នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍” នៅឯខេត្តកំពត ក្រោមកិច្ចសហការពីក្រសួងទេសចរណ៍ តាមរយៈមន្ទីរទេសចរណ៍ខេត្តកំពត និង ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) និងមានការចូលរួមពីសំណាក់បណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ នៅក្នុងខេត្តកំពត ជាង៥០នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីដោយ លោកស្រី ជិន សុភះឡា អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក ណូ លីដា អគ្គនាយករង CGCC និងលោក នៀវ សុគន្ធ នាយកប្រតិបត្តិ ប្រតិបត្តិការ SME Bank។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ សហគ្រិនដែលមានអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ រួមមានរីសត សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ល។ល បានជ្រាបអំពីព័ត៌មាននៃអត្ថប្រយោជន៍ពីកម្ចីដែលមានការធានា ឆ្លើយតបនឹងបញ្ហាខ្វះទ្រព្យបញ្ចាំពេលស្នើសុំកម្ចី សម្រាប់យកទៅកែលម្អ និងស្តារអាជីវកម្មរបស់ខ្លួនរង់ចាំទទួលភ្ញៀវទេសចរ បន្ទាប់ពីសហគ្រាសជាច្រើនក្នុងវិស័យនេះបានរងការប៉ះពាល់ពីវិបត្តិកូវីដ១៩ នារយៈកាលកន្លងទៅ។
ជាមួយគ្នានេះ សហគ្រិនក៏បានស្វែងយល់លម្អិតអំពីយន្តការរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងបន្តផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន ក្នុងលក្ខខណ្ឌអនុគ្រោះ លើការប្រាក់ តាមរយៈ SME Bank និងលើទ្រព្យបញ្ចាំ តាមរយៈ CGCC ដែលជារួម សហគ្រិនអាចស្វែងរកកម្ចីដែលមានការធានា សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍របស់ខ្លួននេះ តាមរយៈ “គម្រោងធានាឥណទានសម្រាប់សហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍” របស់ CGCC ដែលផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ ក្នុងវិស័យទេសចរណ៍ តាមរយៈគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ របស់ SME Bank។
ព័ត៌មានលម្អិតអំពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ សូមចុចទីនេះ៖ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍