CGCC

ស្វែងយល់ពីការធានាឥណទាន តាមរយៈកិច្ចសម្ភាសន៍ជាមួយធនាគារកាណាឌីយ៉ា

អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយធនាគារកាណាឌីយ៉ា 

→​ ក្នុងនាមជាធនាគារមួយក្នុងចំណោមធនាគារដំបូងគេ ដែលបានក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់CGCC, តើកត្តាអ្វីខ្លះដែលជំរុញឱ្យធនាគារកាណាឌីយ៉ា ប្រើប្រាស់គម្រោងធានាឥណទាន ជាមួយនឹងផលិតផលឥណទានរបស់ធនាគារដែលមានស្រាប់?

កត្តាចំបងមួយដែលជម្រុញឲ្យយើងប្រើប្រាស់គម្រោងធានាឥណទាន​ ព្រោះយើងជឿជាក់ថា គម្រោងធានាឥណទានរបស់ CGCC អាចជួយដល់ម្ចាស់អាជីវកម្មសក្តានុពលដែលមានតម្រូវការកម្ចី ដើម្បីប្រើប្រាស់ក្នុងអាជីវកម្មគាត់ ប៉ុន្តែគាត់មិនមានទ្រព្យធានាកម្ចីគ្រប់គ្រាន់ មានលទ្ធភាពទទួលបានឥណទានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងការស្តារ និង ពង្រីកអាជីវកម្ម ក្រោយពីវិបត្តិជម្ងឺកូវីដ បានធូរស្រាល ។

 

→ បន្ទាប់ពីបានប្រើប្រាស់គម្រាងធានាឥណទានរបស់CGCC​ ជាងមួយឆ្នាំមក តើធនាគារកាណាឌីយ៉ាយល់ថា គម្រោងធានាឥណទានបានជួយគាំទ្រទៅដល់ធនាគារ និងអតិថិជនរបស់ធនាគារកាណាឌីយ៉ា យ៉ាងដូចម្តេចខ្លះ?

យើងបានផ្តល់ឥណទានក្រោមគម្រោងធានាឥណទាន របស់ CGCC ជូនអតិថិជនច្រើនជាង ២០០ នាក់ ជាមួយទំហំឥណទានសរុបជិត ២០លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយឆ្នាំនេះ។ តាមរយៈឥណទានទាំងនេះ អតិថិជនបានកំពុងប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្មរបស់គាត់ក្ នងវិស័យផ្សេងៗ ដែលបានបង្កើតការងារជូនប្រជាជន និង​ រួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ។

 

→ ថ្មីៗនេះ ធនាគារកាណាឌីយ៉ា និងសាជីវកម្មធានាឥណទានកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ ផលិតផល និងគម្រោង ដើម្បីគាំទ្រដល់សហគ្រិនស្រ្តី រួមមាន ឥណទានសហគ្រិនស្រ្តីវៃឆ្លាត និងគម្រោងធានាសម្រាប់សហគ្រិនស្រ្តី។ តើធនាគារយល់ឃើញថា ផលិតផល និងគម្រោងទាំង២នេះ មានអត្ថប្រយោជន៍យ៉ាងណាខ្លះ ក្នុងការគាំទ្រដល់សហគ្រិនស្រ្តីឱ្យទទួលបានកម្ចី ទោះបីខ្វះទ្រព្យបញ្ចាំ ក៏ដូចជាដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ?

ឥណទានសហគ្រិនស្ត្រី និង គម្រោងធានាសម្រាប់សហគ្រិន កំពុងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យសហគ្រិនស្ត្រីទទួលបានឥណទានសមស្របតាមតម្រូវការអាជីវកម្មរបស់ពួកគាត់ ជៀសវាងការស្វែងរកកម្ចីដែលមានថ្លៃដើមខ្ពស់ និង ប្រកបដោយហានិភ័យ ។ តាមរយៈគម្រោងទាំងពីរខាងលើ សហគ្រិនស្ត្រីមិនត្រឹមតែមានលទ្ធភាពទទួលបានឥណទានតាមតម្រូវការរបស់ខ្លួន និង ងាយស្រួលជាងមុនទេ ប៉ុន្តែបានកាត់បន្ថយថ្លៃដើមផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន ជាពិសេសក្នុងឆ្នាំទី ១ ដែលរួមមានអត្រាការប្រាក់ទាប ថ្លៃសេវាឥណទានត្រូវបានកាត់បន្ថយផងដែរ។ លើសពីនេះទៅទៀត សហគ្រិនស្ត្រីនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនតាមរយៈ កញ្ចប់ឥណទានស្រ្តីវៃឆ្លាត ពីធនាគារកាណាឌីយ៉ា ។

 

→ សព្វថ្ងៃនេះ ធនាគារកាណាឌីយ៉ា គឺជាធនាគារដែលបានបញ្ចេញឥណទានដែលមានការធានាក្រោមគម្រាងធានាឥណទានរបស់CGCCបានច្រើនជាងគេ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម របស់CGCCដទៃទៀត។ តើធនាគារកាណាឌីយ៉ា មានយុទ្ធសាស្រ្តយ៉ាងណា ក្នុងការបន្តពង្រីកការប្រើប្រាស់ គម្រោងធានាឥណទាន ជាពិសេសទៅកាន់តំបន់ជនបទ?

យើងបន្តការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយដល់អតិថិជនគោលដៅរបស់យើង ជាពិសេសអតិថិជនដែលមានអាជីវកម្មសក្តានុពល តែពុំមានទ្រព្យធានាគ្រប់គ្រាន់ សម្រាប់ធានាឥណទាន។ យើងក៏នឹងបន្តភ្ជាប់គម្រោងធានាឥណទាន ជាមួយនឹងគម្រោងផលិតផលថ្មីៗទៀតរបស់យើង ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែប សម្រាប់អតិថិជន ។

 

→ ដោយសារតែប្រធានបទការធានាឥណទាន ជាប្រធានបទមួយថ្មីនៅកម្ពុជា តើធនាគារកាណាឌីយ៉ា និងសាជីវកម្មធានាឥណទានកម្ពុជា គួរតែធ្វើអ្វីបន្ថែម ដើម្បីលើកកម្ពស់ការយល់ដឹងពីការធានាឥណទាន ទៅកាន់អ្នកស្នើសុំកម្ចី?

ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធានាឥណទាន យើងគួរបន្តការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ជាពិសេសម្ចាស់អាជីវកម្មនានា តាមរយៈបណ្តាញសង្គម សិក្ខាសាលា សមាគមអាជីវករ ។ល។