នៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់គ្នារវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសហព័ន្ធស្រូវអង្ករកម្ពុជា និង កិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានជាកិត្តិយសរបស់ក្រុមប្រឹក្សាភិបាលរបស់ CGCC, ថ្នាក់ដឹកនាំ និងសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា, ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និង CGCC សរុបប្រមាណជាង៧០រូប
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាង CGCC និង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) លើគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលសំដៅបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មស្រូវ-អង្កររបស់កម្ពុជា ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជា ស្របតាមគោលនយោបាយអាទិភាពលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការគម្រោង REGS ដែលជាគម្រោងធានាឥណទានជាកញ្ចប់មានទំហំសរុប ៣០លានដុល្លារ សម្រាប់ជំហានទី១ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ចូលរួមអនុវត្តគម្រោង REGS នេះ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា, និងធនាគារវីង (ខេមបូឌា)។
ឯកឧត្តម រស់ សីលវ៉ា មានប្រសាសន៍ឱ្យដឹងថា៖ “ការដាក់ចេញនូវគម្រោង REGS ដែលមានទំហំ ៣០លានដុល្លារនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការផលិត និងនាំចេញអង្ករកម្ពុជា តាមរយៈយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដែលមាន CGCC ជាប្រតិបត្តិករ ដោយផ្តល់ការធានារហូតដល់ ៨០% លើកម្ចីអតិបរមារហូតដល់ ៣លានដុល្លារ។ គម្រោង REGS នេះនឹងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ សម្រាប់ការផលិតអង្ករនាំចេញ ដើម្បីគាំទ្រដល់គោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។”
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា ៖ “ពិធីចុះហត្ថលេខា នាថ្ងៃនេះគឺជានិមិត្តរូបថ្មីបន្ថែមទៀត នៃដំណើរការត្រៀមខ្លួនលើកកម្ពស់វិស័យស្រូវអង្ករឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងឯកជន និងឯកជន ជាមួយរាជរដ្ឋាភិបាល។ កញ្ចប់ធានាឥណទានលើវិស័យស្រូវអង្ករដំណាក់កាលទីមួយនាពេលនេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវពង្រីកវិសាលភាពរបស់ខ្លួនក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពីអនុផលនៃការកិនស្រូវទាំងអស់ដល់វិស័យផ្សេងទៀតដូចជាវិស័យវារីវប្បកម្ម ការចិញ្ចឹមសត្វ។ល។ កញ្ចប់ធានានេះក៏ជាកត្តាលីករបន្ថែមទៀតនៃការចូលរួមលើការអនុវត្តនូវគោលនយោបាយផលិតកម្មស្រូវ និងការជំរុញការនាំចេញឱ្យបាន១លានតោនក្នុងមួយឆ្នាំ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ហើយយើងជឿជាក់ថា ផែនការនេះ នឹងសម្រេចបាននៅក្នុងឆ្នាំ ២០២៥ដ៏ខ្លីខាងមុខ។”
លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ថា ៖ “CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានថ្មី ដែលជាគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលមានទំហំ ៣០លានដុល្លារ ដើម្បីគាំទ្រជាទុនបង្វិល សម្រាប់រោងម៉ាស៊ីនកិនស្រូវ ក្នុងការកិនកែច្នៃស្រូវសម្រាប់ការនាំចេញអង្ករ។ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧ស្ថាប័ន បានប្តេជ្ញាចិត្តក្នុងការផ្តល់កម្ចីដែលមានការធានាពី CGCC សម្រាប់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនសមត្ថភាពក្នុងការនាំចេញអង្ករ។ គម្រោងនេះផ្តល់ជូននូវលក្ខខណ្ឌពិសេស ដូចជាកម្រៃធានាឥណទានទាប វិសាលភាពនៃការធានាខ្ពស់ និងអត្រាការប្រាក់មិនលើសពី១១%។ យើងគាំទ្រនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។ នេះគឺជាជំហានទីមួយនៃគម្រោង ដោយយើងនឹងស្នើបង្កើនទំហំគម្រោង ប្រសិនបើមានតម្រូវការខ្ពស់សម្រាប់ការធានាឥណទាន។”
គម្រោង REGS របស់ CGCC ត្រូវបានដាក់ឱ្យដំណើរការដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។ ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសកម្មរបស់ CRF និងដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ទិញស្រូវ កិនកែច្នៃ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស អាចទំនាក់ទំនងទៅកាន់ CRF ដើម្បីទទួលបានការសម្របសម្រួលក្នុងការទទួលបានហិរញ្ញប្បទាននេះ។
CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម៕