កាលពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC នៅខេត្តកំពង់ស្ពឺ រួមមាន ធនាគារកាណាឌីយ៉ា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ, នៅខេត្តព្រះសីហនុ រួមមាន ធនាគារ ABA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ធនាគារស្ថាបនា ធនាគារកាណាឌីយ៉ា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ និងធនាគារអេស៊ីលីដា , និងនៅខេត្តកំពតរួមមាន ធនាគារ ABA ធនាគារអេស៊ីលីដា គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី។
កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលវិស័យទេសចរណ៍ គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យបញ្ចាំ ជាពិសេសដើម្បីផ្សព្វផ្សាយអំពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍របស់ CGCC ដែលទើបនឹងដាក់ចេញនាពេលថ្មីៗនេះផងដែរ។
តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ជាមួយ PFIs របស់ CGCC នៅបណ្តាខេត្តទាំងបីនេះ CGCC បានស្វែងយល់អំពីស្ថានភាពនៃការអនុវត្តគម្រោងធានាឥណទាន នៅតាមបណ្តាខេត្ត រួមទាំងមតិយោបល់ដ៏មានសារៈសំខាន់នានាទៅលើគម្រោងធានាឥណទានរបស់ CGCC។ CGCC និង PFIs នឹងបន្តបង្កើនការសហការលើការផ្តល់កម្ចីដែលមានការធានាជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីសម្រាប់អភិវឌ្ឍអាជីវកម្ម តែប្រឈមនឹងបញ្ហាខ្វះទ្រព្យបញ្ចាំ។