(ភ្នំពេញ)៖ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នចំនួន៣ រួមមាន សហសាជីវកម្មធានាឥណទានកម្ពុជា (CGCC), ក្រុមហ៊ុន BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដើម្បីរួមគ្នាជួយគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈកម្មវិធី «កសាងសមត្ថភាព និងជំនាញសម្រាប់ សហគ្រាសធុនតូច និងមធ្យម។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ មេយប៊ែង សាជីវកម្មធានាឥណទានកម្ពុជា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា នឹងសហការគ្នាដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាល តាមរយៈសិក្ខាសាលាទៅ ដល់សមាជិកនៃស្ថាប័នខាងលើ ក៏ដូចជាម្ចាស់សហគ្រាសធុនតូច និងមធ្យមផ្សេងទៀតដែលបានចូលរួម ដើម្បីជួយក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតទៅលើប្រធានបទជាច្រើន ទាក់ទងទៅនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម។
ការចុះអនុស្សរណៈយោគយល់នេះ ក៏នឹងត្រួសត្រាយផ្លូវដល់ការពង្រីកបណ្តាញទំនាក់ទំនង ក៏ដូចជាការអភិវឌ្ឍរយៈពេលយូរអង្វែងផ្នែកមុខជំនួញ ដល់សហគ្រាសធុនតូច និងមធ្យមដែលបានចូលរួម ក្នុងការបណ្តុះបណ្តាលនេះ តាមរយៈវេទិកាប្រាស្រ័យទាក់ទងគ្នា និងការចែករំលែកចំណេះដឹងទាំងផ្នែកទ្រឹស្តី និងបច្ចេកទេសនានា។ ពិសេសលើសនេះទៅទៀត អ្នកចូលរួមក៏នឹងទទួលបានការលើកទឹកចិត្ត ពីធនាគារ មេយប៊េង ខេមបូឌា តាមរយៈការផ្តល់ជូននូវអត្រាពិសេស ដល់ពួកគេផងដែរ។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិរបស់ធនាគារ មេយប៊ែង បានលើកឡើងថា «ការចុះអនុស្សរណៈនៃការយោគយល់គ្នា និងកម្មវិធី កសាងសមត្ថភាព និងជំនាញនេះ ជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការបន្តគាំទ្រដល់ការរីកចម្រើន របស់សហគ្រិនធនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ហើយជឿជាក់ថា ការផ្តល់ជាវេទិកាក្នុងវគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បាននឹងកំពុងផ្តល់នូវឧបករណ៍ដ៏ត្រឹមត្រូវ ដើម្បីចីរភាពនៃមុខជំនួញជាកិច្ចរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
លោកបានបន្ដថា ឆ្នាំទៅមិញកម្មវិធី កសាងសមត្ថភាព និងជំនាញនេះទទួលបានជោគជ័យគួរជាទីកត់សម្គាល់ ចំពោះឆ្នាំនេះ យើងចង់បន្តបំពេញនូវកិច្ចសន្យា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយអរិយ្យភាពដោយបង្កើននូវកម្រិតនៃ ការគាំទ្រថែមមួយកម្រិតទៀត តាមរយៈការបន្តគាំទ្រ និងពង្រីកដៃគូសហការ សរុបចំនួនបីដែលរួមមាន CGCC CWEA និង BNI Super។
លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយធនាគារ មេយប៊ែង ក្នុងឆ្នាំនេះម្តងទៀត សម្រាប់កម្មវិធី BCC និងពិសេសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ BNI និងសមាគមសហគ្រិនស្រ្តីកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃ កម្មវិធីដ៏សំខាន់នេះ ក្នុងនោះជឿជាក់ថា កម្មវិធី BCC នឹងផ្តល់ជាធនធានដ៏សំខាន់ ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាជំនួយដល់សហគ្រិនឱ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យ ជាមួយនឹងនឹងឱកាសដ៏ទូលំទូលាយ ក្នុងការទទួលបានហិរញ្ញប្បទាន និងបង្កើនចំណេះដឹងហិរញ្ញវត្ថុ ស្របជាមួយនឹងទិសដៅរបស់ CGCC។
លោកស្រី ជា រដ្ឋា អនុប្រធាននៃសមាគមសហគ្រិនស្រ្តីកម្ពុជា CWEA ក៏បានលើកឡើងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ដោយកម្មវិធីនេះស្របទៅតាមបេសកកម្មរបស់ CWEA ក្នុងការជួយជំរុញវិស័យសហគ្រិនភាព ដល់ស្ត្រីកម្ពុជា តាមរយៈការបង្កើនជំនាញ និងបណ្តាញទំនាក់ទំនង នាងខ្ញុំសូមលើកទឹកចិត្តដល់សមាជិក CWEA និងសហគ្រិនស្រ្តីទាំងអស់ ឱ្យចាប់យកឱកាសនេះ ដើម្បីជាប្រយោជន៍ក្នុងការយល់ដឹងបន្ថែម និងពង្រីកវិសាលភាពផ្ទាល់ខ្លួន»។
លោក គ្រុយ ឬទ្ធី នៃ BNI Super បានឲ្យដឹងថា «ការក្លាយជាដៃគូរសហការនេះ នឹងផ្តល់ផលប្រយោជន៍ ទៅវិញទៅមកដល់សមាជិករបស់ BNI ក៏ដូចជាសហគ្រិនដទៃ ព្រោះបានអនុញ្ញាតឲ្យសមាជិក ពង្រីកនូវបណ្តាញទំនាក់ទំនងរបស់ពួកគេ អភិវឌ្ឍជំនាញថ្មីៗ និងជំរុញដល់ការបើកទំព័រអាជីវកម្មរបស់ពួកគេជាដើម»។
សូមជម្រាបថា ឆ្នាំ២០២២ កម្មវិធីកសាងសមត្ថភាព និងជំនាញ បានបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម និងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុជិត១០០នាក់ ទៅលើប្រធានបទផ្សេងៗគ្នា រួមមានការចុះបញ្ជី អាជីវកម្មនៅកម្ពុជា សារៈសំខាន់គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើស្លាកយីហោ និងទីផ្សារឌីជីថល ក៏ដូចជាការគ្រប់គ្រងធនធានមនុស្សជាដើម។
វគ្គបណ្តុះបណ្តាលទាំងនេះ ត្រូវបានចែករំលែកដោយអ្នកជំនាញប្រកបដោយវិជ្ជាជីវៈ អញ្ជើញមកពីបណ្តាស្ថាប័ន ក្រុមហ៊ុន ច្បាប់ល្បីៗក្នុងស្រុក ទីប្រឹក្សាពាណិជ្ជកម្ម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា៕
Credit to: Fresh News, Published on 10 June 2023