នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះជួបពិភាក្សាការងារដោយផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងកិច្ចសហការ និងផ្សព្វផ្សាយអំពីគម្រោងធានាឥណទានរបស់ CGCC។
បន្ថែមពីលើការចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបានសម្រាប់ធនាគារ និងអតិថិជនដែលជាម្ចាស់អាជីវកម្ម ជំនួបនេះក៏មានការចែករំលែកនូវបទពិសោធន៍ពីសំណាក់ខាងធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ឆ្នាំងកន្លងមកផងដែរ ដែលជាឱកាសមួយក្នុងការបន្ថែមនូវការស្វែងយល់ទៅវិញទៅមក រវាងCGCC និងខាងធនាគារ ទៅលើភាពចាំបាច់នៃការធានាឥណទាន និងកាន់តែធ្វើឱ្យកិច្ចសហការមានភាពប្រសើរនិងរលូនឡើង។
ធនាគារកាណាឌីយ៉ា គឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដែលបានចុះហត្ថលេខាជាផ្លូវការដំបូងគេមួយរបស់ CGCC និងក៏ជាដៃគូសហការយ៉ាងសកម្មក្នុងការផ្តល់កម្ចីក្រោមការធានាពី CGCC ជូនដល់ម្ចាស់អាជីវកម្ម ទាំងខ្នាតតូចនិងមធ្យម និងខ្នាតធំ សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ឬពង្រីកអាជីវកម្មរបស់ខ្លួន។