CGCC

សិក្ខាសាលាស្តីពី “Primary-CBO Guarantee Best Examples of KODIT’s Innovation in the Capital Market” សម្រាប់ CGCC តាមរយៈ Korea Credit Guarantee Fund (KODIT)

នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤ សិក្ខាសាលាស្តីពី “Primary-CBO Guarantee Best Examples of KODIT’s Innovation in the Capital Market” ត្រូវបានប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ CGCC ដោយមានការចូលរួមជាភ្ញៀវកិត្តិយស និងធ្វើបទបង្ហាញ ពីសំណាក់លោក Choi Taejin អគ្គនាយក នាយកដ្ឋានទីផ្សារ​មូលធន នៃ KODIT ដែលមានការចូលរួមដោយគណៈគ្រប់គ្រង និងបុគ្គលិករបស់ CGCC ដែលដឹកនាំដោយលោក Wong Keet Loong អគ្គនាយករបស់ CGCC ។

សិក្ខាសាលានេះផ្តោតលើការធានាឥណទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងសហគ្រាសធុនតូច និងមធ្យម តាមរយៈ ការធានា Primary-CBO ដែលជាឧទាហរណ៍ដ៏ល្អបំផុតនៃភាពច្នៃប្រឌិតរបស់ KODIT នៅក្នុងទីផ្សារមូលធន។

សន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ “ពិពិធកម្មយន្តការធានាឥណទាន ដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាព របស់សហគ្រាសខ្នាតតូច និងមធ្យម”

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា បានសហការរៀបចំសន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពី “ពិពិធកម្មយន្តការធានាឥណទាន ដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាព របស់សហគ្រាសខ្នាតតូច និងមធ្យម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

សន្និបាតប្រចាំឆ្នាំរបស់ CGCC ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល, សម្ពោធ​​ដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈថ្មីៗ និងជាវេទិកាចែករំលែកមេរៀន និងបទពិសោធន៍នៃការធ្វើពិពិធកម្មយន្តការធានាឥណទាន ដើម្បីអភិវឌ្ឍយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការគាំទ្របរិយាន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា​។ សន្និបាតនេះ មានអ្នកចូលរួមដែលជាតំណាងមកពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងសមាគមអាជីវកម្មពាក់ព័ន្ធ សរុបប្រមាណ ២០០រូប។

តាមរយៈសន្និបាតនេះ ឯកឧត្តម រស់ សីលវ៉ា បានដាក់ឱ្យសម្ពោធជាផ្លូវការ “CGCC ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណដំបូងគេរបស់កម្ពុជា” បន្ទាប់ពី CGCC ត្រូវបានទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និង ទទួលបាននូវចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុត ពីក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តម រស់ សីលវ៉ា ក៏បានផ្តល់លិខិតកោតសរសើររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមចំនួន ៥ រួមមាន ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី, និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលបានបញ្ចេញកម្ចីមានការធានាបានច្រើនជាងគេ និង លិខិតកោតសរសើរពិសេស ជូនដល់ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់  ដែលរក្សាបាននូវគុណភាពកម្ចីមានការធានាបានល្អជាងគេ។ លើសពីនេះ CGCC ក៏បានដាក់ឱ្យដំណើរការកម្មវិធីEntrepreneurship Program Imitative of CGCC (EPIC)” ដែលជាកម្មវិធីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាពរបស់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។

ឯកឧត្តម រស់ សីលវ៉ា បានលើកឡើងថា៖ “ក្នុងខណៈដែលនិម្មាបនកម្មសេដ្ឋកិច្ចសកលកំពុងប្រែប្រួល CGCC មានតួនាទីសំខាន់ ក្នុងការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ឱ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ សម្រាប់ការចាប់យកឱកាសពង្រីកការវិនិយោគ ដើម្បីបង្កើនការងារ និងប្រាក់ចំណូល សំដៅជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា នៅក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខ។​ បន្ថែមពីនេះ CGCC ក៏ត្រូវត្រៀមខ្លួនចូលរួមគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា តាមរយៈការធ្វើពិពិធកម្មធានាឥណទាន ទៅកាន់ការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីជួយបង្កើនកម្រិតឥណទានរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ឱ្យមានលទ្ធភាពកៀរគរមូលធន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណ នៅលើផ្សារមូលបត្រកម្ពុជាផងដែរ។ អភិវឌ្ឍយន្តការធានាឥណទាន នឹងនាំឱ្យមានការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ ដែលអាចចូលរួមគាំទ្រដល់ការធ្វើពិពិធកកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។”

នៅក្នុងសន្និបាតនេះ មានការធ្វើបទបង្ហាញអំពីប្រធានបទពាក់ព័ន្ធនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល, បទពិសោធន៍នៃការធានាឥណទាន និងការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ ពីតំណាងធនាគារជាតិនៃកម្ពុជា, តំណាងសាជីវកម្មធានាឥណទានរបស់សាធារណរដ្ឋកូរ៉េ, និងតំណាងក្រុមហ៊ុន GuarantCo មកពីប្រទេសសឹង្ហបុរី ព្រមទាំងវេទិកាពិភាក្សាអំពីអត្ថប្រយោជន៍ និងឱកាសសម្រាប់សញ្ញាប័ណ្ណដែលមានការធានា ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា រវាងវាគ្មិន ដែលជាតំណាងនិយ័តករមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, ក្រុមហ៊ុនហ្វតតេ និងតំណាង CGIF (Credit Guarantee and Investment Facility) មកពីប្រទេសហ្វីលីពីនផងដែរ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម។ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានឯកត្តឥណទានចំនួន ៣គម្រោង, គម្រោងធានាឥណទានជាកញ្ចប់ចំនួន ៦គម្រោង, គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីប្រតិបត្តិការរយៈពេល៣ឆ្នាំ CGCC បានអនុម័តការធានាឥណទានលើកម្ចីចំនួន ១៦៤,៧២លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មប្រមាណ ១.៩២៨អាជីវកម្ម នៅទូទាំងប្រទេស ដែលអាជីវកម្មទាំងនោះ បានផ្តល់នូវឱកាសការងារជូនដល់កម្មករនិយោជិត ជាង ៥២.០០០នាក់៕

សេចក្តីប្រកាសព័ត៌មាន សន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ “ពិពិធកម្មយន្តការធានាឥណទាន ដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាព របស់សហគ្រាសខ្នាតតូច និងមធ្យម”

ទាញយកសេចក្តីប្រកាសព័ត៌មាន

វេទិកាផ្គូរផ្គងអាជីវកម្មសហគមន៍ ស្តីពី “ការពង្រឹងនិងពង្រីកទីផ្សារផលិតផលកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា”

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម តំណាងឱ្យសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអញ្ជើញចូលរួម វេទិកាផ្គូរផ្គងអាជីវកម្មសហគមន៍ ស្តីពី  ការពង្រឹងនិងពង្រីកទីផ្សារផលិតផលកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” ដែលរៀបចំដោយសម្ព័ន្ធសហគមន៍សិកម្មកម្ពុជា (CACA) ក្រោមអធិបតីភាពពី​ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ។ វេទិកានេះ មានសមាសភាពចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និងតំណាងពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ ព្រមទាំងស្ថាប័នឯកជន ប្រមាណសរុបចំនួន ២៣០ នាក់។

វេទិកានេះរៀបចំឡើងក្នុងគោលបំណង បង្កើតជាវេទិកាពិភាក្សារួមគ្នាជាមួយ ស្ថាប័នរដ្ឋ វិស័យឯកជន អ្នកផលិត (សហគមន៍កសិកម្ម) ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងយន្តការដោះស្រាយ ជាពិសេសគឺ ការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងភាពជាដៃគូ រវាងរដ្ឋាភិបាល សហគមន៍កសិកម្ម វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រក្នុងការពង្រឹងនិងពង្រីកទីផ្សារផលិតផលកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី​ ពិន ម៉ានីកា ក៍បានធ្វើបទបង្ហាញអំពីគម្រោងធានឥណទានរបស់ CGCC​  ក៏ដូចជា អត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ម្ចាស់អាជីវកម្មទូទៅ ជាពិសេសចំពោះម្ចាស់អាជីវកម្មដែលកំពុងតែស្ថិតនៅក្នុងវិស័យកសិកម្មនេះតែម្តង។​

CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ក្រោមប្រធានបទស្តីពី “SME Finance and Support Measure of Korea” ដែលរៀបចំឡើងដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

កាលពីថ្ងៃទី២៦​ ខែវិច្ឆិកា ដល់ថ្ងៃទី ០១​ ខែធ្នូ ឆ្នាំ២០២៣​ ក្រោមកិច្ចសហប្រតិបត្តិការរវាងសាជីវកម្មធានាឥណទានកូរ៉េ (KODIT) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លោក ញឹម សូរិយា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងវិភាគអាជីវកម្ម និងលោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មរបស់ CGCC រួមជាមួយតំណាង ១រូប ពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ តំណាង ១រូបពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ក្រោមប្រធានបទស្តីពី “SME Finance and Support Measure of Korea” ដែលរៀបចំឡើងដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

កម្មវិធីបណ្តុះបណ្តាលនេះ បានផ្តោតទៅលើការស្វែងយល់អំពីក្របខណ្ឌស្ថាប័ន ច្បាប់ បទប្បញ្ញត្តិ គម្រោង នីតិវិធី ការគ្របគ្រងហានិភ័យ និងយន្តការ ពាក់ព័ន្ធនឹងការធានាឥណទាន ជាពិសេសគម្រោង និងសកម្មភាពនានារបស់ KODIT  ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងសាធារណរដ្ឋកូរ៉េ។ កម្មវិធីបណ្តុះបណ្តាលនេះបានផ្តល់ឱកាសដល់ ក្រុមការងារ CGCC និងអ្នកចូលរួមផ្សេងទៀត ក្នុងការសិក្សាស្វែងយល់ពីបទពិសោធន៏ ឧត្តមានុវត្តល្អ និងយន្តការ នៃការធានាឥណទានថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការធានាឥណទានរបស់ CGCC។

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តក្រចេះ

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តក្រចេះ ក្រោមកិច្ចសហការចូលរួមដោយ សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី ដែលក្នុងនោះមានសមាសភាពចូលរួមពី សំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តក្រចេះ និងបណ្ដាខេត្តផ្សេងៗទៀត ជាង៦០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីដោយ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌល ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី លោក ណូ លីដា អគ្គនាយករង CGCC លោក ហ៊យ សិក្សា នាយកប្រតិបត្តិរងនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ព្រមទាំងការធ្វើបទបង្ហាញរបស់អ្នកតំណាងមកពី ធនាគារព្រីនស៍ និងធនាគារហ្វីលីព ផងដែរ។

តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានជ្រាបអំពីព័ត៌មាននៃអត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ខ្លួនទៀតផង។

កិច្ចប្រជុំរវាង CGCC, ADB និង GGGI ដើម្បីពិភាក្សាលើលទ្ធភាពសហប្រតិបត្តិការដើម្បីហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព

នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅការិយាល័យ CGCC លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំក្រុមការងារ CGCC ជួបជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង Global Green Growth Institute (GGGI) ដើម្បីពិភាក្សាលើគម្រោង Switch Garment របស់  GGGI ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តថាមពលប្រកបដោយចីរភាព នៅក្នុងវិស័យកាត់ដេរកម្ពុជា។

តាមរយៈកិច្ចប្រជុំនេះផងដែរ ស្ថាប័នទាំងបី បានចូលរួមចែករំលែក និងផ្លាស់ប្តូរទស្សនៈយោបល់នានា ដើម្បីស្វែងរកលទ្ធភាពកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលរួមមាន ហិរញ្ញប្បទានក្នុងលក្ខខណ្ឌអនុគ្រោះ ការធានាឥណទាន និងជំនួយបច្ចេកទេស ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)៕

ឥណទានអាជីវកម្មពិសេសផ្តល់ជូនសម្រាប់សហគ្រិនស្ត្រី (០១-កញ្ញា-២០២៣ ដល់ ២៩-កុម្ភៈ-២០២៤)

តើអ្នកកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅអាជីវកម្មរបស់អ្នក ហើយមានតម្រូវការថវិកាបន្ថែមមែនទេ? យើងផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសសម្រាប់លោកអ្នក! ឥណទានអាជីវកម្មរបស់យើងផ្តល់ជូន និងស្វាគមន៍សហគ្រិនស្ត្រីគ្រប់រូប។ លោកអ្នកអាចទទួលបានប្រាក់កម្ចីរហូតដល់១០០.០០០ ដុល្លារ ដោយគ្មានទ្រព្យធានា។

លក្ខណ:ពិសេស៖

. ទំហំឥណទាន៖ ច្រើនបំផុតរហូតដល់ ១០០.០០០ដុល្លារ ឬសមមូលនឹងប្រាក់រៀល

. រយៈពេលឥណទាន៖ រហូតដល់ ៦ឆ្នាំ

. ទ្រព្យធានា៖ មិនតម្រូវឱ្យមាន

. អត្រាការប្រាក់៖ ០,៩៥% ទៅ ១,៣៥%

ឥណទានអាជីវកម្មពិសេសផ្តល់ជូនសម្រាប់សហគ្រិនស្ត្រី (០១-កញ្ញា-២០២៣ ដល់ ២៩-កុម្ភៈ-២០២៤)
ឥណទានអាជីវកម្មពិសេសផ្តល់ជូនសម្រាប់សហគ្រិនស្ត្រី (០១-កញ្ញា-២០២៣ ដល់ ២៩-កុម្ភៈ-២០២៤)

. សេវាអនុម័តឥណទាន៖ ១%

. ថ្លៃសេវាផ្សេងៗ៖ អាស្រ័យលើករណីជាក់ស្តែង

លក្ខខណ្ឌក្នុងការស្នើ៖ ស្ត្រី ឬសហគ្រាសខ្នាតតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រី ដែលមានលក្ខណៈសមស្របតាមលក្ខខណ្ឌខាងក្រោមយ៉ាងតិច ពីរចំណុច៖

. ស្ត្រីដែលជាម្ចាស់ភាគហ៊ុនធំ

. អ្នកគ្រប់គ្រង ឬអ្នកធ្វើការសម្រេចចិត្តលើអាជីវកម្ម គឺជាស្ត្រី

. ស្ត្រីតំណាងឱ្យក្រុមហ៊ុនលើការចុះបញ្ជីអាជីវកម្មស្របច្បាប់ណាមួយ

. មានបុគ្គលិកភាគច្រើនជាស្ត្រី

. អាចស្នើបានទាំងអតិថិជនមានស្រាប់ និងអតិថិជនថ្មី

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ឥណទានសហគមន៍កសិកម្ម

ឥណទានសហគមន៍កសិកម្ម ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគមន៍ សម្រាប់ធ្វើប្រតិបត្តិការក្នុងផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម​ សេវាកម្មពាក់ព័ន្ធ និងទុនបង្វិល និងវិនិយោគលើទ្រព្យសកម្មផ្សេងៗទៀត។

លក្ខណះពិសេស និងអត្ថប្រយោជន៏របស់ផលិតផលឥណទាន៖

  • ទំហំឥណទាន​: រហូតដល់ ៧៥,០០០ដុល្លារ ឬសមមូលជាប្រាក់រៀល
  • អាត្រាការប្រាក់ប្រចាំខែ: ០.៩៥%​ ទៅ ១.៣៥%​
  • រយះពេលកម្ចី: រហូតដល់ ៦០ខែ
  • របៀបបង់សង: បត់បែនតាមលំហូរសាច់ប្រាក់អាជីវកម្មរបស់អតិថិជន
  • ទ្រព្យធានា: ករណីមិនមានទ្រព្យធានាគ្រប់គ្រាន់ អតិថិជនអាចទទួលបានការធានាពី CGCC ដើម្បីទទួលបានឥណទានអាជីវកម្ម។

តម្រូវការ/លក្ខខណ្ឌ៖   

  • វិញ្ញាបនបត្រចុះបញ្ជី (ច្បាស់ចម្លង)
  • ឯកសារអត្តសញ្ញាណអ្នកចុះហត្ថលេខាលើកិច្ចសន្យាខ្ចីប្រាក់ (ច្បាប់ចម្លង)
  • កំណត់ហេតុសន្និបាតចុងក្រោយ
  • របាយការណ៍ហិរញ្ញវត្ថុ
  • របាយការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល

បញ្ជាក់៖ ខ្លឹមសារខាងលើដកស្រង់ពីវេបសាយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

ឥណទានខ្នាតតូច

ឥណទានខ្នាតតូច ជាប្រភេទឥណទានមានកាលកំណត់ដែលធនាគារ ហ្វីលីព ផ្តល់ជូនដល់អតិថិជនឯកត្តជនសម្រាប់៖

. កសិកម្ម៖ ការចំណាយលើសកម្មភាពនានាក្នុងវិស័យកសិកម្ម ទិញសម្ភារ:កសិកម្ម ការបង្កបង្កើនផល ឬសកម្មភាពអាជីវកម្មដែលរកប្រាក់ចំណូលតាមរដូវកាល។

. អាជីវកម្ម៖ ការចាប់ផ្តើម ឬពង្រីកអាជីវកម្ម បង្កើនស្តុក ឬដើមទុនអាជីវកម្ម និងបង់ផ្តាច់ប្រាក់កម្ចីដែលមានស្រាប់ជាដើម។

. ប្រើប្រាស់ទូទៅ ចំណាយលើការទិញរបស់របរប្រើប្រាស់ ករណីបន្ទាន់សម្ភារ:សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬនៅក្នុងក្រុមគ្រួសារ។

. កែលម្អគេហដ្ឋានសម្រាប់សាងសង់ ឬកែលម្អគេហដ្ឋាន រៀបចំប្រព័ន្ធទឹកស្អាត អនាម័យ និងទិញដី ឬគេហដ្ឋានស្របតាមស្តង់ដាររស់នៅដែលលោកអ្នកប្រាថ្នា។

. សម្រាប់ការសិក្សា ជំនួយផ្នែកហិរញ្ញវត្ថុដល់បុគ្គលដែលចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជំនាញបច្ចេកទេសដូចជា៖ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬវគ្គបំប៉នផ្សេងៗ។

ឥណទានខ្នាតតូច
ឥណទានខ្នាតតូច

លក្ខខណ្ឌ៖

. អាយុចន្លោះពី ១៨ ទៅ ៦៥ឆ្នាំ

. ជាជនជាតិកម្ពុជាដែលមានអាជីវកម្មផ្ទាល់ខ្លួន ឬជានិយោជិកមានប្រាក់ខែ ហើយរស់នៅក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារ ហ្វីលីព

. ជាអាជីវកម្មស្របច្បាប់ (មិនប៉ះពាល់ដល់បរិស្ថាន ឬសង្គម)

ឯកសារតម្រូវ៖

. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនមានសុពលភាព

. ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក (បើមាន)

. វិញ្ញាបនប័ត្រប្រកបអាជីវកម្ម (បើមាន)

. ឯកសារពាក់ព័ន្ធនឹងហិរញ្ញវត្ថុ (បើមាន)

*ធនាគារ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួនដោយមិនចាំបាច់ជូនដំណឹងជាមុន។

ឥណទានខ្នាតតូច
ឥណទានខ្នាតតូច

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: Credit Guarantee Corporation of Cambodia launches $50 million Co-Financing Guarantee Scheme to support SMEs