CGCC

សន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ “ពិពិធកម្មយន្តការធានាឥណទាន ដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាព របស់សហគ្រាសខ្នាតតូច និងមធ្យម”

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា បានសហការរៀបចំសន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពី “ពិពិធកម្មយន្តការធានាឥណទាន ដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាព របស់សហគ្រាសខ្នាតតូច និងមធ្យម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

សន្និបាតប្រចាំឆ្នាំរបស់ CGCC ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល, សម្ពោធ​​ដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈថ្មីៗ និងជាវេទិកាចែករំលែកមេរៀន និងបទពិសោធន៍នៃការធ្វើពិពិធកម្មយន្តការធានាឥណទាន ដើម្បីអភិវឌ្ឍយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការគាំទ្របរិយាន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា​។ សន្និបាតនេះ មានអ្នកចូលរួមដែលជាតំណាងមកពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងសមាគមអាជីវកម្មពាក់ព័ន្ធ សរុបប្រមាណ ២០០រូប។

តាមរយៈសន្និបាតនេះ ឯកឧត្តម រស់ សីលវ៉ា បានដាក់ឱ្យសម្ពោធជាផ្លូវការ “CGCC ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណដំបូងគេរបស់កម្ពុជា” បន្ទាប់ពី CGCC ត្រូវបានទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និង ទទួលបាននូវចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុត ពីក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តម រស់ សីលវ៉ា ក៏បានផ្តល់លិខិតកោតសរសើររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមចំនួន ៥ រួមមាន ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី, និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលបានបញ្ចេញកម្ចីមានការធានាបានច្រើនជាងគេ និង លិខិតកោតសរសើរពិសេស ជូនដល់ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់  ដែលរក្សាបាននូវគុណភាពកម្ចីមានការធានាបានល្អជាងគេ។ លើសពីនេះ CGCC ក៏បានដាក់ឱ្យដំណើរការកម្មវិធីEntrepreneurship Program Imitative of CGCC (EPIC)” ដែលជាកម្មវិធីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាពរបស់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។

ឯកឧត្តម រស់ សីលវ៉ា បានលើកឡើងថា៖ “ក្នុងខណៈដែលនិម្មាបនកម្មសេដ្ឋកិច្ចសកលកំពុងប្រែប្រួល CGCC មានតួនាទីសំខាន់ ក្នុងការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ឱ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ សម្រាប់ការចាប់យកឱកាសពង្រីកការវិនិយោគ ដើម្បីបង្កើនការងារ និងប្រាក់ចំណូល សំដៅជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា នៅក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខ។​ បន្ថែមពីនេះ CGCC ក៏ត្រូវត្រៀមខ្លួនចូលរួមគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា តាមរយៈការធ្វើពិពិធកម្មធានាឥណទាន ទៅកាន់ការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីជួយបង្កើនកម្រិតឥណទានរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ឱ្យមានលទ្ធភាពកៀរគរមូលធន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណ នៅលើផ្សារមូលបត្រកម្ពុជាផងដែរ។ អភិវឌ្ឍយន្តការធានាឥណទាន នឹងនាំឱ្យមានការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ ដែលអាចចូលរួមគាំទ្រដល់ការធ្វើពិពិធកកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។”

នៅក្នុងសន្និបាតនេះ មានការធ្វើបទបង្ហាញអំពីប្រធានបទពាក់ព័ន្ធនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល, បទពិសោធន៍នៃការធានាឥណទាន និងការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ ពីតំណាងធនាគារជាតិនៃកម្ពុជា, តំណាងសាជីវកម្មធានាឥណទានរបស់សាធារណរដ្ឋកូរ៉េ, និងតំណាងក្រុមហ៊ុន GuarantCo មកពីប្រទេសសឹង្ហបុរី ព្រមទាំងវេទិកាពិភាក្សាអំពីអត្ថប្រយោជន៍ និងឱកាសសម្រាប់សញ្ញាប័ណ្ណដែលមានការធានា ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា រវាងវាគ្មិន ដែលជាតំណាងនិយ័តករមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, ក្រុមហ៊ុនហ្វតតេ និងតំណាង CGIF (Credit Guarantee and Investment Facility) មកពីប្រទេសហ្វីលីពីនផងដែរ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម។ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានឯកត្តឥណទានចំនួន ៣គម្រោង, គម្រោងធានាឥណទានជាកញ្ចប់ចំនួន ៦គម្រោង, គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីប្រតិបត្តិការរយៈពេល៣ឆ្នាំ CGCC បានអនុម័តការធានាឥណទានលើកម្ចីចំនួន ១៦៤,៧២លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មប្រមាណ ១.៩២៨អាជីវកម្ម នៅទូទាំងប្រទេស ដែលអាជីវកម្មទាំងនោះ បានផ្តល់នូវឱកាសការងារជូនដល់កម្មករនិយោជិត ជាង ៥២.០០០នាក់៕