CGCC

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា” រវាងនិយ័តករមូលបត្រកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា និងសិក្ខាសាលា ស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា”

នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា” និងសហការរៀបចំសិក្ខាសាលាស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខា​ធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុម-ប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាភិបាល អ.ស.ហ. នៅអគារ អ.ស.ហ.

កម្មវិធីចុះ MoU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា តាមរយៈការគាំទ្រឱ្យក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទទួលបាននូវទុនបន្ថែមតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, សញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព និងសញ្ញាបណ្ណចីរភាពជាដើម ដែលមានការគាំទ្រ និងធានាលទ្ធភាពសងក្នុងករណីក្ស័យធន់ពីបុគ្គលធានាក្នុងស្រុក ក្នុងគោលដៅលើកកម្ពស់ការកៀរគរមូលធនក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធ-ភាព។ ផ្សារភ្ជាប់នឹងកម្មវិធីនេះ ស្ថាប័នទាំងពីរក៏បានសហការរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយ អំពី​លក្ខខណ្ឌដើម្បីទទួលបាននូវការធានាសញ្ញាបណ្ណ និងការធានាដល់សហគ្រាសធុនតូច និងមធ្យម និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាបង្ហាញពីអត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយសញ្ញាបណ្ណដែលមានការធានាផងដែរ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានលើកឡើងថាតាមរយៈ MoU នាថ្ងៃនេះ នឹងអាចទាក់ទាញក្រុមហ៊ុនកាន់តែច្រើន ដែលរួមបញ្ចូលផងដែរទាំងសហគ្រាសធុនតូច និងមធ្យមក្នុងការស្វែងរកហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ហើយក៏នឹងផ្តល់អត្ថប្រយោជន៍បន្ថែមសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់មូលបត្រ ហើយត្រូវការស្វែងរកប្រភពហិរញ្ញប្បទានបន្ថែមក្នុងទម្រង់ជាការបោះផ្សាយលក់សញ្ញាបណ្ណ ឬជាលក្ខណៈបំណុលផ្សេងទៀត ដោយក្រុមហ៊ុននឹងអាចមានឱកាសទទួលបាននូវការធានាឥណទានមួយក្នុងអត្រាពិសេស។

ជាមួយគ្នានេះ លោក Wong Keet Loong បានលើកឡើងថា៖  “ក្នុងនាមជាស្ថាប័នធានាលើសញ្ញាបណ្ណដំបូង និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ស.ធ.ក. នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍការរីកចម្រើននៃការបោះផ្សាយសញ្ញាបណ្ណ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ ចំណាត់ថ្នាក់ឥណទាន khAAA របស់ ស.ធ.ក. នឹងបង្កើនចំណាត់ថ្នាក់ឥណទានរបស់អ្នកបោះផ្សាយ ដែលនឹងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិនលើសញ្ញាបណ្ណ។ MoU ជាមួយ ន.ម.ក. គឺជាយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍ និងឆ្ពោះទៅរកការពង្រឹងក្របខណ្ឌមូលបត្រ ដើម្បីលើកកម្ពស់ការបោះផ្សាយសញ្ញាបណ្ណឱ្យបានច្រើនជាងមុន ដើម្បីកៀរគរទុន និងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែច្រើន។

បន្ថែមពីនេះ ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍បន្ថែមថា៖ MoU នេះនឹងអនុញ្ញាតឱ្យភាគីទាំង២ សម្រេចបាននូវគោលដៅរួម ក្នុងការគាំទ្រ ន.ម.ក. លើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ និងគាំទ្រ ស.ធ.ក.  លើការក្លាយជាស្ថាប័នធានាសញ្ញាបណ្ណឈានមុខគេនៅកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជាផលវិជ្ជមាននៅក្នុងទីផ្សារសញ្ញាបណ្ណនៅកម្ពុជា តាមរយៈការជំរុញឱ្យមានការបោះផ្សាយ និងការវិនិយោគលើសញ្ញាបណ្ណកាន់តែច្រើន រួមមាន សញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, និងសញ្ញាបណ្ណចីរភាព ជាដើម។

កម្មវិធីនេះ មានសមាសភាពចូលរួមរួមមាន៖ តំណាងជាន់ខ្ពស់ដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាន និងនិយ័តករក្រោមឱវាទ អ.ស.ហ., ផ្សារមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមសហគ្រិនវ័យក្មេង, សមាគមធនាគារនៅកម្ពុជា, រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក, ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ និងក្រុមហ៊ុនបោះផ្សាយសក្តានុពល, ដៃគូប្រព័ន្ធផ្សព្វផ្សាយ​ និងក្រុមហ៊ុន-ស្ថាប័ន​ពាក់ព័ន្ធដទៃទៀត សរុបចំនួន ១០០ រូប។ ក្នុងកម្មវិធីសិក្ខាសាលា ក៏មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសដែលមានបទពិសោធន៍យូរឆ្នាំមកពី ន.ម.ក. និងស.ធ.ក., ក្រុមហ៊ុន តែលកូថេក ធិកធីឌី, ក្រុម-ហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរឺន ម.ក ផងដែរ។

 

មធ្យោបាយទំនាក់ទំនង៖

ន.ម.ក.

សូមទាក់ទងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ តាមរយៈលេខទូរសព្ទ (៨៥៥) ៩៥ ៧៧៥ ៧៧២​ (ឃី ពុជ្ឈីង) ឬ អ៊ីមែល៖ [email protected]

ស.ធ.ក.

សូមទាក់ទងនាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍអាជីវកម្ម តាមរយៈលេខទូរសព្ទ (៨៥៥) ០៧៨​២២២ ​១៨៦ (សន ឆវីវតី) ឬ អ៊ីមែល៖ [email protected]

 

អំពី ន.ម.ក.

ន.ម.ក. ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន និងអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការមូលបត្រកម្ពុជា។​ ន.ម.ក.មានគេហទំព័រផ្លូវការ (វេបសាយ) www.serc.gov.kh និងគេហទំព័រផ្លូវការ (ហ្វេសប៊ុក) www.facebook.com/serc.gov.kh

 

អំពី ស.ធ.ក.

ស.ធ.ក. គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោ​​យ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេក​ទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់​នូវ​ការ​ធានាឥណទាន​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ស.ធ.ក. បានប្រកាសជាផ្លូវការនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណ​ដំបូង​គេរ​បស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពី ន.ម.ក. និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។ ស.ធ.ក. មានគោលបំណងផ្តល់ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់សាជីវកម្មក្នុងស្រុក នៅក្នុង​ផ្សារ​មូលបត្រកម្ពុជា ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការកៀរគរទុន និង​ដើម្បីអភិវឌ្ឍវិ​ស័យ​មូលបត្រ​នៅប្រទេស​កម្ពុជា។ គេហទំព័រផ្លូវការរបស់ CGCC ៖ www.cgcc.com.kh និងទំព័រហ្វេសប៊ុក ៖ https://www.​​facebook.com/officialcgcc

 

CGCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងរ៉ែ និងថាមពល

នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរ៉ែ និងថាមពល លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងរ៉ែ និងថាមពល ។

លោកអគ្គនាយក CGCC មានក្តីសោមនស្សចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងរ៉ែ និងថាមពល ដែលដឹកនាំដោយ ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិកាក្រសួងរ៉ែ និងថាមពល និងបានជម្រាបជូន អំពីវឌ្ឍនភាពការងាររបស់ CGCC ក្នុងការផ្តល់ការធានាឥណទាននារយៈកាលកន្លងមក ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ CGCC ដែលចាំបាច់ត្រូវការការសហការ និងការគាំទ្រពី រ៉ែ និងថាមពល។

ការជួបពិភាក្សានេះ នឹងផ្តល់ឱកាសដល់ CGCC ក្នុងការពិនិត្យលទ្ធភាពប្រើប្រាស់យន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសខ្នាត តូច និងមធ្យម ដែលស្ថិតក្នុងវិស័យថាមពល មានដូចជា អគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ ប្រេងសាំង និងរ៉ែជាដើម ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល៕

CGCC រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ជំនាញនិយាយជាសាធារណៈ និងការធ្វើបទបង្ហាញ”

នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ CGCC បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ជំនាញនិយាយជាសាធារណៈ និងការធ្វើបទបង្ហាញ” ជូនដល់បុគ្គលិករបស់ CGCC ដែលរៀបចំឡើងនៅការិយាល័យរបស់ CGCC។​

CGCC សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងអាចជួយអភិវឌ្ឍសមត្ថភាព និងចំណេះដឹងបន្ថែមអំពីវិធីសាស្រ្តនៃការរៀបចំបទបង្ហាញ និងជំនាញនៃការធ្វើបទបង្ហាញជាសាធារណៈសម្រាប់បុគ្គលិករបស់ CGCC សំដៅ បង្កើន​ប្រសិទ្ធភាពការងារ ដើម្បីការអភិវឌ្ឍ CGCC ទាំងមូល និងជាពិសេសគឺកសាងសមត្ថភាពរយៈពេលយូរអង្វែងដល់បុគ្គលិក លើសពីការផ្តល់ឱ្យបុគ្គលិកនូវឱកាសក្នុងការចូលរួមចំណែកបំពេញការងារសម្រាប់ស្ថាប័ន។

កិច្ចប្រជុំបុគ្គលិក CGCC លើកទី២ ប្រចាំឆ្នាំ២០២៤ “ស្តីអំពីវឌ្ឍនភាពប្រចាំត្រីមាសទី២ ២០២៤ និងផែនការការងារសម្រាប់ត្រីមាសទី៣ ២០២៤”

នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំបុគ្គលិកប្រចំាត្រីមាស ដើម្បីធ្វើបច្ចុប្បន្នភាព និងបូកសរុបពីសមិទ្ធផលការងារក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤  និងរៀបចំផែនការយុទ្ធសាស្រ្តរបស់នាយកដ្ឋាននីមួយៗ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤។

កិច្ចប្រជុំបុគ្គលិកនេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ CGCC ដែលមិនត្រឹមតែជាវេទិកាដើម្បីធ្វើបទបង្ហាញពីនាយកដ្ឋានពាក់ព័ន្ធទាំងអស់នោះទេ ថែមទាំងជាឱកាសក្នុងការជួបពិភាក្សា ក៏ដូចជាទទួលនូវអនុសាសន៍ពីគណៈគ្រប់គ្រងស្របជាមួយទិសដៅដើម្បីអភិវឌ្ឍ CGCC លើប្រតិបត្តិការការងារ និងចូលរួមចំណែកសម្រេចចក្ខុវិស័យរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។

CGCC, GuarantCo និង PIDG សហការគ្នា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព នៅប្រទេសកម្ពុជា

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ក្រុមហ៊ុន GuarantCo,  នៃសម្ព័ន្ធអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (Private Infrastructure Development Group-PIDG) បានចុះអនុស្សរណៈ​នៃការ​យោគយល់គ្នា (MoU) ក្នុងគោលគោល​បំណងបង្កើនបរិយាបន្ន​ហិរញ្ញវត្ថុប្រកប​ដោយចីរភាព និង​ឱកាស​វិនិយោគ​​នៅ​កម្ពុជា។ កិច្ចសហប្រតិបត្តិការ​នេះ​ នឹងបង្កើន​សមត្ថភាពនៃការធានាឥណទានរបស់ CGCC តាម​រយៈ​​ការចូល​រួមរបស់ CGCC ​ក្នុងប្រតិបត្តិការធានាឥណទាន ជាមួយ​ក្រុមហ៊ុន GuarantCo និងការទទួលបានជំនួយបច្ចេកទេសពី PIDG។

ជាមួយនឹងបទពិសោធន៍ធានាលើការបោះផ្សាយសញ្ញាបណ្ណចំនួនបី នៅ​កម្ពុជា ក្រុមហ៊ុន GuarantCo កំពុង សិក្សាលើ​ការជួយអភិវឌ្ឍ​​សមត្ថភាពធានារបស់ CGCC នៅក្នុងទីផ្សារ​មូលធន តាមរយៈកម្មវិធី PIDG Credit Enhancement Facility។ កម្មវិធីនេះមានគោលបំណងបង្កើនលទ្ធភាពធានាលើរូបិយ​ប័ណ្ណ​ក្នុងស្រុក នៅក្នុងទីផ្សារគោលដៅ តាមរយៈការចាប់ដៃគូជាមួយស្ថាប័នក្នុងស្រុក និងការប្រើប្រាស់ធនធានពី PIDG Group ពោលគឺ ការផ្តល់ការធានាបន្ត (Re-Guarantee) ដោយ GuarantCo និងជំនួយបច្ចេកទេសពី PIDG។

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដំបូង របស់ភាគីទាំំងពីរ ក្នុងការឆ្ពោះទៅរកការរៀបចំក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូ​​​ទូលំទូលាយមួយ ដែលភាគីទាំងពីរសង្ឃឹមថានឹងអាចចាប់ផ្តើមនៅក្នុងឆ្នាំ​នេះ ដោយរួមមាន ការផ្ទេរអ៊ិចស្ប៉ូស័រនៃការធានាទៅវិញទៅមក រវាង CGCC និង GuarantCo ក៏ដូចជា ជំនួយបច្ចេកទេសផងដែរ។

កម្មវិធីជំនួយបច្ចេកទេសរបស់ PIDG នឹងគាំទ្រ CGCC ក្នុងការរៀបចំឯកសារសំខាន់ៗ សម្រាប់ការធានាលើការបោះផ្សាយសញ្ញាបណ្ណ និងផ្តល់អ្នក​ប្រឹក្សាយោបល់លើប្រតិបត្តិការធានាឥណទាន ក៏ដូចជាផ្តល់ការគាំទ្រ​ដល់​ការ​កសាងសមត្ថភាព លើដំណើរការគ្រប់គ្រង​​​​ឥណទាន ការវិនិយោគ និងការអភិវឌ្ឍ​ប្រកបដោយចីរភាព។

លោក Philippe Valahu នាយកប្រតិបត្តិរបស់ PIDG បានមានប្រសាសន៍ថា៖ “ដំណោះស្រាយហិរញ្ញប្បទាន​ក្នុងតំបន់ គឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់យើង ហើយការបង្កើតឱ្យមានជំនួយសម្រាប់លើកកម្ពស់​ឥណទាន​នៅក្នុងប្រទេស គឺជាគោលដៅសំខាន់មួយ ដើម្បីជួយអភិវឌ្ឍទីផ្សារក្នុងស្រុក។ ការចុះ​ហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់ជាមួយ CGCC នឹងជួយពន្លឿនការងារនេះ។”

លោក Layth Al-Falaki នាយកប្រតិបត្តិក្រុមហ៊ុន GuarantCo បានមានប្រសាសន៍ថា៖ “យើងមានមោទនភាព​ដែល​បានចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នានេះ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងអាច​ប្រើប្រាស់លទ្ធភាព​ធានាដើម្បីគាំទ្រដល់ CGCC ក្នុងការពង្រីកប្រ​តិបត្តិការ​របស់ខ្លួនសម្រាប់ការផ្តល់ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព​ តាម​រយៈទីផ្សារមូលធនក្នុងស្រុក ស្របតាមផែនការយុទ្ធសាស្ត្ររបស់ PIDG និង GuarantCo។ វត្តមាន​របស់​ក្រុមហ៊ុន GuarantCo នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ២០២២ តាមរយៈការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ​របស់ក្រុមហ៊ុន First Finance, Royal Railway  និងក្រុមហ៊ុន Cellcard នៅឆ្នាំ២០២៣។ តាម​រយៈ​អនុស្សរណៈ​នៃការយោគយល់ជាមួយ CGCC នេះ យើងនឹងបន្តសន្ទុះការងាររបស់​យើង​នៅក្នុងប្រទេសកម្ពុជា ដើម្បី​ផ្តល់​ផល​ប្រយោជន៍ដល់ប្រជាជនកម្ពុជា នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​លក្ខណៈ​កាន់​តែ​ប្រសើរឡើង។”

លោក  Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមាន​កិត្តិយស​ជាខ្លាំងដែលមានឱកាសសហការជាមួយក្រុមហ៊ុន GuarantCo ដែលជាក្រុមហ៊ុនផ្តល់ការធានាលំដាប់​អន្តរជាតិ​ ទទួលបានទុនពីរដ្ឋាភិបាលចំនួន​ ៧នៃក្រុមប្រទេស G12 រួម​មាន​​​ ចក្រភពអង់គ្លេស ស្វីស ស៊ុយអែត អូស្ត្រាលី ហូឡង់ កាណាដា និងបារាំង។ CGCC នឹងទទួល​បាន​អត្ថប្រយោជន៍ពីជំនាញឯកទេស ​ ក្នុងដំណើរការធានាលើការបោះផ្សាយសញ្ញាបណ្ណ​របស់យើង។  យើងពិតជាមានសេចក្តី​​រំភើបជាខ្លាំងចំពោះ​កិច្ចសហប្រតិបត្តិការនេះ ហើយរំពឹងថានឹងទទួលបានការគាំទ្រដ៏រឹងមាំ ដែលអាចពង្រីកសមត្ថភាពធានា​របស់យើង។”

 

អំពី GuarantCo

GuarantCo កៀរគរការវិនិយោគរូបិយប័ណ្ណ ក្នុងស្រុកពីវិស័យឯកជនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រ​ដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងទ្វីបអាហ្វ្រិក និងអាស៊ី។ GuarantCo គឺជា​ផ្នែ​កមួយនៃ PIDG និង​ទទួលមូលនិធិពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ស្វីស អូស្ត្រាលី និងស៊ុយអែត តាមរយៈ PIDG Trust ពីប្រទេសហូឡង់ តាមរយៈ FMO និង PIDG Trust ពីប្រទេសបារាំង តាមរយៈមណ្ឌលប្រចាំការ និង Global Affairs ពីប្រទេសកាណាដា តាមរយៈជំនួយដែលផ្តល់សំណងវិញបាន។ GuarantCo ទទួលបានចំណាត់ថ្នាក់ឥណទាន កម្រិត AA ពីក្រុមហ៊ុនវាយតម្លៃ Fitch និងកម្រិត A1 ពីក្រុមហ៊ុនវាយតម្លៃ Moody’s។ ចាប់តាំងពីឆ្នាំ ២០០៥ មក ក្រុមហ៊ុន GuarantCo បានគាំទ្រដល់ការកៀរគរប្រាក់វិនិយោគសរុបចំនួន ៦,៨ ពាន់លានដុល្លារ និងការវិនិយោគពីវិស័យ​ឯកជន​ចំនួន ៥,៧ ពាន់លានដុល្លារ ដោយផ្តល់អត្ថប្រយោជន៍ពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដល់ប្រជាជនចំនួន ៤៤,៧ លាននាក់ និងបង្កើតការងារប្រមាណ ២៤៣.០០០។ សកម្មភាពរបស់ GuarantCo ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន GuarantCo Management Company ដែលជាផ្នែកមួយនៃស្ថាប័ន Cardano Development www.guarantco.com

 

អំពី PIDG

ក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (PIDG) គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនវានុវត្តន៍ និងជា​ក្រុមហ៊ុនវិនិយោគ ដែលកៀរគរការវិនិយោគឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព និងបរិយាបន្ន​កម្ម​​ក្នុងអនុតំបន់សាហារ៉ានៃទ្វីប អាហ្វ្រិក និងនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ការវិនិយោគរបស់ PIDG ជំរុញ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងការឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យ ការប្រយុទ្ធ​ប្រឆាំង​នឹងភាពក្រីក្រ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ PIDG សម្រេចបាន​នូវមហិច្ឆិតា​របស់ខ្លួន​ ស្របតាមគុណតម្លៃរបស់ក្រុមហ៊ុនក្នុងការច្នៃប្រឌិតថ្មី ភាពជាដៃគូ សុវត្ថិភាព បរិយាបន្ន និងភាពបន្ទាន់។

PIDG ផ្តល់ជំនួយបច្ចេកទេស​សម្រាប់សកម្មភាពក្នុងដំណាក់កាលដំបូង និងដើមទុនសម្បទាន។ ក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ PIDG ដែលផ្តោតលើការអភិវឌ្ឍ​គម្រោង រួមមាន InfraCo Africa និង InfraCo Asia ធ្វើការវិនិយោគលើ​ការ​អភិវឌ្ឍ​គម្រោង​ក្នុង​ដំណាក់​កាលដំបូង និងការវិនិយោគលើភាគហ៊ុនកម្មសិទ្ធិរបស់សាជីវកម្មនានា។ ដំណោះស្រាយឥណទានរបស់ PIDG រួមមាន EAIF (មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិកដែលកំពុងរីកចម្រើន) ជាមូលនិធិបំណុលចម្រុះដំបូងគេ និងទទួលបាន​ជោគជ័យ​ ​ នៅក្នុងទីផ្សារនៃប្រទេសដែលមានប្រាក់ចំណូលទាប ខណៈដែល GuarantCo ដែលជាស្ថាប័នធានាឥណទាន និងជាបុត្រសម្ព័ន្ធរបស់ PIDG ផ្តល់ការ​លើកកម្ពស់ឥណទាន និងដំណោះស្រាយរូបិយប័ណ្ណក្នុងស្រុក​តាមរយៈការកាត់​បន្ថយ​ហានិភ័យ​របស់​គម្រោង និង​បង្កើនការធានាលើឥណទានក្នុងស្រុក ដែលអនុញ្ញាតឱ្យមានការផ្តល់​ហិរញ្ញប្បទាន​ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពីឆ្នាំ ២០០២ មក PIDG បានគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន​២៣៣ ដោយបានផ្តល់ជូននូវ​លទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មី ឬប្រសើរជាងមុន ដល់ប្រជាជនប្រមាណជា ២២៨ លាននាក់។ PIDG ទទួលបានមូលនិធិពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ហូឡង់ ស្វីស អូស្ត្រាលី ស៊ុយអែត ក្រសួងកិច្ចការសកលនៃប្រទេសកាណាដា អាល្លឺម៉ង់ និង IFC។ pidg.org

 

អំពីសាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេក​ទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់​នូវ​ការ​ធានាឥណទាន​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ CGCC បានប្រកាសជាផ្លូវការនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណ​ដំបូង​គេរ​បស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា (SERC) និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។ CGCC មានគោលបំណងផ្តល់ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់សាជីវកម្មក្នុងស្រុក នៅក្នុង​ទីផ្សារ​មូលបត្រកម្ពុជា (CSX) ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការកៀរគរទុន និង​ដើម្បីអភិវឌ្ឍវិ​ស័យ​មូលបត្រ​នៅប្រទេស​កម្ពុជា។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាលើឥណទានប្រមាណ ២០០លានដុល្លារ ដល់សហគ្រាសខ្នាតតូច និងមធ្យម ជាង ២.៣០០ អាជីវកម្ម។ www.cgcc.com.kh

 

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC វគ្គទី២ នៃឆ្នាំ២០២៤

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមការគាំទ្រពី គម្រោង Feed the Future Cambodia Harvest III របស់ USAID បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី២ នៃឆ្នាំ២០២៤ ស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដោយមានការចូលរួមពី លោក NimishJhaveri ប្រធានគម្រោងហាវែស III លោក ស គីណាល់ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង​លោក ណូ លីដា អគ្គនាយករង CGCC ព្រមទាំងវាគ្មិនកិត្តិយស និងសិក្ខាកាមចំនួន ៥១រូប ដែលជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅក្នុងវិស័យកសិកម្ម  និងសហគមន៍កសិកម្ម ដែលមកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន ១២។

តាមរយៈ EPIC វគ្គទី២ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដែលត្រូវបានចែករំលែកដោយ លោកស្រី ចៅ លន់មូលីការ នាយិកាប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Cambodian Standard Development & Supply Co., Ltd. និងជាក្រុមប្រឹក្សាភិបាលទទួលបន្ទុកគណៈកម្មការលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ YEAC។ លោកស្រីបានចែករំលែកនូវយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងបទពិសោធន៍ទទួលបានហិរញ្ញប្បទានផ្លូវការ រួមមាន ជំនួយហិរញ្ញវត្ថុ កម្ចីផ្លូវការ និងប្រភពទុនផ្សេងៗ ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប​។ សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុម អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាពផងដែរ។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពីយន្តការធានាឥណទានរបស់ CGCC ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានចាំបាច់របស់អាជីវកម្ម ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល និងជាវិស័យស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈបទបង្ហាញរបស់ កញ្ញា ជុំ សិលារ័ត្ន  ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម (ការធានាលើសញ្ញាប័ណ្ណ) នៃ CGCC។

ស្របជាមួយនឹងយន្តការធានាឥណទានរបស់ CGCC លោកស្រី ម៉ក់ ដាវី នាយិការងឥណទានអាជីវកម្មខ្នាតមធ្យម នៃធនាគារ ABA ក៏បានចែករំលែកអំពីការគាំទ្រលើលទ្ធភាពទទួលបានកម្ចីដែលមានការធានា និងនីតិវិធីនៃការអនុម័តកម្ចីរបស់ធនាគារ ABA ដល់សិក្ខាកាម ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការទទួលបានហិរញ្ញប្បទានផ្លូវការពីធនាគារ និងបង្កើនចំណេះដឹងហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មផងដែរ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធ ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

 

CGCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកអគ្គនាយក CGCC មានក្តីសោមនស្ស ចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានជម្រាបជូន អំពីវឌ្ឍនភាពការងាររបស់ CGCC ក្នុងការផ្តល់ការធានាឥណទាននារយៈកាលកន្លងមក ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ CGCC ដែលចាំបាច់ត្រូវការការសហការ និងការគាំទ្រពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ការជួបពិភាក្សានេះ នឹងផ្តល់ឱកាសដល់ CGCC ក្នុងការពិនិត្យលទ្ធភាពប្រើប្រាស់យន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសខ្នាត តូច និងមធ្យម ដែលស្ថិតក្នុងវិស័យក្រោមសមត្ថកិច្ចរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

 

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន

នៅថ្ងៃសុក្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចទទួលបានសេវាធានាឥណទានពី CGCC សម្រាប់គម្រោងដែលធនាគារ ARDB កំពុងអនុវត្ត និងត្រៀមនឹងអនុវត្តនាថ្ងៃអនាគត។ សេវាធានាឥណទាននេះនឹងផ្តល់លទ្ធភាពដល់ធនាគារក្នុងការបញ្ចេញឥណទានបានច្រើនជាងមុនជូនអតិថិជនដែលមានស្ថានភាពអាជីវកម្មល្អ ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់ ដូច្នេះយន្តការនេះជាកតាលីករក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។

CGCC ចូលរួមវេទិកាសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ២០២៤ និងចូលសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Jamkrindo

នៅថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គណៈប្រតិភូ CGCC រួមមាន លោក ណូ លីដា អគ្គនាយករង និងលោកស្រី វង្ស សូវីណា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍផលិតផល បានចូលរួមវេទិកាសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ២០២៤ ក្រោមប្រធានបទ “Financial Companies; Pivotal Enablers and Executers of Sustainable Finance in ASEAN”។

ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ CGCC ក៏បានចូលសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Ivan Soeparno, សមាជិកក្រុមប្រឹក្សាភិបាល និងប្រធាននាយកដ្ឋានធនធានមនុស្ស គ្រប់គ្រងទូទៅ និងហានិភ័យ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Jamkrindo ដែលជាសាជីវកម្មធានាឥណទានរបស់រដ្ឋ ក្នុងប្រទេសឥណ្ឌូនេស៊ី និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន PT Bahana Pembinaan Usaha Indonesia (Indonesia Financial Group)។ កិច្ចប្រជុំនេះបានផ្តល់ឱកាសដល់ គណៈប្រតិភូ CGCC និងអ្នកចូលរួមផ្សេងទៀត ក្នុងការសិក្សាស្វែងយល់ពីបទពិសោធន៏ ឧត្តមានុវត្តល្អ និងយន្តការនៃការធានាឥណទានថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការធានាឥណទានរបស់ CGCC ។

CGCC ចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីស្នាមញញឹមកុមារកម្ពុជា និងបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

ក្រោមគំនិតផ្តួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក​​ Wong Keet Loong អគ្គនាយក CGCC ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ CGCC បានចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីស្នាមញញឹមកុមារកម្ពុជា និងបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យដែលព្យាបាលកុមារ ប្រកបដោយគុណភាព ដើម្បីសង្រ្គោះជីវិតកុមារទាំងអស់នៅកម្ពុជា ដោយមិនគិតថ្លៃ។ ការបរិច្ចាគ ១ម៉ឺនរៀល របស់អ្នកទាំងអស់គ្នានឹងអាចបន្ត នូវនិរន្តរភាពរបស់មន្ទីរពេទ្យក្នុងការពិនិត្យ និងព្យាបាលសម្រាប់កុមារគ្រប់រូប។ ចូលរួមបរិច្ចាគថ្ងៃនេះ ដើម្បីអនាគតកុមារកម្ពុជា! លោកអ្នកអាចចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈការស្កែន QR Code ដែលមានក្នុងរូបភាព។