CGCC

សាជីវកម្មធានាឥណទានកម្ពុជា និងការធានាឥណទានសម្រាប់ការវិនិយោគលើគម្រោងជីវឧស្ម័ន

នាថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ លោក ណូ លីដា អគ្គនាយករង សាជីវកម្មធានាឥណទានកម្ពុជា បានចូលរួមជាវាគ្មិន នៅក្នុងសិក្ខាសាលាអនឡាញស្តីពី “ការណែនាំអំពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ និងការប្រើប្រាស់” ក្រោមប្រធានបទ “ហិរញ្ញប្បទានសម្រាប់គម្រោងជីវឧស្ម័នខ្នាតធំ ដោយមានការធានាឥណទាន” ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័ន (BTIC)។ សិក្ខាសាលានេះ ផ្តោតសំខាន់លើការលើកកម្ពស់ការយល់ដឹងនៅក្នុងចំណោមសាធារណជន អំពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ និងការទទួលបានហិរញ្ញប្បទាន ដើម្បីអនុវត្តគម្រោងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ។

Financing for Commercial Biogas Adoption - Credit Guarantee’s Intervention

លោក ណូ លីដា បានចូលរួមចែករំលែកអំពីសាជីវកម្មធានាឥណទាន គម្រោងធានាឥណទាន នីតិវិធីនៃការផ្តល់ការធានាឥណទាន និងអត្ថប្រយោជន៍នៃការធានាឥណទាន ព្រមទាំងកិច្ចសហការនានារវាង CGCC និងស្ថាប័នពាក់ព័ន្ធ រួមមាន ទាំងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដៃគូអភិវឌ្ឍន៍ និងសមាគមនានា។ លោកក៏បានជម្រាបជូនអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ CGCC ក្នុងការធ្វើការរួមគ្នា ជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់គម្រោងថាមពលស្អាត។

Financing for Commercial Biogas Adoption - Credit Guarantee’s Intervention

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កន្លងទៅ CGCC និង BTIC បានចុះហត្ថលេខាលើអនុស្សរណៈ​ នៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា ក្រោមគម្រោង ​“កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ” ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថាន​ពិភពលោក (GEF) ដែលជាគម្រោងសំខាន់សម្រាប់កម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP) ដែលកំពុងអនុវត្តរបស់អង្គការ UNIDO នៅកម្ពុជា។

ស្វែងយល់បន្ថែមពីកិច្ចសហប្រតិបត្តិការនេះ៖ https://bit.ly/3fToLex

Click here to read about: CGCC & Cambodian Public Bank Plc. entered into Partnership on Credit Guarantee

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារកម្ពុជាសាធារណៈ ចាប់ដៃគូ ផ្តល់ការធានាឥណទានដល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ

នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានរវាងធនាគារកម្ពុជាសាធារណៈ និងសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានប្រារព្ធឡើងជាផ្លូវការ នៅឯទីស្នាក់ការកណ្តាលធនាគារកម្ពុជាសាធារណៈ ។

គោលបំណងចម្បងនៃភាពជាដៃគូលើការធានាឥណទាននេះ គឺដើម្បីជម្រុញ និងផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញប្បទាន ប្រើប្រាស់ជាទុនបង្វិល និងការវិនិយោគឬពង្រីកអាជីវកម្ម ក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រោមជ្រែងដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ ធនាគារកម្ពុជាសាធារណៈ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង ស.ធ.ក. ក្នុងការលើកកម្ពស់គម្រោងធានាឥណទាន ដែលផ្តល់ដោយ ស.ធ.ក. រួមមានជាចម្បង គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនតូចនិងមធ្យម។​

CGCC & Cambodian Public Bank Plc. Entered into Partnership on Credit Guarantee
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារកម្ពុជាសាធារណៈ ចាប់ដៃគូ ផ្តល់ការធានាឥណទានដល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ

នៅក្នុងពិធីចុះហត្ថលេខានេះ លោក Ong Ming Teck នាយកប្រតិបត្តិធនាគារកម្ពុជាសាធារណៈ បានមានប្រសាសន៍ឱ្យដឹងថា “​សហគ្រាសធុនតូច និងមធ្យម (SMEs) ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិ និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ការងារ ប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលវែង។ ភាពជាដៃគូនេះនឹងពង្រឹងបន្ថែមទៀតនូវការជំរុញរបស់យើង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះហិរញ្ញវត្ថុដល់ SMEs និងប្រជាជនកម្ពុជា ជាពិសេសអ្នកដែលមានលទ្ធភាពនៅមានកម្រិតក្នុងការទទួលបានហិរញ្ញវត្ថុ និងសេវាធនាគារក្នុងតម្លៃទាប។”

លោក Ong បានបន្ថែមទៀតថា  “ការចុះហត្ថលេខាលើភាពជាដៃគូនេះ គឺស្របពេលជាមួយគ្នានឹងគម្រប់ខួបលើកទី៣០នៃការបង្កើតធនាគារកម្ពុជាសាធារណៈ នៅក្នុងឆ្នាំនេះ ហើយក្នុងនោះ ផលិតផល សេវា និងគំនិតផ្តួតផ្តើមឌីជីថលថ្មីៗបន្ថែមទៀត នឹងត្រូវបានដាក់ចេញដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើង ដែលជាផ្នែកមួយនៃការប្រារព្ធពិធីរបស់យើង ក្នុងការបង្ហាញអំពីវត្តមានដ៏រឹងមាំរបស់យើងនៅកម្ពុជា។ យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដើរ​តួនាទី​ជាផ្នែកមួយនៃការឆ្ពោះ​ទៅ​រក​ការ​កសាង​ប្រទេស​ជាតិ និង​ការ​ផ្តល់​លទ្ធភាព​ហិរញ្ញវត្ថុ​ដល់​ SMEs នៅ​គ្រប់​សាខា​ទាំង ៣១ របស់​យើង”។​

CGCC & Cambodian Public Bank Plc. Entered into Partnership on Credit Guarantee

ជាមួយគ្នានេះផងដែរ លោក Wong Keet Loong អគ្គនាយក ស.ធ.ក. ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា “សាជីវកម្មធានាឥណទានកម្ពុជា ពិតជាមានក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារកម្ពុជាសាធារណៈ ដែលមានបណ្តាញសាខាយ៉ាងទូលំទូលាយ ក្នុងការពង្រីកទៅដល់អតិថិជនឱ្យកាន់តែច្រើន ដើម្បីបង្កើនការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម”។

លោកបានបន្ថែមទៀតថា “ពួកយើងពិតជាមានកម្លាំងចិត្ត​ ដោយឃើញនូវសមិទ្ធផលរយៈពេល២ខែដំបូង នៃឆ្នាំ២០២២នេះ ដែលការធានាឥណទានរបស់យើងមានកំណើនគួរឱ្យកត់សម្គាល់ ពោលគឺមានចំណែកប្រហែល៤៥%នៃការធានាឥណទានក្នុងឆ្នាំ២០២១។ ជាមួយនឹងកំណើនសកម្មភាពសេដ្ឋកិច្ច យើងជឿជាក់ថា តម្រូវការនៃការធានាឥណទានកាន់តែជួយបង្កើនការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជា ឱ្យកាន់តែច្រើនជាងមុន។ ពួកយើងសង្ឃឹមផងដែរថា ការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុ នឹងផ្តល់ ឱកាសកាន់តែច្រើន ដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងអាជីវកម្មខ្នាតមីក្រូ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ”។

គួរបញ្ជាក់ផងដែរថា ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុបចំនួន ២៥៨  ក្នុងទំហំទឹកប្រាក់ជាង២៦លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។

Click here to read about: CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses

សាជីវកម្មធានាឥណទានកម្ពុជា បង្ហាញអំពីយន្តការធានាឥណទាន និងអត្ថប្រយោជន៍សម្រាប់ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម

អត្ថបទពីសារព័ត៌មាន Fresh News ចុះផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

នៅកម្ពុជា កង្វះទ្រព្យបញ្ចាំ គឺជាបញ្ហាប្រឈមចម្បងរបស់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia – CGCC) ដើម្បីចូលរួមដោះស្រាយបញ្ហានេះ។ វត្តមានរបស់ CGCC នឹងចូលរួមគាំទ្រដល់ការស្នើសុំកម្ចី ដែលគ្មានទ្រព្យបញ្ចាំគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ដើម្បីទាញយកអត្ថប្រយោជន៍ពីយន្តការធានាឥណទាន ទាមទារការចូលរួមពីភាគីពាក់ព័ន្ធ និងការយល់ដឹងអំពីដំណើរការនៃការធានាឥណទានរបស់ CGCC។

CGCC ផ្តល់ការធានាឥណទាន ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកម្ចីដែលផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្ម។ មានន័យថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចទាមទារសំណងពី CGCC ក្នុងករណីកម្ចីដែលមានការធានា ត្រូវបានបាត់បង់។ ជាទូទៅ ការធានាឥណទានលើកម្ចីមាន ២ប្រភេទ៖ ទី១ គឺការធានាលើឯកត្តឥណទាន ដែលការធានាត្រូវបានផ្តល់លើកម្ចីនីមួយៗ និង ទី២ គឺការធានាលើបណ្តុំឥណទាន ដែលការធានាត្រូវបានផ្តល់ជាកញ្ចប់លើឥណទានច្រើនរួមគ្នា។ ដោយសារ CGCC មិនមែនជាស្ថាប័នផ្តល់កម្ចីដោយផ្ទាល់ ដូច្នេះ បច្ចុប្បន្ន CGCC ត្រូវសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូ ដើម្បីផ្តល់កម្ចីដែលមានការធានា ជូនទៅក្រុមហ៊ុនអាជីវកម្ម ដែលស្នើសុំកម្ចី។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងមានដើមទុនគ្រប់គ្រាន់ CGCC ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ការធានាឥណទានលើកម្ចីរបស់គ្រប់ក្រុមហ៊ុនអាជីវកម្មដែលមានម្ចាស់ជាសញ្ជាតិកម្ពុជា ទូទាំងប្រទេស។

 

អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

CGCC Introduces Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses
រូបភាព៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុចូលរួមជុំទី២ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

ជាធម្មតា នៅពេលផ្តល់កម្ចី ធនាគារតែងតែការពារហានិភ័យ តាមរយៈការតម្រូវឱ្យមានទ្រព្យបញ្ចាំពីក្រុមហ៊ុនអាជីវកម្ម។ ករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន ធនាគារនឹងរឹបអូសយកទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ កាន់តែមានភាពតឹងតែងជាងមុន នៅពេលផ្តល់កម្ចី ក្នុងអំឡុងពេលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ឧទាហរណ៍ ក្នុងអំឡុងពេលវិបត្តិជម្ងឺកូវីដ-១៩ ព្រោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ហើយធនាគារកាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។ ករណីមិនមានគោលនយោបាយអន្តរាគមន៍ពីរាជរដ្ឋាភិបាល តម្រូវការ និងការផ្គត់ផ្គង់ឥណទាន នឹងមានគម្លាតកាន់តែធំ។ ជាមួយវត្តមានរបស់ CGCC ធនាគារអាចការពារហានិភ័យ តាមរយៈប្រើប្រាស់យន្តការធានាឥណទានរបស់ CGCC ជំនួសទ្រព្យបញ្ចាំ។ បច្ចុប្បន្ន CGCC ផ្តល់ការធានាឥណទានរហូតដល់ ៨០% នៃប្រាក់ដើម មានន័យថា ករណីកម្ចីដែលមានការធានាត្រូវបានបាត់បង់ ធនាគារអាចបាត់បង់ប្រាក់ដើមត្រឹម ២០%។ ក្នុងន័យនេះ ការធានាឥណទានគាំទ្រធនាគារឱ្យរក្សាភាពប្រកួតប្រជែង ដោយធនាគារអាចបង្កើនការផ្តល់កម្ចីច្រើនជាងមុន និងពង្រីកវិសាលភាពអតិថិជនកាន់តែទូលំទូលាយ ទៅកាន់អតិថិជនដែលខ្វះទ្រព្យបញ្ចាំ ដែលពីមុនធនាគារមិនហ៊ានផ្តល់កម្ចីជូន។

 

អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ក្រុមហ៊ុនអាជីវកម្ម

CGCC Introduces Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses
រូបភាពទីក្រុងភ្នំពេញ

ការធានាឥណទាន អាចបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ក្រុមហ៊ុនអាជីវកម្ម។ CGCC ផ្តល់ការធានាឥណទានដែលដើរតួជំនួសទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ពិតណាស់ CGCC មិនអាចផ្តល់អត្ថប្រយោជន៍ជូនដល់គ្រប់ក្រុមហ៊ុនអាជីវកម្មទាំងអស់បាននោះទេ។ ចំពោះក្រុមហ៊ុនអាជីវកម្មដែលមានទ្រព្យបញ្ចាំ និងមានលទ្ធភាពសងត្រឡប់គ្រប់គ្រាន់ ការធានាឥណទានអាចមិនមានភាពចាំបាច់សម្រាប់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះទេ ព្រោះធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ផ្តល់កម្ចីដល់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះ ដោយមិនចាំបាច់មានការធានាពី CGCC។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនជាច្រើនមានសក្តានុពលអាជីវកម្ម និងលទ្ធភាពសងត្រឡប់ ប៉ុន្តែមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់ ដើម្បីស្នើសុំកម្ចី។ ជាធម្មតា ក្រុមហ៊ុនអាជីវកម្ម មិនអាចដាក់ទ្រព្យបញ្ចាំសម្រាប់រាល់កម្ចីដែលត្រូវការនោះទេ ព្រោះទ្រព្យបញ្ចាំ ជាពិសេស ទ្រព្យបញ្ចាំជាអចលនទ្រព្យ របស់ក្រុមហ៊ុនអាជីវកម្មមានកំណត់។ បញ្ហានេះជាការខាតបង់យ៉ាងធំធេងរបស់ក្រុមហ៊ុនអាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ព្រោះក្រុមហ៊ុនជាច្រើនដែលមានសក្តានុពលទាំងនោះ មិនអាចទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ ដើម្បីពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល​ បង្កើនការងារ និងផលិតផលិតផល និងសេវាបន្ថែម ដែលអាចគាំទ្រដល់កំណើនសេដ្ឋកិច្ច ឱ្យអស់ពីលទ្ធភាពបាន។​ នៅពេល CGCC ផ្តល់ការធានាឥណទានដល់ធនាគារ ក្រុមហ៊ុនអាជីវកម្មអាចទទួលបានកម្ចីងាយស្រួលជាមុន និងច្រើនជាងមុន ពីធនាគារ ដោយសារធនាគារអាចទទួលយកហានិភ័យខ្ពស់ជាងមុន ផ្តល់កម្ចីច្រើនជាងមុន ដោយតម្រូវការទ្រព្យបញ្ចាំទាបជាងមុន។

យន្តការធានាឥណទាន ត្រូវបានប្រើប្រាស់ជាឧបករណ៍គោលនយោបាយ ដោយប្រទេសជាច្រើនទូទាំំងពិភពលោក ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម។ នៅកម្ពុជា​ ជាលើកទី១ ហើយដែលសាជីវកម្មធានាឥណទាន ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាឥណទាន។ យោងឯកសាររបស់ធនាគារពិភពលោក “យន្តការធានាឥណទាន គឺជាឧបករណ៍គោលនយោបាយអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ជាងពាក់កណ្តាល នៃប្រទេសទាំងអស់លើពិភពលោកកំពុងប្រើប្រាស់យន្តការធានាឥណទាន ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។” យ៉ាងណាក៏ដោយ ទន្ទឹមនឹងមានគម្រោងធានាឥណទានជាច្រើនទទួលបានជោគជ័យ ក៏មានគម្រោងធានាឥណទានមួយចំនួនទទួលបរាជ័យផងដែរ។

ដើម្បីទទួលបានជោគជ័យ CGCC ត្រូវបន្តពង្រឹងគណនេយ្យភាព ប្រសិទ្ធភាព តម្លាភាព និងអនុលោមតាមការអនុវត្តជាស្តង់ដា រួមមាន ស្តង់ដារបស់ធនាគារពិភពលោកសម្រាប់គម្រោងធានាឥណទានសាធារណៈ ដើម្បីទទួលបានទំនុកចិត្ត និងការគាំទ្រពីភាគីពាក់ព័ន្ធ។ ក្នុងដំណាក់កាលដំបូងនេះ ក៏ទាមទារឱ្យមានការយល់ច្បាស់អំពីយន្តការធានាឥណទានពីភាគីពាក់ព័ន្ធ និងការចូលរួមសហការក្នុងការប្រើប្រាស់យន្តការធានាឥណទានឱ្យចំទិសដៅ និងមានប្រសិទ្ធភាពពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម៕

ដកស្រង់ពីអត្ថបទដើមនៅក្នុងព្រឹត្តិបត្រព័ត៌មានលេខទី១ របស់សាជីវកម្មធានាឥណទានកម្ពុជា៖ https://cgcc.com.kh/en/publication/newsletter-issue-01_october-to-december-2021/

កម្មវិធីឥណទានទូទាត់អាជីវកម្មរបស់ធនាគារស្ថាបនា ក្រោមគម្រោងធានាឥណទានរបស់ CGCC

លោកអ្នកចង់បានឥណទានដើម្បីពង្រីកអាជីវកម្ម តែខ្វះទ្រព្យបញ្ចាំ មែនដែរឬទេ? ជាការគិតគូរដល់អតិថិជនដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ ធនាគារស្ថាបនា បានសហការជាដៃគូ ជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)  ដើម្បីផ្តល់ឥណទានជូនអតិថិជនដែលមានអាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យមដែលមានលទ្ធភាពសងតែខ្វះទ្រព្យបញ្ចាំ សម្រាប់ប្រើប្រាស់ជាទុនវិនិយោគ ទុនបង្វិល និងការពង្រីកអាជីវកម្ម។

លក្ខណៈពិសេសនៃកម្មវិធីឥណទានទូទាត់អាជីវកម្ម ៖

  • ឥណទានដែលមានរយៈពេលចាប់ពី ៦ខែ រហូតដល់ ៧ឆ្នាំ
  • ទំហំឥណទាន ចាប់ពី ៣ម៉ឺនដុល្លារអាមេរិក រហូតដល់ ៣០ ម៉ឺនដុល្លារអាមេរិក
  • រូបិយបណ្ណឥណទាន ជាប្រាក់ដុល្លារអាមេរិក ឬ ប្រាក់រៀល
  • វិធីសងត្រលប់មកវិញមានច្រើនជម្រើសតាមតម្រូវការអតិថិជន

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញទៅកាន់សាខារបស់ធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នកបំផុតឬទូរស័ព្ទតាមរយៈលេខ ០២៣ / ០៨១ ៩៩៩ ០១០
  • សម្រាប់អាស័យដ្ឋានសាខាធនាគារស្ថាបនា សូមចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/km/locations/

 

សម្រាប់ព័ត៌មានអំពីកម្មវិធីឥណទានទូទាត់អាជីវកម្មនេះ សូមចូលទៅវេបសាយរបស់ធនាគារស្ថាបនា៖ កម្មវិធីឥណទានទូទាត់អាជីវកម្មរបស់ធនាគារស្ថាបនា

 

បញ្ជាក់៖ ខ្លឹមសារខាងលើដកស្រង់ពីវេបសាយរបស់ធនាគារស្ថាបនា

Click here to read about: Business Loan Guarantee scheme of Maybank with CGCC

គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មរវាង Maybank និង CGCC

ដឹកនាំអាជីវកម្មរបស់លោកអ្នកកាន់តែឆ្ពោះទៅមុខ !

ស្នើកម្ចីអាជីវកម្ម ដោយមិនមានទ្រព្យបញ្ចាំ ជាមួយធនាគារ Maybank ឥលូវនេះបានដោយមានការផ្តល់ជូនពិសេស ក្រោមការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។

អាជីវកម្មដែលមានគុណវុឌ្ឍ

ដើម្បីអាចទទួលបានការធានាឥណទានពី ស.ធ.ក. អាជីវកម្មដែលស្នើសុំកម្ចីត្រូវតែជា៖

  • អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិកម្ពុជា(កាន់កាប់ភាគហ៊ុនលើសពី ៥០%)
  • អាជីវកម្មដែលបានចុះបញ្ជីជាមួយអាជ្ញាធរពាក់ព័ន្ធ
  • អាជីវកម្មដែលមិនទាន់បានចុះបញ្ជី ត្រូវតែចុះបញ្ជី បន្ទាប់ពីទទួលបានការធានាឥណទាន។ ប្រសិនបើអាជីវកម្មនោះនៅតែមិនទាន់ចុះបញ្ជី កម្រៃ ធានាឥណទានប្រចាំឆ្នាំ នឹងត្រូវបូកបន្ថែម ០,៥% នៃទំហំធានាឥណទានជារៀងរាល់ឆ្នាំ
  • អាជីវកម្មដែលមានលទ្ធភាពសង

ការផ្តល់ជូន

  • ការអនុម័តរហ័ស និងមានប្រសិទ្ធភាព ជាមួយឯកសារសាមញ្ញ និងប្រកបដោយស្តង់ដារ
  • ទំហំកម្ចីរហូតដល់ ៤០ម៉ឺនដុល្លារអាមេរិក
  • អត្រាការប្រាក់សមរម្យ

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ព័ត៌មានបន្ថែម

អំពីគម្រោងធានាឥណទាននេះ សូមចូលទៅកាន់វេបសាយរបស់ធនាគារ Maybank៖ គម្រោងធានាឥណទានរវាង Maybank និង CGCC 

 

*** បញ្ជាក់៖ ខ្លឹមសារនៅក្នុងទំព័រនេះ ត្រូវបានដកស្រង់ពីវេបសាយរបស់ធនាគារ Maybank

Click here to read about: Guaranteed Business Loan Product of FTB with CGCC

ឥណទានសម្រាប់ទ្រទ្រង់អាជីវកម្មធុនតូច និងមធ្យមរបស់ធនាគារ FTB ក្រោមគម្រោង CGCC

លោកអ្នកមិនមានទ្រព្យធានាគ្រប់គ្រាន់សម្រាប់កម្ចីពង្រីកអាជីវកម្ម មែនទេ? អស់បារម្ភហើយ! ធនាគារ FTB អាចជួយលោកអ្នកបាន!

លក្ខណៈពិសេស
ទំហំកម្ចី              ៖    រហូតដល់ ១.០០០.០០០ ដុល្លារ
រយៈពេលកម្ចី     ៖    រហូតដល់ ៧ឆ្នាំ
អត្រាការប្រាក់  ៖   សមរម្យ
រូបិយប័ណ្ន          ៖   ប្រាក់រៀល ឬប្រាក់ដុល្លារ

 

របៀបស្នើសុំ

សូមទំនាក់ទំនងមកកាន់ផ្នែកថែទាំអតិថិជនរបស់ធនាគារ FTB តាមរយៈ៖

 ទូរស័ព្ទ២៤ម៉ោង +៨៥៥ ២៣ ៨៦២ ១១១
 អ៊ីម៉ែល [email protected]

 

ព័ត៌មានបន្ថែម

អំពីគម្រោងធានាឥណទាននេះ សូមចូលទៅកាន់វេបសាយរបស់ធនាគារ FTB៖ គម្រោងធានាឥណទានរវាង FTB និង CGCC 

 

*** បញ្ជាក់៖ ខ្លឹមសារនៅក្នុងទំព័រនេះ ត្រូវបានដកស្រង់ពីវេបសាយរបស់ធនាគារ FTB 

ចុចទីនេះដើម្បីស្វែងយល់បន្ថែមអំពី: សេចក្តីប្រកាសព័ត៌មាន សាជីវកម្មធានាឥណទានកម្ពុជា ដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ទំហំ ៣០លានដុល្លារ

ស្ថាប័នហិរញ្ញវត្ថុពីររួមគ្នាគាំទ្រដល់វិស័យ SME ជំរុញកំណើនសេដ្ឋកិច្ច​ក្រោយវិបត្តិកូវីដ១៩

នេះជាព័ត៌មានពីទូរទស្សន៍ BTV ដែលបានរាយការណ៍អំពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារកម្ពុជា អាស៊ី Cambodia Asia Bank កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២​

Click here to read about: CGCC recommends ways to Access to Guaranteed Loans

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ កម្ពុជា អាស៊ី សហការផ្តល់ការធានាដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យតម្កល់

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាជីវកម្មធានាឥណទានកម្ពុជា  និងធនាគារ កម្ពុជា អាស៊ី បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ពីស្ថាប័នទាំងពីរនេះផងដែរ។

ថ្លែងក្នុងពិធីនោះ លោក Mitra Dwaipayan បានគូសបញ្ជាក់ថា៖ ធនាគារ កម្ពុជា អាស៊ី រីករាយស្វាគមន៏រាល់កិច្ចសហការទាំងឡាយណា ដែលផ្តល់គុណប្រយោជន៏ដល់គ្រប់ភាគីចូលរួមទាំងអស់។ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងនេះ ម្ចាស់អាជីវកម្មអាចស្នើកម្ចីពីធនាគារ​ កម្ពុជា អាស៊ី សម្រាប់ពង្រីកនិងទ្រទ្រង់អាជីវកម្មបានយ៉ាងងាយស្រួល បើទោះបីជាពួកគេមិនមានទ្រព្យតម្កល់គ្រប់គ្រាន់ក៏ដោយ ​ ចំណែកឯធនាគារវិញ ក៏កាន់តែមានទំនុកចិត្តខ្ពស់ក្នុងការផ្តល់កម្ចីទៅកាន់ម្ចាស់អាជីវកម្ម។ លក្ខខណ្ឌដ៏ប្រសើរនេះមិនអាចកើតឡើងបានឡើយ បើគ្មានគម្រោងផ្តួចផ្តើមពីសាជីវកម្មធានាឥណទានកម្ពុជា។

លោកបានបន្ថែមថា៖ “ប្រមាណជិត៣០ឆ្នាំនេះ ធនាគារ កម្ពុជា អាស៊ី បានរួមចំណែកយ៉ាងច្រើន ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវសេវាធនាគារពាណិជ្ជ ដែលគិតគូរពីអត្ថប្រយោជន៏ ​និងឆ្លើយតបទៅនឹងតម្រូវការជូនអតិថិជនទាន់ពេលវេលា។ ធនាគារយើងខ្ញុំក៏តែងតែគិតគូរនិងគាំទ្រដល់  វិស័យអាទិភាព ដែលជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ។ ខ្ញុំជឿជាក់ថា កិច្ចសហការរវាងធនាគារ កម្ពុជា អាស៊ី និងសាជីវកម្មធានាឥណទានកម្ពុជា នឹងជួយឱ្យអាជីវកម្ម និង វិស័យធនាគារ​ហិរញ្ញវត្ថុនៅកម្ពុជាកាន់តែអភិវឌ្ឍន៏បន្ថែមទៀត។”

CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals
CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក Wong Keet Long បានមានប្រសាសន៏ថា៖ ភាពជាដៃគូរវាង CGCC និង CAB នេះ នឹងធ្វើឱ្យ CAB​ ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២២ របស់យើងក្នុងការផ្តល់ កម្ចីដែលមានការធានាដល់ម្ចាស់អាជីវកម្ម។ ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន កំពុងតែចាប់ផ្តើមយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទានដល់ស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងការផ្តល់កម្ចីកាន់តែច្រើននិងទូលំទូលាយជាងមុនដល់អតិថិជន បើទោះបីជាទ្រព្យបញ្ចាំរបស់ពួកគាត់មានកំណត់ក៏ដោយ។”​

លោកបានបន្ថែមថា៖ ជាមួយនឹងការចូលរួមក្នុងគម្រោងធានាឥណទានពីស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើននេះ CGCC ពិតជាសង្ឃឹមថា ម្ចាស់អាជីវកម្មកាន់តែច្រើននៅទូទាំងប្រទេសនឹងអាចទទួលបាន       ហិរញ្ញប្បទានផ្លូវការកាន់តែច្រើន ហើយក៏កាន់តែបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដែលជំរុញដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។”​

គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម​ ​និងសហគ្រាសធុនធំ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់​​​​​​​ ត្រឡប់មកវិញ ប៉ុន្តែខ្វះទ្រព្យតម្កល់នៅពេលស្នើកម្ចី ដែលឥឡូវនេះពួកគាត់ អាចធ្វើការស្នើកម្ចី សម្រាប់ពង្រីក និងគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានពីធនាគារ កម្ពុជា អាស៊ី យ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។

CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals
CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals
CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals
CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals

អំពីធនាគារ កម្ពុជា អាស៊ី

ធនាគារ កម្ពុជា អាស៊ី ហៅកាត់ថា CAB ជាធនាគារពាណិជ្ជ និងបានបើកប្រតិបត្តិការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូនអតិថិជន និងដៃគូជំនួញ នូវផលិតផល និង   សេវាកម្ម​សម្បូរបែបដូចជា៖ ឥណទាន ប្រាក់បញ្ញើ ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ព្រមទាំងកាតសម្រាប់ទូទាត់ជាសកល Visa, MasterCard, និង UnionPay ជាដើម។

 

អំពីសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)

ស.ធ.ក. គឺជា​សហគ្រាស​សាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្ម​ចម្បងរបស់ ស.ធ.ក. ​គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ។

គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុប២៣៧  ក្នុងទំហំទឹកប្រាក់ជាង២៥លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។

Click here to read about: CGCC shares tips to access to guaranteed loans for Women Entrepreneurs

សាជីវកម្មធានាឥណទានកម្ពុជា (CGCC ) វិនិយោគ ៨,០០០លានរៀល (ប្រមាណ ២លានដុល្លាអាមេរិក)លើមូលបត្របំណុលរបស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រារព្ធធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ​ លោក​ឆារស៍​ វ៉ាន់ Charles Vann ជាអគ្គនាយករង និងសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (​CGCC) ​ តំណាងដោយ​ លោក Wong Keet Loong ជាអគ្គនាយក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងឯកឧត្តម​ ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC សម្រាប់ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានា ៨,០០០លានរៀល របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។

Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels (Approximately $2 Million) in the CAIC’s Bond to Support the Development of Techo International Airport

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា ៖ “ការវិនិយោគលើសញ្ញាបណ្ណនេះ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មនៃការវិនិយោគរបស់ CGCC ទៅលើសញ្ញាបណ្ណផ្សេងក្រៅពីការដាក់ប្រាក់បញ្ញើ។ ពួកយើងពិតជាមានក្តីសោមនស្សនៅក្នុងការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួមចំណែកមួយក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជា។”

គួរបញ្ជាក់ផងដែរថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន 30% ដែលបានចំណាយទឹកប្រាក់សរុប 390 លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ​ CAIC)។

អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ​(tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels (Approximately $2 Million) in the CAIC’s Bond to Support the Development of Techo International Airport

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ​ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia​ ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា​ (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់  រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (​CGCC) ​គឺជា​សហគ្រាស​សាធារណៈ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ​ ​១​៤​០​ ​អន​ក្រ​.​បក​ ​ចុះ​ថ្ងៃ​ទី​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​។​ ​ស​.​ធ​.​ក​. ​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ។

CGCC ​ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០ ​និង​ទទួល​បានការ​គាំទ្រ​បច្ចេកទេស​ ​ពី​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា​ ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ​ធនាគារ​ពិភពលោក​ ​និង​មូលនិធិ​អភិវឌ្ឍន៍​ទុន​របស់​អង្គការ​​សហប្រជាជាតិ​ (UNC​D​F​)​។​ CGCC ​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​គ​ម្រា​ងធានា​ឥណទាន​ដំបូង​ ​នា​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​។​

ចក្ខុវិស័យរបស់ CGCC គឺធ្វើខ្លួនអោយក្លាយ​​ទៅជា​ស្ថាប័ន​ធានា​ឥណទាន​នាំមុខ​គេ​នៅ​កម្ពុជា​ ​ក្នុង​ការ​បង្កើន   ​​បរិយាបន្នហិរញ្ញវត្ថុ​ ​និង​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​។

Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels (Approximately $2 Million) in the CAIC’s Bond to Support the Development of Techo International Airport

Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels (Approximately $2 Million) in the CAIC’s Bond to Support the Development of Techo International Airport

Click here to read about: Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector

សាជីវកម្មធានាឥណទានកម្ពុជា និងស្ថាប័នចំនួន២ទៀត រួមគ្នាជំរុញការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ នៅកម្ពុជា

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងជំរុញការវិនិយោគ លើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា ជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័ន (BTIC) ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមគម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ» ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុ ពីមូលនិធិបរិស្ថានពិភពលោក (GEF) ដែលជាគម្រោងសំខាន់សម្រាប់កម្មវិធី ដើម្បីភាពជាដៃគូប្រទេស (PCP) ដែលកំពុងអនុវត្តរបស់អង្គការUNIDO នៅកម្ពុជា។

ក្រោមក្របខណ្ឌនៃអនុស្សរណៈ នៃការយោគយល់គ្នានេះ ភាគីទាំងពីរ បានឯកភាពលើគោលបំណងរួមគ្នា ដើម្បីកំណត់ កាលានុវត្តភាពសម្រាប់សកម្មភាព សហការនិងកម្មវិធីនានា ដើម្បីជួយលើកកម្ពស់បច្ចេកវិទ្យាជីវឧស្ម័ន និងជំរុញការវិនិយោគ តាមរយៈយន្តការ ចែករំលែកហានិភ័យ ដែលសមស្រប និងដើម្បីទាញផលប្រយោជន៍ ពីការសហការដែលបានកំណត់នេះ ដើម្បីផ្សារភ្ជាប់គម្លាតចំណេះដឹង នៃខ្សែច្រវាក់តម្លៃជីវឧស្ម័នក្នុងចំណោមដៃគូសហការ និងភាគីពាក់ព័ន្ធ។

គំនិតផ្តួចផ្តើមនេះ នឹងគាំទ្រ ក៏ដូចជាបង្កើនលទ្ធភាពទទួលបាន ធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំរបស់ វិនិយោគិន ឬអ្នកអនុវត្តស្រាវជ្រាវ និងផ្សព្វផ្សាយ។ តាមរយៈការបង្កើនបរិយាកាសអំណោយផល ក្នុងការវិនិយោគនេះ វានឹងជំរុញឲ្យវិស័យចញ្ចឹមសត្វ និងឧស្សាហកម្មកែច្នៃ កសិផលងាកមកប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ កាន់តែច្រើននិងមានសក្តានុពលខ្ពស់ ក្នុងការបំប្លែងកាកសំណល់ ទៅជាថាមពលអគ្គិសនី ក៏ដូចជាការអនុលោមតាមប្រព័ន្ធជីវសុវត្ថិភាព អនាម័យ និងការការពារបរិស្ថាន (ដូចជាការទប់ស្កាត់ការបំភាយក្លិន និងការបំពុលទឹក)។

កិច្ចសហប្រតិបត្តិការបែបនេះ នឹងផ្តល់លទ្ធភាពឲ្យកសិករ សហគមន៍ជនបទ និងកសិធុរកិច្ចធ្វើ ឲ្យជីវភាពកាន់តែប្រសើរឡើង និងបង្កើនផលចំណេញពីធុរកិច្ចរបស់ខ្លូន ប្រកបដោយប្រសិទ្ធិភាព និងចីរភាព។

តំណាងឲ្យ CGCC លោក Wong Keet Loong ដែលជានាយកប្រតិបត្តិ បានថ្លែងថា «ការចុះ MOU ជាមួយ BTIC គឺជាជំហានឆ្ពោះទៅរកយុទ្ធសាស្រ្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ CGCC ដើម្បីគាំទ្រដល់កំណើននៃវិស័យកសិកម្ម ដែលជាវិស័យអាទិភាពសំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ វិស័យនេះ គឺជាប្រភពចម្បងនៃការងារ និងប្រាក់ចំណូលក្នុងស្រុកនៅតាមតំបន់ជនបទ»

តំណាងឲ្យ CGCC បន្ដថា «ដោយសារវិស័យកសិកម្មគឺជាប្រភពដ៏ធំបំផុតទី2 នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) វានឹងបណ្តាលឲ្យមានការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងមូសុងបន្តបន្ទាប់ និងសីតុណ្ហភាពកាន់តែខ្ពស់ ដែលនឹងមានផលប៉ះពាល់អវិជ្ជមានលើវិស័យនេះ ដូច្នេះហើយ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ គឺមានសារៈសំខាន់ណាស់សម្រាប់និរន្តរភាពនៃឧស្សាហកម្មកែច្នៃកសិផល និងវិស័យចញ្ចឹមសត្វ»

លោក Wong បានបន្ថែមទៀតថា «CGCC មានបំណងធ្វើការរួមគ្នា ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ (FIs) ផ្សេងទៀត ដែលគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ដែលជាផ្នែកមួយដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ជាមួយនឹងជំនាញបច្ចេកទេស និងការគាំទ្រពី BTIC លើបច្ចេកវិទ្យាជីវឧស្ម័ន CGCC មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់លទ្ធភាព ទទួលបានហិរញ្ញប្បទានសម្រាប់ថាមពលស្អាត»

លោកថា «ជាផ្នែកមួយនៃ ESG របស់យើង ការអភិវឌ្ឍន៍ឡជីវឧស្ម័នក្នុងវិស័យកសិកម្មនឹងរួមចំណែកឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួនប្រាំបី (៨ SDG) ឧ. SDG ១ (ពុំមានភាពក្រីក្រ), SDG ២ (គ្រោះអត់ឃ្លានស្នើសូន្យ), SDG 3 (សុខភាពល្អ និងសុខុមាលភាពមាំមួន), SDG 5 (សមភាពយេនឌ័រ), SDG ៧ (ថាមពលស្អាតដែលមានតម្លៃសមរម្យ), SDG ៨ (ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច), SDG ១៣ (សកម្មភាពបរិស្ថាន) និង SDG ១៥ (ជីវិតនៅលើដី)»

«បន្ថែមពីលើភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ជាមួយធនាគារពាណិជ្ជកម្ម យើងមានកិត្តិយសដែលមានឱកាសសហការយ៉ាងជិតស្និទ្ធជាមួយ CGCC ដែលជាស្ថាប័នធានាឥណទាននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នសម្រាប់កសិធុរកិច្ច»។ នេះបើតាមការលើកឡើង របស់លោក ឡោ លីតួ នាយក BTIC។

លោកបានពន្យល់បន្ថែមថា «MOU នេះ នឹងអនុញ្ញាតឲ្យតួអង្គសំខាន់ៗទាំងអស់ រួមទាំង BTIC, CGCC និងដៃគូធនាគាររបស់ខ្លួន ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាងមុន លើការងារអាទិភាពសំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ កសិធុរកិច្ចកម្ពុជា ក្នុងការទទួលយកបច្ចេកវិទ្យជីវឧស្ម័ននេះ ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព»

លោកបានបន្តថា «យើងជឿជាក់ថាភាពជាដៃគូនេះ នឹងជំរុញកំណើនរយៈពេលវែង ក្នុងវិស័យផលិតកម្មសត្វ និងការកែច្នៃកសិផល តាមរយៈការលើកកម្ពស់ ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ ឲ្យបានត្រឹមត្រូវ ក៏ដូចជារួមចំណែកដល់ការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ»

លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការ ក្នុងការចូលរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការអភិវឌ្ឍបរិយាកាសអំណោយផល សម្រាប់ការវិនិយោគ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគលើគម្រោងជីវឧស្ម័នខ្នាតធំ។

លោកថា «ខ្ញុំរីករាយដែល CGCC កំពុងបង្ហាញថា វិស័យហិរញ្ញវត្ថុរបស់យើងមានឆន្ទៈ ក្នុងការសិក្សា សម្របខ្លួន និងមានភាពបត់បែនជាងមុន។ ភាព ច្នៃប្រឌិតក្នុងការបង្កើតយន្តការហិរញ្ញប្បទានពិតជាមានសារសំខាន់ណាស់ក្នុងការគាំទ្រ ការងារអភិវឌ្ឍន៍ជាច្រើន។

ភាពច្នៃប្រឌិតនៃយន្តការហិរញ្ញប្បទាននេះ នឹងជំរុញឲ្យមានការវិនិយោគបន្ថែមទៀត លើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំក្នុងកសិធុរកិច្ច ដែលជារបកគំហើញដ៏សំខាន់សម្រាប់ អ្នកវិនិយោគក្នុងការទទួលយក និងអនុវត្តបច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងការអនុវត្តអាជីវកម្មរបស់ពួកគេ។ ការវិនិយោគលើថាមពលស្អាត ប្រភេទនេះ នឹងបង្កើតផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ជាច្រើនដល់អ្នកប្រើប្រាស់ ម្ចាស់កសិដ្ឋាន អ្នកវិនិយោគ និងសង្គម។

អនុស្សរណៈយោគយល់នេះ គឺស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធ្វើបច្ចុប្បន្នភាព នៃគោលនយោបាយជីវឧស្ម័ន សម្រាប់ឆ្នាំ២០២១-២០៣០ ក៏ដូចជាគោលបំណងជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងកម្មវិធី ដើម្បីភាពជាដៃគូប្រទេស (PCP) របស់អង្គការ UNIDO ក្នុងការលើកកម្ពស់វិស័យថាមពលប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ៕

ប្រភពអត្ថបទ៖ Fresh News ចុះផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២

Find out more about this partnership click here