CGCC

CGCC ចូលរួមលើកកម្ពស់សហគ្រិនស្រ្តី នៅក្នុងសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម”

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Wong Keet Loong អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងកិច្ចពិភាក្សាស្តីពី “វិធានការ និងកម្មវិធីក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍសហគ្រិនភាពស្រ្តី” នៅក្នុងសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី និងមានអ្នកចូលរួមជាង១០០នាក់ មកពីស្ថាប័នក្រសួងនិងមន្ទីរកិច្ចការនារីខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។

CGCC in the Seminar on “Women Entrepreneurs in MSMEs" of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs” of Ministry of Women Affairs

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការយកចិត្តទុកដាក់របស់សហគ្រិនស្រ្តី ក្នុងការអភិវឌ្ឍអាជីវកម្ម ស្របតាមយុគសម័យឌីជីថល និងពិនិត្យលើយន្តការនានា របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រសហគ្រិនស្រ្តីឱ្យកាន់តែមានប្រសិទ្ធិភាព។

នៅក្នុងកិច្ចពិភាក្សា លោកអគ្គនាយក CGCC បានចូលរួមចែករំលែកពីគម្រោងធានាឥណទានរបស់ CGCC ក្នុងការគាំទ្រជាពិសេសដល់សហគ្រិនស្រ្តី ក៏ដូចជាវឌ្ឍនភាពនៃការធានាឥណទានចំពោះសហគ្រិនស្រ្តីដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះផងដែរ លោកអគ្គនាយក ក៏បានគូសបញ្ជាក់ពីយន្តការគាំទ្របន្ថែមរបស់ CGCC ក្នុងការបង្កើនការធានាឥណទាន ក៏ដូចជាគាំទ្រដល់ការទទួលបានហិរញ្ញប្បទានចំពោះសហគ្រិនស្រ្តី ឆ្លើយតបទៅនឹងតម្រូវការទុន និងចំណេះដឹងជំនាញផ្សេងៗ ជាពិសេសលើជំនាញឌីជីថល ដើម្បីអភិវឌ្ឍអាជីវកម្ម តាមរយៈវគ្គបណ្តុះបណ្តាលដែលបាននិងកំពុង ក៏ដូចជាគ្រោងសហការបន្ថែមជាមួយគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូ៕

CGCC in the Seminar on “Women Entrepreneurs in MSMEs" of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs” of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs" of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs” of Ministry of Women Affairs

វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា

(កោះកុង)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ បាននាំយកអំណោយម‌៉ាស៊ីនផលិតទឹកស្អាត ជូនទៅវិទ្យាល័យកោះស្ដេច ខេត្តកោះកុង ក្រោមការដឹកនាំរបស់លោក Wong Keet Long អគ្គនាយក CGCC ក្រោមអធិបតីរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោក រ៉ូវ រតនៈសម្បត្តិ ប្រធានគណៈកម្មការគ្រប់គ្រងសាលា លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច និងវត្តមានរបស់អាណាព្យាបាល និងសិស្សានុសិស្សរបស់វិទ្យាល័យកោះស្ដេច ប្រមាណ ២០០នាក់។

ម៉ាស៊ីនផលិតទឹកស្អាតរបស់ CGCC នេះ នឹងអាចសម្រួលឱ្យសិស្សានុសិស្ស និងសហគមន៍ នៃកោះស្ដេច មានទឹកស្អាតប្រើប្រាស់ ដោយកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិចនៅលើកោះស្ដេច។ ម៉ាស៊ីនផលិតទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតសម្រាប់កោះទាំងមូល ថែមទាំងអាចជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងបង្កើនសុខមាលភាពរបស់ប្រជាជននៃកោះស្ដេចផងដែរ។

លោក Wong Keet Loong អគ្គនាយក CGCC បានមានប្រសាសន៍ថា «នៅពេលដែលខ្ញុំបានឮពីសំណើនៃកម្មវិធីសប្បុរសធម៌នេះ ពីក្រុមការងាររបស់ខ្ញុំ អំពីតម្រូវការទឹកស្អាតសម្រាប់សិស្សានុសិស្ស និងសហគមន៍កោះស្តេច ខ្ញុំគិតថាវាជាអ្វីដែល CGCC អាចចូលរួមចំណែកក្នុងការជួយសហគមន៍នេះបាន ហើយថ្ងៃនេះ ពួកយើងបានធ្វើឱ្យការគិតរបស់យើងបានក្លាយជាការពិត តាមរយៈការឧបត្ថម្ភម៉ាស៊ីនផលិតទឹកស្អាត ជូនទៅកាន់វិទ្យាល័យកោះស្ដេច សម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ និងប្រជាជននៃកោះស្ដេចទាំងមូលផងដែរ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានពីការប្រើប្រាស់ដបទឹកផ្លាស្ទិច»។

លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច ក៏បានសម្ដែងការថ្លែងអំណរអរគុណ និងបង្ហាញពីអារម្មណ៍រីករាយយ៉ាងក្រៃលែង ដែល CGCC បានផ្ដល់ម៉ាស៊ីនផលិតទឹកស្អាត ដល់សាលារៀន ដែលអាចឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាជនកោះស្ដេចទាំងមូល អាចប្រើប្រាស់បាន។ ម៉ាស៊ីនផលិតទឹកស្អាតនេះពិតជាផ្ដល់ប្រយោជន៍យ៉ាងច្រើនមិនត្រឹមតែសាលារៀនកោះស្ដេចនោះទេ តែសហគមន៍កោះស្ដេចទាំងមូលផងដែរ។

លោក សាយ ហេង មេឃុំកោះស្ដេច ក៏បានថ្លែងអំណរអរគុណ និងបង្ហាញពីអារម្មណ៍រីករាយដូចគ្នា ពីព្រោះម៉ាស៊ីនផលិតទឹកស្អាតនេះ អាចជួយសម្រួលដល់សាលារៀនកោះស្ដេច និងសហគមន៍កោះស្ដេច ក្នុងការកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិច និងការបំពុលបរិស្ថាន ដើម្បីឱ្យបរិស្ថានកោះស្ដេចប្រែក្លាយជាបរិស្ថានបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកកម្សាន្តនៅកោះស្ដេចឱ្យកាន់តែច្រើន។

តាមរយៈកម្មវិធីប្រគល់ម៉ាស៊ីនផលិតទឹកស្អាតនៅលើកោះស្តេចនេះ ក្រុមការងារ CGCC ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយករង CGCC នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានជួបសម្តែងការគួរសម ជាមួយលោកមេឃុំកោះស្តេច និងលោកនាយកវិទ្យាល័យកោះស្តេច ព្រមទាំងចូលរួមជាមួយនឹងសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច ក្នុងការប្រមូលកាកសំណល់ផ្លាស្ទិច ដើម្បីរួមចំណែកថែរក្សាបរិស្ថាននៃកោះស្ដេចផងដែរ។

CGCC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសម្របសម្រួលយ៉ាងកក់ក្តៅ ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៃកោះស្ដេច មកកាន់ក្រុមការងារ CGCC ក្នុងការសម្រេចបេសកកម្មការងារសង្គមមួយនេះ ប្រកបដោយផ្លែផ្កា។

CGCC ផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

ដកស្រង់ពី Fresh News: វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា

វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា

 

កម្មវិធីប្រគល់អំណោយម៉ាស៊ីនផលិតទឹកស្អាត របស់សាជីវកម្មធានាឥណទានកម្ពុជា ជូនទៅវិទ្យាល័យកោះស្ដេច

សាជីវកម្មធានាឥណទានកម្ពុជា CGCC មានសេចក្ដីសោមនស្សរីករាយដែលបាននាំយកអំណោយម៉ាស៊ីនផលិតទឹកស្អាត ជូនទៅវិទ្យាល័យកោះស្ដេច ខេត្តកោះកុង នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រោមការដឹកនាំរបស់ លោក Wong Keet Long អគ្គនាយក CGCC និងក្រោមអធិបតីចូលរួមពី លោក សាយ ហេង មេឃុំកោះស្ដេច លោក រ៉ូវ រតនៈសម្បត្តិ ប្រធានគណៈកម្មការគ្រប់គ្រងសាលា លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច និងក្រោមវត្តមានសិស្សានុសិស្សវិទ្យាល័យកោះស្ដេច និងអាណាព្យាបាលសិស្សានុសិស្សផងដែរ ប្រមាណ ២០០នាក់។

ការចូលរួមឧបត្ថម្ភប្រព័ន្ធចម្រោះទឹកស្អាត របស់ CGCC នេះនឹងអាចសម្រួលឲ្យសិស្សានុសិស្ស និងសហគមន៍នៃកោះស្ដេចទាំងមូលមានទឹកស្អាតប្រើប្រាស់ ដោយកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិចនៅលើកោះស្ដេច។ ប្រព័ន្ធចម្រោះទឹកស្អាតនេះអាចផ្តល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់កោះទាំងមូល ថែមទាំងជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុ និងសុខមាលភាពរបស់ប្រជាជននៃកោះស្ដេចទាំងមូលផងដែរ។

តាមរយៈកម្មវិធីប្រគល់ម៉ាស៊ីនផលិតទឹកស្អាតនៅលើកោះស្តេចនេះ ក្រុមការងារ CGCC ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយករង CGCC នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានជួបសម្តែងការគួរសម ជាមួយលោកមេឃុំកោះស្តេច និងលោកនាយកវិទ្យាល័យកោះស្តេច ព្រមទាំងបានចូលរួមជាមួយនឹងសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច ក្នុងការប្រមូលកាកសំណល់និងផ្លាស្ទិចនៅលើកោះ ដើម្បីរួមចំណែកថែរក្សាបរិស្ថាននៃកោះស្ដេចផងដែរ។

CGCC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្របសម្រួលយ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាល និងប្រជាពលរដ្ឋនៃកោះស្ដេច មកកាន់ក្រុមការងារ CGCC ក្នុងការសម្រេចបេសកកម្មការងារសង្គមមួយនេះ ប្រកបដោយផ្លែផ្កា។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ត្រូវបានបញ្ចប់កាលពីចុងសប្តាហ៍ នាថ្ងៃទី ២៨ និង ២៩ ខែមករា ឆ្នាំ ២០២៣ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហគ្រិនខ្មែរ និងក្រុមហ៊ុនធានារ៉ាប់រង Manulife ដើម្បីចូលរួមលើកកម្ពស់ និងផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្ម។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥
CGCC Supports the Accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” 5th Cohort

សាជីវកម្មធានាឥណទានកម្ពុជា ក៍ដូចជាដៃគូសហការផ្សេងៗទៀត ពិតជាមានកិត្តិយស ដែលបានចូលរួមសហការក្នុងការផ្តល់ឱកាស និងលើកកម្ពស់ស្រ្តីក្នុងវិស័យអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយបានបញ្ចូលវគ្គសិក្សាដូចជា ការអភិវឌ្ឍន៍ជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញគ្រប់គ្រងអាជីវកម្មសម្រាប់សហគ្រិន ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកទីផ្សារ និងលក់។ វគ្គទី៥ នេះត្រូវបានចូលរួមពី សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្ម ចំនួន ៣០រូប ដោយពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុផងដែរ។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥
CGCC Supports the Accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” 5th Cohort

ចុចទីនេះស្វែងយល់បន្ថែមអំពី: CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៤

សហគ្រិននៅក្នុងវិស័យបច្ចេកវិទ្យា-ការទទួលបានកម្ចីដែលមានការធានា ក្លាយជាឱកាសក្នុងការបន្តសក្តានុពលអាជីវកម្មឱ្យកាន់តែរីកចម្រើន

អាននិងទាញយកអត្ថបទជា PDF: លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន Cyber Grow Solution

នៅពាក់កណ្តាលឆ្នាំ២០១៩ ខ្ញុំបានបង្កើត “ក្រុមហ៊ុន Cyber Grow Solution” ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មព័ត៌មានវិទ្យា និងប្រឹក្សាយោបល់ផ្នែកសន្តិសុខ Cyber ដល់ក្រុមហ៊ុនសហគ្រាស ដើម្បីលើកស្ទួយការរីកចម្រើនរបស់អាជីវកម្មតាមប្រព័ន្ធស្តង់ដារបច្ចេកវិទ្យា និងសុវត្ថិភាព។ ដោយសារជាក្រុមហ៊ុន Startup ខ្ញុំជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់ ប៉ុន្តែខ្ញុំនិងក្រុមការងារនៅតែខិតខំពុះពារបន្តទៅមុខ ដោយចាប់ផ្តើមជ្រៀតខ្លួនចូលទៅក្នុងទីផ្សារ និងបណ្តាញទំនាក់ទំនងនានា ជាពិសេសបាននាំចូលកម្មវិធីកម្ចាត់មេរោគ និងកម្មវិធីតេស្តសន្តិសុខនៅប្រព័ន្ធធនាគារ ដែលផ្តល់ឱកាសឱ្យខ្ញុំបានកសាងកេរ្តិ៍ឈ្មោះ និងលក្ខណៈពិសេសរបស់ក្រុមហ៊ុន។

ស្របពេលក្រុមហ៊ុនរីកចម្រើនលូតលាស់ ខ្ញុំមានភាពចាំបាច់ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ ព្រោះដើម្បីអនុវត្តគម្រោងក្រុមហ៊ុន ខ្ញុំត្រូវមានទុនបម្រុងដើម្បីបញ្ជាទិញឧបករណ៍ព័ត៌មានវិទ្យានានាជាមុន ក៏ដូចជាចំណាយលើថ្លៃសិក្សាគម្រោង មុននឹងផ្តល់សេវាកម្មជូនដល់អតិថិជនជាស្ថាពរ និងទទួលចំណូលតាមក្រោយ។ មិនខុសពីសហគ្រិនជាច្រើនទៀតនោះទេ កង្វះទ្រព្យធានា គឺជាបញ្ហាប្រឈមរបស់ខ្ញុំ​ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ប៉ុន្តែ ខ្ញុំត្រូវបានណែនាំអំពីសេវាធានាឥណទានរបស់ CGCC ដែលបានជួយខ្ញុំឱ្យបានទទួលកម្ចីដែលមានការធានា ពីធនាគារ J-Trust Royal ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ក្នុងគោលបំណងប្រើប្រាស់ជាទុនបង្វិល សម្រាប់អាជីវកម្មរបស់ខ្ញុំ។ ការទទួលបាននូវកម្ចីដែលមានការធានានេះ បានជួយដោះស្រាយនូវបញ្ហាលំហូរសាច់ប្រាក់របស់ខ្ញុំ​ និងអាចឱ្យខ្ញុំទទួលបាននូវឱកាសចាប់យកនូវគម្រោងធំៗ ដែលទទួលបានពីអតិថិជនមកពីក្រុមហ៊ុន សហគ្រាស ធនាគារ រោងចក្រ​នានា។

សម្រាប់ខ្ញុំ ការទទួលបានកម្ចីដែលមានការធានា ដោយជោគជ័យ ទាមទារនូវរបាយការណ៍ហិរញ្ញវត្ថុ ផែនការអាជីវកម្ម ដែលបង្ហាញពីសក្តានុពលក្នុងការរីកចម្រើនរបស់អាជីវកម្ម និងអនុលោមភាពទៅតាមច្បាប់ និងលក្ខខណ្ឌនានា៕

សហគ្រិនស្រ្តីនៅក្នុងវិស័យសំណង់-ការជម្នះផ្នត់គំនិតសង្គម ឆ្ពោះទៅការរីកចម្រើននៃអាជីវកម្ម ជាមួយនឹងកម្ចីដែលមានការធានា

អាននិងទាញយកអត្ថបទជា PDF: លោកស្រី ដួង សុផាវី ម្ចាស់អាជីវកម្មវីភីផ្ទះចល័ត

“ការងារនេះ មិនសាកសមនឹងស្ត្រីទេ។” នាងខ្ញុំតែងតែលឺមតិនេះ ពីមនុស្សជុំវិញខ្ញុំជាញឹកញយ ប៉ុន្តែនាងខ្ញុំមិនដែលរាថយនោះទេ។ ក្នុងឆ្នាំ២០១៨ នាងខ្ញុំបានចាប់ផ្តើមអាជីវកម្ម “វីភីផ្ទះចល័ត” ដោយសាងសង់ផ្ទះ ការិយាល័យ ហាងកាហ្វេ និងសំណង់ផ្សេងៗទៀត ដែលអាចដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតបាន។ ក្នុងរយៈពេលមួយ​ឆ្នាំដំបូង ​អាជីវកម្មរបស់ខ្ញុំ​នៅមិន​មាន​ទីផ្សារនោះ​ទេ។ ​​ដោយសារចិត្តស្រលាញ់ នាងខ្ញុំ​សុខ​ចិត្ដ​បោះ​បង់​មុខ​របរ​ជា​ច្រើនមក​ចាប់យក​អាជីវកម្ម​នេះ ​ហើយនៅតែ​ប្រឹង​ប្រែង​ទាំងការធ្វើទីផ្សារបែបឌីជីថល ការប្រើប្រាស់ទុនដែលមានស្រាប់ផ្ទាល់ខ្លួនរបស់ខ្លួន និងការស្វែងរកទុនបន្ថែមពីគ្រឹះស្ថានហិរញ្ញចវត្ថុ រហូតដល់អាជីវកម្មរបស់នាងខ្ញុំចាប់ផ្តើមមានការទទួលស្គាល់នៅដើមឆ្នាំ២០២០។

សព្វថ្ងៃនេះ ក្នុងមួយខែៗ នាងខ្ញុំទទួលបានការបញ្ជាទិញពីអតិថិជនប្រហែលពី ១០ ទៅ១៥ខ្នង ជាមធ្យម។ ស្របពេលជាមួយនឹងអាជីវកម្មមានការរីកចម្រើន ខ្ញុំពិតជាមានបញ្ហាស្ទះសាច់ប្រាក់ ដោយសារតែអតិថិជនបង់ប្រាក់កក់មកខ្ញុំត្រឹមតែ ៣០% នៃតម្លៃផ្ទះតែប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវការលុយបង្វិលឱ្យបានទាន់ពេលវេលា សម្រាប់បង្រ្គប់នូវថ្លៃចំណាយផ្នែកប្រតិបត្តិការនានា មុននឹងទទួលបានការទូទាត់ដែលនៅសេសសល់ពីអតិថិជន។ នាងខ្ញុំបានទៅរកធនាគារស្នើកម្ចីជាទុនបង្វិលសម្រាប់អាជីវកម្ម ប៉ុន្តែនាងខ្ញុំមិនមានទ្រព្យធានា ដោយសាររាល់ទ្រព្យរបស់នាងខ្ញុំបានដាក់ធានាកម្ចីមុនៗអស់បាត់ទៅហើយ។ ពេលនោះ ខ្ញុំគិតថា បើគ្មានទ្រព្យធានា ធនាគារនឹងមិនអាចផ្តល់កម្ចីមកឱ្យខ្ញុំបានទេ។ ប៉ុន្តែ ជាមួយការធានាឥណទានពី CGCC ខ្ញុំក៏បានទទួលកម្ចីអាជីវកម្មពីធនាគារស្ថាបនា ដោយមិនចាំបាច់ត្រូវការទ្រព្យធានា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានាពី CGCC ខ្ញុំបានយកវាទៅបន្ថែមជាទុនបង្វិល ដែលអាចឱ្យខ្ញុំអាចបន្តផ្តល់សេវាធ្វើផ្ទះចល័តជូនដល់អតិថិជនទាន់ពេលវេលា។

ការទទួលបានកម្ចីដែលមានការធានានេះ អាស្រ័យលើសក្តានុពលនៃអាជីវកម្មរបស់យើង ពោលគឺលទ្ធភាពនៃរីកចម្រើនទៅមុខ និងការកសាង និងថែទាំប្រវត្តិឥណទានឱ្យបានល្អ ក៏ដូចជាបំពេញគ្រប់នូវឯកសារតម្រូវ ដែលអាចបញ្ជាក់ពីភាពទុកចិត្ត និងការតាំងចិត្តរបស់ម្ចាស់អាជីវកម្មក្នុងការប្រើប្រាស់កម្ចីឱ្យចំគោលដៅ។ នាងខ្ញុំបានទទួលកម្ចីដោយជោគជ័យដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មរបស់នាងខ្ញុំ ជាមួយការធានាឥណទានរបស់ CGCC ដោយដើរតួជាទ្រព្យធានា តាមរយៈគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC៕

គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម

អាននិងទាញយកអត្ថបទជា PDF: គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ SME

អាជីវកម្មជោគជ័យ និងមានការអភិវឌ្ឍយូរអង្វែង មិនអាចខ្វះនូវរបាយការណ៍ហិរញ្ញវត្ថុស្តង់ដាបាន ទេ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនភាគច្រើននៅប្រទេសកម្ពុជា ជាពិសេស សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) មិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានលក្ខណៈស្តង់ដា និងអាចជឿទុកចិត្តបាននោះទេ។ កត្តានេះ បានក្លាយជាបញ្ហាប្រឈមសម្រាប់ MSMEs ក្នុងការអភិវឌ្ឍខ្លួនឱ្យបានវែងឆ្ងាយ ទៅជាក្រុមហ៊ុនអាជីវកម្មស្តង់ដា និងបានបន្ទុចបង្អាក់ដល់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs។

របាយការណ៍ហិរញ្ញវត្ថុ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ ធនាគារ និងវិនិយោគិន ក្នុងការសម្រេចចិត្តផ្តល់ឥណទាន ឬផ្តល់ទុនវិនិយោគដល់ក្រុមហ៊ុនអាជីវកម្ម។ លើសពីនេះ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ដំណើរការ និងការគ្រប់គ្រងអាជីវកម្ម ដូចជា ជំនួយក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការគ្រប់គ្រងបំណុល និងការគ្រប់គ្រងទុនបង្វិល ជាដើម។

អានបន្ត៖ គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ SME

ស្វែងយល់អំពីការធានាឥណទាន “កិច្ចសម្ភាសន៍ជាមួយធនាគារ ស្ថាបនា”

អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា

១. តើធនាគារស្ថាបនាមានការយល់ឃើញដូចម្តេចចំពោះគម្រោងធានាឥណទាន នៅកម្ពុជា និងហេតុអ្វីបានជាធនាគារចូលរួមជាមួយ CGCC ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម?

គម្រោងធានាឥណទានមានសារៈសំខាន់ក្នុងការបំពេញគម្លាតហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម។ គម្រោងនេះក៏ផ្តល់នូវការកាត់បន្ថយហានិភ័យឥណទានដល់ធនាគារ ស្ថាបនា។ ដូច្នេះហើយ គម្រោងនេះជួយយើងក្នុងការពង្រីកការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយក្នុងការរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងណាស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការផ្តល់ជូនឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។

 

២. បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមធានាឥណទានជាមួយ CGCC និងកំពុងក្លាយជា PFI ដែលផ្តល់កម្ចីដែលមានការធានាច្រើនជាងគេមួយរបស់ CGCC តើធនាគារស្ថាបនាយល់ឃើញថា គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះធនាគារ និងអតិថិជន?

ភាគច្រើននៃផលិតផលប្រាក់កម្ចីនៅក្នុងប្រទេសកម្ពុជា គឺជាប្រាក់កម្ចីដែលមានទ្រព្យធានា។ យើងបានសង្កេតឃើញថាការសហការជាមួយ CGCC គឺជាឱកាសដ៏ល្អសម្រាប់ធនាគារ ក្នុងការពង្រីកការគាំទ្រដល់អតិថិជនរបស់យើងដែលត្រូវការថវិកាដើម្បីយកទៅអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើនដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។ គម្រោងនេះអនុញ្ញាតឱ្យយើងបង្កើត និងផ្តល់ប្រាក់កម្ចីដោយមិនតម្រូវឲ្យសម្រាប់ម្ចាស់អាជីវកម្មដាក់ទ្រព្យធានា (ប្លង់រឹង) ។ ធនាគារ ស្ថាបនា មានមោទនភាពណាស់ដែលបានក្លាយជាធនាគារដំបូងគេក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងនេះ។ គិតត្រឹមខែកញ្ញា ឆ្នាំ 2022 ប្រាក់កម្ចីជាង 12 លានដុល្លារអាមេរិកត្រូវបានផ្តល់ក្រោមគម្រោងធានាឥណទាន។ សម្រាប់អតិថិជនរបស់យើង គម្រោងនេះនឹងផ្តល់ឱ្យពួកគាត់នូវឱកាស ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេជាមួយនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែទូលំទូលាយ។

 

៣. តើអ្វីទៅដែលជំរុញឱ្យធនាគារស្ថាបនាផ្តួចផ្តើមនូវផលិតផលឥណទានដែលមិនចាំបាច់មានទ្រព្យបញ្ចាំ ដែលហៅថា “កម្មវិធីឥណទានទូទាត់អាជីវកម្ម” សម្រាប់អតិថិជនដែលមានលទ្ធភាពសងតែខ្វះទ្រព្យបញ្ចំា?

នៅក្នុងប្រទេសកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើន បានផ្តល់ប្រាក់កម្ចីដោយផ្អែកទៅលើទ្រព្យបញ្ចាំជាពិសេសប្លង់រឹង។  លទ្ធភាពនៃការទទួលបានឥណទាន នឹងត្រូវបានកាត់បន្ថយ សម្រាប់ម្ចាស់អាជីវកម្មដែលមិនមានបង្ល់រឹង ដាក់បញ្ចាំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធានាកម្ចី​ ដែលយើងជឿជាក់ថានេះ គឺជាផ្នែកមួយដ៏ធំនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ដូចនេះ គោលដៅរបស់យើង គឺដើម្បីជួយពួកគាត់ឱ្យទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្មពួកគាត់ឲ្យកាន់តែមានភាពរីកចម្រើន ស្របគ្នានេះដែរ ធនាគារក៏បាន និងកំពុងគ្រប់គ្រងទៅលើហានិភ័យឥណទានផងដែរ។

 

៤. ថ្មីៗនេះ CGCC ធនាគារស្ថាបនា និងដៃគូចំនួន២ស្ថាប័នទៀត បានសហការរួមគ្នា ក្នុងការរៀបចំនូវកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ”។ តើកម្មវិធីនេះគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម និងអាចលើកកម្ពស់ដល់ការអភិវឌ្ឍរបស់អាជីវកម្ម រួមជាមួយនឹងការទទួលបានកម្ចី យ៉ាងដូចម្តេចខ្លះ?

កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” គឺជាកម្មវិធីមួយដែលផ្តួចផ្តើមដោយធនាគារ ស្ថាបនា និង  រួមសហការជាមួយ CGCC និងដៃគូពីរផ្សេងទៀត។ កម្មវិធីបណ្តុះបណ្តាលនេះ គឺបង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្មតាមរយៈវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលមានកម្មវិធីសិក្សាដូចជា៖ ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងប្រតិបត្តិការ ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ និងការលក់។ តាមរយៈ កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ”  សិក្ខាកាមត្រូវបានផ្តល់ជូននូវការធ្វើការវាយតម្លៃហិរញ្ញវត្ថុ និងចំណេះដឹងក្នុងការទទួលបានហិរញ្ញប្បទាន។

 

៥​. ដោយមើលឃើញថា មួយរយៈចុងក្រោយនេះ ធនាគារស្ថាបនាបាននិងកំពុងតែបន្តបញ្ចេញឥណទានដែលគ្មានទ្រព្យបញ្ចាំក្រោមការធានាពី CGCC ដល់អាជីវកម្ម កាន់តែច្រើន និងមានសន្ទុះយ៉ាងលឿន ដូច្នេះចង់ដឹងថា តើធនាគារស្ថាបនាមានយុទ្ធសាស្រ្តឬផែនការដូចម្តេច ដើម្បីបង្កើនការប្រើប្រាស់ការធានាឥណទានឱ្យកាន់តែច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា?

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យទេសចរណ៍ឱ្យងើបឡើងវិញពីជំងឺរាតត្បាត យើងកំពុងតែធ្វើការលើកម្មវិធីមួយជាមួយ CGCC ដើម្បីគាំទ្រដល់គម្រោងការស្តារឡើងវិញ។ បន្ថែមពីលើកម្មវិធីនេះ យើងកំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីគាំទ្រអតិថិជននៅតាមបណ្តាខេត្តនានា តាមរយៈបណ្តាញសាខាដ៏ធំទូលាយរបស់យើង។

 

៦. ដោយសារតែប្រធានបទនៃការធានាឥណទាននៅតែជារឿងថ្មីនៅឡើយសម្រាប់កម្ពុជា តើធនាគារស្ថាបនា និង CGCC គួរតែបន្តធ្វើអ្វីខ្លះទៀត ដើម្បីលើកកម្ពស់ការយល់ដឹងនៃការធានាឥណទានសម្រាប់អតិថិជន?

តាមរយៈ កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ”  ធនាគារ ស្ថាបនា និង CGCC កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់អតិថិជនដែលត្រូវការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយនេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងទៀត ដែលយើងកំពុងធ្វើការរួមគ្នាដើម្បីបង្កើនការយល់ដឹងបន្ថែម និងការផ្សព្វផ្សាយអំពីការធានាឥណទានដល់អតិថិជនរបស់យើងដែលកំពុងស្វែងរកហិរញ្ញប្បទាន សម្រាប់អតិថិជនដែលមិនច្បាស់ អំពីរបៀប និងជម្រើសរបស់ពួកគាត់។ ទន្ទឹមនឹងនេះ យើងអាចបង្កើតនូវវិធីផ្សព្វផ្សាយ និងទំនាក់ទំនងស្តីអំពីអត្ថប្រយោជន៍នៃកម្មវិធី និងកម្មវិធីឥណទានទូទាត់អាជីវកម្ម “BIL” របស់យើងដើម្បីបំពេញតម្រូវការរបស់អតិថិជនទៅតាមវិស័យ និងទីតាំងភូមិសាស្រ្តផ្សេងៗគ្នា។

សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា

(ភ្នំពេញ)៖ គិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើការផ្តល់កម្ចីក្នុងទំហំទឹកប្រាក់​៩២លានដុល្លារ ដល់​សហគ្រាសធុនតូច និងមធ្យម​ ចំនួន៩៨៥ ​ដែលគ្មានលទ្ធភាពដាក់ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាលរីករាលដាលជំងឺកូវីដ១៩។

​ថ្លែងក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ ​«តួនាទីរបស់គម្រោងធានាឥណទាន ក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន​» នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា នេះគឺជាមោទនភាពមួយ ត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ សហគ្រាសធុនតូច និងមធ្យម បានស្គាល់ពីសេវាកម្មថ្មីរបស់រាជរដ្ឋាភិបាល​ និងបានជួយធានាឥណទាន ដល់សហគ្រាសជិត១ពាន់សហគ្រាស។

លោកបន្តថា CGCC ​បានដើរតួនាទីយ៉ាងសំខាន់ ​ក្នុងបម្រើបាននូវសេចក្តីត្រូវរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលកំពុងតែជួបបញ្ហាលំបាក នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ​ហើយត្រូវការឥណទានពីធនាគារ ដើម្បីអាជីវកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តគោលនយោបាយគាំទ្រ តាមរយៈយន្តការធានាឥណទាន ដើម្បីធានាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

លោកមានប្រសាសន៍ថា «យើងមានដើមទុនចំនួន ២០០លានដុល្លារ ហើយយើងទើបតែផ្តល់ការធានានៅចំនួនជាង ៩០លានទេ ហើយក្នុង ២០០លានដុល្លារនេះ យើងអាចធានាបានពីរទៅ ៣ដងឬ៤ដងទៅតាមគុណភាពនៃឥណទាន។ បើឥណទានល្អយើងពង្រីកការធានាបានច្រើន ហើយបើកម្ចីល្អ គឺយើងត្រូវគិតពីការធានាពីនិរន្តភាព និងភាពជឿទុកចិត្តបានរបស់ដៃគូរបស់យើង បើយើងមិនមានការរឹងមាំនៅក្នុងការគិតគូរទេ គឺដៃគូធនាគារយើងមិនជឿលើផលិតផលរបស់យើងទេ»

លោក​បន្ថែមថា «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះដំណើរការរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងរយៈពេល២ឆ្នាំកន្លងមក និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាជីវកម្មធានាឥណទានកម្ពុជា ដែលបានខិតខំបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់»

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានថ្លែងថា CGCC បានចាប់ផ្តើមផ្តល់ការធានាឥណទានដំបូង នៅក្នុងខែមីនា ឆ្នាំ២០២១។ ក្នុងចំណោមធានាកម្ចីប្រមាណ ៩២លានដុល្លារនេះ ២៥%ជាសហគ្រិនស្រី្ត ៦៥% កម្ចីគ្មានទ្រព្យធានា និង៩៦% ជាកម្ចីរបស់សហគ្រាសធុនតូច និងមធ្យម រួមទាំងកម្ចីខ្នាតតូច។

លោកបន្តថា ថ្វីត្បិតតែក្នុងរយៈពេល២ឆ្នាំនេះ CGCC មាន​វឌ្ឍនភាពល្អ តែ​ក៏នៅមានប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ​ដូចជា​មិនអាចផ្តល់ការធានាឥណទាន ដល់អាជីវកម្មក្រៅប្រព័ន្ធ និងត្រូវធ្វើការងារជាច្រើនទៀតជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងដូរនូវគោលនយោបាយផ្ទៃក្នុង របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ ក្នុងការផ្តល់ការធានាឥណទាន ​តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា​។

លោកបន្ថែមថា នាពេលខាងមុខ CGCC មានបំណងចូលគាំទ្រការធានាឥណទាន ដល់វិស័យកសិកម្ម និងហិរញ្ញប្បទានបៃតងផងដែរ។ ទន្ទឹមគ្នានេះ CGCC នឹងបន្តពង្រីកក្នុងភាពជាដៃគូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីសម្រេចបាននូវបរិយាបន្នហិរញ្ញវត្ថុ។

សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល​ ក្នុងការដាក់ឱ្យដំណើរការគម្រោងធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានានិរន្តភាពរបស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក​៕

សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា

Credit to: Fresh News, Publish on 17 January 2023

 

CGCC បានចេញ​លិខិតធានា ​(LG) ៩៨៥ ច្បាប់ ជាមួយនឹង​ចំនួន​ប្រាក់កម្ចី​សរុប ៩២,៧​ លាន​ដុល្លារ

ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណ​ទាន​កម្ពុជា ភីអិលស៊ី​​ (CGCC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បានចេញ​លិខិតធានា ​(LG) ចំនួន ៩៨៥​ ច្បាប់​ជាមួយនឹង​ប្រាក់កម្ចី​សរុប ៩២,៧ ​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​ ២០២២ ចាប់តាំងពី​ក្រុមហ៊ុន​នេះ​ដំណើរ​ការ​នៅក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ ជាពិសេស​សហ​គ្រាស​ធុន​តូច និង​មធ្យម ពី​វិបត្តិ​សុខភាព​។​

​អគ្គនាយក CGCC លោក Wong Keet Loong បានឱ្យដឹង​នៅក្នុង​សិក្ខាសាលា​ប្រចាំឆ្នាំ​របស់ CGCC ស្តីពី​ «​តួនាទី​នៃ​គម្រោងការ​ធានា​ឥណទាន​ក្នុងការ​អភិវឌ្ឍ​សហ​​គ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា និង​អាស៊ាន​»​នា​ថ្ងៃទី​ ១៧ ខែមករា​ថា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២២​ ស្ថាប័ន​លោក​បានទទួល​លិខិតធានា​សរុប ​(LG) និង​ចំនួន​ប្រាក់កម្ចី​សរុប ៩២,៧​ លាន​ដុល្លារ ខណៈ​ប្រាក់កម្ចី​ដែលមាន​ការធានា​មាន​ចំនួន ៧០,៩​ លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។ ទឹកប្រាក់​ធានា​ចំនួន ៥១,២​ លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។​

​លោក​បន្ថែមថា កម្ចី​ដែល​ធានា​ភាគ​ច្រើន គឺ​ក្នុង​វិស័យ​កសិកម្ម​មាន​ចំនួន ២,៦ ​ភាគរយ ឧស្សាហកម្ម ៨,៣​ភាគ​រយ សេវាកម្ម ១១,៦ ភាគរយ ពា​ណិ​​ជ្ជ​កម្ម​លក់រាយ ២៩ ​ភាគរយ និង​ផ្សេងទៀត ៤៨,៤​ ភាគរយ​។ ប្រភេទ​អ្នក​ខ្ចី ក្រុមហ៊ុន​ធំ​មាន​ចំនួន​ ៣៥ និង​សហ​គ្រាស​ធុន​តូច និង​មធ្យម ៩៥០ ខណៈ​ប្រភេទ​ប្រាក់កម្ចី​មាន​ធានា​ចំនួន ៣២៨ ប្រាក់កម្ចី​គ្មាន​ធានា​ចំនួន ៦៥៧​។​

​លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹង​ក្នុង​សិក្ខាសាលា​ខាងលើ​ថា សហគ្រាស​ធុន​តូច និង​មធ្យម បាន​ដើរតួ​យ៉ាងសំខាន់​នៅ​ក្នុងការ​ទ្រទ្រង់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា ដោយបាន​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​គួរឱ្យ​កត់​​សម្គាល់​ពី​អត្រា ៥០,២ ភាគរយ​ក្នុង​ឆ្នាំ​ ២០០៣ មក​ត្រឹម ១៧,៨​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ តាមរយៈ​ការបង្កើន​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​។​

​លោក​បន្តថា ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ការងារ​អាទិ​ភាព​របស់​រដ្ឋាភិបាល ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​យុទ្ធសាស្ត្រ និង​គោ​លន​យោ​បាយ​សំខាន់ៗ​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល និង​បាន​បង្កើត​ស្ថា​ប័ន​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម រួមទាំង​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ផងដែរ ដើម្បី​ចែករំលែក​ហា​និ​​ភ័យ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងការ​ផ្តល់​កម្ចី​សំដៅ​បង្កើន​លទ្ធភាព​ទទួល​បាន​កម្ចី​របស់​ក្រុមហ៊ុន​អាជីវកម្ម ពិ​សេស​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​លោក​បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​ពិនិត្យឃើញថា ការប្រើប្រាស់​ថវិការដ្ឋ ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​តាមរយៈ​យន្តការ​ធានា​ឥណទាន គឺមាន​គុណ​សម្បត្តិ​សំខាន់​ទី​១ «Leverage Effect» ដោយ​ការប្រើប្រាស់​ដើមទុន​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដើម្បី​ធានា​លើ​កម្ចី​សាចុះសាឡើង ព្រោះ​ទុន​នេះ​ត្រូវបាន​ប្រើប្រាស់​នៅពេល​កម្ចី​ដែលមាន​ការធានា​ត្រូវបាន​បាត់បង់​តែប៉ុណ្ណោះ​។ ដូច្នេះ​ថវិការដ្ឋ​ចំនួន ២០០​ លាន​ដុល្លារ​ដែល​ត្រូវបាន​ផ្តល់ជូន​សាជីវកម្ម​ធានា​ឥណទាន​ជា​​ដើមទុន នឹងមាន​លទ្ធភាព​គាំទ្រ​ដល់​ការបញ្ចេញ​កម្ចី​ថ្មីៗ ដែលមាន​ការ​ធានា​លើសពី ២០០​ លាន​ដុល្លារ ទី​២ «Countercyclical Crisis Tool» ដោយ​រក្សា​ទំនុកចិត្ត​លើ​ទីផ្សារ ជា​ពិ​សេស​ក្នុងអំឡុងពេល​វិបត្តិ​ដើម្បី​រក្សា​លំនឹង​សកម្មភាព​សេដ្ឋកិច្ច​»​។​

​លោក​បញ្ជាក់ថា ជាមួយ​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ដែល​បានដាក់​ចេញ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ងាក​មករក​កំណើន​ជា​វិជ្ជមាន​ឡើងវិញ បន្ទាប់​ពី​កំណើន​អវិជ្ជមាន​កាលពី​ឆ្នាំ​ ២០២០ ដែល​ក្នុងនោះ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា កើនឡើង​ក្នុង​អត្រា​ប្រមាណ ៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ និង​ប្រមាណ​ ៦ ភាគរយ​នៅ​ឆ្នាំ​ ២០២៣​ ខាងមុខ​។ យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​នៅតែ​បន្ត​ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ដូចជា​ការអូសបន្លាយ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ការកើនឡើង​នៃ​សម្ពាធ​អតិផរណា​និង​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​​នយោបាយ​ក្នុង​តំបន់​។​

​លោក​លើកឡើងថា​៖ «​ក្នុង​បរិបទ​នេះ សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​កម្លាំងចលក​រដែ​ល​មិនអាច​ខ្វះ​បាន ដើម្បី​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​។ ដូច្នេះ​រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​គាំទ្រ​តាម​​រយៈ​យន្ត​ការធានា​ឥណទាន ដើម្បី​ធានា​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

​លោក​បន្ថែមថា​៖ «​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា គឺជា​ស្ថាប័ន​ធានា​​ឥណទាន​ដំបូងបង្អស់​នៅ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​​កូ​វីដ​ ១៩ កំពុង​វាយលុក​យ៉ាងខ្លាំង​លើ​កម្ពុជា ក្រោម​ការប្តេជ្ញា​ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ដើម្បី​ដាក់ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណទាន​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​គាំទ្រ​ដល់​ការស្តារ និង​ការធានា​និរន្តរភាព​របស់​ក្រុមហ៊ុន​អាជីវកម្ម​ក្នុងស្រុក​។ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំ​ណើ​រការ​របស់​សាជីវកម្ម​ធានា​ឥណ​ទាន​កម្ពុជា​រយៈពេល​ ២ ឆ្នាំកន្លងមក​»​។​

​កាលពីដើម​ខែមករា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​អំពី​ការបន្ត​ដាក់ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណ​ទាន​ដើម្បី​ស្ដារ​អាជីវកម្ម (BRGS) នៃ (CGCC) ដើម្បី​គាំទ្រ​អាជីវកម្ម ទាំង​អាជីវកម្ម​ខ្នាត​មីក្រូ សហគ្រាស​ខ្នាត​​តូច និង​មធ្យម ​(MSMEs) និង​សហ​​គ្រាស​ខ្នាត​ធំ ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ​(PFIs)​ សម្រាប់​ធ្វើជា​ទុន​បង្វិល​, ការវិនិយោគ​, និង​ការ​​ពង្រីក​អាជីវកម្ម​។​

​បើ​យោងតាម​ការប្រកាស​ពី CGCC ការប្រកាស​បន្ត​ដាក់ឱ្យ​ដំណើរការ ​«​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៣ តទៅ រហូតដល់​គម្រោង​នេះ​ត្រូវបាន​ប្រើប្រាស់​អស់​៕

Credit to: ភ្នំពេញប៉ុស្តិ៍, 17 January 2023