អាននិងទាញយកអត្ថបទជា PDF: លោក ហៀង តារា ម្ចាស់អាជីវកម្មទូកនេសាទ KCC ខេត្តកំពង់ឆ្នាំង
ដោយសារតែមើលឃើញពីសក្ដានុពុល និងដើម្បីលើកស្ទួយដល់ផលិតផលខ្មែរ ខ្ញុំបានសម្រេចចិត្តចាប់ផ្តើមសិប្បកម្មផលិតទូក KCC ដែលជា សិប្បកម្មផលិតទូកនៅក្នុងស្រុកដ៏កម្រមួយ នៅក្នុងខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ ២០១៤។ ទូក គឺជាយាន្តដ៏សំខាន់សម្រាប់បងប្អូនប្រជាជនខ្មែរ ដែលប្រកបរបរនេសាទ និងស្រែចម្ការជាប់មាត់ទឹក។
ចាប់ពីចាប់ផ្ដើមដំបូងរហូតដល់សព្វថ្ងៃ បញ្ហាប្រឈមសំខាន់របស់ខ្ញុំគឺ កង្វះទុនបង្វិល ដើម្បីពង្រីកអាជីវកម្ម ព្រោះកំណើននៃការបញ្ជាទិញពីអតិថិជន និងដេប៉ូចែកចាយនៅតាមបណ្ដាខេត្តនីមួយៗ មានការកើនឡើងជាលំដាប់។ ដំណោះស្រាយសម្រាប់ខ្ញុំ គឺប្រាក់កម្ចីពីធនាគារ។ ដោយសារតែទ្រព្យធានារបស់ខ្ញុំមិនគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីដែលខ្ញុំបានស្នើសុំ អាជីវកម្មរបស់ខ្ញុំមានការរាំងស្ទះ។
ប៉ុន្តែ ដោយសារការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពី ធនាគារ ABA ទៅតាមទំហំកម្ចីដែលខ្ញុំបានស្នើសុំ ទាន់ពេលវេលា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានា ខ្ញុំបានយកវាទៅធ្វើជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការផលិតទូកបាឡាស្មាច់ជូនដល់អតិថិជន និងដេប៉ូចែកចាយបានជាច្រើនខេត្តក្រុង ទាន់ពេលវេលា។
ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់យើង ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាងនិងការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាបំពេញនូវឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពទុកចិត្តលើម្ចាស់អាជីវកម្មក្នុងការប្រើប្រាស់កម្ចីឲ្យចំគោលដៅផងដែរ។ ការទទួលបានកម្ចីដែលមានការធានាពី CGCC ពិតជាបានជួយឱ្យអាជីវកម្មរបស់ខ្ញុំ រីករូតលាស់មកទល់សព្វថ្ងៃ។ ប្រសិនមិនមានវត្តមានរបស់ CGCC ទេ ម្លេះមិនដឹងថាអាជីវកម្មរបស់ខ្ញុំនឹងទៅជាយ៉ាងណាទេ? ម្ចាស់អាជីវកម្មដទៃទៀត ក៏អាចទទួលបានអត្ថប្រយោជន៍ពីការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ដូចរូបខ្ញុំដែរ៕