CGCC

CGCC ចូលរួមក្នុងកិច្ចប្រជុំសម្រាប់វិនិយោគិននៃកម្មវិធីផ្តួចផ្តើមសហគ្រិនក្នុងកិច្ចការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា

នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសមួយរូប ក្នុងកិច្ចប្រជុំសម្រាប់វិនិយោគិននៃកម្មវិធីផ្តួចផ្តើមសហគ្រិនក្នុងកិច្ចការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយបានចែករំលែកអំពីកិច្ចផ្តួចផ្តើមរបស់ CGCC ក្នុងការសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យឯកជននៅប្រទេសកម្ពុជា តាមរយៈកិច្ចពិភាក្សាបើកចំហរមួយស្តីពី “ទិដ្ឋភាព​នៃ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសក្នុងការបន្ស៊ាំ​នឹង​អាកាសធាតុ”។

តាមរយៈកិច្ចពិភាក្សានេះ លោកអគ្គនាយកបានគូសបញ្ជាក់អំពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជនក្នុងការទទួលបានហិរញ្ញប្បទាន តាមរយៈយន្តការធានាឥណទានរបស់ CGCC សម្រាប់ក្រុមហ៊ុន/អាជីវកម្ម និងជាពិសេសអាជីវកម្មក្នុងវិស័យបៃតង។ លោកក៏បានចែករំលែកអំពី “គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព” របស់ CGCC ដែលជាគំរូហិរញ្ញប្បទានរួមបញ្ចូលគ្នា ដែលទទួលបានការគាំទ្រពី UNDP ដើម្បីបង្កើនសមត្ថភាពនៃការធានាឥណទានរបស់ CGCC សម្រាប់វិស័យបៃតង។

កម្មវិធីកិច្ចប្រជុំសម្រាប់វិនិយោគិនដែលរៀបចំដោយ UNDP នេះ មានគោលបំណងទាញចំណាប់អារម្មណ៍ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងវិស័យឯកជន ជុំវិញដំណោះស្រាយទីផ្សារ និងការវិយោគដែលពឹងផ្អែកលើអាកាសធាតុ និងបង្កើតនូវឱកាសក្នុងការកៀរគរ និងទាញយកទុនសម្រាប់វិស័យឯកជន និងហិរញ្ញប្បទានរួមបញ្ចូលគ្នា សំដៅដល់ការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ និងដើម្បីធ្វើពិពិធកម្មធនធានសម្រាប់ហិរញ្ញប្បទានផ្នែកអាកាសធាតុ តាមរយៈការប្រើប្រាស់ទុនលើឱកាសទីផ្សារដែលមានស្រាប់៕

CGCC ចូលរួមអបអរសាទរទិវានារីអន្ដរជាតិ

កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC បានចូលរួមអបអរសាទរទិវានារីអន្ដរជាតិ  ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកនារីៗទាំងអស់របស់ CGCC ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញកិច្ចការងាររបស់ខ្លួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ CGCC នៅគ្រប់ផ្នែកទាំងអស់ នាពេលកន្លងមក។

ដើម្បីសំដែងនូវការថ្លែងអំណរគុណ ថ្នាក់ដឹកនាំ CGCC បានផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ដល់បុគ្គលិកនារី និងបានរៀបចំការទទួលទានអាហារសាមគ្គីជាមួយបុគ្គលិកទាំងអស់ ប្រកបដោយក្តីរីករាយ និងកិច្ចសហប្រតិបត្តិការល្អ។

បច្ចុប្បន្ន CGCC មានបុគ្គលិកនារីសរុបចំនួន ២១រួប (៤១%) ក្នុងចំណោមបុគ្គលិក​សរុបចំនួន ៥១រូប៕

ការស្វែងយល់ពីការធានាលើសញ្ញាប័ណ្ណ

នៅខែមេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់គោលដៅយុទ្ធសាស្ត្រឱ្យ CGCC ធ្វើពិពិធកម្មសេវាធានាឥណទាន ទៅកាន់ការធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ។ CGCC បានរៀបចំខ្លួននិងត្រូវបានទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ក្នុងខែសីហា ឆ្នាំ២០២៣ និងបានបញ្ចប់នីតិវិធីវាយតម្លៃលទ្ធភាពសង ដោយទទួលបានចំណាត់ថ្នាក់ឥណទាន khAAA(Outlook: Stable) ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេបូឌា។ ជាមួយលក្ខខណ្ឌទាំងអស់នេះ CGCC នឹងចាប់ផ្តើមបេសកកម្មថ្មី ក្នុងការផ្តល់ការធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីចូលរួមជំរុញការអភិវឌ្ឍទីផ្សារទុននៅកម្ពុជា និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានបំណងកៀរគរទុន នៅក្នុងទីផ្សារសញ្ញាប័ណ្ណ។

តើអ្វីទៅជាសញ្ញាប័ណ្ណ?

សញ្ញាប័ណ្ណ ឬមូលបត្របំណុល គឺជាប្រភេទកម្ចីដែលអាចជំនួសឱ្យកម្ចីធនាគារ។ អ្នកបោះផ្សាយសញ្ញាប័ណ្ណ គឺជាអ្នកខ្ចី រីឯអ្នកវិនិយោគលើសញ្ញាប័ណ្ណគឺជាអ្នកផ្តល់កម្ចី។ អ្នកវិនិយោគលើសញ្ញាប័ណ្ណ ទិញសញ្ញាប័ណ្ណពីអ្នកបោះផ្សាដែលសន្យាទូទាត់ការប្រាក់ (គូប៉ុង) និងប្រាក់ដើម ជូនអ្នកទិញសញ្ញាប័ណ្ណ ក្នុងអំឡុងពេលឥណប្រតិទាននៃសញ្ញាប័ណ្ណ។ សញ្ញាប័ណ្ណ មានភាពបត់បែនជាងកម្ចីធនាគារ ទៅលើលក្ខខណ្ឌ, ទំហំ, ឥណប្រតិទាន, និងអត្រាការប្រាក់។

ជាទូទៅ SME និងឯកត្តបុគ្គលណាក៏អាចកៀរគរទុន តាមរយៈកម្ចីធនាគារបានដែរ ឱ្យតែមានលទ្ធភាពសងគ្រប់គ្រាន់ ប៉ុន្តែមានតែ SME ដែលមាអភិបាលកិច្ច និងប្រតិបត្តិការអាជីវកម្មល្អ, របាយការណ៍ហិរញ្ញវត្ថុស្តង់ដារ និងអាចជឿទុកចិត្តបាន, ព្រមទាំងផែនការអាជីវកម្មរឹងមាំប៉ុណ្ណោះ ដែលអាចកៀរគរទុន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណបាន។ និយាយឱ្យខ្លី លក្ខខណ្ឌសម្រាប់ការបោះផ្សាយសញ្ញាប័ណ្ណមានភាពស្មុគស្មាញ និងតឹងតែងជាងលក្ខខណ្ឌសម្រាប់ស្នើសុំកម្ចីពីធនាគារ។ តារាងខាងក្រោម បង្ហាញពីការប្រៀបធៀបចំណុសំខាន់ៗ រវាងកម្ចីធនាគារ និងសញ្ញាប័ណ្ណ។

ពិតណាស់ ការបោះផ្សាយសញ្ញាប័ណ្ណ គឺជាវិធីសាស្ត្រសាមញ្ញាសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនអាជីវកម្ម ដើម្បីកៀរគរទុន នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើន ដើម្បីគាំទ្រគម្រោងនានា ប៉ុន្តែវិធីសាស្ត្រនេះមិនទាន់ត្រូវបានប្រើប្រាស់បានទូលំទូលាយនៅឡើយទេនៅកម្ពុជា។ ទីផ្សារសញ្ញាប័ណ្ណនៅកម្ពុជាស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍នៅឡើយ ដោយមានបញ្ហាប្រឈមសំខាន់ៗដូចជា សន្ទនីយភាពទាប, អត្រាការប្រាក់ខ្ពស់, និមូលដ្ឋានវិនិយោគិនតូចចង្អៀតជាដើម។ ប៉ុន្តែយើងឃើញមានវឌ្ឍនភាពជាវិជ្ជមានជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការចាប់ផ្តើមបោះផ្សាយសញ្ញាប័ណ្ណរដ្ឋ, សញ្ញាប័ណ្ណដែលមានការធានា, និងសញ្ញាប័ណ្ណនិរន្តរភាព។ បច្ចុប្បន្នមានសញ្ញាប័ណ្ណសាជីវកម្មចំនួន៩ បានចុះបញ្ជីនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដែលបានកៀរគរទុនចន្លោះពី ១,៥លាន ដល់ ៣០លានដុល្លារ ពីការបោះផ្សាយនីមួយៗ។

អានបន្ត និងទាញយកអត្ថបទជា PDF: ការស្វែងយល់ពីការធានាលើសញ្ញាប័ណ្ណ

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

Solar Green Energy (SOGE) គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលបៃតង ដោយប្រើប្រាស់ថាមពលនៃពន្លឺព្រះអាទិត្យ ដើម្បីស្រូបយកទឹកទន្លេធម្មជាតិ សម្រាប់ការស្រោចស្រប់ដំណាំរបស់ប្រជាកសិករខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨។ បន្ទាប់ពីចាប់ផ្តើមដំណើរការបានមួយរយៈ អតិថិជនចាប់ផ្ដើមស្គាល់ក្រុមហ៊ុន និងចាប់ផ្តើមផ្តល់ការជឿទុកចិត្តលើសេវាកម្មរបស់ពួកយើង។ នាងខ្ញុំបានមើលឃើញពីឱកាស ក្នុងការពង្រីកអាជីវកម្មនេះឱ្យកាន់តែធំ។ ពួកយើងមានបច្ចេកវិទ្យាគ្រប់គ្រាន់ ប៉ុន្តែខ្វះធនធានមនុស្ស និងទុនបន្ថែម។

នាងខ្ញុំបានប្រឹក្សាជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដើម្បីទទួលបានទុនបន្ថែម។ ដោយសារនាងខ្ញុំខ្វះទ្រព្យធានា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានណែនាំនាងខ្ញុំ អំពីការធានាឥណទានលើកម្ចីអាជីវកម្មរបស់ CGCC ដែលអាចផ្តល់ការធានាលើកម្ចីរបស់នាងខ្ញុំ ដើម្បីឱ្យធនាគារអាចផ្តល់កម្ចីដល់នាងខ្ញុំបាន ទោះបីគ្មានទ្រព្យធានា។ ដោយសារការធានាឥណទានពី CGCC នាងខ្ញុំអាចទទួលបានទុនបន្ថែម ដើម្បីសាងសង់ស្ថានីយបូមទឹកថ្មីៗទៀតបន្ថែម។

SOGE បានប្រើប្រាស់កម្ចីដែលមានដែលការធានាពី CGCC ដើម្បីពង្រីកការសាងសង់ស្ថានីយ៏បូមទឹក នៅតាមបណ្ដាខេត្ត មួយចំនួនដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ។ ស្ថានីយ៍ទាំងអស់នោះ អាចស្រោចស្រព្វផ្ទៃដីប្រម៉ាណ ១៦០០ ហិកតា និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១០០០ គ្រួសារ។

នាងខ្ញុំយល់ថា ការធានាឥណទានរបស់ CGCC ពិតជាអាចគាំទ្រដល់អាជីវកម្មរបស់នាងខ្ញុំ  ក៏ដូចជាសហគ្រាសខ្នាតតូច  និងមធ្យមផ្សេងទៀត  ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានា ឱ្យទទួលបានទុនបន្ថែមចាំបាច់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការពង្រីកអាជីវកម្ម៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

CGCC និងធនាគារប្រ៊ីដ ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីគាំទ្រដល់អាជីវកម្មឱ្យទទួលបានកម្ចីមានការធានា

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារប្រ៊ីដ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសកិច្ចសហការជាផ្លូវការ ដែលធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់ សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំផងដែរ។

កិច្ចសហការរវាង CGCC ដែលជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ MSMEs ក្នុងស្រុកនេះ នឹងបង្កើនឱកាសដល់ធនាគារប្រ៊ីដ ឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCCដល់ក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចីពីធនាគារ។

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយធនាគារប្រ៊ីដនេះ នឹងបើកផ្លូវថ្មីមួយទៀតដល់យើងក្នុងការគាំទ្រដល់ SMEs របស់ធនាគារក្នុងការទទួលបានកម្ចី នៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់យើងនឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានា ដោយសារតែ PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុ និងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។ ការធានាឥណទានរបស់ពួកយើងមានសារៈសំខាន់ ក្នុងការធានានូវការបន្តផ្តល់នូវឥណទាន នៅក្នុងទីផ្សារ ដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច»

លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រ៊ីដ មានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទំហំផលិតផលក្នុងស្រុកសរុប ក៏ដូចជាការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយអាជីវកម្មមួយចំនួនតែងតែជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទាន (កម្ចី) ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយដែលកិច្ចសហការវាងធនាគារប្រ៊ីដ និង CGCC នឹងចូលមក ចូលរួមចំណែកដោះស្រាយលើបញ្ហាមួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថានឹងផ្តល់ឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នូវលទ្ធភាពទទួលបានកម្ចីសម្រាប់អាជីវកម្មកាន់តែងាយស្រួល តាមរយៈការធានាឥណទានរបស់ CGCC ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់របស់កម្ចី និងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុន ដែលនឹងបង្កើនដល់លទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs»

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារប្រ៊ីដ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងធនាគារប្រ៊ីដ ជឿជាក់ថា កិច្ចសហការនេះនឹងអាចចូលរួមជួយដោះស្រាយបញ្ហាគម្លាតហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

Credit to: Fresh News Plus, Published on 07 February 2024

សេចក្តីប្រកាសព័ត៌មាន សន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ “ពិពិធកម្មយន្តការធានាឥណទាន ដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាព របស់សហគ្រាសខ្នាតតូច និងមធ្យម”

ទាញយកសេចក្តីប្រកាសព័ត៌មាន

វេទិកាផ្គូរផ្គងអាជីវកម្មសហគមន៍ ស្តីពី “ការពង្រឹងនិងពង្រីកទីផ្សារផលិតផលកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា”

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម តំណាងឱ្យសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអញ្ជើញចូលរួម វេទិកាផ្គូរផ្គងអាជីវកម្មសហគមន៍ ស្តីពី  ការពង្រឹងនិងពង្រីកទីផ្សារផលិតផលកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” ដែលរៀបចំដោយសម្ព័ន្ធសហគមន៍សិកម្មកម្ពុជា (CACA) ក្រោមអធិបតីភាពពី​ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ។ វេទិកានេះ មានសមាសភាពចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និងតំណាងពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ ព្រមទាំងស្ថាប័នឯកជន ប្រមាណសរុបចំនួន ២៣០ នាក់។

វេទិកានេះរៀបចំឡើងក្នុងគោលបំណង បង្កើតជាវេទិកាពិភាក្សារួមគ្នាជាមួយ ស្ថាប័នរដ្ឋ វិស័យឯកជន អ្នកផលិត (សហគមន៍កសិកម្ម) ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងយន្តការដោះស្រាយ ជាពិសេសគឺ ការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងភាពជាដៃគូ រវាងរដ្ឋាភិបាល សហគមន៍កសិកម្ម វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រក្នុងការពង្រឹងនិងពង្រីកទីផ្សារផលិតផលកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី​ ពិន ម៉ានីកា ក៍បានធ្វើបទបង្ហាញអំពីគម្រោងធានឥណទានរបស់ CGCC​  ក៏ដូចជា អត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ម្ចាស់អាជីវកម្មទូទៅ ជាពិសេសចំពោះម្ចាស់អាជីវកម្មដែលកំពុងតែស្ថិតនៅក្នុងវិស័យកសិកម្មនេះតែម្តង។​

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តក្រចេះ

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តក្រចេះ ក្រោមកិច្ចសហការចូលរួមដោយ សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី ដែលក្នុងនោះមានសមាសភាពចូលរួមពី សំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តក្រចេះ និងបណ្ដាខេត្តផ្សេងៗទៀត ជាង៦០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីដោយ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌល ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី លោក ណូ លីដា អគ្គនាយករង CGCC លោក ហ៊យ សិក្សា នាយកប្រតិបត្តិរងនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ព្រមទាំងការធ្វើបទបង្ហាញរបស់អ្នកតំណាងមកពី ធនាគារព្រីនស៍ និងធនាគារហ្វីលីព ផងដែរ។

តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានជ្រាបអំពីព័ត៌មាននៃអត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ខ្លួនទៀតផង។

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី

កាលពីថ្ងៃទី១១ ខែធ្នូ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោកស្រី ពិន​​ ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

– នៅខេត្តក្រចេះ រួមមាន ធនាគារ ABA

– នៅខេត្តស្ទឹងត្រែង រួមមាន ធនាគារព្រីនស៍ និងធនាគារហ្វីលីព

– នៅខេត្តរតនគីរី រួមមាន ធនាគារកាណាឌីយ៉ា និងធនាគារព្រីនស៍

– នៅខេត្តមណ្ឌលគីរី រួមមាន ធនាគារកាណាឌីយ៉ា និងធនាគារ ABA

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបួន ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យម គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យធានា។

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាជីវកម្មធានាឥណទានថៃ (TCG)

នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាជីវកម្មធានាឥណទានថៃ (TCG) ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាង CGCC និង​ TCG លើការអភិវឌ្ឍយន្តការធានាឥណទាន តាមរយៈការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង​ ជំនួយបច្ចេកទេស និងការប្រឹក្សាយោបល់គ្នាទៅវិញទៅមក។