អាននិងទាញយកអត្ថបទជា PDF: ការទទួលបានឥណទានដែលមានការធានា
សេវាធានាឥណទាន ត្រូវបានប្រើប្រាស់ក្នុងគោលដៅគាំទ្រក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ។ បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាឥណទាន លើកម្ចីដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (ហៅថាកាត់ថា PFIs) របស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចី ក្រោមគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC។ ដូច្នេះ ដើម្បីចាប់យកអត្ថប្រយោជន៍ពីការធានាឥណទាន ក្រុមហ៊ុនអាជីវកម្មត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីស្នើសុំកម្ចីទៅកាន់ PFIs ជាមុនសិន។ ការស្វែងយល់អំពីលក្ខណៈវិនិច្ឆ័យដែល PFIs ប្រើប្រាស់ដើម្បីវាយតម្លៃលើសំណើសុំឥណទាន អាចជួយឱ្យក្រុមហ៊ុនអាជីវកម្មត្រៀមខ្លួនបានល្អប្រសើរជាមុន ក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC។
លក្ខខណ្ឌ (CONDITION)
មុនពេលអនុម័តកម្ចី ធនាគារត្រូវតែដឹងច្បាស់អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដែលសមស្របទៅនឹងគោលបំណងនៃកម្ចីនោះ។ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់ជូនធនាគារ អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដោយរបៀបណា? ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភាពជឿទុកចិត្តបាន គឺជាមូលដ្ឋានដ៏សំខាន់ដែលអាចឱ្យធនាគារវាយតម្លៃលើទំហំកម្ចីដែលត្រូវការ និងគោលបំណងនៃកម្ចីរបស់អ្នកខ្ចីបាន។ ពិតណាស់ ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ មិនត្រឹមតែអាចជួយក្រុមហ៊ុនអាជីវកម្មឱ្យស្នើសុំកម្ចីបានងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយក្រុមហ៊ុនអាជីវកម្មវាយតម្លៃលើស្ថានភាពអាជីវកម្មរបស់ខ្លួន ដើម្បីរៀបចំផែនការសម្រាប់ភាពជោគជ័យនៃអាជីវកម្មនាពេលអនាគតផងដែរ។ ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ អាចជួយកំណត់ទំហំកម្ចី និងលទ្ធភាពនៃការសងត្រឡប់ ឱ្យកាន់តែមានភាពសុក្រិត។ ការកំណត់ទំហំកម្ចីឱ្យបានត្រឹមត្រូវ ពិតជាសំខាន់។ ការទទួលបានកម្ចីច្រើនហួស ធ្វើឱ្យអ្នកខ្ចីខាតបង់ការប្រាក់ ថ្លៃរដ្ឋបាល ថ្លៃពិន័យក្នុងការសងមុនកាលកំណត់ និងថ្លៃសេវាផ្សេងៗទៀត។ ផ្ទុយទៅវិញ ការទទួលបានកម្ចីមិនបានគ្រប់គ្រាន់រាំងស្ទះដល់ការរីកចម្រើនរបស់ក្រុមហ៊ុនអាជីវកម្មឱ្យអស់សក្តានុពល។ កត្តា “លក្ខខណ្ឌ (Condition)” គឺជាលក្ខណៈវិនិច្ឆ័យមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំង៥ ដែលធនាគារប្រើប្រាស់ក្នុងការវាយតម្លៃសំណើសុំកម្ចី។
ទ្រព្យបញ្ចាំ (COLLATERAL)
នៅពេលកត្តា “លក្ខខណ្ឌ” ត្រូវបានបំពេញ ធនាគារក៏មានលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មមាន “ទ្រព្យបញ្ចាំ” ដើម្បីការពារធនាគារពីការខាតបង់ ក្នុងករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន។ ជាទូទៅ ធនាគារអាចផ្តល់កម្ចីទំហំត្រឹមប្រមាណ ៧០% នៃតម្លៃទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ បានក្លាយឧបសគ្គចម្បងមួយ សម្រាប់ក្រុមហ៊ុនអាជីវកម្មក្នុងការទទួលបានកម្ចីពីធនាគារ។ យោងលើសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ៦៦% នៃអាជីវកម្មខ្នាតតូច និងមធ្យម ដែលបានស្នើសុំកម្ចីទៅកាន់ធនាគារ ត្រូវបានបដិសេធ ដោយសារមូលហេតុខ្វះទ្រព្យបញ្ចាំ។ CGCC ត្រូវបានបង្កើតឡើង ដើម្បីចូលរួមដោះស្រាយបញ្ហានេះ។ CGCC ផ្តល់ការធានាឥណទានដែលដើរតួជំនួសឱ្យទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម ទៅកាន់ធនាគារ។ នៅពេលមានការធានាពី CGCC ធនាគារអាចវាយតម្លៃសំណើសុំខ្ចីពីក្រុមហ៊ុនអាជីវកម្ម ដោយចាត់ទុកការធានាឥណទានរបស់ CGCC ជាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ការអនុវត្តនេះ អាចកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំ សម្រាប់ក្រុមហ៊ុនអាជីវកម្មនៅពេលស្នើសុំកម្ចី។
សមត្ថភាព (CAPACITY)
សមត្ថភាពសងត្រឡប់ គឺជាតម្រូវការជាមូលដ្ឋាន របស់ធនាគារក្នុងការអនុម័តកម្ចី។ ការបំពេញបាននូវកត្តា “លក្ខខណ្ឌ” និង “ទ្រព្យបញ្ចាំ” ខាងលើ មិនទាន់គ្រប់គ្រាន់ដើម្បីឱ្យធនាគារអនុម័តកម្ចី ហើយ CGCC ក៏មិនទាន់អាចផ្តល់ការធានាឥណទានជូននៅឡើយទេ ប្រសិនបើអ្នកខ្ចីមិនអាចបញ្ជាក់បានអំពីសមត្ថភាពគ្រប់គ្រាន់ក្នុងការសងត្រឡប់កម្ចីនោះវិញ។ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់អំពីសមត្ថភាពសងបានយ៉ាងដូចម្តេច? ជាថ្មីម្តងទៀត ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងដ៏ល្អ។ របាយការណ៏ហិរញ្ញវត្ថុ អាចបង្ហាញពីទ្រព្យសកម្ម បំណុល ដើមទុន ចំណូល និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនអាជីវកម្ម ដែលព័ត៌មានទាំងនេះ គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ក្នុងការវាយតម្លៃអំពីសមត្ថភាពសងរបស់ក្រុមហ៊ុនអាជីវកម្ម។ ចំណែកឯ ផែនការអាជីវកម្ម អាចបង្ហាញពីសកម្មភាពអាជីវកម្ម និងចំណូលនាពេលអនាគត ដែលអាចត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់អំពីសមត្ថភាពសងត្រឡប់ផងដែរ។
ដើមទុន (CAPITAL)
នៅពេលផ្តល់កម្ចីអាជីវកម្ម ធនាគារតែងតែចង់ដឹងអំពីចំនួនដើមទុនដែលអ្នកខ្ចី បានដាក់វិនិយោគក្នុងក្រុមហ៊ុន។ កត្តា “ដើមទុន” មានសារៈសំខាន់ ព្រោះទំហំដើមទុនរបស់អ្នកខ្ចី បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ្នកខ្ចីចំពោះក្រុមហ៊ុនអាជីវកម្មនោះ។ តើអ្នកខ្ចីអាចបញ្ជាក់ជូនធនាគារអំពីកត្តាដើមទុនដោយវិធីណា? របាយការណ៏ហិរញ្ញវត្ថុដែលមានលក្ខណៈស្តង់ដា អាចបញ្ជាក់អំពីទំហំដើមទុនរបស់ម្ចាស់ក្រុមហ៊ុនក្នុងក្រុមហ៊ុនអាជីវកម្មនោះ។ ឯកសារផ្លូវការមួយចំនួនទៀត ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូ និងការចុះបញ្ជីក្រុមហ៊ុន គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ដើម្បីបញ្ជាក់អំពីទំហំវិនិយោគរបស់អ្នកខ្ចី ទៅក្នុងក្រុមហ៊ុនអាជីវកម្ម។ ជាធម្មតា ធនាគារមានភាពលំបាកក្នុងការវាយតម្លៃក្រុមហ៊ុនដែលមិនបានចុះបញ្ជី ដោយសារតែកង្វះឯកសារដែលអាចជឿទុកចិត្តបាន ដើម្បីវាយតម្លៃសំណើសុំខ្ចី។ នេះជាមូលហេតុនៃការជំរុញ និងការលើកទឹកចិត្ត ឱ្យក្រុមហ៊នអាជីវកម្ម គួរចុះបញ្ចីឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន។
ចរិតលក្ខណៈ (CHARACTER)
កត្តាមួយទៀតដែលបញ្ជាក់ពីលទ្ធភាពសងត្រឡប់ គឺចរិតលក្ខណៈរបស់អ្នកខ្ចី។ ជាការកត់សម្គាល់ ធនាគារពិនិត្យមើលប្រវតិ្តឥណទានរបស់អ្នកខ្ចី ដូចជា ប្រវត្តិនៃការសងត្រឡប់ ចំនួនកម្ចី និងទំហំកម្ចីដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ជាដើម ដើម្បីវាយតម្លៃអំពីភាពជឿទុកចិត្តបានរបស់អ្នកខ្ចី។ បច្ចុប្បន្ន ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) កត់ត្រា និងផ្តល់នូវរបាយការណ៏កម្ចីឥណទានរបស់បុគ្គល និងអាជីវកម្ម ដែលអាចគាំទ្រដល់ធនាគារ ក្នុងការវាយតម្លៃអំពីចរិតលក្ខណៈរបស់អ្នកខ្ចី។ យ៉ាងណាក៏ដោយ ក្នុងករណីមានប្រវត្តិឥណទានមិនល្អ អ្នកខ្ចីត្រូវតែពង្រឹងគុណភាពនៃកត្តាផ្សេងៗដូចបានរៀបរាប់ខាងលើ ដើម្បីគួបផ្សំនឹងកត្តាចរិតលក្ខណៈ។ ជាក់ស្តែង ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្រុមហ៊ុនអាជីវកម្មជាច្រើនជួបប្រទះនូវបញ្ហាប្រឈម ដែលនាំឱ្យការសងត្រឡប់កម្ចីមានភាពយឺតយ៉ាវ ឬមិនអាចសងត្រឡប់កម្ចីទាំងស្រុងតែម្តង ដែលកត្តានេះជះឥទ្ធិពលអវិជ្ជមាន ដល់កត្តាចរិតលក្ខណៈ និងកត្តាដើមទុនរបស់ក្រុមហ៊ុនអាជីវកម្ម។ ក្នុងករណីនេះ ដើម្បីទទួលបានកម្ចី អ្នកខ្ចីត្រូវ បង្ហាញផែនការអាជីវកម្មដែលសក្តានុពល និងមានភាពច្បាស់លាស់ និងអាចប្រើប្រាស់សេវាធានាឥណទានរបស់ CGCC ដើម្បីបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំ។
ដូចបានរៀបរាប់ពីខាងលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) ដែលរួមមាន លក្ខខណ្ឌ (Condition) ទ្រព្យបញ្ចាំ (Collateral) សមត្ថភាព (Capacity) ដើមទុន (Capital) និងចរិតលក្ខណៈ (Character) គឺជាកត្តាសំខាន់ ដែលធនាគារជាទូទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការវាយតម្លៃអ្នកខ្ចី មុននឹងអនុម័តកម្ចីណាមួយ។ ដូច្នេះ ការពង្រឹងគុណភាពលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) អាចជួយឱ្យអ្នកខ្ចីមានឱកាសខ្ពស់ជាងមុន ក្នុងការទទួលបានកម្ចីពីធនាគារ។ ក្នុងនោះ របាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្មដែលមានភាពជឿទុកចិត្តបាន អាចត្រូវបានប្រើប្រាស់ សម្រាប់ការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ ខណៈសេវាធានាឥណទាន អាចជួយបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម៕