Tag: Credit
CGCC សហការជាមួយ UNDP ជួយពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុដល់សហគ្រិនស្ត្រី
ភ្នំពេញៈ កម្ពុជាមានគោលដៅពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីតាមរយៈកម្មវិធីធានាឥណទាន និងផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី ដែលជាផ្នែកមួយនៃការស្តារឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ ១៩។
កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរួមគ្នារៀបចំសន្និបាតស្តីពីបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានាទាក់ទងនឹងបរិយាប័ន្នហិរញ្ញវត្ថុ និងប្រមូលធាតុចូល និងចំណេះដឹងពីអ្នកចូលរួមជុំវិញការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលដឹកនាំដោយស្ត្រី។
នៅក្នុងព្រឹត្តិការណ៍នេះមានការបង្ហាញលទ្ធផលសំខាន់ៗដកស្រង់ចេញពីរបាយការណ៍របស់ UNDP ដែលនឹងត្រូវចេញផ្សាយនាពេលខាងមុខ នៅក្រោមប្រធានបទកម្មវិធីធានាឥណទានសាធារណៈនៅកម្ពុជាសម្រាប់សហគ្រាសខ្នាតតូច និងខ្នាតមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យមដែលមានអ្នកគ្រប់គ្រងជាស្ត្រី។ របាយការណ៍នេះបានរកឃើញថា បញ្ហាប្រឈមធំៗជាងគេដែល MSMEs ជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទានរួមមានដូចជា ការតម្រូវឱ្យមានការដាក់ទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចីលក្ខខណ្ឌផ្តល់កម្ចីតឹងរ៉ឹង ដោយពុំមានការពិចារណាពីប្រតិបត្តិការអាជីវកម្មរបស់ MSMEs អត្រាការប្រាក់ខ្ពស់រយៈពេលសងកម្ចីខ្លី និងសមត្ថភាពគ្រប់គ្រងរបស់ MSMEs ព្រមទាំងកង្វះខាតឯកសារហិរញ្ញវត្ថុ និងឯកសារគាំទ្រដទៃទៀត។
លោកស្រី AlissarChaker អ្នកតំណាង UNDP ប្រចាំកម្ពុជាបាននិយាយថា សហគ្រិនជាស្ត្រីមិនទាន់ទទួលសេវាឱ្យបានគ្រប់គ្រាន់ពីប្រព័ន្ធហិរញ្ញវត្ថុនោះឡើយ បើទោះជា ៦១ ភាគរយ នៃអាជីវកម្មទាំងអស់នៅកម្ពុជាមានម្ចាស់ជាស្ត្រីក៏ដោយមានសហគ្រិនស្ត្រីត្រឹមតែ ៣ ភាគរយ ប៉ុណ្ណោះដែលមានលទ្ធភាពទទួលបានឥណទានជាផ្លូវការ (របាយការណ៍ធនាគារពិភពលោកក្នុងឆ្នាំ ២០១៩)។
លោកស្រី Chaker បានបញ្ជាក់ថា៖ «UNDP និងដៃគូអភិវឌ្ឍន៍ដទៃទៀតកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពន្លឿនការលើកកម្ពស់ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ស្ត្រី។ សហគ្រិនជាស្ត្រីត្រូវបានលើកទឹកចិត្តឱ្យតាមដានព័ត៌មានស្តីពីសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុដែលមាននៅក្នុងទីផ្សារដូចជាកម្មវិធីធានាជាសាធារណៈជាដើម ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងពង្រីកជម្រើសដើម្បីទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ខ្លួនឯង»។
លោក Wong Keet Loong ប្រធាននាយកប្រតិបត្តិនៃសាជីវកម្ម CGCC បាននិយាយថា ផ្អែកតាមវឌ្ឍនភាពនៃការធានាឥណទានកន្លងមកសហគ្រាសភាគច្រើនដែលទទួលបានកម្ចីមានការធានា គឺជាសហគ្រាសខ្នាតតូច និងមធ្យម (៩៦ ភាគរយ)។ ទោះយ៉ាងនេះក្ដីនៅក្នុងចំណោមអាជីវកម្មទាំងអស់ដែលបានទទួលបានកម្ចីមានការធានា មានត្រឹមតែ ២៥ ភាគ-រយ ប៉ុណ្ណោះដែលគ្រប់គ្រងដោយស្ត្រី។
លោកបញ្ជាក់ថា៖ «គម្រោងធានាឥណទានថ្មីរបស់ CGCC ដែលត្រូវប្រកាសផ្សព្វផ្សាយក្នុងសន្និបាតថ្ងៃនេះត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ម្ចាស់អាជីវកម្ម MSMEs ជាស្ត្រីក្នុងគោលបំណងបង្រួមគម្លាតហិរញ្ញប្បទានរវាងសហគ្រិនជាស្ត្រី និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការនានា»។
របាយការណ៍ UNDP ប៉ាន់ប្រមាណថា កម្មវិធីធានាឥណទានសាធារណៈនឹងផ្តល់នូវផលជាវិជ្ជមានយ៉ាងច្រើនដល់ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) របស់កម្ពុជា និងការបង្កើតការងារសម្រាប់វិស័យធំៗចំនួន ២ គឺ វិស័យកសិកម្មបដិសណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន)។ របាយការណ៍នេះឱ្យដឹងទៀតថា រៀងរាល់ការវិនិយោគ ១០០ លានដុល្លារក្នុងវិស័យកសិកម្មនឹងនាំឱ្យមានការផ្តល់នូវតម្លៃបន្ថែមប្រមាណ ២២១ លានដុល្លារដល់ ផ.ស.ស. ដែលត្រូវបានកែសម្រួលទៅតាមអត្រាអតិផរណាក្នុងប្រទេស ឬ ផ.ស.ស. ពិតនិងមានការបង្កើតការងារចំនួន ៤៨ ៧៣៧ កន្លែង។ ផលដែលបានពីការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ចត្រូវបានប៉ាន់ស្មានថា មានប្រមាណ ២០១ លានដុល្លារជាមួយនឹងសក្ដានុពលបង្កើតការងារចំនួន ១៦ ២២៦ កន្លែង (១ ១៣០ ការងារសម្រាប់ស្ត្រី)៕
អត្ថបទពី៖ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៨ ខែមករា
Click here to read about: Female Entrepreneurs Essential to Cambodian Growth
កម្ពុជាមានគោលដៅពង្រឹងបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី-សន្និបាតផ្សព្វផ្សាយពីកម្មវិធីធានាឥណទាន និងផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដឹកនាំដោយស្ត្រី
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២៖ ថ្ងៃនេះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរួមគ្នារៀបចំសន្និបាតស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីកម្ពុជា នៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានាទាក់ទិននឹងបរិយាបន្នហិរញ្ញវត្ថុ និងប្រមូលធាតុចូល និងចំណេះដឹងពីអ្នកចូលរួម ជុំវិញការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលដឹកនាំដោយស្ត្រី។
ក្នុងព្រឹត្តិការណ៍នេះ មានការបង្ហាញលទ្ធផលសំខាន់ៗដកស្រង់ចេញពីរបាយការណ៍របស់ UNDP ដែលនឹងត្រូវចេញផ្សាយនាពេលខាងមុខ ក្រោមប្រធានបទ កម្មវិធីធានាឥណទានសាធារណៈនៅកម្ពុជាសម្រាប់សហគ្រាសខ្នាតតូច និងខ្នាតមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យមដែលមានអ្នកគ្រប់គ្រងជាស្ត្រី។ របាយការណ៍នេះរកឃើញថា បញ្ហាប្រឈមធំៗជាងគេដែល MSMEs ជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទាន រួមមានដូចជា ការតម្រូវឱ្យមានការដាក់ទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចី លក្ខខណ្ឌផ្តល់កម្ចីតឹងរ៉ឹងដោយពុំមានការពិចារណាពីប្រតិបត្តិការអាជីវកម្មរបស់ MSMEs អត្រាការប្រាក់ខ្ពស់ រយៈពេលសងកម្ចីខ្លី និងសមត្ថភាពគ្រប់គ្រងរបស់ MSMEs ព្រមទាំងកង្វះខាតឯកសារហិរញ្ញវត្ថុនិងឯកសារគាំទ្រដទៃទៀត ជាដើម។ ជំងឺកូវីដ-១៩ បានបណ្តាលឱ្យ MSMEs ជួបប្រទះនឹងការលំបាកបន្ថែមទៀត ដោយក្នុងនោះ ២១,៣% ក្នុងចំណោមសហគ្រាសដែលបានចូលរួមក្នុងការសិក្សារនេះ រាយការណ៍ថាបានជួបការលំបាកច្រើនក្នុងការទទួលបានធនធានហិរញ្ញវត្ថុ ជាពិសេស ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនក្រៅប្រព័ន្ធ ដែលដឹកនាំដោយស្ដ្រី ក្នុងវិស័យកម្មន្តសាល សំណង់ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។
របាយការណ៍ UNDP ប៉ាន់ប្រមាណថា កម្មវិធីធានាឥណទានសាធារណៈ នឹងផ្តល់នូវផលជាវិជ្ជមានយ៉ាងច្រើនដល់ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) របស់កម្ពុជា និងការបង្កើតការងារសម្រាប់វិស័យធំៗចំនួន ២ គឺ វិស័យកសិកម្ម និងបដិសណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន)។ របាយការណ៍នេះប៉ាន់ប្រមាណថា រៀងរាល់ការវិនិយោគ ១០០ លានដុល្លារ ក្នុងវិស័យកសិកម្ម នឹងនាំឱ្យមានការផ្តល់នូវតម្លៃបន្ថែមប្រមាណ ២២១ លានដុល្លារ ដល់ ផ.ស.ស. ដែលត្រូវបានកែសម្រួលទៅតាមអត្រាអតិផរណាក្នុងប្រទេស ឬ ផ.ស.ស. ពិត និងមានការបង្កើតការងារចំនួន ៤៨.៧៣៧ កន្លែង (១៧.៣៤៨ ការងារសម្រាប់ស្ត្រី)។ ផលដែលបានពីការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច ត្រូវបានប៉ាន់ស្មានថា មានប្រមាណជា ២០១ លានដុល្លារ ជាមួយនឹងសក្ដានុពលបង្កើតការងារចំនួន ១៦.២២៦ កន្លែង (១.១៣០ ការងារសម្រាប់ស្រ្តី)។
លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «សហគ្រិនជាស្ត្រីមិនទាន់ទទួលសេវាឱ្យបានគ្រប់គ្រាន់ពីប្រព័ន្ធហិរញ្ញវត្ថុនោះឡើយ។ បើទោះជា ៦១% នៃអាជីវកម្មទាំងអស់នៅកម្ពុជាមានម្ចាស់ជាស្ត្រីក៏ដោយ មានសហគ្រិនស្ត្រីត្រឹមតែ ៣% ប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលបានឥណទានជាផ្លូវការ (របាយការណ៍ធនាគារពិភពលោក ឆ្នាំ ២០១៩)[1]។ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមដែលមានម្ចាស់ជាស្ត្រី គឺជាធនធានដ៏សំខាន់សម្រាប់ការស្ដារឡើងវិញក្រោយការរាតត្បាតជាសកល និងធានាបាននូវវិបុលភាពនាពេលអនាគត។ កម្មវិធីធានាឥណទានសាធារណៈដែលមានភាពឆ្លើយតប នឹងចូលរួមដោះស្រាយភាពបរាជ័យនៃទីផ្សារឥណទាន ព្រមទាំងបញ្ហាប្រឈមជុំវិញលទ្ធភាពទទួលបានឥណទាន ដោយភាគីទី ៣ ជាអ្នកជួយកាត់បន្ថយហានិភ័យឥណទានដែលផ្តល់ទៅឱ្យអ្នកដែលខ្ចីបំណុលជាស្ត្រី ក្នុងករណីដែលពួកគេមិនអាចសងកម្ចីនេះបាន។ កម្មវិធីបែបនេះ ក៏លើកកម្ពស់ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងពង្រីកលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុ ដោយមិនចាំបាច់មានវត្ថុធានា ដែលស្ត្រីមានការខ្វះខាត ឬពុំមានគ្រប់គ្រាន់។»
លោកស្រី Chaker មានប្រសាសន៍ថា «UNDP និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត កំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិក្នុងការពន្លឿនការលើកកម្ពស់ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ស្រ្តី។ សហគ្រិនជាស្ត្រី ត្រូវបានលើកទឹកចិត្តឱ្យតាមដានព័ត៌មានស្តីពីសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុដែលមាននៅក្នុងទីផ្សារ ដូចជា កម្មវិធីធានាជាសាធារណៈជាដើម ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងពង្រីកជម្រើស ដើម្បីទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ខ្លួនឯង។»
លោក Wong Keet Loong ប្រធាននាយកប្រតិបត្តិនៃសាជីវកម្ម CGCC មានប្រសាសន៍ថា «CGCC ត្រូវបានបង្កើតឡើង កាលពីដើមឆ្នាំ ២០២១ ដោយមានបេសកកម្មផ្ដល់សេវាធានាឥណទាន និងលើកកម្ពស់ការទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន។ ផ្អែកតាមវឌ្ឍនភាពនៃការធានាឥណទានកន្លងមក សហគ្រាសភាគច្រើន ដែលទទួលបានកម្ចីមានការធានា គឺជាសហគ្រាសខ្នាតតូច និងមធ្យម (៩៦%)។ ទោះជាយ៉ាងនេះក្ដី ក្នុងចំណោមអាជីវកម្មទាំងអស់ដែលបានទទួលបានកម្ចីមានការធានា មានត្រឹមតែ ២៥% ប៉ុណ្ណោះ ដែលគ្រប់គ្រងដោយស្ត្រី។ គម្រោងធានាឥណទានថ្មីរបស់ CGCC ដែលនឹងត្រូវប្រកាសផ្សព្វផ្សាយក្នុងសន្និបាតនៅថ្ងៃនេះ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ម្ចាស់អាជីវកម្ម MSMEs ជាស្ត្រី ក្នុងគោលបំណងបង្រួមគម្លាតហិរញ្ញប្បទាន រវាងសហគ្រិនជាស្ត្រី និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការនានា។»
តាមរយៈសន្និបាតនេះ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី បានចែករំលែកទស្សនៈយល់ឃើញ បញ្ហាប្រឈម និងបទពិសោធន៍របស់ពួកគេ ជុំវិញការទទួលបានហិរញ្ញប្បទាន។ អ្នកចូលរួមក៏មានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនឹងម្ចាស់អាជីវកម្មដទៃទៀត ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីចងក្រងបណ្ដាញទំនាក់ទំនងទៅវិញទៅមក ចែករំលែកព័ត៌មាន និងសហការគ្នានាពេលអនាគត។
UNDP ផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតប និងស្ដារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ការពង្រឹងសមត្ថភាពស្ថាប័នឲ្យមានភាពរឹងមាំ សេវាគាំពារសង្គម ការធ្វើឌីជីថលូបនីយកម្ម ការពន្លឿនការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកកម្ពស់ភាពធន់ទៅនឹងហានិភ័យអាកាសធាតុ ដោយមិនទុកនរណាម្នាក់ចោល។
អំពី UNDP
UNDP គឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិបាននាំមុខគេ ក្នុងការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ភាពអយុត្តិធម៌នៃភាពក្រីក្រ វិសមភាព និងការប្រែប្រួលអាកាសធាតុ។ តាមរយៈការធ្វើការងារជាមួយនឹងបណ្ដាអ្នកជំនាញនិងដៃគូយ៉ាងទូលំទូលាយរបស់ខ្លួនក្នុងប្រទេសចំនួន ១៧០ យើងជួយប្រទេសនានាក្នុងការកសាងនូវដំណោះស្រាយបែបរួមចម្រុះដែលមាននិរន្តរភាពយូរអង្វែងសម្រាប់មនុស្ស និងផែនដី។ សូមស្វែងយល់បន្ថែម តាម រយៈ https://www.kh.undp.org/ ឬតាមដានព័ត៌មានពីយើងតាមរយៈ @UNDPCambodia។
អំពី CGCC
សាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia – CGCC) CGCC) គឺជាសហគ្រាសសាធារណៈ ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២០។ សាជីវកម្ម CGCC ដំណើរការក្រោមអាណាព្យាបាលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
[1] World Bank (2019). Exploring the Opportunities for Women-owned SMEs in Cambodia.
Click here to read about: CGCC and Access to Finance for Women Entrepreneurs
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៨
នាថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី៨ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. និងការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាភិបាល ទាំងអស់របស់ ស.ធ.ក.។
របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៨នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ការអនុម័តលើគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី, (៣) របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មឆ្នាំ២០២១, (៤) កិច្ចសន្យាជួលការិយាល័យថ្មីរបស់ ស.ធ.ក. , (៥) វិសោធនកម្មឯកសារណែនាំអំពីអត្ថប្រយោជន៍បុគ្គលិក , (៦) ប្រាក់រង្វាន់ និងប្រាក់ខែបុគ្គលិក, (៧) ការអនុម័តលើគោលនយោបាយស្តីពីបច្ចេកវិទ្យាព័ត៌មានវិទ្យា, និង (៨) ផ្សេងៗ រួមមាន ការធានាឥណទានលើការបោះផ្សាយសញ្ញាបណ្ណ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើគម្រោងធានាឥណនារបស់ ស.ធ.ក. ដែលបាន និងកំពុងអនុវត្ត ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ ស.ធ.ក.។
Click here to read about: 9th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
សាជីវកម្មធានាឥណទានកម្ពុជា និងការធានាឥណទានសម្រាប់ការវិនិយោគលើគម្រោងជីវឧស្ម័ន
នាថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ លោក ណូ លីដា អគ្គនាយករង សាជីវកម្មធានាឥណទានកម្ពុជា បានចូលរួមជាវាគ្មិន នៅក្នុងសិក្ខាសាលាអនឡាញស្តីពី “ការណែនាំអំពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ និងការប្រើប្រាស់” ក្រោមប្រធានបទ “ហិរញ្ញប្បទានសម្រាប់គម្រោងជីវឧស្ម័នខ្នាតធំ ដោយមានការធានាឥណទាន” ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័ន (BTIC)។ សិក្ខាសាលានេះ ផ្តោតសំខាន់លើការលើកកម្ពស់ការយល់ដឹងនៅក្នុងចំណោមសាធារណជន អំពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ និងការទទួលបានហិរញ្ញប្បទាន ដើម្បីអនុវត្តគម្រោងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ។
លោក ណូ លីដា បានចូលរួមចែករំលែកអំពីសាជីវកម្មធានាឥណទាន គម្រោងធានាឥណទាន នីតិវិធីនៃការផ្តល់ការធានាឥណទាន និងអត្ថប្រយោជន៍នៃការធានាឥណទាន ព្រមទាំងកិច្ចសហការនានារវាង CGCC និងស្ថាប័នពាក់ព័ន្ធ រួមមាន ទាំងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដៃគូអភិវឌ្ឍន៍ និងសមាគមនានា។ លោកក៏បានជម្រាបជូនអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ CGCC ក្នុងការធ្វើការរួមគ្នា ជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់គម្រោងថាមពលស្អាត។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កន្លងទៅ CGCC និង BTIC បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា ក្រោមគម្រោង “កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ” ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក (GEF) ដែលជាគម្រោងសំខាន់សម្រាប់កម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP) ដែលកំពុងអនុវត្តរបស់អង្គការ UNIDO នៅកម្ពុជា។
ស្វែងយល់បន្ថែមពីកិច្ចសហប្រតិបត្តិការនេះ៖ https://bit.ly/3fToLex
Click here to read about: CGCC & Cambodian Public Bank Plc. entered into Partnership on Credit Guarantee
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារកម្ពុជាសាធារណៈ ចាប់ដៃគូ ផ្តល់ការធានាឥណទានដល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ
នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានរវាងធនាគារកម្ពុជាសាធារណៈ និងសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានប្រារព្ធឡើងជាផ្លូវការ នៅឯទីស្នាក់ការកណ្តាលធនាគារកម្ពុជាសាធារណៈ ។
គោលបំណងចម្បងនៃភាពជាដៃគូលើការធានាឥណទាននេះ គឺដើម្បីជម្រុញ និងផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញប្បទាន ប្រើប្រាស់ជាទុនបង្វិល និងការវិនិយោគឬពង្រីកអាជីវកម្ម ក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រោមជ្រែងដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ ធនាគារកម្ពុជាសាធារណៈ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង ស.ធ.ក. ក្នុងការលើកកម្ពស់គម្រោងធានាឥណទាន ដែលផ្តល់ដោយ ស.ធ.ក. រួមមានជាចម្បង គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនតូចនិងមធ្យម។
នៅក្នុងពិធីចុះហត្ថលេខានេះ លោក Ong Ming Teck នាយកប្រតិបត្តិធនាគារកម្ពុជាសាធារណៈ បានមានប្រសាសន៍ឱ្យដឹងថា “សហគ្រាសធុនតូច និងមធ្យម (SMEs) ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិ និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ការងារ ប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលវែង។ ភាពជាដៃគូនេះនឹងពង្រឹងបន្ថែមទៀតនូវការជំរុញរបស់យើង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះហិរញ្ញវត្ថុដល់ SMEs និងប្រជាជនកម្ពុជា ជាពិសេសអ្នកដែលមានលទ្ធភាពនៅមានកម្រិតក្នុងការទទួលបានហិរញ្ញវត្ថុ និងសេវាធនាគារក្នុងតម្លៃទាប។”
លោក Ong បានបន្ថែមទៀតថា “ការចុះហត្ថលេខាលើភាពជាដៃគូនេះ គឺស្របពេលជាមួយគ្នានឹងគម្រប់ខួបលើកទី៣០នៃការបង្កើតធនាគារកម្ពុជាសាធារណៈ នៅក្នុងឆ្នាំនេះ ហើយក្នុងនោះ ផលិតផល សេវា និងគំនិតផ្តួតផ្តើមឌីជីថលថ្មីៗបន្ថែមទៀត នឹងត្រូវបានដាក់ចេញដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើង ដែលជាផ្នែកមួយនៃការប្រារព្ធពិធីរបស់យើង ក្នុងការបង្ហាញអំពីវត្តមានដ៏រឹងមាំរបស់យើងនៅកម្ពុជា។ យើងមានទំនុកចិត្តក្នុងការដើរតួនាទីជាផ្នែកមួយនៃការឆ្ពោះទៅរកការកសាងប្រទេសជាតិ និងការផ្តល់លទ្ធភាពហិរញ្ញវត្ថុដល់ SMEs នៅគ្រប់សាខាទាំង ៣១ របស់យើង”។
ជាមួយគ្នានេះផងដែរ លោក Wong Keet Loong អគ្គនាយក ស.ធ.ក. ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា “សាជីវកម្មធានាឥណទានកម្ពុជា ពិតជាមានក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារកម្ពុជាសាធារណៈ ដែលមានបណ្តាញសាខាយ៉ាងទូលំទូលាយ ក្នុងការពង្រីកទៅដល់អតិថិជនឱ្យកាន់តែច្រើន ដើម្បីបង្កើនការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម”។
លោកបានបន្ថែមទៀតថា “ពួកយើងពិតជាមានកម្លាំងចិត្ត ដោយឃើញនូវសមិទ្ធផលរយៈពេល២ខែដំបូង នៃឆ្នាំ២០២២នេះ ដែលការធានាឥណទានរបស់យើងមានកំណើនគួរឱ្យកត់សម្គាល់ ពោលគឺមានចំណែកប្រហែល៤៥%នៃការធានាឥណទានក្នុងឆ្នាំ២០២១។ ជាមួយនឹងកំណើនសកម្មភាពសេដ្ឋកិច្ច យើងជឿជាក់ថា តម្រូវការនៃការធានាឥណទានកាន់តែជួយបង្កើនការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជា ឱ្យកាន់តែច្រើនជាងមុន។ ពួកយើងសង្ឃឹមផងដែរថា ការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុ នឹងផ្តល់ ឱកាសកាន់តែច្រើន ដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងអាជីវកម្មខ្នាតមីក្រូ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ”។
គួរបញ្ជាក់ផងដែរថា ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។
គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុបចំនួន ២៥៨ ក្នុងទំហំទឹកប្រាក់ជាង២៦លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។
Click here to read about: CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses
សាជីវកម្មធានាឥណទានកម្ពុជា បង្ហាញអំពីយន្តការធានាឥណទាន និងអត្ថប្រយោជន៍សម្រាប់ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម
អត្ថបទពីសារព័ត៌មាន Fresh News ចុះផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២
នៅកម្ពុជា កង្វះទ្រព្យបញ្ចាំ គឺជាបញ្ហាប្រឈមចម្បងរបស់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia – CGCC) ដើម្បីចូលរួមដោះស្រាយបញ្ហានេះ។ វត្តមានរបស់ CGCC នឹងចូលរួមគាំទ្រដល់ការស្នើសុំកម្ចី ដែលគ្មានទ្រព្យបញ្ចាំគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ដើម្បីទាញយកអត្ថប្រយោជន៍ពីយន្តការធានាឥណទាន ទាមទារការចូលរួមពីភាគីពាក់ព័ន្ធ និងការយល់ដឹងអំពីដំណើរការនៃការធានាឥណទានរបស់ CGCC។
CGCC ផ្តល់ការធានាឥណទាន ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកម្ចីដែលផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្ម។ មានន័យថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចទាមទារសំណងពី CGCC ក្នុងករណីកម្ចីដែលមានការធានា ត្រូវបានបាត់បង់។ ជាទូទៅ ការធានាឥណទានលើកម្ចីមាន ២ប្រភេទ៖ ទី១ គឺការធានាលើឯកត្តឥណទាន ដែលការធានាត្រូវបានផ្តល់លើកម្ចីនីមួយៗ និង ទី២ គឺការធានាលើបណ្តុំឥណទាន ដែលការធានាត្រូវបានផ្តល់ជាកញ្ចប់លើឥណទានច្រើនរួមគ្នា។ ដោយសារ CGCC មិនមែនជាស្ថាប័នផ្តល់កម្ចីដោយផ្ទាល់ ដូច្នេះ បច្ចុប្បន្ន CGCC ត្រូវសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូ ដើម្បីផ្តល់កម្ចីដែលមានការធានា ជូនទៅក្រុមហ៊ុនអាជីវកម្ម ដែលស្នើសុំកម្ចី។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងមានដើមទុនគ្រប់គ្រាន់ CGCC ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ការធានាឥណទានលើកម្ចីរបស់គ្រប់ក្រុមហ៊ុនអាជីវកម្មដែលមានម្ចាស់ជាសញ្ជាតិកម្ពុជា ទូទាំងប្រទេស។
អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ជាធម្មតា នៅពេលផ្តល់កម្ចី ធនាគារតែងតែការពារហានិភ័យ តាមរយៈការតម្រូវឱ្យមានទ្រព្យបញ្ចាំពីក្រុមហ៊ុនអាជីវកម្ម។ ករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន ធនាគារនឹងរឹបអូសយកទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ កាន់តែមានភាពតឹងតែងជាងមុន នៅពេលផ្តល់កម្ចី ក្នុងអំឡុងពេលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ឧទាហរណ៍ ក្នុងអំឡុងពេលវិបត្តិជម្ងឺកូវីដ-១៩ ព្រោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ហើយធនាគារកាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។ ករណីមិនមានគោលនយោបាយអន្តរាគមន៍ពីរាជរដ្ឋាភិបាល តម្រូវការ និងការផ្គត់ផ្គង់ឥណទាន នឹងមានគម្លាតកាន់តែធំ។ ជាមួយវត្តមានរបស់ CGCC ធនាគារអាចការពារហានិភ័យ តាមរយៈប្រើប្រាស់យន្តការធានាឥណទានរបស់ CGCC ជំនួសទ្រព្យបញ្ចាំ។ បច្ចុប្បន្ន CGCC ផ្តល់ការធានាឥណទានរហូតដល់ ៨០% នៃប្រាក់ដើម មានន័យថា ករណីកម្ចីដែលមានការធានាត្រូវបានបាត់បង់ ធនាគារអាចបាត់បង់ប្រាក់ដើមត្រឹម ២០%។ ក្នុងន័យនេះ ការធានាឥណទានគាំទ្រធនាគារឱ្យរក្សាភាពប្រកួតប្រជែង ដោយធនាគារអាចបង្កើនការផ្តល់កម្ចីច្រើនជាងមុន និងពង្រីកវិសាលភាពអតិថិជនកាន់តែទូលំទូលាយ ទៅកាន់អតិថិជនដែលខ្វះទ្រព្យបញ្ចាំ ដែលពីមុនធនាគារមិនហ៊ានផ្តល់កម្ចីជូន។
អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ក្រុមហ៊ុនអាជីវកម្ម
ការធានាឥណទាន អាចបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ក្រុមហ៊ុនអាជីវកម្ម។ CGCC ផ្តល់ការធានាឥណទានដែលដើរតួជំនួសទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ពិតណាស់ CGCC មិនអាចផ្តល់អត្ថប្រយោជន៍ជូនដល់គ្រប់ក្រុមហ៊ុនអាជីវកម្មទាំងអស់បាននោះទេ។ ចំពោះក្រុមហ៊ុនអាជីវកម្មដែលមានទ្រព្យបញ្ចាំ និងមានលទ្ធភាពសងត្រឡប់គ្រប់គ្រាន់ ការធានាឥណទានអាចមិនមានភាពចាំបាច់សម្រាប់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះទេ ព្រោះធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ផ្តល់កម្ចីដល់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះ ដោយមិនចាំបាច់មានការធានាពី CGCC។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនជាច្រើនមានសក្តានុពលអាជីវកម្ម និងលទ្ធភាពសងត្រឡប់ ប៉ុន្តែមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់ ដើម្បីស្នើសុំកម្ចី។ ជាធម្មតា ក្រុមហ៊ុនអាជីវកម្ម មិនអាចដាក់ទ្រព្យបញ្ចាំសម្រាប់រាល់កម្ចីដែលត្រូវការនោះទេ ព្រោះទ្រព្យបញ្ចាំ ជាពិសេស ទ្រព្យបញ្ចាំជាអចលនទ្រព្យ របស់ក្រុមហ៊ុនអាជីវកម្មមានកំណត់។ បញ្ហានេះជាការខាតបង់យ៉ាងធំធេងរបស់ក្រុមហ៊ុនអាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ព្រោះក្រុមហ៊ុនជាច្រើនដែលមានសក្តានុពលទាំងនោះ មិនអាចទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ ដើម្បីពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល បង្កើនការងារ និងផលិតផលិតផល និងសេវាបន្ថែម ដែលអាចគាំទ្រដល់កំណើនសេដ្ឋកិច្ច ឱ្យអស់ពីលទ្ធភាពបាន។ នៅពេល CGCC ផ្តល់ការធានាឥណទានដល់ធនាគារ ក្រុមហ៊ុនអាជីវកម្មអាចទទួលបានកម្ចីងាយស្រួលជាមុន និងច្រើនជាងមុន ពីធនាគារ ដោយសារធនាគារអាចទទួលយកហានិភ័យខ្ពស់ជាងមុន ផ្តល់កម្ចីច្រើនជាងមុន ដោយតម្រូវការទ្រព្យបញ្ចាំទាបជាងមុន។
យន្តការធានាឥណទាន ត្រូវបានប្រើប្រាស់ជាឧបករណ៍គោលនយោបាយ ដោយប្រទេសជាច្រើនទូទាំំងពិភពលោក ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម។ នៅកម្ពុជា ជាលើកទី១ ហើយដែលសាជីវកម្មធានាឥណទាន ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាឥណទាន។ យោងឯកសាររបស់ធនាគារពិភពលោក “យន្តការធានាឥណទាន គឺជាឧបករណ៍គោលនយោបាយអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ជាងពាក់កណ្តាល នៃប្រទេសទាំងអស់លើពិភពលោកកំពុងប្រើប្រាស់យន្តការធានាឥណទាន ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។” យ៉ាងណាក៏ដោយ ទន្ទឹមនឹងមានគម្រោងធានាឥណទានជាច្រើនទទួលបានជោគជ័យ ក៏មានគម្រោងធានាឥណទានមួយចំនួនទទួលបរាជ័យផងដែរ។
ដើម្បីទទួលបានជោគជ័យ CGCC ត្រូវបន្តពង្រឹងគណនេយ្យភាព ប្រសិទ្ធភាព តម្លាភាព និងអនុលោមតាមការអនុវត្តជាស្តង់ដា រួមមាន ស្តង់ដារបស់ធនាគារពិភពលោកសម្រាប់គម្រោងធានាឥណទានសាធារណៈ ដើម្បីទទួលបានទំនុកចិត្ត និងការគាំទ្រពីភាគីពាក់ព័ន្ធ។ ក្នុងដំណាក់កាលដំបូងនេះ ក៏ទាមទារឱ្យមានការយល់ច្បាស់អំពីយន្តការធានាឥណទានពីភាគីពាក់ព័ន្ធ និងការចូលរួមសហការក្នុងការប្រើប្រាស់យន្តការធានាឥណទានឱ្យចំទិសដៅ និងមានប្រសិទ្ធភាពពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម៕
ដកស្រង់ពីអត្ថបទដើមនៅក្នុងព្រឹត្តិបត្រព័ត៌មានលេខទី១ របស់សាជីវកម្មធានាឥណទានកម្ពុជា៖ https://cgcc.com.kh/en/publication/newsletter-issue-01_october-to-december-2021/
កម្មវិធីឥណទានទូទាត់អាជីវកម្មរបស់ធនាគារស្ថាបនា ក្រោមគម្រោងធានាឥណទានរបស់ CGCC
លោកអ្នកចង់បានឥណទានដើម្បីពង្រីកអាជីវកម្ម តែខ្វះទ្រព្យបញ្ចាំ មែនដែរឬទេ? ជាការគិតគូរដល់អតិថិជនដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ ធនាគារស្ថាបនា បានសហការជាដៃគូ ជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីផ្តល់ឥណទានជូនអតិថិជនដែលមានអាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យមដែលមានលទ្ធភាពសងតែខ្វះទ្រព្យបញ្ចាំ សម្រាប់ប្រើប្រាស់ជាទុនវិនិយោគ ទុនបង្វិល និងការពង្រីកអាជីវកម្ម។
លក្ខណៈពិសេសនៃកម្មវិធីឥណទានទូទាត់អាជីវកម្ម ៖
- ឥណទានដែលមានរយៈពេលចាប់ពី ៦ខែ រហូតដល់ ៧ឆ្នាំ
- ទំហំឥណទាន ចាប់ពី ៣ម៉ឺនដុល្លារអាមេរិក រហូតដល់ ៣០ ម៉ឺនដុល្លារអាមេរិក
- រូបិយបណ្ណឥណទាន ជាប្រាក់ដុល្លារអាមេរិក ឬ ប្រាក់រៀល
- វិធីសងត្រលប់មកវិញមានច្រើនជម្រើសតាមតម្រូវការអតិថិជន
សម្រាប់ព័ត៌មានបន្ថែម
- សូមអញ្ជើញទៅកាន់សាខារបស់ធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នកបំផុតឬទូរស័ព្ទតាមរយៈលេខ ០២៣ / ០៨១ ៩៩៩ ០១០
- សម្រាប់អាស័យដ្ឋានសាខាធនាគារស្ថាបនា សូមចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/km/locations/
សម្រាប់ព័ត៌មានអំពីកម្មវិធីឥណទានទូទាត់អាជីវកម្មនេះ សូមចូលទៅវេបសាយរបស់ធនាគារស្ថាបនា៖ កម្មវិធីឥណទានទូទាត់អាជីវកម្មរបស់ធនាគារស្ថាបនា
បញ្ជាក់៖ ខ្លឹមសារខាងលើដកស្រង់ពីវេបសាយរបស់ធនាគារស្ថាបនា
Click here to read about: Business Loan Guarantee scheme of Maybank with CGCC
គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មរវាង Maybank និង CGCC
ដឹកនាំអាជីវកម្មរបស់លោកអ្នកកាន់តែឆ្ពោះទៅមុខ !
ស្នើកម្ចីអាជីវកម្ម ដោយមិនមានទ្រព្យបញ្ចាំ ជាមួយធនាគារ Maybank ឥលូវនេះបានដោយមានការផ្តល់ជូនពិសេស ក្រោមការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។
អាជីវកម្មដែលមានគុណវុឌ្ឍ
ដើម្បីអាចទទួលបានការធានាឥណទានពី ស.ធ.ក. អាជីវកម្មដែលស្នើសុំកម្ចីត្រូវតែជា៖
- អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិកម្ពុជា(កាន់កាប់ភាគហ៊ុនលើសពី ៥០%)
- អាជីវកម្មដែលបានចុះបញ្ជីជាមួយអាជ្ញាធរពាក់ព័ន្ធ
- អាជីវកម្មដែលមិនទាន់បានចុះបញ្ជី ត្រូវតែចុះបញ្ជី បន្ទាប់ពីទទួលបានការធានាឥណទាន។ ប្រសិនបើអាជីវកម្មនោះនៅតែមិនទាន់ចុះបញ្ជី កម្រៃ ធានាឥណទានប្រចាំឆ្នាំ នឹងត្រូវបូកបន្ថែម ០,៥% នៃទំហំធានាឥណទានជារៀងរាល់ឆ្នាំ
- អាជីវកម្មដែលមានលទ្ធភាពសង
ការផ្តល់ជូន
- ការអនុម័តរហ័ស និងមានប្រសិទ្ធភាព ជាមួយឯកសារសាមញ្ញ និងប្រកបដោយស្តង់ដារ
- ទំហំកម្ចីរហូតដល់ ៤០ម៉ឺនដុល្លារអាមេរិក
- អត្រាការប្រាក់សមរម្យ
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
ព័ត៌មានបន្ថែម
អំពីគម្រោងធានាឥណទាននេះ សូមចូលទៅកាន់វេបសាយរបស់ធនាគារ Maybank៖ គម្រោងធានាឥណទានរវាង Maybank និង CGCC
*** បញ្ជាក់៖ ខ្លឹមសារនៅក្នុងទំព័រនេះ ត្រូវបានដកស្រង់ពីវេបសាយរបស់ធនាគារ Maybank
Click here to read about: Guaranteed Business Loan Product of FTB with CGCC
ឥណទានសម្រាប់ទ្រទ្រង់អាជីវកម្មធុនតូច និងមធ្យមរបស់ធនាគារ FTB ក្រោមគម្រោង CGCC
លោកអ្នកមិនមានទ្រព្យធានាគ្រប់គ្រាន់សម្រាប់កម្ចីពង្រីកអាជីវកម្ម មែនទេ? អស់បារម្ភហើយ! ធនាគារ FTB អាចជួយលោកអ្នកបាន!
លក្ខណៈពិសេស
ទំហំកម្ចី ៖ រហូតដល់ ១.០០០.០០០ ដុល្លារ
រយៈពេលកម្ចី ៖ រហូតដល់ ៧ឆ្នាំ
អត្រាការប្រាក់ ៖ សមរម្យ
រូបិយប័ណ្ន ៖ ប្រាក់រៀល ឬប្រាក់ដុល្លារ
របៀបស្នើសុំ
សូមទំនាក់ទំនងមកកាន់ផ្នែកថែទាំអតិថិជនរបស់ធនាគារ FTB តាមរយៈ៖
• ទូរស័ព្ទ២៤ម៉ោង +៨៥៥ ២៣ ៨៦២ ១១១
• អ៊ីម៉ែល [email protected]
ព័ត៌មានបន្ថែម
អំពីគម្រោងធានាឥណទាននេះ សូមចូលទៅកាន់វេបសាយរបស់ធនាគារ FTB៖ គម្រោងធានាឥណទានរវាង FTB និង CGCC
*** បញ្ជាក់៖ ខ្លឹមសារនៅក្នុងទំព័រនេះ ត្រូវបានដកស្រង់ពីវេបសាយរបស់ធនាគារ FTB
ចុចទីនេះដើម្បីស្វែងយល់បន្ថែមអំពី: សេចក្តីប្រកាសព័ត៌មាន សាជីវកម្មធានាឥណទានកម្ពុជា ដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ទំហំ ៣០លានដុល្លារ