយល់ពីការធានាលើសញ្ញាប័ណ្ណ

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

Solar Green Energy (SOGE) គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលបៃតង ដោយប្រើប្រាស់ថាមពលនៃពន្លឺព្រះអាទិត្យ ដើម្បីស្រូបយកទឹកទន្លេធម្មជាតិ សម្រាប់ការស្រោចស្រប់ដំណាំរបស់ប្រជាកសិករខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨។ បន្ទាប់ពីចាប់ផ្តើមដំណើរការបានមួយរយៈ អតិថិជនចាប់ផ្ដើមស្គាល់ក្រុមហ៊ុន និងចាប់ផ្តើមផ្តល់ការជឿទុកចិត្តលើសេវាកម្មរបស់ពួកយើង។ នាងខ្ញុំបានមើលឃើញពីឱកាស ក្នុងការពង្រីកអាជីវកម្មនេះឱ្យកាន់តែធំ។ ពួកយើងមានបច្ចេកវិទ្យាគ្រប់គ្រាន់ ប៉ុន្តែខ្វះធនធានមនុស្ស និងទុនបន្ថែម។

នាងខ្ញុំបានប្រឹក្សាជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដើម្បីទទួលបានទុនបន្ថែម។ ដោយសារនាងខ្ញុំខ្វះទ្រព្យធានា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានណែនាំនាងខ្ញុំ អំពីការធានាឥណទានលើកម្ចីអាជីវកម្មរបស់ CGCC ដែលអាចផ្តល់ការធានាលើកម្ចីរបស់នាងខ្ញុំ ដើម្បីឱ្យធនាគារអាចផ្តល់កម្ចីដល់នាងខ្ញុំបាន ទោះបីគ្មានទ្រព្យធានា។ ដោយសារការធានាឥណទានពី CGCC នាងខ្ញុំអាចទទួលបានទុនបន្ថែម ដើម្បីសាងសង់ស្ថានីយបូមទឹកថ្មីៗទៀតបន្ថែម។

SOGE បានប្រើប្រាស់កម្ចីដែលមានដែលការធានាពី CGCC ដើម្បីពង្រីកការសាងសង់ស្ថានីយ៏បូមទឹក នៅតាមបណ្ដាខេត្ត មួយចំនួនដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ។ ស្ថានីយ៍ទាំងអស់នោះ អាចស្រោចស្រព្វផ្ទៃដីប្រម៉ាណ ១៦០០ ហិកតា និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១០០០ គ្រួសារ។

នាងខ្ញុំយល់ថា ការធានាឥណទានរបស់ CGCC ពិតជាអាចគាំទ្រដល់អាជីវកម្មរបស់នាងខ្ញុំ  ក៏ដូចជាសហគ្រាសខ្នាតតូច  និងមធ្យមផ្សេងទៀត  ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានា ឱ្យទទួលបានទុនបន្ថែមចាំបាច់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការពង្រីកអាជីវកម្ម៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC