CGCC

ទស្សនកិច្ចសិក្សាស្ដីពីការប្រើប្រាស់ប្រព័ន្ធជីវឧស្ម័នដើម្បីផលិតអគ្គិសនីនៅកសិដ្ឋានចញ្ចឹមជ្រូកនៅ ខេត្តព្រះសីហនុ

ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក ណូ លីដា អគ្គនាយករង CGCC បានដឹកនាំ សហការី  ចូលរួមដំណើរទស្សនកិច្ច នៅឯកសិដ្ឋានចិញ្ចឹមជ្រូកសាច់មួយកន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ​  និងបានចែករំលែកអំពីគម្រោងធានាឥណទានរបស់ CGCC ជូនដល់គណៈប្រតិភូនៃដំណើរទស្សនកិច្ច ក្រោមអធិបតីភាព  ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រោមការសម្របសម្រួលរបស់ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

ដំណើរទស្សនកិច្ចនេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹង ក៏ដូចជាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនានាដែលទាក់ទងនឹងការអនុវត្តបច្ចេកវិទ្យាជីវឧស្ម័ននៅក្នុងវិស័យកសិកម្ម ជាពិសេសលើការ ចិញ្ចឹមជ្រូកសាច់ក្នុងប្រទេសកម្ពុជា និងបង្កើនកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកសិក្សាស្រាវជ្រាវផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកចូលរួម ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុ បានយល់ដឹងនិងទស្សនាដោយផ្ទាល់អំពីការប្រើប្រាសប្រព័ន្ធជីវឧស្ម័ន ដើម្បីផលិតអគ្គិសនី និងអត្ថប្រយោជន៍ដល់ដំណើរការរបស់កសិដ្ឋាន ទាំងលើផ្នែកសេដ្ឋកិច្ច និងការចូលរួមចំណែកការពារបរិស្ថាន។ ការណ៍នេះ នឹងជំរុញឱ្យបង្កើននូវការបង្កើតផលិតផលឥណទានដែលមានលក្ខណៈអនុគ្រោះដល់អាជីវកម្មដែលនៅក្នុងវិស័យនេះកាន់តែច្រើនជាងមុន។ ជាមួយគ្នានេះ CGCC ក៏រីករាយនឹងចូលរួមចំណែកផ្តល់នូវការធានាឥណទានជូនដល់ម្ចាស់អាជីវកម្ម ដែលមានតម្រូវការកម្ចីសម្រាប់អាជីវកម្ម ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍បរិស្ថាន។

Exposure Visit to a Demonstration Site, Biogas-Based Power Plant of a Pig Farm in Preah Sihanouk Province
Exposure Visit to a Demonstration Site, Biogas-Based Power Plant of a Pig Farm in Preah Sihanouk Province
Exposure Visit to a Demonstration Site, Biogas-Based Power Plant of a Pig Farm in Preah Sihanouk Province
Exposure Visit to a Demonstration Site, Biogas-Based Power Plant of a Pig Farm in Preah Sihanouk Province
Exposure Visit to a Demonstration Site, Biogas-Based Power Plant of a Pig Farm in Preah Sihanouk Province
Exposure Visit to a Demonstration Site, Biogas-Based Power Plant of a Pig Farm in Preah Sihanouk Province

 

កម្មវិធីវិបស្សនារបស់ CGCC ប្រចាំឆ្នាំ២០២២

CGCC តែងតែផ្តល់ឱ្យបុគ្គលិកនូវឱកាសលើសពីការពង្រីកចំណេះដឹង និងបទពិសោធន៍ការងារ ដោយចាត់ទុកបុគ្គលិកទាំងអស់ ជាទ្រព្យដ៏មានតម្លៃ ដែលមានតួនាទីមិនអាចខ្វះបានក្នុងការសម្រេចបានចក្ខុវិស័យរបស់ CGCC។ ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនផលិតភាពការងារ និងថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែក នៅក្នុងប្រតិបត្តិការធានាឥណទាន CGCC បានរៀបចំកម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២២ នៅកោះរ៉ុងសន្លឹម កាលពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២។

តាមរយៈកម្មវិធីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC មានឱកាសបានស្វែងយល់ពីគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរបទពិសោធន៍ការងារ ប្រកបដោយក្តីសប្បាយរីករាយ និងសហប្រតិបត្តិការល្អ។ CGCC សង្ឃឹមថា កម្មវិធីដ៏មានអត្ថន័យនេះ នឹងបង្កើនសាមគ្គីភាព ប្រសិទ្ធភាព និងផលិតភាពការងារ សំដៅរួមចំណែកដល់ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ CGCC ស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា៕

CGCC Annual Staff Retreat 2022

CGCC Annual Staff Retreat 2022

CGCC Annual Staff Retreat 2022

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: CGCC participates in the discussion on “SMEs and FinTech Joining Hands to Promote Economic Recovery”

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ CIMB ចាប់ដៃគូសហការផ្តល់កម្ចីមានការធានា ដល់អាជីវកម្មដែលខ្វះទ្រព្យធានា

(ភ្នំពេញ) ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ CIMB បានប្រកាសជាផ្លូវការនូវភាពជាដៃគូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីផ្តល់កម្ចីដែលមានការធានាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមក៏ដូចជាក្រុមហ៊ុនអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ឱ្យមានលទ្ធភាពទទួលបានកម្ចីអាជីវកម្មកាន់តែច្រើន ក្នុងការពង្រីកអាជីវកម្ម វិនិយោគ និងទុនបង្វិល។

ភាពជាដៃគូរវាង CGCC ដែលជាសហគ្រាសសាធារណៈ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និង ហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនិងធនាគារ CIMB ដែលជាធនាគារពាណិជ្ជមានបណ្តាញសាខាជាច្រើននៅកម្ពុជា នឹងបង្កើនការគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មដែលមានតម្រូវការហិរញ្ញវត្ថុ ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចី ឱ្យទទួលបានកម្ចីដែលមានការធានាក្នុងការអភិវឌ្ឍនិងទ្រទ្រង់អាជីវកម្ម។

លោក Wong Keet Loong អគ្គនាយក CGCC បានលើកឡើងថា ភាពជាដៃគូជាមួយ ធនាគារ CIMB កម្ពុជា នឹងបង្កើនចំនួនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ដល់ទៅ២៥ស្ថាប័ន ក្នុងការផ្តល់កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីភាពរីកចម្រើននៃអាជីវកម្ម”។

លោកបានបន្តទៀតថា ៖ “គិតមកត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ CGCC បានផ្តល់ធានាឥណទានដល់ទៅជិត ៩០០ ក្រុមហ៊ុន/អាជីវកម្មក្នុងរង្វង់ទឹកប្រាក់ប្រហាក់ប្រហែល ៨៥ លានដុល្លារសហរដ្ឋអាមេរិក។ យើងមានសុទិដ្ឋិនិយមថា ការធានាឥណទាននឹងត្រូវបានប្រើប្រាស់ជាយន្តការចែករំលែកហានិភ័យដ៏ប្រសើរមួយ សម្រាប់ការផ្តល់ប្រាក់កម្ចីទៅកាន់ MSMEs ក្នុងដំណាក់កាលស្តារឡើងវិញនៃសេដ្ឋកិច្ចជាតិ។ កម្ចីដែលធានាពី CGCC នឹងបង្កើនទំនុកចិត្តដល់គ្រិះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់កម្ចី ដើម្បីគាំទ្រដល់កំណើននៃMSMEs នៅកម្ពុជា”។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB  មានប្រសាសន៍ថា៖ «ការចុះកិច្ចព្រមព្រៀងធានាឥណទាននេះ បានផ្តល់ឱកាសដ៏ល្អប្រសើរ ដល់ធនាគារ CIMB ក្នុងការគាំទ្រយ៉ាងពេញទំហឹង ដល់ភាពរីកចម្រើន ប្រកបដោយនិរន្តរភាព នៃសហគ្រាសធុនតូច និងមធ្យម​ ក្នុងប្រទេសកម្ពុជា តាមរយៈផលិតផលដ៏សម្បូរបែបរបស់ធនាគារ។ ការបង្កើតកិច្ចសហការ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា ផ្តល់លទ្ធភាពឲ្យម្ចាស់អាជីវកម្មធុនតូច និងមធ្យម ដែលមិនមានទ្រព្យបញ្ចាំ អាចទទួលបានសាច់ប្រាក់ចាំបាច់ សម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាមួយអត្រាការប្រាក់ប្រកួតប្រជែង»។

 លោក ប៊ុន យីន បានបន្តទៀតថា៖ «ការផ្តល់ជូនថ្មីនេះ សបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មខ្នាតតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសកម្ពុជា»។

ក្រោមកិច្ចព្រមព្រៀងធានាឥណទាននេះ ធនាគារ CIMB បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយ ក្នុងចំណោម PFIs សរុប២៥ ស្ថាប័នរបស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តាមរយៈយន្តការធានាឥណទាន។

កិច្ចសហប្រតិបត្តិការ រវាង CGCC និង ធនាគារ CIMB នឹងបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ក្រុមហ៊ុន/អាជីវកម្ម ឱ្យទទួលបានកម្ចី ទោះបីគ្មានទ្រព្យធានា និងជួយឱ្យទទួលបានកម្ចីច្រើនជាងមុន ជាងការខ្ចីដោយគ្មានការធានាឥណទាន។

 

អំពី CGCC 

CGCC គឺជាសហគ្រាសសាធារណៈដែលបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។ CGCC ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនិងហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងបេសកកម្មផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទាន ដល់ក្រុមហ៊ុន/អាជីវកម្ម សរុបចំនួន៨៩៩ ក្នុងរង្វង់ទឹកប្រាក់ប្រហាក់ប្រហែល៨៥.៧៣ លានដុល្លារ ដែលក្នុងនោះ ៩៥% នៃចំនួនក្រុមហ៊ុន/អាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SMEs)។

 

អំពីធនាគារ CIMB

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។

ចុចទីនេះអានបន្ថែម: CGCC supports the accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” second cohort

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៤

កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សហគ្រិនខ្មែរ ក្រុមហ៊ុនធានារ៉ាប់រង Manulife & សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលវគ្គទីបួន​នេះធ្វើទ្បើងពីថ្ងៃទី ៣ – ៤ & ១០ -​ ១១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិនស្រ្តី។

សហគ្រិន និងម្ចាស់អាជីវកម្មសរុបជាង២០រូប បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គទីបួននេះ ពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុ ហើយពួកគាត់ក៏ទទួលបានឱកាសសិក្សាទៅលើភាពជាសហគ្រិន ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ការសិក្សាលើកម្ចីឥណទានជាមួយធនាគារ និងជ្រើសរើសកម្ចីដែលស័ក្ដិសម​សម្រាប់​អាជីវកម្មរបស់ខ្លួន ។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៤
CGCC Supports the Accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” 4th Cohort

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីផ្តល់នូវជំនាញ និងបទពិសោធន៍ជាក់ស្តែងទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការទទួលបាននូវបណ្តាញពាណិជ្ជកម្មដែលអាចជំរុញដល់ការរីកចម្រើនអាជីវកម្មរបស់សហគ្រិន។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៤
CGCC Supports the Accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” 4th Cohort

Click here to know more about: CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៣

Also check: Small and medium enterprises SME

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១២

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី១២ នៅការិយាល័យកណ្តាលរបស់ CGCC ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋ។

របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១២ នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ CGCC, (២) ពាក្យស្នើសុំធ្វើជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) , (៣) គម្រោងធានាឥណទានថ្មីរបស់ CGCC (៤) ក្របខណ្ឌនៃការធានាឥណទានលើការបោះផ្សាយសញ្ញាបណ្ណ, (៥) វិសោធនកម្មនៃលក្ខន្តិកៈរបស់ CGCC និង (៦) ផ្សេងៗ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ CGCC តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ដល់ CGCC ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើកិច្ចការងារអភិវឌ្ឍស្ថាប័ន  ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ CGCC។

12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
12th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: 11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)

ស្វែងយល់ពីការធានាឥណទាន តាមរយៈកិច្ចសម្ភាសន៍ជាមួយធនាគារកាណាឌីយ៉ា

អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយធនាគារកាណាឌីយ៉ា 

→​ ក្នុងនាមជាធនាគារមួយក្នុងចំណោមធនាគារដំបូងគេ ដែលបានក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់CGCC, តើកត្តាអ្វីខ្លះដែលជំរុញឱ្យធនាគារកាណាឌីយ៉ា ប្រើប្រាស់គម្រោងធានាឥណទាន ជាមួយនឹងផលិតផលឥណទានរបស់ធនាគារដែលមានស្រាប់?

កត្តាចំបងមួយដែលជម្រុញឲ្យយើងប្រើប្រាស់គម្រោងធានាឥណទាន​ ព្រោះយើងជឿជាក់ថា គម្រោងធានាឥណទានរបស់ CGCC អាចជួយដល់ម្ចាស់អាជីវកម្មសក្តានុពលដែលមានតម្រូវការកម្ចី ដើម្បីប្រើប្រាស់ក្នុងអាជីវកម្មគាត់ ប៉ុន្តែគាត់មិនមានទ្រព្យធានាកម្ចីគ្រប់គ្រាន់ មានលទ្ធភាពទទួលបានឥណទានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងការស្តារ និង ពង្រីកអាជីវកម្ម ក្រោយពីវិបត្តិជម្ងឺកូវីដ បានធូរស្រាល ។

 

→ បន្ទាប់ពីបានប្រើប្រាស់គម្រាងធានាឥណទានរបស់CGCC​ ជាងមួយឆ្នាំមក តើធនាគារកាណាឌីយ៉ាយល់ថា គម្រោងធានាឥណទានបានជួយគាំទ្រទៅដល់ធនាគារ និងអតិថិជនរបស់ធនាគារកាណាឌីយ៉ា យ៉ាងដូចម្តេចខ្លះ?

យើងបានផ្តល់ឥណទានក្រោមគម្រោងធានាឥណទាន របស់ CGCC ជូនអតិថិជនច្រើនជាង ២០០ នាក់ ជាមួយទំហំឥណទានសរុបជិត ២០លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយឆ្នាំនេះ។ តាមរយៈឥណទានទាំងនេះ អតិថិជនបានកំពុងប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្មរបស់គាត់ក្ នងវិស័យផ្សេងៗ ដែលបានបង្កើតការងារជូនប្រជាជន និង​ រួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ។

 

→ ថ្មីៗនេះ ធនាគារកាណាឌីយ៉ា និងសាជីវកម្មធានាឥណទានកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ ផលិតផល និងគម្រោង ដើម្បីគាំទ្រដល់សហគ្រិនស្រ្តី រួមមាន ឥណទានសហគ្រិនស្រ្តីវៃឆ្លាត និងគម្រោងធានាសម្រាប់សហគ្រិនស្រ្តី។ តើធនាគារយល់ឃើញថា ផលិតផល និងគម្រោងទាំង២នេះ មានអត្ថប្រយោជន៍យ៉ាងណាខ្លះ ក្នុងការគាំទ្រដល់សហគ្រិនស្រ្តីឱ្យទទួលបានកម្ចី ទោះបីខ្វះទ្រព្យបញ្ចាំ ក៏ដូចជាដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ?

ឥណទានសហគ្រិនស្ត្រី និង គម្រោងធានាសម្រាប់សហគ្រិន កំពុងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យសហគ្រិនស្ត្រីទទួលបានឥណទានសមស្របតាមតម្រូវការអាជីវកម្មរបស់ពួកគាត់ ជៀសវាងការស្វែងរកកម្ចីដែលមានថ្លៃដើមខ្ពស់ និង ប្រកបដោយហានិភ័យ ។ តាមរយៈគម្រោងទាំងពីរខាងលើ សហគ្រិនស្ត្រីមិនត្រឹមតែមានលទ្ធភាពទទួលបានឥណទានតាមតម្រូវការរបស់ខ្លួន និង ងាយស្រួលជាងមុនទេ ប៉ុន្តែបានកាត់បន្ថយថ្លៃដើមផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន ជាពិសេសក្នុងឆ្នាំទី ១ ដែលរួមមានអត្រាការប្រាក់ទាប ថ្លៃសេវាឥណទានត្រូវបានកាត់បន្ថយផងដែរ។ លើសពីនេះទៅទៀត សហគ្រិនស្ត្រីនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនតាមរយៈ កញ្ចប់ឥណទានស្រ្តីវៃឆ្លាត ពីធនាគារកាណាឌីយ៉ា ។

 

→ សព្វថ្ងៃនេះ ធនាគារកាណាឌីយ៉ា គឺជាធនាគារដែលបានបញ្ចេញឥណទានដែលមានការធានាក្រោមគម្រាងធានាឥណទានរបស់CGCCបានច្រើនជាងគេ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម របស់CGCCដទៃទៀត។ តើធនាគារកាណាឌីយ៉ា មានយុទ្ធសាស្រ្តយ៉ាងណា ក្នុងការបន្តពង្រីកការប្រើប្រាស់ គម្រោងធានាឥណទាន ជាពិសេសទៅកាន់តំបន់ជនបទ?

យើងបន្តការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយដល់អតិថិជនគោលដៅរបស់យើង ជាពិសេសអតិថិជនដែលមានអាជីវកម្មសក្តានុពល តែពុំមានទ្រព្យធានាគ្រប់គ្រាន់ សម្រាប់ធានាឥណទាន។ យើងក៏នឹងបន្តភ្ជាប់គម្រោងធានាឥណទាន ជាមួយនឹងគម្រោងផលិតផលថ្មីៗទៀតរបស់យើង ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែប សម្រាប់អតិថិជន ។

 

→ ដោយសារតែប្រធានបទការធានាឥណទាន ជាប្រធានបទមួយថ្មីនៅកម្ពុជា តើធនាគារកាណាឌីយ៉ា និងសាជីវកម្មធានាឥណទានកម្ពុជា គួរតែធ្វើអ្វីបន្ថែម ដើម្បីលើកកម្ពស់ការយល់ដឹងពីការធានាឥណទាន ទៅកាន់អ្នកស្នើសុំកម្ចី?

ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធានាឥណទាន យើងគួរបន្តការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ជាពិសេសម្ចាស់អាជីវកម្មនានា តាមរយៈបណ្តាញសង្គម សិក្ខាសាលា សមាគមអាជីវករ ។ល។

កម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការបោះផ្សាយលក់មូលបត្របំណុល” សម្រាប់ CGCC ផ្តល់ដោយនិយ័តករមូលបត្រកម្ពុជា

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការបោះផ្សាយលក់មូលបត្របំណុល” ត្រូវបានរៀបចំឡើងនៅសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមវត្តមានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងក្រោមការចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិកពាក់ព័ន្ធរបស់ CGCC ដែលដឹកនាំដោយ លោក Wong Keet Loong អគ្គនាយក CGCC។

វគ្គណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកអំពីបទប្បញ្ញត្តិទូទៅ និងនីតិវិធីស្តីពីការបោះផ្សាយលក់មូលបត្របំណុល ជូនដល់ CGCC ដើម្បីត្រៀមចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណមានបុគ្គលធានានៅកម្ពុជា៕

ធនាគារ​ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា បណ្ដុះបណ្ដាលជំនាញ​ និងការកសាងសមត្ថភាព សម្រាប់សហគ្រាសធុនតូច​ និងមធ្យម

ភ្នំពេញ)៖​ ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) បានរៀបចំសិក្ខាសាលាចំនួន២​ ជាផ្នែកនៃការខិតខំប្រឹងប្រែង​ និងពង្រឹងសមត្តភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម និងអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុជាង១០០នាក់​ ដោយផ្ដល់ចំណេះដឹងផ្នែកអាជីវកម្ម និងចំណេះដឹង ព្រមទាំងជំនាញ បច្ចេកទេស និងបច្ចេកវិទ្យាថ្មី​ៗ ធ្វើឱ្យប្រតិបត្តិការ​អាជីវកម្ម​ កាន់តែល្អប្រសើរ។

សិក្ខាសាលាស្តីពី ការកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុន់តូច និងមធ្យម ធ្វើឡើងនៅគារមេយប៊ែង ថៅវើ នៅថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ដោយផ្តល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យម ផ្សារភ្ជាប់ទំនាក់ទំនង​ ជាមួយម្ចាស់អាជីវកម្មមកពីគ្រប់វិស័យ ដើម្បីបង្កើនការយល់ដឹងថ្មីៗ ក្នុងការកសាង និងពង្រឹងអាជីវកម្ម។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង​ ថ្លែងថា ធនាគារ មេយប៊ែង យល់ឃើញថា សហគ្រាសធុនតូច និងមធ្យម​ បានប្រឈមមុខ​ និងការលំបាក និងបញ្ហាជាច្រើន បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩​ ហើយពពួកគេក៏ពុំទទួលបានពត៌មានត្រឹមត្រូវ​ និងទាន់ពេលវេលា ក៏ដូចជាចំណេះជំនាញ​ មានសារៈសំខាន់ ក្នុងការបំពេញតម្រូវការទីផ្សារ ដើម្បីមានលទ្ធភាព​ អាចប្រកួតប្រជែង​ និងបន្តភាពរឹងមាំ។

លោកបានបន្ថែមទៀតថា​ «ហេតុដូចនេះបានជាយើងបង្កើតកម្មវិធីនេះ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម​ ជា​គំនិតផ្ដួចផ្តើមយុទ្ធសាស្ត្រ និងរួមគ្នាបន្ថែម​ ពីលើការខិតខំប្រឹងប្រែង​ ជាបន្តបន្ទាប់ ដើម្បីធានាឱ្យបានថា​ សហគ្រាសធុនតូច និងមធ្យមទាំងអស់​ ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ​ ស្របតាមបេសកកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព រួមជាមួយការរៀបចំសិក្ខាសាលា ប្រកបដោយភាពជោគជ័យ​ ធនាគារមេយប៊ែង​ នឹងរៀបចំសិក្ខាសាលាបែបនេះបន្ថែមទៀត​ នាពេលអនាគត​ កម្មវិធីនេះបានផ្តល់ជូនសហគ្រាសធុនតូច​ និងមធ្យម និងជាផ្នែកមួយនៃការរួមចំណែក​ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសឹកម្ពុជា»

ក្រោយពីបានចូលរួមកម្មវិធីទាំងនេះ ម្ចាស់អាជីវកម្មទាំងអស់ ទទួលបានការយល់ដឹងពី​ ប្រធានបទជាច្រើនដូចជា៖​ ការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកពាណិជ្ជសញ្ញា​ និងទីផ្សារឌីជីថល ព្រមទាំងវិធីសាស្រ្តដ៏ល្អ​ ក្នុងការគ្រប់គ្រងធនធានមនុស្ស។

ក្នុងនោះក៏មានវាគ្មិន​ជំនាញមកពីស្ថាប័ន​ ប្រកបដោយវិជ្ជាជីវៈដូចជា៖ ការិយាល័យមេធាវី អ្នកប្រឹក្សាផ្នែកអាជីវកម្ម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារឌីជីថល​ រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា​ «កិច្ចសហការរវាង CGCC ជាមួយធនាគារ មេយប៊ែង បានផ្តល់ឱកាស​ឱ្យស្ថាប័នទាំងពីរ រួមគ្នាលើកស្ទួយចំណេះដឹងផ្នែក
ហិរញ្ញវត្ថុ ក្នុងការពង្រឹងប្រតិបត្តិការអាជីវកម្ម​ របស់សហគ្រាសធុនតូច និងម៏ធ្យម ក៏ដូចជាបង្កើនជំនាញ និងឱកាសក្នុងការរីកចម្រើន របស់ម្ចាស់អាជីវកម្មទាំងអស់»។

លោកបានបន្ដថា​ សិក្ខាសាលាទាំងនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ ឆ្ពោះទៅបន្តជំរុញឱ្យមានការរីកចម្រើន
របស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

លោកក៏បានបន្ថែមទៀតថា CGCC និងធនាគារ មេយប៊ែ​ នៅតែបន្ត​ការរួមចំណែកគាំទ្រ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈកម្មវិធី​ ឬមធ្យោបាយផ្សេងៗរួមមាន​ ការផ្តល់សេវាជំនួយហិរញ្ញវត្ថុ ការគាំទ្រ និងផ្ដល់ការ​ប្រឹក្សាបច្ចេកទេស ដោយផ្អែកលើការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់ការរីកចម្រើន​ ផលិតភាពការងារនិងភាពច្នៃប្រឌិត​ ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម៕

Credit to: Fresh News, ២១ វិច្ឆិកា ២០២២

ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី ការកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម ជាង១០០នាក់ នៅក្នុងប្រទេសកម្ពុជា

 

ធនាគារ​ មេយប៊ែង និង សាជីវកម្មធានាឥណទានកម្ពុជា (​CGCC)​ បានចូលរួមសហការរៀបចំសិក្ខាសាលាចំនួន២ កាលពីខែកញ្ញា និង វិច្ឆិកា ឆ្នាំ២០២២នេះ  ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម និង អ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុជាង ១០០នាក់ តាម​រយៈការផ្តល់ជូននូវការយល់ដឹងផ្នែកអាជីវកម្ម និងចំណេះដឹងនានា ព្រមទាំងជំនាញ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ក្នុងការធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេកាន់តែល្អប្រសើរឡើង។

សិក្ខាសាលាស្តីពី ការកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានធ្វើឡើងនៅ អគារមេយប៊ែង ថៅវើ បានផ្តល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដទៃមកពីគ្រប់វិស័យ ដើម្បីបង្កើនការយល់ដឹងថ្មីៗ ក្នុងការកសាង និងពង្រឹងអាជីវកម្មរបស់ពួកគេ។

​លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង​ (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារមេយប៊ែង​ យល់ឃើញថាសហគ្រាសធុនតូច និងមធ្យម បានប្រឈមមុខនឹងផលលំបាក និងបញ្ហាជាច្រើន បន្ទាប់ពី​ការ​រីករាលដាលនៃជំងឺរាតត្បាត ហើយពួកគេក៏ពុំទទួលបាននូវព័ត៌មានដែលត្រឹមត្រូវនិងទាន់ពេលវេលា ក៏ដូចជាចំណេះ​ជំនាញ​ដែលមានសារៈសំខាន់​ ក្នុងការបំពេញតម្រូវការទីផ្សារ ដើម្បីមានលទ្ធភាព​អាចប្រកួតប្រជែង​និងបន្តភាពរឹងមាំ ។

លោកក៏បានបន្ថែមទៀតថា៖ “ហេតុដូចនេះហើយ យើងក៏បានបង្កើតនូវកម្មវិធីនេះឡើង ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម  ដែលជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ និងរួមគ្នារបស់យើង​ បន្ថែមពីលើការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បី​ធានាឱ្យបានថាសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ​។ ​ស្របតាមបេសកកម្ម ​ហិរញ្ញវត្ថុ​ប្រកបដោយអរិយ្យភាព រួមជាមួយការរៀបចំសិក្ខាសាលាប្រកបដោយភាពជោគជ័យ យើងក៏មានគម្រោងរៀបចំ​ឡើង​សិក្ខាសាលាបែបនេះបន្ថែមទៀតនាពេលអនាគត ដោយយោងតាមអត្ថប្រយោជន៍ ដែលកម្មវិធីនេះបានផ្តល់ជូន សហគ្រាសធុនតូច និងមធ្យម  និងជាផ្នែកមួយនៃការរួមចំណែក ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។”

ក្រោយពីបានចូលរួមសិក្ខាសាលា​ទាំងពីរនេះ ម្ចាស់អាជីវកម្មទាំងអស់ទទួលបានការយល់ដឹងអំពីប្រធានបទជាច្រើ​ន​ដូចជា ការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកពាណិជ្ជសញ្ញា និងទីផ្សារឌីជីថល និង វិធីសាស្រ្តដ៏ល្អក្នុងការគ្រប់គ្រងធនធានមនុស្ស ដែលបានការបកស្រាយ​ដោយអ្នកជំនាញមកពីស្ថាប័នប្រកប​ដោយ​វិជា្ជ​ជីវៈ​ដូចជា ការិយាល័យមេធាវី អ្នកប្រឹក្សាផ្នែកអាជីវកម្ម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម​ និងទីផ្សារឌីជីថល រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។

លោក Wong Keet Loong អគ្គនាយកសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (​CGCC) បានគូសបញ្ជាក់ឱ្យដឹងថា៖ “កិច្ចសហការរវាង CGCC ជាមួយធនាគារ មេយប៊ែង បានផ្តល់ឱកាសឱ្យស្ថាប័នទាំងពីរ រួមគ្នាលើកស្ទួយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងការពង្រឹងប្រតិបត្តិការអាជីវកម្មរបស់ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាបង្កើននូវជំនាញ និងឱកាសក្នុងការរីកចម្រើនរបស់ម្ចាស់អាជីវកម្មទាំងអស់។ សិក្ខាសាលា​ទាំងនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ឆ្ពោះទៅបន្តជំរុញឱ្យមានការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។”

លោកក៏បានបន្ថែមទៀតថា ធនាគារ មេយប៊ែង និង CGCC នឹងនៅតែបន្តការរួមចំណែកគាំទ្រសហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា តាមរយៈកម្មវិធីឬមធ្យោបាយផ្សេងៗ ដែលរួមមានការផ្តល់ជូនសេវាជំនួយហិរញ្ញវត្ថុ ការគាំទ្រនិងផ្តល់ការប្រឹក្សាបច្ចេកទេស ដោយផ្អែកលើការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់ការរីកចម្រើនផលិតភាពការងារ និងភាពច្នៃប្រឌិត ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម។


“សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង មូលនិធិធានាឥណទានសាធារណរដ្ឋកូរ៉េ (KODIT) ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍយន្តការធានាឥណទាន និងគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមនៅអាស៊ី”

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Daegu នៃសាធារណរដ្ឋកូរ៉េ ក្រោមការឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ CGCCC និង KODIT  បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់ លើកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយការអភិវឌ្ឍយន្តការធានាឥណទាន គាំទ្រដល់ការរីកចម្រើននៃសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅក្នុងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក Wong Keet Loong អគ្គនាយក CGCC និង លោក Choi Won Mok ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃ KODIT ក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC។

អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់លទ្ធភាពដល់ CGCC និង KODITក្នុងការសហការផ្លាស់ប្តូរព័ត៌មាន ការប្រឹក្សាគោលនយោបាយ និងសម្រួបសម្រួលគ្នាទៅវិញទៅមកជុំវិញការធានាឥណទាន។

“CGCC and Korea Credit Guarantee Fund Signed a MOU to Enhance the Development of Credit Guarantee and Financial Support for Asian's SMEs”
“CGCC and Korea Credit Guarantee Fund Signed a MOU to Enhance the Development of Credit Guarantee and Financial Support for Asian’s SMEs”
“CGCC and Korea Credit Guarantee Fund Signed a MOU to Enhance the Development of Credit Guarantee and Financial Support for Asian's SMEs”
“CGCC and Korea Credit Guarantee Fund Signed a MOU to Enhance the Development of Credit Guarantee and Financial Support for Asian’s SMEs”

ចុចទីនេះស្វែងយល់បន្ថែម: សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង សាជីវកម្មធានាឥណទានម៉ាឡេស៊ី Berhad (Credit Guarantee Corporation Malaysia Berhad (CGC)) ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍយន្តការធានាឥណទាន