នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រារព្ធធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ លោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) តំណាងដោយ លោក Wong Keet Loong ជាអគ្គនាយក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC សម្រាប់ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានា ៨,០០០លានរៀល របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។
លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា ៖ “ការវិនិយោគលើសញ្ញាបណ្ណនេះ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មនៃការវិនិយោគរបស់ CGCC ទៅលើសញ្ញាបណ្ណផ្សេងក្រៅពីការដាក់ប្រាក់បញ្ញើ។ ពួកយើងពិតជាមានក្តីសោមនស្សនៅក្នុងការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួមចំណែកមួយក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជា។”
គួរបញ្ជាក់ផងដែរថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន 30% ដែលបានចំណាយទឹកប្រាក់សរុប 390 លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។
អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។
CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ ស.ធ.ក. ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
CGCC ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបានការគាំទ្របច្ចេកទេស ពីដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក និងមូលនិធិអភិវឌ្ឍន៍ទុនរបស់អង្គការសហប្រជាជាតិ (UNCDF)។ CGCC បានដាក់ឱ្យដំណើរការនូវគម្រាងធានាឥណទានដំបូង នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
ចក្ខុវិស័យរបស់ CGCC គឺធ្វើខ្លួនអោយក្លាយទៅជាស្ថាប័នធានាឥណទាននាំមុខគេនៅកម្ពុជា ក្នុងការបង្កើន បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម។
Click here to read about: Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector