(កោះកុង)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ បាននាំយកអំណោយម៉ាស៊ីនផលិតទឹកស្អាត ជូនទៅវិទ្យាល័យកោះស្ដេច ខេត្តកោះកុង ក្រោមការដឹកនាំរបស់លោក Wong Keet Long អគ្គនាយក CGCC ក្រោមអធិបតីរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោក រ៉ូវ រតនៈសម្បត្តិ ប្រធានគណៈកម្មការគ្រប់គ្រងសាលា លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច និងវត្តមានរបស់អាណាព្យាបាល និងសិស្សានុសិស្សរបស់វិទ្យាល័យកោះស្ដេច ប្រមាណ ២០០នាក់។
ម៉ាស៊ីនផលិតទឹកស្អាតរបស់ CGCC នេះ នឹងអាចសម្រួលឱ្យសិស្សានុសិស្ស និងសហគមន៍ នៃកោះស្ដេច មានទឹកស្អាតប្រើប្រាស់ ដោយកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិចនៅលើកោះស្ដេច។ ម៉ាស៊ីនផលិតទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតសម្រាប់កោះទាំងមូល ថែមទាំងអាចជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងបង្កើនសុខមាលភាពរបស់ប្រជាជននៃកោះស្ដេចផងដែរ។
លោក Wong Keet Loong អគ្គនាយក CGCC បានមានប្រសាសន៍ថា «នៅពេលដែលខ្ញុំបានឮពីសំណើនៃកម្មវិធីសប្បុរសធម៌នេះ ពីក្រុមការងាររបស់ខ្ញុំ អំពីតម្រូវការទឹកស្អាតសម្រាប់សិស្សានុសិស្ស និងសហគមន៍កោះស្តេច ខ្ញុំគិតថាវាជាអ្វីដែល CGCC អាចចូលរួមចំណែកក្នុងការជួយសហគមន៍នេះបាន ហើយថ្ងៃនេះ ពួកយើងបានធ្វើឱ្យការគិតរបស់យើងបានក្លាយជាការពិត តាមរយៈការឧបត្ថម្ភម៉ាស៊ីនផលិតទឹកស្អាត ជូនទៅកាន់វិទ្យាល័យកោះស្ដេច សម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ និងប្រជាជននៃកោះស្ដេចទាំងមូលផងដែរ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានពីការប្រើប្រាស់ដបទឹកផ្លាស្ទិច»។
លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច ក៏បានសម្ដែងការថ្លែងអំណរអរគុណ និងបង្ហាញពីអារម្មណ៍រីករាយយ៉ាងក្រៃលែង ដែល CGCC បានផ្ដល់ម៉ាស៊ីនផលិតទឹកស្អាត ដល់សាលារៀន ដែលអាចឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាជនកោះស្ដេចទាំងមូល អាចប្រើប្រាស់បាន។ ម៉ាស៊ីនផលិតទឹកស្អាតនេះពិតជាផ្ដល់ប្រយោជន៍យ៉ាងច្រើនមិនត្រឹមតែសាលារៀនកោះស្ដេចនោះទេ តែសហគមន៍កោះស្ដេចទាំងមូលផងដែរ។
លោក សាយ ហេង មេឃុំកោះស្ដេច ក៏បានថ្លែងអំណរអរគុណ និងបង្ហាញពីអារម្មណ៍រីករាយដូចគ្នា ពីព្រោះម៉ាស៊ីនផលិតទឹកស្អាតនេះ អាចជួយសម្រួលដល់សាលារៀនកោះស្ដេច និងសហគមន៍កោះស្ដេច ក្នុងការកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិច និងការបំពុលបរិស្ថាន ដើម្បីឱ្យបរិស្ថានកោះស្ដេចប្រែក្លាយជាបរិស្ថានបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកកម្សាន្តនៅកោះស្ដេចឱ្យកាន់តែច្រើន។
តាមរយៈកម្មវិធីប្រគល់ម៉ាស៊ីនផលិតទឹកស្អាតនៅលើកោះស្តេចនេះ ក្រុមការងារ CGCC ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយករង CGCC នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានជួបសម្តែងការគួរសម ជាមួយលោកមេឃុំកោះស្តេច និងលោកនាយកវិទ្យាល័យកោះស្តេច ព្រមទាំងចូលរួមជាមួយនឹងសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច ក្នុងការប្រមូលកាកសំណល់ផ្លាស្ទិច ដើម្បីរួមចំណែកថែរក្សាបរិស្ថាននៃកោះស្ដេចផងដែរ។
CGCC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសម្របសម្រួលយ៉ាងកក់ក្តៅ ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៃកោះស្ដេច មកកាន់ក្រុមការងារ CGCC ក្នុងការសម្រេចបេសកកម្មការងារសង្គមមួយនេះ ប្រកបដោយផ្លែផ្កា។
CGCC ផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕
ដកស្រង់ពី Fresh News: វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា
វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ទទួលអំណោយម៉ាស៊ីនផលិតទឹកស្អាត ពីសាជីវកម្មធានាឥណទានកម្ពុជា