CGCC

ពាណិជ្ជករក្នុងវិស័យស្រូវអង្ករ នឹងទទួលបានការធានាឥណទាន ងាយទទួលបានកម្ចីពង្រីកវិសាលភាពទិញស្រូវ និងកែច្នៃនាំចេញ

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចព្រមព្រៀង គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ ដើម្បីជួយឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក។

ពិធីចុះគ្នាអនុស្សរណៈនៃការយោគយល់គ្នា បានរៀបចំឡើងនៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានជាកិត្តិយសរបស់ក្រុមប្រឹក្សាភិបាលរបស់ CGCC, ថ្នាក់ដឹកនាំ និងសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា, ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និង CGCC សរុបប្រមាណជាង៧០រូប។

បន្ទាប់ពីទទួលបានការឯកភាពពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការគម្រោង REGS ដែលជាគម្រោងធានាឥណទានជាកញ្ចប់មានទំហំសរុប ៣០លានដុល្លារ សម្រាប់ជំហានទី១ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ចូលរួមអនុវត្តគម្រោង REGSនេះ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា, និងធនាគារវីង (ខេមបូឌា)។

លោក រស់ សីលវ៉ា មានប្រសាសន៍ថាការដាក់ចេញនូវគម្រោង REGS ដែលមានទំហំ ៣០លានដុល្លារនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការផលិត និងនាំចេញអង្ករកម្ពុជា តាមរយៈយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដែលមាន CGCC ជាប្រតិបត្តិករ ដោយផ្តល់ការធានារហូតដល់ ៨០% លើកម្ចីអតិបរមារហូតដល់ ៣លានដុល្លារ។ គម្រោង REGS នេះនឹងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ សម្រាប់ការផលិតអង្ករនាំចេញ ដើម្បីគាំទ្រដល់គោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា»។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា កញ្ចប់ធានាឥណទានលើវិស័យស្រូវអង្ករដំណាក់កាលទីមួយនាពេលនេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវពង្រីកវិសាលភាពរបស់ខ្លួនក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពី

លោកបន្តថា «អនុផលនៃការកិនស្រូវទាំងអស់ដល់វិស័យផ្សេងទៀតដូចជាវិស័យវារីវប្បកម្ម ការចិញ្ចឹមសត្វ។ល។ កញ្ចប់ធានានេះក៏ជាកត្តាលីករបន្ថែមទៀត នៃការចូលរួមលើការអនុវត្តនូវគោលនយោបាយផលិតកម្មស្រូវ និងការជំរុញការនាំចេញឱ្យបាន១លានតោនក្នុងមួយឆ្នាំ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ហើយយើងជឿជាក់ថា ផែនការនេះ នឹងសម្រេចបាននៅក្នុងឆ្នាំ ២០២៥ដ៏ខ្លីខាងមុខ»។

លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ថា «CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានថ្មី ដែលជាគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលមានទំហំ៣០លានដុល្លារ ដើម្បីគាំទ្រជាទុនបង្វិល សម្រាប់រោងម៉ាស៊ីនកិនស្រូវ ក្នុងការកិនកែច្នៃស្រូវសម្រាប់ការនាំចេញអង្ករ។ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ស្ថាប័ន បានប្តេជ្ញាចិត្តក្នុងការផ្តល់កម្ចីដែលមានការធានាពី CGCC សម្រាប់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនសមត្ថភាពក្នុងការនាំចេញអង្ករ។ គម្រោងនេះផ្តល់ជូននូវលក្ខខណ្ឌពិសេស ដូចជាកម្រៃធានាឥណទានទាប វិសាលភាពនៃការធានាខ្ពស់ និងអត្រាការប្រាក់មិនលើសពី១១%។ យើងគាំទ្រនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។ នេះគឺជាជំហានទីមួយនៃគម្រោង ដោយយើងនឹងស្នើបង្កើនទំហំគម្រោង ប្រសិនបើមានតម្រូវការខ្ពស់សម្រាប់ការធានាឥណទាន»

គម្រោង REGS របស់ CGCC ត្រូវបានដាក់ឱ្យដំណើរការដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។ ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសកម្មរបស់ CRF និងដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ទិញស្រូវ កិនកែច្នៃ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស៕

Credit to: Fresh News, Published on 10 May 2024

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និងសហព័ន្ធស្រូវអង្ករកម្ពុជា និងកិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម

នៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើ  អនុស្សរណៈនៃការយោគយល់គ្នារវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសហព័ន្ធស្រូវអង្ករកម្ពុជា និង កិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានជាកិត្តិយសរបស់ក្រុមប្រឹក្សាភិបាលរបស់ CGCC, ថ្នាក់ដឹកនាំ និងសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា, ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និង CGCC សរុបប្រមាណជាង៧០រូប

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាង CGCC និង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) លើគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលសំដៅបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មស្រូវ-អង្កររបស់កម្ពុជា ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជា ស្របតាមគោលនយោបាយអាទិភាពលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​​ន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការគម្រោង REGS ដែលជាគម្រោងធានាឥណទានជាកញ្ចប់មានទំហំសរុប ៣០លានដុល្លារ សម្រាប់ជំហានទី១ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ចូលរួមអនុវត្តគម្រោង REGS នេះ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា, និងធនាគារវីង (ខេមបូឌា)។

ឯកឧត្តម រស់ សីលវ៉ា មានប្រសាសន៍ឱ្យដឹងថា៖ “ការដាក់ចេញនូវគម្រោង REGS ដែលមានទំហំ ៣០លានដុល្លារនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការផលិត និងនាំចេញអង្ករកម្ពុជា តាមរយៈយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដែលមាន CGCC ជាប្រតិបត្តិករ ដោយផ្តល់ការធានារហូតដល់ ៨០% លើកម្ចីអតិបរមារហូតដល់ ៣លានដុល្លារ។ គម្រោង REGS នេះនឹងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ សម្រាប់ការផលិតអង្ករនាំចេញ ដើម្បីគាំទ្រដល់គោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។”

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា ៖ “ពិធីចុះហត្ថលេខា នាថ្ងៃនេះគឺជានិមិត្តរូបថ្មីបន្ថែមទៀត នៃដំណើរការត្រៀមខ្លួនលើកកម្ពស់វិស័យស្រូវអង្ករឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងឯកជន និងឯកជន ជាមួយរាជរដ្ឋាភិបាល។ កញ្ចប់ធានាឥណទានលើវិស័យស្រូវអង្ករដំណាក់កាលទីមួយនាពេលនេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវពង្រីកវិសាលភាពរបស់ខ្លួនក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពីអនុផលនៃការកិនស្រូវទាំងអស់ដល់វិស័យផ្សេងទៀតដូចជាវិស័យវារីវប្បកម្ម ការចិញ្ចឹមសត្វ។ល។ កញ្ចប់ធានានេះក៏ជាកត្តាលីករបន្ថែមទៀតនៃការចូលរួមលើការអនុវត្តនូវគោលនយោបាយផលិតកម្មស្រូវ និងការជំរុញការនាំចេញឱ្យបាន១លានតោនក្នុងមួយឆ្នាំ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ហើយយើងជឿជាក់ថា ផែនការនេះ នឹងសម្រេចបាននៅក្នុងឆ្នាំ ២០២៥ដ៏ខ្លីខាងមុខ។”

លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ថា ៖ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានថ្មី ដែលជាគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលមានទំហំ ៣០លានដុល្លារ ដើម្បីគាំទ្រជាទុនបង្វិល សម្រាប់រោងម៉ាស៊ីនកិនស្រូវ ក្នុងការកិនកែច្នៃស្រូវសម្រាប់ការនាំចេញអង្ករ។ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧ស្ថាប័ន បានប្តេជ្ញាចិត្តក្នុងការផ្តល់កម្ចីដែលមានការធានាពី CGCC សម្រាប់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនសមត្ថភាពក្នុងការនាំចេញអង្ករ។ គម្រោងនេះផ្តល់ជូននូវលក្ខខណ្ឌពិសេស ដូចជាកម្រៃធានាឥណទានទាប វិសាលភាពនៃការធានាខ្ពស់ និងអត្រាការប្រាក់មិនលើសពី១១%។ យើងគាំទ្រនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។ នេះគឺជាជំហានទីមួយនៃគម្រោង ដោយយើងនឹងស្នើបង្កើនទំហំគម្រោង ប្រសិនបើមានតម្រូវការខ្ពស់សម្រាប់ការធានាឥណទាន។” 

គម្រោង REGS របស់ CGCC ត្រូវបានដាក់ឱ្យដំណើរការដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។  ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីន​កិនស្រូវដែលជាសមាជិកសកម្មរបស់ CRF និងដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ទិញស្រូវ កិនកែច្នៃ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស អាចទំនាក់ទំនងទៅកាន់ CRF ដើម្បីទទួលបានការសម្របសម្រួលក្នុងការទទួលបានហិរញ្ញប្បទាននេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម៕

សេចក្តីប្រកាសព័ត៌មាន ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និងសហព័ន្ធស្រូវអង្ករកម្ពុជា និងកិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម

ទាញយកសេចក្តីប្រកាសព័ត៌មាន

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

វិស័យកសិកម្មគឺជាវិស័យស្នូលមួយក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ទីផ្សារស្រូវអង្ករដើរតួយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យកសិកម្ម។  រោងម៉ាស៊ីនផលិតស្រូវអង្ករ  ឈុន  ធំ  ត្រូវបានចាប់បដិសន្ឋាកិច្ច ក្នុងឆ្នាំ១៩៩ដែលដំបូងឡើយជាមុខជំនួញបែបលក្ខណៈគ្រួសារមួយ។ បន្ទាប់ពីចាប់ផ្តើមដំណើរការអស់រយៈពេលជាច្រើនឆ្នាំមក អតិថិជនបានស្គាល់ពីម៉ាកយីហោ និងចាប់ផ្តើមផ្តល់ការជឿទុកចិត្តលើផលិតផលរបស់ពួកយើង។ ខ្ញុំបាទបានមើលឃើញពីឱកាស ក្នុងការពង្រីកអាជីវកម្មនេះឱ្យកាន់តែធំជាពិសេសលើបច្ចេកវិទ្យាដូចជាការទិញបន្ថែមនូវម៉ាស៊ីនកិនស្រូវ និងពង្រីកទីតាំងកិនស្រូវបន្ថែម

ខ្ញុំបាទបានទទួលការប្រឹក្សាជាមួយបុគ្គលិកធនាគារ ABA អំពីការធានាឥណទានលើកម្ចីអាជីវកម្មរបស់ CGCC ដែលអាចផ្តល់ការធានាលើកម្ចីរបស់ខ្ញុំ ទោះបីគ្មានទ្រព្យធានា។ ដោយសារការធានាឥណទានពី CGCC ទៅលើកម្ចីដែលទទួលបានពីធនាគារ ABA ខ្ញុំអាចទទួលបានទុនបន្ថែម ក្នុងការពង្រីកអាជីវកម្មរោងម៉ាស៊ីនកិនស្រូវរបស់ខ្ញុំបាទ ដូចជាការបន្ថែមគ្រឿងបរិក្ខារ មានដូចជា ម៉ាស៊ីនកិនស្រូវ និងពង្រីកទីផ្សារឱ្យកាន់តែធំទូលាយជាងមុន ព្រមទាំងសង្វាក់ផលិតកម្មឱ្យកាន់តែរលូនទៅមុខជាដើម។

ខ្ញុំយល់ថា ការធានាឥណទានរបស់ CGCC ពិតជាអាចគាំទ្រដល់អាជីវកម្មរបស់ខ្ញុំ ក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យមផ្សេងទៀត ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានា ឱ្យទទួលបានទុនបន្ថែមចាំបាច់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការពង្រីកអាជីវកម្ម៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

ការស្វែងយល់ពីឥណទានមិនដំណើរការ

ឥណទានមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារ ក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ១៥ឆ្នាំ ចុងក្រោយ។ ក្នុងឆ្នាំ២០២៣ អត្រា NPL មានចំនួន ៥,៤% សម្រាប់ធនាគារ និង ៦,៥% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធៀបនឹងអត្រា NPL ជាមធ្យម ២,១៨% ពីឆ្នាំ២០០៩ ដល់ ២០២២ (ក្រាហ្វិកទី១)។ ទន្ទឹមនេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងចំណោម ២០៧០ គណនីដែលមានការធានា ១៣៣ ជាគណនី NPL ដែលស្មើនឹង ៩,៧៦លានដុល្លារ។ ភាគរយនៃទំហំដែលមានការធានានៃឥណទានមិនដំណើរការ ធៀបនឹងទំហំដែលមានការធានាសរុប ស្មើនឹង ៨,០២%យ៉ាងណាក៏ដោយ NPL ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ខណៈវិស័យធនាគារនៅកម្ពុជានៅតែរក្សាបាននូវភាពរឹងមាំ។ ការស្វែងយល់ពី NPL មានសារៈសំខាន់ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមានដល់អ្នកខ្ចី អ្នកផ្តល់កម្ចី និងសេដ្ឋកិច្ចទាំងមូល។

តើអ្វីទៅជាឥណទានមិនដំណើរការ?

ឥណទានមិនដំណើរការ កើតឡើងនៅពេលអ្នកខ្ចីមិនអាចបំពេញកាតព្វកិច្ចសងត្រឡប់ ដោយសារផលលំបាកហិរញ្ញវត្ថុ ឧទាហរណ៍ ការសងត្រឡប់យឺតជាង ៣០ថ្ងៃ សម្រាប់កម្ចីរយៈពេលខ្លី ឬយឺតជាង ៨៩ថ្ងៃ សម្រាប់កម្ចីរយៈពេលវែង។ លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកចំណាត់ថ្នាក់ឥណទាន មានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា បែងចែកឥណទានជា ៥ចំណាត់ថ្នាក់ ផ្អែកលើចំនួនថ្ងៃដែលលើសកាលកំណត់សង ដូចបង្ហាញជូន ក្នុងតារាងទី១ ខាងក្រោម។ ឥណទានដែលមានចំណាត់ថ្នាក់ ធម្មតា” និង “ឃ្លាំមើល” គឺជាឥណទានដំណើរការ ចំណែកឯឥណទានដែលស្ថិតក្នុងចំណាត់ថ្នាក់ “ក្រោមស្តង់ដារ” ឬអន់ជាងនេះ ត្រូវបានចាត់ទុកថាជាឥណទានមិនដំណើរការ។

អាននិងទាញយកអត្ថបទជា PDF: ការស្វែងយល់ពីឥណទានមិនដំណើរការ

CGCC ចូលរួមក្នុងកិច្ចប្រជុំសម្រាប់វិនិយោគិននៃកម្មវិធីផ្តួចផ្តើមសហគ្រិនក្នុងកិច្ចការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា

នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសមួយរូប ក្នុងកិច្ចប្រជុំសម្រាប់វិនិយោគិននៃកម្មវិធីផ្តួចផ្តើមសហគ្រិនក្នុងកិច្ចការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយបានចែករំលែកអំពីកិច្ចផ្តួចផ្តើមរបស់ CGCC ក្នុងការសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យឯកជននៅប្រទេសកម្ពុជា តាមរយៈកិច្ចពិភាក្សាបើកចំហរមួយស្តីពី “ទិដ្ឋភាព​នៃ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសក្នុងការបន្ស៊ាំ​នឹង​អាកាសធាតុ”។

តាមរយៈកិច្ចពិភាក្សានេះ លោកអគ្គនាយកបានគូសបញ្ជាក់អំពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជនក្នុងការទទួលបានហិរញ្ញប្បទាន តាមរយៈយន្តការធានាឥណទានរបស់ CGCC សម្រាប់ក្រុមហ៊ុន/អាជីវកម្ម និងជាពិសេសអាជីវកម្មក្នុងវិស័យបៃតង។ លោកក៏បានចែករំលែកអំពី “គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព” របស់ CGCC ដែលជាគំរូហិរញ្ញប្បទានរួមបញ្ចូលគ្នា ដែលទទួលបានការគាំទ្រពី UNDP ដើម្បីបង្កើនសមត្ថភាពនៃការធានាឥណទានរបស់ CGCC សម្រាប់វិស័យបៃតង។

កម្មវិធីកិច្ចប្រជុំសម្រាប់វិនិយោគិនដែលរៀបចំដោយ UNDP នេះ មានគោលបំណងទាញចំណាប់អារម្មណ៍ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងវិស័យឯកជន ជុំវិញដំណោះស្រាយទីផ្សារ និងការវិយោគដែលពឹងផ្អែកលើអាកាសធាតុ និងបង្កើតនូវឱកាសក្នុងការកៀរគរ និងទាញយកទុនសម្រាប់វិស័យឯកជន និងហិរញ្ញប្បទានរួមបញ្ចូលគ្នា សំដៅដល់ការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ និងដើម្បីធ្វើពិពិធកម្មធនធានសម្រាប់ហិរញ្ញប្បទានផ្នែកអាកាសធាតុ តាមរយៈការប្រើប្រាស់ទុនលើឱកាសទីផ្សារដែលមានស្រាប់៕

CGCC ចូលរួមអបអរសាទរទិវានារីអន្ដរជាតិ

កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC បានចូលរួមអបអរសាទរទិវានារីអន្ដរជាតិ  ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកនារីៗទាំងអស់របស់ CGCC ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញកិច្ចការងាររបស់ខ្លួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ CGCC នៅគ្រប់ផ្នែកទាំងអស់ នាពេលកន្លងមក។

ដើម្បីសំដែងនូវការថ្លែងអំណរគុណ ថ្នាក់ដឹកនាំ CGCC បានផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ដល់បុគ្គលិកនារី និងបានរៀបចំការទទួលទានអាហារសាមគ្គីជាមួយបុគ្គលិកទាំងអស់ ប្រកបដោយក្តីរីករាយ និងកិច្ចសហប្រតិបត្តិការល្អ។

បច្ចុប្បន្ន CGCC មានបុគ្គលិកនារីសរុបចំនួន ២១រួប (៤១%) ក្នុងចំណោមបុគ្គលិក​សរុបចំនួន ៥១រូប៕

ការស្វែងយល់ពីការធានាលើសញ្ញាប័ណ្ណ

នៅខែមេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់គោលដៅយុទ្ធសាស្ត្រឱ្យ CGCC ធ្វើពិពិធកម្មសេវាធានាឥណទាន ទៅកាន់ការធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ។ CGCC បានរៀបចំខ្លួននិងត្រូវបានទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ក្នុងខែសីហា ឆ្នាំ២០២៣ និងបានបញ្ចប់នីតិវិធីវាយតម្លៃលទ្ធភាពសង ដោយទទួលបានចំណាត់ថ្នាក់ឥណទាន khAAA(Outlook: Stable) ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេបូឌា។ ជាមួយលក្ខខណ្ឌទាំងអស់នេះ CGCC នឹងចាប់ផ្តើមបេសកកម្មថ្មី ក្នុងការផ្តល់ការធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីចូលរួមជំរុញការអភិវឌ្ឍទីផ្សារទុននៅកម្ពុជា និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានបំណងកៀរគរទុន នៅក្នុងទីផ្សារសញ្ញាប័ណ្ណ។

តើអ្វីទៅជាសញ្ញាប័ណ្ណ?

សញ្ញាប័ណ្ណ ឬមូលបត្របំណុល គឺជាប្រភេទកម្ចីដែលអាចជំនួសឱ្យកម្ចីធនាគារ។ អ្នកបោះផ្សាយសញ្ញាប័ណ្ណ គឺជាអ្នកខ្ចី រីឯអ្នកវិនិយោគលើសញ្ញាប័ណ្ណគឺជាអ្នកផ្តល់កម្ចី។ អ្នកវិនិយោគលើសញ្ញាប័ណ្ណ ទិញសញ្ញាប័ណ្ណពីអ្នកបោះផ្សាដែលសន្យាទូទាត់ការប្រាក់ (គូប៉ុង) និងប្រាក់ដើម ជូនអ្នកទិញសញ្ញាប័ណ្ណ ក្នុងអំឡុងពេលឥណប្រតិទាននៃសញ្ញាប័ណ្ណ។ សញ្ញាប័ណ្ណ មានភាពបត់បែនជាងកម្ចីធនាគារ ទៅលើលក្ខខណ្ឌ, ទំហំ, ឥណប្រតិទាន, និងអត្រាការប្រាក់។

ជាទូទៅ SME និងឯកត្តបុគ្គលណាក៏អាចកៀរគរទុន តាមរយៈកម្ចីធនាគារបានដែរ ឱ្យតែមានលទ្ធភាពសងគ្រប់គ្រាន់ ប៉ុន្តែមានតែ SME ដែលមាអភិបាលកិច្ច និងប្រតិបត្តិការអាជីវកម្មល្អ, របាយការណ៍ហិរញ្ញវត្ថុស្តង់ដារ និងអាចជឿទុកចិត្តបាន, ព្រមទាំងផែនការអាជីវកម្មរឹងមាំប៉ុណ្ណោះ ដែលអាចកៀរគរទុន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណបាន។ និយាយឱ្យខ្លី លក្ខខណ្ឌសម្រាប់ការបោះផ្សាយសញ្ញាប័ណ្ណមានភាពស្មុគស្មាញ និងតឹងតែងជាងលក្ខខណ្ឌសម្រាប់ស្នើសុំកម្ចីពីធនាគារ។ តារាងខាងក្រោម បង្ហាញពីការប្រៀបធៀបចំណុសំខាន់ៗ រវាងកម្ចីធនាគារ និងសញ្ញាប័ណ្ណ។

ពិតណាស់ ការបោះផ្សាយសញ្ញាប័ណ្ណ គឺជាវិធីសាស្ត្រសាមញ្ញាសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនអាជីវកម្ម ដើម្បីកៀរគរទុន នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើន ដើម្បីគាំទ្រគម្រោងនានា ប៉ុន្តែវិធីសាស្ត្រនេះមិនទាន់ត្រូវបានប្រើប្រាស់បានទូលំទូលាយនៅឡើយទេនៅកម្ពុជា។ ទីផ្សារសញ្ញាប័ណ្ណនៅកម្ពុជាស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍នៅឡើយ ដោយមានបញ្ហាប្រឈមសំខាន់ៗដូចជា សន្ទនីយភាពទាប, អត្រាការប្រាក់ខ្ពស់, និមូលដ្ឋានវិនិយោគិនតូចចង្អៀតជាដើម។ ប៉ុន្តែយើងឃើញមានវឌ្ឍនភាពជាវិជ្ជមានជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការចាប់ផ្តើមបោះផ្សាយសញ្ញាប័ណ្ណរដ្ឋ, សញ្ញាប័ណ្ណដែលមានការធានា, និងសញ្ញាប័ណ្ណនិរន្តរភាព។ បច្ចុប្បន្នមានសញ្ញាប័ណ្ណសាជីវកម្មចំនួន៩ បានចុះបញ្ជីនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដែលបានកៀរគរទុនចន្លោះពី ១,៥លាន ដល់ ៣០លានដុល្លារ ពីការបោះផ្សាយនីមួយៗ។

អានបន្ត និងទាញយកអត្ថបទជា PDF: ការស្វែងយល់ពីការធានាលើសញ្ញាប័ណ្ណ

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

Solar Green Energy (SOGE) គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលបៃតង ដោយប្រើប្រាស់ថាមពលនៃពន្លឺព្រះអាទិត្យ ដើម្បីស្រូបយកទឹកទន្លេធម្មជាតិ សម្រាប់ការស្រោចស្រប់ដំណាំរបស់ប្រជាកសិករខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨។ បន្ទាប់ពីចាប់ផ្តើមដំណើរការបានមួយរយៈ អតិថិជនចាប់ផ្ដើមស្គាល់ក្រុមហ៊ុន និងចាប់ផ្តើមផ្តល់ការជឿទុកចិត្តលើសេវាកម្មរបស់ពួកយើង។ នាងខ្ញុំបានមើលឃើញពីឱកាស ក្នុងការពង្រីកអាជីវកម្មនេះឱ្យកាន់តែធំ។ ពួកយើងមានបច្ចេកវិទ្យាគ្រប់គ្រាន់ ប៉ុន្តែខ្វះធនធានមនុស្ស និងទុនបន្ថែម។

នាងខ្ញុំបានប្រឹក្សាជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដើម្បីទទួលបានទុនបន្ថែម។ ដោយសារនាងខ្ញុំខ្វះទ្រព្យធានា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានណែនាំនាងខ្ញុំ អំពីការធានាឥណទានលើកម្ចីអាជីវកម្មរបស់ CGCC ដែលអាចផ្តល់ការធានាលើកម្ចីរបស់នាងខ្ញុំ ដើម្បីឱ្យធនាគារអាចផ្តល់កម្ចីដល់នាងខ្ញុំបាន ទោះបីគ្មានទ្រព្យធានា។ ដោយសារការធានាឥណទានពី CGCC នាងខ្ញុំអាចទទួលបានទុនបន្ថែម ដើម្បីសាងសង់ស្ថានីយបូមទឹកថ្មីៗទៀតបន្ថែម។

SOGE បានប្រើប្រាស់កម្ចីដែលមានដែលការធានាពី CGCC ដើម្បីពង្រីកការសាងសង់ស្ថានីយ៏បូមទឹក នៅតាមបណ្ដាខេត្ត មួយចំនួនដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ។ ស្ថានីយ៍ទាំងអស់នោះ អាចស្រោចស្រព្វផ្ទៃដីប្រម៉ាណ ១៦០០ ហិកតា និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១០០០ គ្រួសារ។

នាងខ្ញុំយល់ថា ការធានាឥណទានរបស់ CGCC ពិតជាអាចគាំទ្រដល់អាជីវកម្មរបស់នាងខ្ញុំ  ក៏ដូចជាសហគ្រាសខ្នាតតូច  និងមធ្យមផ្សេងទៀត  ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានា ឱ្យទទួលបានទុនបន្ថែមចាំបាច់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការពង្រីកអាជីវកម្ម៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

CGCC និងធនាគារប្រ៊ីដ ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីគាំទ្រដល់អាជីវកម្មឱ្យទទួលបានកម្ចីមានការធានា

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារប្រ៊ីដ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសកិច្ចសហការជាផ្លូវការ ដែលធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់ សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំផងដែរ។

កិច្ចសហការរវាង CGCC ដែលជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ MSMEs ក្នុងស្រុកនេះ នឹងបង្កើនឱកាសដល់ធនាគារប្រ៊ីដ ឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCCដល់ក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចីពីធនាគារ។

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយធនាគារប្រ៊ីដនេះ នឹងបើកផ្លូវថ្មីមួយទៀតដល់យើងក្នុងការគាំទ្រដល់ SMEs របស់ធនាគារក្នុងការទទួលបានកម្ចី នៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់យើងនឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានា ដោយសារតែ PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុ និងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។ ការធានាឥណទានរបស់ពួកយើងមានសារៈសំខាន់ ក្នុងការធានានូវការបន្តផ្តល់នូវឥណទាន នៅក្នុងទីផ្សារ ដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច»

លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រ៊ីដ មានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទំហំផលិតផលក្នុងស្រុកសរុប ក៏ដូចជាការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយអាជីវកម្មមួយចំនួនតែងតែជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទាន (កម្ចី) ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយដែលកិច្ចសហការវាងធនាគារប្រ៊ីដ និង CGCC នឹងចូលមក ចូលរួមចំណែកដោះស្រាយលើបញ្ហាមួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថានឹងផ្តល់ឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នូវលទ្ធភាពទទួលបានកម្ចីសម្រាប់អាជីវកម្មកាន់តែងាយស្រួល តាមរយៈការធានាឥណទានរបស់ CGCC ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់របស់កម្ចី និងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុន ដែលនឹងបង្កើនដល់លទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs»

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារប្រ៊ីដ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងធនាគារប្រ៊ីដ ជឿជាក់ថា កិច្ចសហការនេះនឹងអាចចូលរួមជួយដោះស្រាយបញ្ហាគម្លាតហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

Credit to: Fresh News Plus, Published on 07 February 2024