នាថ្ងៃទី៧ ដល់ទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC បានដឹកនាំគណៈប្រតិភូពី CGCC ចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៣៥ របស់ ACSIC នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ដែលត្រូវបានរៀបចំឡើងដោយ មូលនិធិធានាឥណទានប្រទេសម៉ុងហ្គោលីក្រោមប្រធានបទ “Looking ahead: fostering green financing for sustainable development”។
នៅក្នុងសន្និសីទនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ត្រូវបានអញ្ជើញផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដើម្បីថ្លែងសុន្ទរកថាស្វាគមន៍ ទៅកាន់បណ្តាប្រតិភូពីស្ថាប័នធានាឥណទាននានា អំពីយន្តការធានាឥណទានរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ចូលរួមចំណែកដល់និរន្តរភាពនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។
លើសពីនេះ លោក Wong Keet Loong អគ្គនាយក CGCC ក៏បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងកិច្ចពិភាក្សាលើប្រធានបទ “Design, Implementation and Monitoring: The Role of Credit Guarantee Schemes in Addressing the Perceived Higher Risks Associated with Green Finance Investments”។ លោកអគ្គនាយក បានចែករំលែកអំពីវឌ្ឍនភាពរបស់ CGCC ក្នុងការអភិវឌ្ឍគម្រោងធានាឥណទាន ដើម្បីគាំទ្រដល់ហិរញ្ញប្បទានបៃតង សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នក្រសួងរបស់រាជរដ្ឋាភិបាលនានា និងទីភ្នាក់ងារដៃគូអភិវឌ្ឍ ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជា ទៅលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យបានប្រមាណ៤០%នៅឆ្នាំ២០៣០។ លោកអគ្គនាយកក៏បានបញ្ជាក់បន្ថែមទៀតថា CGCC កំពុងរៀបចំផែនការបង្កើតឱ្យមាននូវ ទុនបៃតង (Green Fund) សម្រាប់គាំទ្រដល់សមត្ថភាពសម្រាប់ការធានាលើវិស័យបៃតង។ ទុននេះនឹងត្រូវបានចូលរួមបដិភាគដោយ CGCC គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម វិនិយោគិន និងម្ចាស់ជំនួយនានា ដែលមានគោលដៅរួម ក្នុងការគាំទ្រដល់អាជីវកម្មលើវិស័យបៃតង នៅកម្ពុជា។
តាមរយៈសន្និសីទនេះ ប្រតិភូតំណាងស្ថាប័នចូលរួមមានឱកាសក្នុងការចែករំលែក និងផ្លាស់ប្តូរទស្សនៈលើប្រធានបទនានាជុំវិញការហិរញ្ញប្បទានបៃតង សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈរបៀបវារៈដែលមានដូចជា កិច្ចពិភាក្សា កិច្ចសន្ទនាពីអ្នកជំនាញ និងសុន្ទរកថាគន្លឹះនានា ដែលនាំមកនូវកិច្ចខិតខំប្រឹងប្រែងជារួម ឆ្ពោះទៅរកការកសាង និងអភិវឌ្ឍហិរញ្ញប្បទានបៃតង ដែលជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍជាវិជ្ជមាន ខណៈដែលប្រធានបទនៃសន្និសីទរបស់ ACSIC លើកទី៣៥នេះមិនត្រឹមតែពាក់់ព័ន្ធសម្រាប់ស្ថាប័នចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ក្នុងដោះស្រាយនឹងបញ្ហាប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្នផងដែរ។
សន្និសីទនេះមានការចូលរួមពីតំណាងសមាជិក និងអ្នកសង្កេតការណ៍របស់ ACSIC ប្រហែល១២០រូប មកពី១៣ប្រទេសនៅក្នុងទ្វីបអាស៊ី រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាពួអាស៊ីនូវែលហ្គីណេ ហ្វីលីពីន ស្រីលង្កា តៃវ៉ាន់ និងប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទាន ដែលបច្ចុប្បន្ននេះការចូលរួមពី១៩ស្ថាប័ន មកពី១៣ប្រទេសនៅក្នុងទ្វីបអាស៊ី៕