ក្តីស្រម៉ៃរបស់ខ្ញុំ គឺចង់វិនិយោគលើអាជីវកម្មដែលអាចជួយដល់សុខុមាលភាពរបស់មនុស្ស ដោយសារតែមនុស្សអាចរស់នៅបានដោយសារសុខភាព និងស្មារតីល្អ។ នេះហើយជាមូលហេតុចម្បងដែលជំរុញចិត្តរបស់ខ្ញុំ និងភរិយារបស់ខ្ញុំ ឱ្យបង្កើតអាជីវកម្មចំនួន២ឡើងមក គឺក្រុមហ៊ុន អេឌីខេរ៉ាយស៍ (អង្ករដីខ្មែរ) និងមុនីគ្លីនិក។ សម្រាប់ក្រុមហ៊ុនអង្ករដីខ្មែរ ខ្ញុំបានផ្តួចផ្តើមបង្កើតឡើងមកដោយជឿជាក់ថា អង្ករគឺជាប្រភពអាហារចម្បងរបស់មនុស្ស ដោយសារតែចំនួនប្រជាជនមានការកើនឡើងរៀងរាល់ថ្ងៃ តែផ្ទៃដីដាំដុះកសិកម្ម បែរជាកាន់តែថមថយទៅ រីឯមុនីគ្លីនិកគឺត្រូវបានបង្កើតឡើងជាមួយនឹងភរិយារបស់ខ្ញុំ ក្នុងចក្ខុវិស័យផ្តល់នូវការថែទាំនិងព្យាបាលសុខភាព តាមរយៈសេវាសុខាភិបាលដែលមានតម្លៃសមរម្យ ប្រកបដោយគុណភាពស្តង់ដារ។
តាមរយៈបទពិសោធន៍នៃការបំពេញការងារនៅក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយក្នុងប្រទេសកម្ពុជា ខ្ញុំបានសិក្សារៀនសូត្រ និងបានចុះឃើញផ្ទាល់ពីស្ថានភាពរបស់ប្រជាកសិករដាំដុះស្រូវនៅតាមជនបទ ទើបខ្ញុំសម្រេចចិត្តចាប់ផ្តើមបង្កើតដេប៉ូលក់អង្ករក្នុងស្រុកឈ្មោះថា អង្ករដីខ្មែរ និងបានពង្រីកវិសាលភាព នៅឆ្នាំ២០២១ ក្លាយជាក្រុមហ៊ុនអេឌីខេរ៉ាយស៍ ដែលជាក្រុមហ៊ុនផលិតអង្ករមានគុណភាពខ្ពស់ គោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងផ្តល់ឱ្យកសិករនូវទីផ្សារដែលមាននិរន្តរភាព និងបង្កើនប្រាក់ចំណូលតាមរយៈការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវមកកាន់ក្រុមហ៊ុនរបស់ខ្ញុំ។ រីឯមុនីគ្លីនិក គឺជាគ្លីនិកព្យាបាល និងថែទាំសុខភាព ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ តាមរយៈការចាប់ដៃជាមួយភរិយារបស់ខ្ញុំ ឈរលើឆន្ទៈក្នុងការប្តេជ្ញាផ្តល់នូវសេវាសុខភាពជូនដល់ប្រជាជនខ្មែរ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ជាពិសេសទៅលើការព្យាបាលជំងឺទឹកនោមផ្អែម និងការត្រួតពិនិត្យសុខភាពជាប្រចាំក្នុងការការពារជំងឺធ្ងន់ធ្ងរនានា។
ពិតណាស់ គោលការណ៍នៃការប្រកបអាជីវកម្ម យើងតែងតែចង់អភិវឌ្ឍនិងពង្រីកឱ្យកាន់តែធំ។ មិនខុសពីអាជីវកម្មគ្លីនិករបស់ខ្ញុំនេះទេ ដែលនៅពេលដល់ដំណាក់កាលត្រូវពង្រីកអាជីវកម្ម យើងមានតម្រូវការទិញសម្ភារបរិក្ខារទំនើបៗ ដើម្បីបង្កើនស្តង់ដាររបស់គ្លីនិក។ ការសម្រេចចិត្តស្នើកម្ចីពីគ្រឹះស្ថានធនាគារ គឺជាមធ្យោបាយតែមួយគត់ដែលខ្ញុំជឿជាក់ថា អាចបំពេញនូវក្តីស្រម៉ៃរបស់ខ្ញុំនិងភរិយារបស់ខ្ញុំ ឱ្យកើតជារូបរាងបាន។ ប៉ុន្តែខ្ញុំមិនមានទ្រព្យធានាជាប្លង់ដី ឬប្លង់ផ្ទះ ក្នុងការតម្កល់នៅធនាគារនោះទេ តែបញ្ហាប្រឈមនេះត្រូវបានដោះស្រាយ តាមរយៈការធានាឥណទានរបស់ CGCC ដែលបានសម្រួលឱ្យខ្ញុំទទួលបានកម្ចីពីធនាគារព្រីនស៍ សម្រាប់ការទិញសម្ភារបរិក្ខារគ្លីនិក។
ការទទួលបានការធានាពី CGCC លើកម្ចីរបស់ខ្ញុំនេះ វាមិនមែនជារឿងចៃដន្យនោះទេ តែជាការទទួលបានតាមរយៈការចូលរួមកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា EPIC វគ្គទី១ នៃឆ្នាំ២០២៤ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលធ្វើឱ្យខ្ញុំបានស្គាល់ពី CGCC និងស្គាល់ពីធនាគារដៃគូដែលអាចផ្តល់កម្ចីដល់អាជីវកម្មដែលមានសក្តានុពល ជាមួយនឹងផែនការអាជីវកម្មច្បាស់លាស់ ហើយអាចដោះស្រាយនឹងបញ្ហាប្រឈមខ្វះទ្រព្យធានា។ ក្រោយពីទទួលបានកម្ចីរួច ខ្ញុំបានយកទៅទិញសម្ភារបរិក្ខារពេទ្យបន្ថែមសម្រាប់ដាក់នៅអគារគ្លីនិកដែលបាននិងកំពុងសាងសង់បន្ថែម ស្របនឹងគោលដៅរបស់កម្ចី ផែនការអាជីវកម្ម និងផែនការវិនិយោគច្បាស់លាស់របស់ខ្ញុំ។ បន្ថែមពីលើនេះ ខ្ញុំក៏មានគម្រោងក្នុងការស្នើកម្ចីបន្ថែមសម្រាប់ជាទុនបង្វិលក្នុងការទិញស្រូវពីកសិករ ដើម្បីបង្កើនការផលិតអង្កររបស់ក្រុមហ៊ុនអង្ករដីខ្មែររបស់ខ្ញុំនាពេលអនាគតផងដែរ។
ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប ខ្ញុំយល់ថា ការស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ ព្រោះអាចធ្វើឱ្យយើងគិតគូរបានល្អិតល្អន់លើការវិនិយោគបានគ្រប់ជ្រុងជ្រោយ ជាក់ស្តែងលើការទិញទ្រព្យ (Asset) ដើម្បីបង្កើនចំណូល ជាជាងការទិញទ្រព្យសកម្មដែលមិនអាចបម្លែងជាចំណូលបាន។ មួយវិញទៀត បើយើងចេះមានចំណេះដឹងហិរញ្ញវត្ថុ វាក៏អាចជួយឱ្យយើងចេះគ្រប់គ្រងធនធានមនុស្សដូចជា ការគិតគូរលើចំនួនបុគ្គលិក ប្រាក់ខែ ការលើកទឹកចិត្ត អត្ថប្រយោជន៍នានាផងដែរ៕
អាននិងទាញយកជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC