អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
១. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាននៅកម្ពុជា? ហេតុអ្វីបានជាអេ អឹម ខេ ចូលរួមជាដៃគូជាមួយ CGCC?
គម្រោងធានាឥណទាន មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អតិថិជនទំាងឡាយណា ដែលមិនមានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន ដោយគ្មានទ្រព្យធានា។ CGCC ដើរតួរយ៉ាងសំខាន់ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុក ដើម្បីបង្កើនភាពមានការងារធ្វើ ក៏ដូចជាគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ ជាមួយគ្នានេះ គម្រោងធានាឥណទាន បានគាំទ្រដល់បេសកកម្មរបស់ អេ អឹម ខេ ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា ដើម្បីទទួលបានហិរញ្ញប្បទានដោយគ្មានទ្រព្យធានា ព្រោះកម្ចីភាគច្រើនរបស់ អេ អឹម ខេ សុទ្ធសឹងតែជាកម្ចីដែលគ្មានទ្រព្យធានា។
២. បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមធានាឥណទានជាមួយ CGCC និងកំពុងក្លាយជា PFI ដែលផ្តល់កម្ចីដែលមានការធានាច្រើនជាងគេមួយរបស់ CGCC តើ អេ អឹម ខេ យល់ឃើញថា គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះ អេ អឹម ខេ និងអតិថិជន?
តាមរយៈគម្រោងធានាឥណទានរបស់ CGCC អេ អឹម ខេ អាចពង្រីកការផ្តល់កម្ចីដែលមិនមានទ្រព្យធានាបានកាន់តែច្រើនឡើងៗ។ បើគ្មាន CGCC ទេ យើងក៏មិនមានទំនុកចិត្ត ក្នុងការផ្តល់កម្ចីយ៉ាងច្រើនបែបនេះដែរ ដោយសារយើងត្រូវពិចារណាយ៉ាងលម្អិតលើកម្ចីដែលគ្មានទ្រព្យធានា ពិសេសលើហានិភ័យ ដូចជាលទ្ធភាពនៃលំហូរសាច់ប្រាក់ដែលមិនប្រក្រតី និងក្នុងករណីអាជីវកម្មដែលអតិថិជនបានជួបបញ្ហា។ សម្រាប់អតិថិជន ពួកគាត់អាចរីករាយនឹងការគាំទ្រផ្នែកហិរញ្ញប្បទានពី អេ អឹម ខេ ដែលអាចបំពេញសេចក្តីត្រូវការរបស់ពួកគាត់ ដើម្បីកំណើនអាជីវកម្ម ដោយពួកគាត់មិនចាំបាច់ព្រួយបារម្ភច្រើនពេកទៅលើតម្រូវការទ្រព្យធានា។
៣. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ យល់យ៉ាងដូចម្តេចចំពោះការធានាឥណទានជាកញ្ជប់ក្រោមការធានារបស់ CGCC? តើគម្រោងនេះអាចផ្តល់អត្ថប្រយោជន៍យ៉ាងណាខ្លះដល់ អេ អឹម ខេ ក្នុងការបញ្ចេញកម្ចីដែលខ្វះទ្រព្យបញ្ចាំ?
ពិតណាស់ ចំពោះ អេ អឹម ខេ គម្រោងធានាឥណទានជាកញ្ចប់នេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អ ព្រោះថាវានឹងធ្វើឱ្យប្រសើរឡើងនូវពេលវេលាដំណើរការ និងបន្ទុកការងារ ដែលជះឥទ្ធិពលដល់ដំណើរការក្នុងការស្នើសុំប្រាក់កម្ចីទាំងមូល។ យ៉ាងណាក៏ដោយ យើងចង់ឃើញកម្រៃធានាឥណទានទាបសម្រាប់គម្រោងនេះ បើប្រៀបធៀបទៅនឹងគម្រោងបច្ចុប្បន្ន។
៤.ដោយមើលឃើញថា មួយរយៈចុងក្រោយនេះ អេ អឹម ខេ បាននិងកំពុងតែបន្តបញ្ចេញឥណទានដែលគ្មានទ្រព្យធានាក្រោមការធានាពី CGCC ដល់អាជីវកម្ម កាន់តែច្រើន ដូច្នេះ តើ អេ អឹម ខេ មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបង្កើនការប្រើប្រាស់ការធានាឥណទានឱ្យកាន់តែច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា នាឆ្នាំ២០២៣ ខាងមុខនេះ?
ពួកយើង (AMK) នឹងបន្តផ្តោតលើការបំពេញតម្រូវការរបស់អតិថិជនរបស់យើងក្នុងគ្រប់វិស័យ។ លើសពីនេះ ពួកយើងនឹងផ្តោតសំខាន់លើអាជីវកម្មពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ (renewable energy) និងវិស័យកសិកម្ម។
៥. ដោយសារតែប្រធានបទនៃការធានាឥណទាននៅតែជារឿងថ្មីនៅឡើយសម្រាប់កម្ពុជា តើ អេ អឹម ខេ និង CGCC គួរតែបន្តធ្វើអ្វីខ្លះទៀត ដើម្បីលើកកម្ពស់ការយល់ដឹងនៃការធានាឥណទានសម្រាប់អតិថិជននាឆ្នាំ២០២៣ខាងមុខនេះ?
វាជាការល្អប្រសិនបើ CGCC និង AMK អាចចូលរួមសហប្រតិបត្តិជាមួយគ្នា ធ្វើកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីបង្កើនការយល់ដឹងអំពីភាពជាដៃគូនេះដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈសមាគមឯកជន និងអាជីវកម្មនៅកម្ពុជា។